មូលហេតុដែលសណ្ឋាគារលំដាប់ពិភពលោករបស់ជីតាលោក គីម ជុងអ៊ុន មិនអាចដំណើរការបាន

0

ដោយ ៖ បុរស វុត្ថា

ភ្នំពេញ ៖ សណ្ឋាគារ Ryugyong មានកម្ពស់ប្រមាណជា ៣៣០ម៉ែត្រ គឺជាអគារខ្ពស់លំដាប់ពិភពលោក ស្ថិតនៅក្នុងទីក្រុង  Pyongyang  ប្រទេសកូរ៉ខាងជើង បានចាប់ផ្តើមសាងសង់តាំងពី ៣០​ឆ្នាំមុននោះ នៅតែមិនទាន់រួចរាល់នៅឡើយ។

សណ្ឋាគារដែលមានរូបរាងប្រដូចទៅនឹងពីរ៉ាមីតដ៏ល្បីល្បាញលំដាប់ពិភពលោកមួយនេះ មាន១០៥ ជាន់ ត្រូវបានកែលម្អឡើងវិញជាបន្តបន្ទាប់។

សណ្ឋាគារដែលមិនមានភ្ញៀវសូម្បីតែម្នាក់ចូលស្នាក់នៅនេះ បានចាប់ផ្តើមសាងសង់ក្នុងអំឡុងឆ្នាំ ១៩៨៧ ក្រោយការដឹកនាំរបស់លោក គីម អ៊ីលស៊ុង ជាស្ថាបនិករបស់កូរ៉េខាងជើង និងត្រូវជាជីតារបស់លោក គីម ជុងអ៊ុន ប្រធានាធិបតីវ័យក្មេងរបស់កូរ៉េខាងជើងនាពេលបច្ចុប្បន្ន និងជាមេដឹកនាំផ្តាច់ការនៅលើពិភពលោក ដែលបន្តការដឹកនាំប្រទេសពីឪពុក និងជីតា។

សណ្ឋាគារមួយនេះ កាលពីដំបូងឡើយត្រូវបានដាក់ឈ្មោះថា​សណ្ឋាគារ Doom ។ បើតាមគម្រោងការសាងសង់សណ្ឋាគារនេះ គ្រោងចំណាយពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ នឹងអាចដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ១៩៨៩ និងជាសណ្ឋាគារខ្ពស់លំដាប់ពិភពលោក បន្ទាប់ពីសណ្ឋាគារបែបប្រណីតមួយទៀតស្ថិតនៅប្រទេសសឹង្ហបុរី ប៉ុន្តែជាលទ្ធផល រហូតមកដល់ពេលនៅមិនទាន់បើសម្ពោធដំណើរការនៅឡើយ។ មានហេតុផលជាច្រើន ដូចជា មានវិបត្តិសេដ្ឋកិច្ចពិភលោកក្នុងឆ្នាំ ១៩៩០  ដែលធ្វើអោយប្រទេសមួយនេះជួបវិបត្តិគ្រោះទុរភឹក្ស និងគ្រោះរាំងស្ងួតជាបន្តបន្ទាប់ ជាពិសេស អាចទំនងបណ្តាលមកពីការដួលរលំសហភាពសូវៀតនៅចុងឆ្នាំ ១៩៩១ ដែលជាធាតុផ្សំយ៉ាងសំខាន់ក្នុងការធ្វើឲ្យសណ្ឋាគារនេះពន្យាពេលក្នុងការបញ្ចប់គម្រោងរបស់ខ្លួនរហូតដល់បច្ចុប្បន្ន។

