ដោយៈគង់ សូរិយា
ភ្នំពេញៈ បណ្តាអ្នកវិនិយោគបុរីធំៗ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា បានពន្យាល្បឿននៃការសាងសង់ ដោយសារវិបត្តិនៃការលក់របស់ពួកគេ។
តាមរយៈការចុះសង្កេត និងសិក្សាស្រាវជ្រាវរបស់អគ្គនាយកគេហទំព័រ Propertyarea កាលពីសប្តាហ៍មុនបានឲ្យដឹងថា ការកើនមានវិបត្តិផ្ទួនៗ ដោយសារបញ្ហាជំងឺកូវីដ១៩ ប្រភេទអូមីក្រុងកាលពីសដើមឆ្នាំនេះ និងការចូលមកដល់នៃវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែនបានធ្វើឲ្យការលក់លំនៅដ្ឋាននៅតាមបុរីទាំងនោះបានធ្លាក់ចុះខ្លាំង ដោយសារអ្នកមានប្រាក់ជាច្រើនពួកគេកំពុងពិចារណា និងព្រួយបារម្ភពីសង្រ្គាមលោក និងភាេពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។
លោកបន្តថា “ការសិក្សាក៏បានបង្ហាញថា សេដ្ឋកិច្ចអាមេរិក និងចិនកំពុងប្រឈមហានិភ័យ ដែលអាចបណ្តាលឲ្យមានវិបត្តិ សេដ្ឋកិច្ចពិភពលោកជាថ្មី ស្របពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនអាចឈានដល់ដំណាក់កាលប្រើប្រាស់អាវុធនុយក្លេអ៊ែរនាពេលខាងមុខ ឬយ៉ាងណាមិនទាន់មានអ្នកណាហ៊ានទស្សន៍ទាយនៅឡើយ”។ លោកបន្តថា “បុរីភាគច្រើនដែលបាននិងកំពុងផ្តោតលើទីផ្សារបែបអភិជន បាននិងកំពុងប្រឈមនឹងបញ្ហា ដោយសារការមិនហ៊ានប្រថុយប្រថានរបស់ម្ចាស់ប្រាក់ លើហានិភ័យដែលកំពុងកើតមាននាពេលខាងមុខ”។
លោកយិន លាងគង់ បានបន្តថា ប្រសិនជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនឆាប់បញ្ចប់ ជាការល្អប្រសើរសំរាប់ទីផ្សារបុរី និងសេដ្ឋកិច្ចពិភពលោក ប៉ុន្តែភាពមិនប្រាកដប្រជា កំពុងលេចឡើងកាន់តែច្បាស់ ដែលធ្វើឲ្យសង្រ្គាមនេះ អូសបន្លាយកាន់តែមានរយៈពេលវែង ដោយសារសហរដ្ឋអាមេរិក និងអឺរ៉ុបលូកលាន់ចូលក្នុងសង្រ្គាម កាន់តែជ្រៅឡើងៗបែបនេះ ផលវិបាកអាចនឹងបន្តអូសបន្លាយបន្តទៀត សំរាប់សេដ្ឋកិច្ចពិភពលោក។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានទទូួលស្គាល់កាលពីពេលថ្មីៗនេះថា ការលក់លំនៅដ្ឋាននៅតាមបុរីនានា ពិតជារងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិសង្រ្គាមរុស្ស៊ី និងអាមេរិក បន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្រាល។
លោកបន្តថា “ប្រឈមនឹងស្ថានភាពបែបនេះ បានធ្វើឲ្យម្ចាស់បុរីជាច្រើនបានពន្យាល្បឿន នៃការសាងសង់របស់ពួកគេ ហើយម្ចាស់បុរីមួយចំនួនដែលគ្រោងចាប់ផ្តើមគំរោងថ្មី ក៏បានពន្យាពេលសម្ភោធគំរោង របស់ពួកគេផងដែរ”៕