ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា បុរីលំនៅដ្ឋាននិងសំណង់មានលក្ខណៈជាបុរីបានកើនដល់២២៨ទីតាំងនៅរាជធានីភ្នំពេញ ខណៈទុនវិនិយោគក្នុងវិស័យនេះ សម្រេចបានទំហំទឹកប្រាក់ជាង៤៨០០លានដុល្លារអាមេរិកក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ។
យោងតាមរបាយការណ៍របស់ក្រសួងនេះ ដែលបានចែកចាយដល់អ្នកសារព៌តមានកាលពីថ្ងៃទី១៧ តុលាកន្លងមកនេះបានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ សម្រេចបានទំហំទឹកប្រាក់ជាង៤៨២០លានដុល្លារអាមេរិក និងផ្ទៃក្រឡាសំណង់ជិត១០,៨ លានម៉ែត្រការ៉េ។ ក្នុងចំណោមគំរោងទាំងនោះមានការបោះទុនវិនិយោគ ពីក្រុមហ៊ុនមកពីបរទេសចំនួន៣៣គំរោង និងមានទឹកប្រាក់វិនិយោគជាង៤៨៨,៧លានដុល្លារអាមេរិក និងមានទំហំសំណង់ជាង១,១៤លានម៉ែត្រការ៉េ។ គិតរហូតមកទល់បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានបុរីលំនៅដ្ឋាន និងលំនៅដ្ឋានមានលក្ខណៈជាបុរី២២៨ទីតាំង។
វិស័យសំណង់ដែលសម្រេចបានរយៈពេល៩ខែឆ្នាំនេះ នៅតែបានបង្ហាញថា វិស័យនេះនៅតែជាវិស័យមួយ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរួមចំណែកក្នុងការកសាង មោហអភិវឌ្ឍន៍ប្រទេសជាតិ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹងថា វិស័យសំណង់និងអចលនទ្រព្យ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សំគាល់ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឲ្យអ្នកវិនិយោគអន្តរជាតិបានសម្លឹងនិងឆ្ពោះមកកាន់កម្ពុជា និងបានចាត់ទុកកម្ពុជាជាទីផ្សារដ៏ទាក់ទាញមួយ ដោយសារឳកាសរកប្រាក់ចំណេញពីការវិនិយោគរបស់ប្រទេសនេះមានភាគរយខ្ពស់ ធៀបជាមួយប្រទេសក្នុងតំបន់។
អ្នកនាងបន្តថា សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ទុនវិនិយោគក្នុងវិស័យនេះនិងការរីកចម្រើនក្នុងវិស័យនេះនឹងនៅតែបន្ត ដោយសារនិន្នាការទីផ្សារនៅតែមានតម្រូវការច្រើនទាំងផ្នែកដ៏ធ្លី ខុនដូ ការិយាល័យជាដើម។
យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដីបានឲ្យដឹងថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨០ម៉ឺនខ្នងបន្ថែមទៀត គិតពីចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ខាងមុខនេះ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ការកើនឡើងនូវកំនើនប្រជាសាស្ត្រក្នុងទីក្រុង និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។លោកឧកញ៉ាបន្តថា ការរីកចម្រើនវិស័យនេះនឹងបន្តរយៈពេលវែងបន្តទៀត និងកំពុងរីកចម្រើនទៅកាន់បណ្តាខេត្តនានា ដែលសមាជិកសមាគមបានពង្រីក ការវិនិយោគទៅដល់បណ្តាខេត្តនានាជាបណ្តើរៗផងដែរ៕