សណ្ឋាគារ Ryugyong បានចាប់ផ្តើមជួសជុលឡើងវិញនៅឆ្នាំ ២០០៨  ក្នុងទំហំទឹកប្រាក់ប្រមាណជា  ៤០០លានដុល្លារ​ ដែលជាថវិការបស់ក្រុមហ៊ុន Orascom Telecommunications Holdings របស់ប្រទេសអេហ្ស៊ីប ដែលបានចូលរួមក្នុងការបណ្តាក់ទុនរួមគ្នា ជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីស្ថាបនា និងដាក់ឲ្យដំណើរការបណ្ដាញទូរស័ព្ទចល័ត 3G ។ ការសាងសង់សណ្ឋាគារនេះឡើងវិញ គ្រោងបញ្ចប់នៅឆ្នាំ២០១២ ស្របពេលនឹងខួបលើកទី១០០  នៃស្ថាបនិករបស់កូរ៉េខាងជើង គឺលោក គីម អ៊ីលស៊ុង ប៉ុន្តែត្រូវបានខកខានឡើងវិញ ដោយមូលហេតុមិនច្បាស់លាស់។

នៅខែវិច្ឆិកា ឆ្នាំ២០១២ មានប្រតិបត្តិករសណ្ឋាគារអន្តរជាតិ ឈ្មោះ Kempinski បានប្រកាសថាខ្លួននឹងបើកដំណើរការសណ្ឋាគារផ្នែកខ្លះ នៅពាក់កណ្តាលឆ្នាំ២០១៣ ប៉ុន្តែត្រូវបានផ្អាកទៅវិញស្របពេលដែលមានភាពតានតឹងអន្តរជាតិ ទាក់ទងទៅនឹងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងឆ្នាំ២០១៣ ក៏ជាផ្នែកនៃការពន្យារពេលក្នុងការសាងសង់បញ្ចប់ផងដែរ។  នៅឆ្នាំ២០១៧ សណ្ឋាគារនេះ មានសកម្មភាពមួយចំនួន ដោយគេឃើញមានកងយោធារបស់កូរ៉េធ្វើការនៅទីនោះ៕

Century21 Cambodia ស្វែងរកដៃគូ ២៣ ខេត្ត-ក្រុង ដើម្បីពង្រីកសក្តានុពល អចលនទ្រព្យ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ក្រុ​មហ៊ុនអចលនទ្រព្យ Century21 Cambodia បាន និងកំពុងស្វែងរកដៃគូ ដើម្បីពង្រីកសក្តានុពលនៃការវិនិយោគ និងជំរុញការអភិវឌ្ឍវិស័យអចលទ្រព្យប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយនិរន្តរភាព។

នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia អ្នកនាង Grace Rachny Fong បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី ២ ខែតុលា នេះថា ការអភិវឌ្ឍអចលនទ្រព្យនៅតាមបណ្តាខេត្ត-ក្រុង នានា មានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យមានអ្នកវិនិយោគអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ និងមានបំណងចង់វិនិយោគ ប៉ុន្តែតាមបណ្តាខេត្តទាំងនោះមិនមាន​ក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈនោះទេ ដែលធ្វើឲ្យមានហានិភ័យខ្ពស់សម្រាប់អ្នកវិនិយោគ។

អ្នកនាងបន្តថា “ដោយសារយើងចង់ឲ្យមានការអភិវឌ្ឍន៍វិស័យនេះ ប្រកប​ដោយជោគជ័យ និងមាននិរន្តរភាព ទើបយើងស្វែងរកដៃគូវិនិយោគដែលមានសក្តានុពលខ្ពស់ធ្វើការជាមួយយើង ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះនៅតាមបណ្តាខេត្តមានគុណភាព និងប្រាសចាកហានិភ័យសម្រាប់អ្នកវិនិយោគ”។ អ្នកនាង​បន្តថា “អ្នកដែលអាចក្លាយជាដៃគូរបស់យើង សំខាន់ត្រូវមានទំនុកចិត្ត ភាព​ស្មោះត្រង់ មានការប្តេជ្ញាចិត្ត និងអត្តចរិកល្អ ដើម្បីពួកគេអាចធ្វើការងារជាមួយយើង ហើយយើងនឹងបណ្តុះបណ្តាលពួកគេ និងមានការិយាល័យសម្រាប់ពួកគេ​ធ្វើការនៅតាមបណ្តាខេត្តនិមួយៗ”។

