តើតម្លៃដីធ្លីជុំវិញតំបន់ព្រលានយន្តហោះថ្មីនឹងមានសន្ទុះឡើងលឿនបន្ថែមទៀតនាពេលអនាគត?

0

   ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដីធ្លីនៅជុំវិញតំបន់អភិវដ្ឍន៍ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ នឹងមានកំណើនតម្លៃបន្ថែមទៀតនៅពេលខាងមុខ ស្របពេលសក្ដានុពលនៅជុំវិញតំបន់នោះ ក៏ឃើញថាកំពុងមានការទាក់ទាញ ការអភិវឌ្ឍអចលនទ្រព្យបន្ថែមផងដែរ។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ មេសា ២០២២នេះឱ្យដឹងថា តំបន់ជុំវិញក្រុងភ្នំពេញ ឃើញថានៅតែមានសក្ដានុពលខ្ពស់ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក្នុងនោះ ដធ្លីនៅជុំវិញតំបន់ព្រលានយន្តហោះអន្តរជាតិតេជោ បាននិងកំពុងក្លាយជាតំបន់ ដែលមានសក្ដានុពលខ្ពស់ និងមានសន្ទុះដីធ្លីកើនឡើងខ្ពស់ហើយ បន្តកើនឡើងខ្ពស់បន្តទៀតនៅពេលអនាគត ។

លោកបន្តថា “កត្តាដែលជំរុញឱ្យតំបន់នេះមានការទាក់ទាញ និងមានសន្ទុះកើនឡើងនៅពេលអនាគតខាងមុខនេះ ដោយសារតំបន់ជុំវិញនោះមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ជាពិសេសផ្លូវក្រវ៉ាតក្រុងទី៣ ដែលជាកត្តាសំខាន់មួយ ក្នុងការទាក់ទាញវិនិយោគិន ដើម្បីអភិវឌ្ឍនិងជំរុញឱ្យតម្រូវការដីធ្លីមានកំណើនកាន់តែខ្ពស់”។

លោកបន្ថែមថា នាពេលបច្ចុប្បន្នតម្លៃដីធ្លីនៅជុំវិញក្រុងភ្នំពេញ ឃើញថានៅតែមានការទាក់ទាញ ក្រៅពីតំបន់នៅជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដូចជា តំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ដែលទើបសាងសង់រួច ជាពិសេសនោះ តំបន់អរិយក្សត្រក៏កំពុងមានសន្ទុះដីធ្លីងើបឡើងមួយកម្រិតទៀតដែរ ក្រោយគម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពីភ្នំពេញទៅតំបន់អរិយក្សត្រដោយផ្ទាល់ ។

ជាមួយគ្នានេះ លោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ផងដែរថា តំបន់ប៉ែកខាងត្បូងភ្នំពេញឃើញថា មួយរយៈនេះមានការទាក់ទាញ និងមានការអភិវឌ្ឍខាងលំនៅឋាន ហើយនៅពេលអនាគតតំបន់នេះ នឹងមានការអភិ​វ  ឌ្ឍបន្ថែមស្របពេលសក្ដានុពល និងគម្រោងរបស់រដ្ឋជាច្រើនបាននិងកំពុងលេចរូបរាងជាបន្តបន្ទាប់ ។

ចំណែកលោកឈុន សម្ផស្ស ប្រធានក្រុមហ៊ុន Century 21 Premium Realty បានឱ្យដឹងថា សក្ដានុពលតំបន់នៅជុំវិញ ក្រុងភ្នំពេញសុទ្ធតែមានសក្ដានុពល គ្រាន់តែសក្ដានុពលនៃតំបន់នីមួយៗ មានភាពខុសៗគ្នាបន្តិច ។ តំបន់ខ្លះមានសក្ដានុពលលើការអភិវឌ្ឍផ្នែកណាមួយនៃអចលនទ្រព្យដូចជាលំនៅឋាន និងតំបន់ខ្លះមានសក្ដានុពលលើការអភិវឌ្ឍខាងឧស្សាហកម្មជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here