ដោយៈ សុផារី
ភ្នំពេញៈ តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ចំនួនបួននៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលនាពេលសព្វថ្ងៃនេះ កំពុងតែទាក់ទាញអ្នកវិនិយោគិនជាតិ និងអន្តរជាតិយ៉ាងខ្លាំង។
តំបន់ប៉ូលសេដ្ឋកិច្ចទាំងបីនេះ កំពុងតែមានការអភិវឌ្ឍយ៉ាងពុះកញ្ជ្រោល ជាពិសេសការវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
ការអភិវឌ្ឍយ៉ាងលឿនរហ័សនេះ បាននិងកំពុងជំរុញឱ្យមានកំណើនតម្លៃអចលនទ្រព្យ នៅក្នុងប៉ូលទាំងបួននោះផងដែរ។ អ្នកជំនាញ មើលឃើញថា ប៉ូលសេដ្ឋកិច្ចមួយចំនួនក្នុងចំណោមនោះ មានសក្តានុពលខ្លាំងបំផុតនៅក្នុងការអភិវឌ្ឍ និងការវិនិយោគលើវិស័យមួយនេះ។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានមានប្រសាសន៍ នៅក្នុងកម្មវិធី “ការផ្ដល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ” នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាថា ជាការពិត បើនិយាយពីអចលនទ្រព្យ យើងផ្តោតទៅលើប៉ូលសេដ្ឋកិច្ចទាំងបួន ដែលរាជរដ្ឋាភិបាលកំពុងផ្តោតសំខាន់លើការអភិវឌ្ឍន៍ខ្លាំង។
ក្នុងចំណោមប៉ូលទាំងបួននេះ លោកមើលឃើញថា ប៉ូលមួយកំពុងមានសក្តានុពលជាងគេ គឺរាជធានីភ្នំពេញ និងបណ្ដាខេត្តជុំវិញរាជធានីភ្នំពេញ ព្រោះតម្លៃនៃអចលនទ្រព្យនៅក្នុងប៉ូលនេះ នៅមានកំណើនជាបន្តក្នុងកម្រិតខ្ពស់។
យោងតាមបទពិសោធន៍ នៅក្នុងប៉ូលមួយនេះ លោកមើលឃើញថា តំបន់ជាយក្រុងមានតំបន់ក្រវាត់ក្រុងទី៣ ក្រវាត់ក្រុងទី៤ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាតំបន់ល្អ មានការអភិវឌ្ឍន៍ច្រើន។ តំបន់មួយទៀត ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំងផងដែរនោះ គឺតំបន់អរិយក្សត្រដែលនឹងមានគម្រោងសាងសង់ស្ពាន។ ក្រៅពីនេះតំបន់នៅជុំវិញពហុកីឡាដ្ឋានជាតិមរតកតេជោ ក៏កំពុងរីកមុខមាត់ផងដែរ។
ក្រៅពីរាជធានីភ្នំពេញ សម្រាប់ពេលអនាគត ខេត្តសៀមរាប ក៏ជាប៉ូលសេដ្ឋកិច្ច ដែលមានសក្តានុពលខ្លាំងលើ វិស័យអចលនទ្រព្យផងដែរ ដោយសាររាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ខ្លាំងអភិវឌ្ឍខេត្តនេះ។ បន្ទាប់មកទៀតគឺប៉ែកឦសាន រួមមាន ខេត្តមណ្ឌលគិរី ជាដើម ដែលទើបតែត្រូវបានបង្កើតជា “ប៉ូលសេដ្ឋកិច្ចថ្មី” ក៏ជាខេត្តសក្តានុពលមួយដែរ។
លោក ឈុន សម្ផស្ស នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Premium Realty បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះថា ប៉ូលសេដ្ឋកិច្ចទាំងបួន សុទ្ធតែមានសក្តានុពលផ្សេងៗគ្នា អាស្រ័យទៅតាមតម្រូវការដោយផ្នែកផ្សេងៗគ្នា។ ដោយផ្អែកលើការអភិវឌ្ឍ លោកបានមានប្រសាសន៍ថា លោកមិនមានការបញ្ជាក់ច្បាស់ថា ប៉ូលណាមួយល្អជាងប៉ូលណានោះទេ ព្រោះការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលជាគម្រោងធំនិងល្អទាំងអស់។
យ៉ាងណាក្តីលោកថា តំបន់ជាយក្រុងភ្នំពេញ ខេត្តកណ្តាល នៅតែជាតំបន់ ដែលមានការផ្តល់ជូននូវផលចំណេញ បានច្រើនជាងបណ្តាខេត្តផ្សេងៗ។ លោកបន្តថា តាមរយៈការសិក្សានិងសង្គេតឃើញរបស់លោក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ លោកមើលឃើញថា តម្លៃនៃអចលនទ្រព្យមានការកើនឡើងជានិច្ច។
ចំណែកលោក សាន ឡាទី ទីប្រឹក្សាគាំទ្រអាជីវកម្មអចលនវត្ថុសមាគម CVEA ក៏បានមានប្រសាសន៍ថា តំបន់ណាដែលមានមនុស្សច្រើន ជាទូទៅជា តំបន់ដែលមានសក្តានុពលខ្លាំង ដោយត្រូវសង្កេតមើលលើការ
ធ្វើពិពិធកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់នោះ៕