Century21 Cambodia បច្ចុប្បន្នមានដៃគូធ្វើការនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ប៉ុន្តែក្រុមហ៊ុននេះ គ្រោងពង្រីកសាខាទៅកាន់ខេត្ត-ក្រុង មានសក្តានុពលទាំង២៣ទៀត នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកនាង Grace Rachny Fong បានបន្តថា បណ្តាខេត្តជាច្រើនកំពុងមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យ ដូចជាខេត្តកំពត កែប សៀមរាប បាត់ដំ​បង កំពង់ចាម និងខេត្តមួយចំនួនទៀត ហេតុនេះការមានក្រុមហ៊ុននិងអ្នកជំនាញ​ក្នុងវិស័យនេះ ដែលអាចធ្វើការដោយវិជ្ជាជីវៈ និងមានក្រមសីលធ៌មវិជ្ជាជីវៈពិតជាមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍វិស័យនេះប្រកបដោយនិរន្តរភាព។

អគ្គនាយកធនាគារស្រូវ លោកឧកញ៉ា ភួ ពុយ ដែលបានវិនិយោគគំរោងអចលនទ្រព្យ ផ្សារទំនើប និងបុរីនៅខេត្តបាត់ដំបង និងពោធិ៍សាត់បានថ្លែងថា លោកស្វាគមន៍ចំពោះការមានក្រុមហ៊ុនអចលនទ្រព្យ ដែលមានវិជ្ជាជីវៈត្រឹម​ត្រូវនៅតាមបណ្តាខេត្តនានា ប៉ុន្តែអ្វីសំខាន់ថាតើពួកគេមានការងារអាចធ្វើបាន​ឬអត់ នៅពេលពួកគេមកបោះទីតាំងនៅតាមបណ្តាខេត្ត។

លោកបន្តថា “ប្រសិនជាមានក្រុមហ៊ុនផ្តល់សេវាកម្មទិញលក់ ឬជួលដែល​អាចផ្តល់ទំនុកចិត្តបាន យើងនឹងរួមសហការនិងផ្តល់សេវាកម្មជាមួយពួកគេ”។ ​លោកបន្តថា “អ្វីសំខាន់ពួកគេអាចធ្វើការងារជាមួយធនាគារ ដើម្បីផ្តល់សេវាកម្មទិញ លក់ឬផ្តល់ឥណទានបង់រំលោះដល់អចលនទ្រព្យនានានៅតាមខេត្ត” ៕

ការ​នាំ​ចេញ​របស់​កម្ពុជាមានទំហំទឹកប្រាក់ ៧៧០០ ដុល្លារ ក្នុងរយៈពេល៩ខែ

0

ដោយ ៖ ដែន ចែងចាំង  

ភ្នំពេញ សេដ្ឋកិច្ចកម្ពុជាកាន់តែត្រូវបានពង្រឹង ដោយសារការធ្វើពិពិធកម្ម​ផលិតផលរបស់ខ្លួន ជាក់ស្តែងការនាំចេញរយៈពេល៩ខែឆ្នាំនេះ មានទំហំទឹកប្រាក់ ៧៧០០ លានដុល្លារ កើនឡើង ១៧ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ​មុន។

​យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ដែល propertyarea.asia ទទួ​លបានកាលពីថ្ងៃទី២ ខែតុលា បានឲ្យដឹងថា ទឹកប្រាក់នាំចេញនេះភាគច្រើន គឺបានមកពីវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង និងទំនិញផ្សេងៗទៀតដែលស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) និង​ផែនការ​ប្រទេស​អនុគ្រោះ​ខ្លាំង​បំផុត​ (MFN) ដែល​បាន​អនុញ្ញាត​ឲ្យ​ផលិតផល​កម្ពុជា​ជាច្រើន​ចូល​ទីផ្សារ​ដោយ​កាត់​បន្ថយ​ ពន្ធ​នាំចូល ឬ​មិន​យកពន្ធ​។

ទិន្នន័យដដែលបានឲ្យដឹងថា ក្នុង​ចំនួន​នេះ ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​តម្លៃ​ ៤,៩ ​ពាន់​លាន​ដុល្លារ កើន​ឡើង ​៨,៣ ​ភាគរយ ការ​នាំ​ចេញ​ស្បែក​ជើង​មាន​ ៦៣៦,៧៦ ​ដុល្លារ ​កើន​ឡើង ​៤៣ ​ភាគរយ និង​វាយនភ័ណ្ឌ ៧៦,៨៨ ​លាន​ដុល្លារ ខណៈ​ផលិតផល​មិន​ជាក់​លាក់​ផ្សេង​ទៀត ​មាន​តម្លៃ​ ៥៦១,៤៥​ លាន​ដុល្លារ កើន​ឡើង​ដល់​ ៤២,៥១​ ភាគរយ​។ តួលេខ​បាន​បង្ហាញ​តម្លៃ​នាំ​ចេញ​អង្ករ​មាន​ចំនួន  ២០៦,៩១​ លាន​ដុល្លារ ធ្លាក់​ចុះ ​៦,៧ ​ភាគរយ​។

ការ​នាំ​ចេញ​សរុប​ទៅ​សហភាព​អឺរ៉ុប ជា​ទីផ្សារ​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​ ៣០០០លាន​ដុល្លារ​ កើន​ឡើង​ ៥,៩៤​ ភាគរយ​ធៀប​នឹង​រយៈពេល ​៩​ ខែ​កាលពី​ឆ្នាំ​មុន​។ កំណើន​ដ៏​រឹងមាំ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ការ​នាំ​ចេញ​ទៅ​ជប៉ុន​ដែល​មាន​ចំនួន ​៥៣៤,២៥ ​លាន​ដុល្លារ កើន​ឡើង ​២៥,៨៤​ ភាគរយ​។

ចំណែក​ការ​នាំ​ចេញ​ទៅ​អាមេរិក ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​​ចេញ​សម្លៀក​បំពាក់​កម្ពុជា​មាន ចំនួន ១,៤៧​ ពាន់​លាន​ដុល្លារធ្លាក់​ចុះ​ ១ ​ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន​៕

 

អង្ករ​ប្រណីត​កម្ពុជា​បី​ប្រភេទ​នឹងមាន​វត្តមាន​ក្នុងការ​ប្រកួត​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ សហ​ព័​ន្ឋ​ស្រូវ អង្ករ​កម្ពុជា​បាន​ត្រៀម​អង្ករ​ប្រណីត​បី​ប្រភេទ សម្រាប់​ចូលរួម​ប្រកួត​ក្នុង​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ទៅ​ក្រុង​ម៉ា​កាវ ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី៦ដល់៨ វិច្ឆិកា​ខាងមុខនេះ។

អង្ករ​ក្រអូប​ប្រណីត​ចំនួន ២សំណាក និង​អង្ករ​ក្រអូប​ធម្មតា​ចំនួន១សំណាក នឹងត្រូវ​ជ្រើសរើស ដើម្បី​យកទៅ​ប្រកួតប្រជែង​នៅ​ថ្ងៃទី១ វិច្ឆិកា​នេះ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​ចុងភៅ​កម្ពុជា ដើម្បី​ជ្រើស​រើសយក​អង្ករ​ដែល​ល្អ​បំផុត។

លោក ​សុខ ពុ​ទ្ធី​វុ​ធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើកឡើងថា ការប្រកួតប្រជែង​ឆ្នាំនេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាច្រើន ជាពិសេស​ការចូលរួម​ពី​សំណាក់​សហគមន៍​កសិក​ម្ម​ដោយផ្ទាល់ ដើម្បី​ឈានទៅរក​ការប្រកួតប្រជែង​ក្នុង​ពិភពលោក។លោក​បន្តថា ក្នុងការ​ប្រកួតប្រជែង​ក្នុងស្រុក​នេះ មាន​ប្រភេទ​អង្ករ​ចំនួន៣ ដែល​បាន​ដាក់ចូល​ប្រកួតប្រជែង ក្នុងនោះ​មានដូចជា អង្ករ​ក្រអូប​ប្រណីត អង្ករ​ក្រអូប​ធម្មតា និង​អង្ក​រស​គ្រាប់​វែង ដែល​មកពី​ការចូលរួម​ពី​សហគមន៍​កសិកម្ម​ចំនួន៦ និង​សហគ្រាស​ម៉ាស៊ីន​កិន កែច្នៃ​ស្រូវ អង្ករ និង​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន១។

លោក​បន្តថា “ការប្រកួតប្រជែង​នេះ ត្រូវបាន​ធ្វើឡើង​យ៉ាង​ម៉ត់ចត់ ដោយមាន​គណៈកម្មការ​ដាក់ពិន្ទុជំនាញៗជាច្រើន​ចូលរួម និង​វាយ​តំលៃ​ទៅលើ​រូបរាង ក្លិន ព៌​ណ រសជាតិ​ពេល​ចំអិន​ហើយ​ជាដើម។

អង្ករ​ក្រអូប​ប្រណីត​មាន​ប្រភេទ​អង្ករ​ចំនួន៥ ដែល​ត្រូវបាន​រាប់បញ្ចូល​រួមមាន អង្ករ​ផ្ការំដួល ផ្កាម្លិះ ផ្កា​រំដេង ផ្កា​រមៀត និង​អង្ករ​សុមាលី។ ចំណែកឯ​អង្ករ​ក្រអូប​ធម្មតា​វិញ​រួមមាន អង្ករ​សែន​ក្រអូប និង​អង្ករ​ផ្កា​ខ្ញី។

អង្ករ​របស់​ប្រទេស​កម្ពុជា ធ្លាប់​ជាប់​ចំណាត់ថ្នាក់​អង្ករ​ល្អ​ដាច់​គេ​លេខ១លើ​ពិភពលោក ក្នុង​រយៈពេល៣ឆ្នាំ​ជាប់​គ្នា គឺ​កាលពី​ឆ្នាំ២០១២ រហូតដល់​ឆ្នាំ ២០១។ចំណែក​ឆ្នាំ២០១៦ អង្ករ​កម្ពុជា​បានជា​ប់​ក្នុង​ចំណាត់ថ្នាក់​លំដាប់៣ផងដែរ៕

អ្នកជំនាញពន្យល់ពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៃការទិញផ្ទះដោយការបង់រំលស់

0

ដោយ ៖ រ៉ាវី

ភ្នំពេញ៖  បច្ចុប្បន្ននេះ​សម្រាប់​ការទិញ​ផ្ទះ ដោយ​ការអនុវត្ត​វិធីសាស្ត្រ​បង់​រំលស់ គឺ​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ក្នុងនោះ​រាប់ទាំង​ប្រភេទ​លំនៅដ្ឋាន​ធម្មតា សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម​ក៏ដូចជា​ប្រភេទ​លំនៅដ្ឋាន​បែប​ប្រណីត ស្ថិតនៅក្នុង​បុរី ដែល​ផ្តោត​សំខាន់​លើ​អ្នកមាន​ចំណូល​ខ្ពស់។

តើ​ការទិញ​ផ្ទះ​លំនៅដ្ឋាន​ដោយ​ការបង់​រំលស់​នេះ មាន​ចំណុច​ល្អប្រសើរ និង​ប៉ះពាល់​អ្វីខ្លះ ចំពោះ​អតិថិជន​ដែលជា​អ្នកទិញ? ចម្ងល់​មួយ​នេះ​ត្រូវបាន​បំភ្លឺ​ដោយ​លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដូចខាងក្រោម។

លោក​ឧកញ៉ា នួន រឹទ្ធី បាន​មានប្រសាសន៍​បញ្ជាក់ថា ការបង់​រំលស់​ថ្លៃ​ផ្ទះ​នេះ គឺត្រូវធ្វើ​ឡើង​ដោយ​អម​ជាមួយគ្នា​រវាង​ថ្លៃដើម និង​ការប្រាក់ ។ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ចំនួន​ថ្លៃដើម គឺ​ដំបូង​បាន​រំលស់​តិច​ណាស់ ដែល​វា​ត្រូវ​ចំណាយ​លើ​ការប្រាក់​ច្រើន​ក្នុង​មួយខែ។ បើ​យើង​រំលស់​ក្នុង​រយៈពេល​យូរ យើង​បង់ខាត​កាន់តែច្រើន ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់​នេះ ចាំបាច់​ត្រូវ​ពិចារណា​ទៅលើ​ស្ថានភាព នៃ​ចំណូល​របស់ខ្លួន​ជាមុនសិន​ថា តើ​ចំណូល​ដែល​បានមក​ស័ក្តិសម​នឹង​ការទិញ​ផ្ទះ​ដែរឬទេ។

មួយវិញទៀត សម្រាប់​អ្នក​ដែលមាន​ចំណូល​មាន​កម្រិត ក៏​គួរ​ពិចារណា​ថា តើ​ការជួល​ផ្ទះ និង​ការទិញ​ផ្ទះ​ដោយ​ការ​រំលស់​នេះ មួយណា​ប្រសើរ​ជាង​សម្រាប់​ជីវភាព​ជាក់ស្ដែង​របស់​យើង ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី បាន​លើក​ជា​ឧទាហរណ៍​ថា យើង​ស្នាក់​នៅក្នុង​ផ្ទះជួល​ដោយ​ចំណាយ200ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​នៅពេល​មាន​គេ​សង់ផ្ទះ​លក់​ដោយ​ការបង​រំលស់​ត្រឹម200ដុល្លារ ក្នុង​មួយខែ​ដូចគ្នា សួរថា​តើ​យើង​ត្រូវ​នៅផ្ទះ​ជួយ​បន្តទៀត ឬ​ត្រូវ​ទិញ​ផ្ទះ ? ជាការ​ពិត បើ​យើង​បូកសរុប​ចំនួន​នៃ​ការចំណាយ​លើ​ការបង់​សរុប​នៃ​ថ្លៃ​ផ្ទះ គឺមាន​ចំនួន​ច្រើន​លើស​ថ្លៃដើម ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការបង់​រំលស់​នេះ គឺ​បាន​បន្ធូរបន្ថយ​ដល់​អ្នកមាន​លទ្ធភាព​ម​ធ្យ​ម និង​ក្រោម​មធ្យម​ទទួលបាន​ផ្ទះ​ស្នាក់នៅ។

លោក​ឧកញ៉ា​បន្តថា និយាយ​រួមការ​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់ មាន​ចំណុច​ល្អ និង​ចំណុច​អវិជ្ជមាន។ ចំណុច​ល្អ​ត្រង់​ថា យើង​អាច​មានផ្ទះ​ស្នាក់នៅ និង​ជា​កម្មសិទ្ធិ​តាំងពី​យើង​មិនទាន់មាន​លុយ​ទិញ​ផ្ទះ​គ្រប់ ដោយឡែក​ចំណុច​អវិជ្ជមាន គឺ​ត្រូវ​ចំណាយ​ថ្លៃបង់​ការប្រាក់​ប្រចាំខែ​ច្រើន៕

តម្លៃ​ស្រូវ​ដើមរដូវ​ឆ្នាំនេះ មាន​ភាពប្រសើរ​ជាង​ឆ្នាំមុន

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ការប្រមូល​ផល​ស្រូវ​រដូវវស្សា​បានចាប់ផ្តើម​ហើយ នៅតាម​បណ្តា​ខេត្ត​ភូមិភាគ​ពាយ័ព្យ ដោយ​តម្លៃ​នៅ​ដើមរដូវ​ប្រមូល​ផល​ឆ្នាំនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា​និង​ជា​អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​ថា ការប្រមូល​ផល​ស្រូវ​បានចាប់ផ្តើម​នៅក្នុង​ខេត្តពោធិសាត់ និង​បាត់ដំបងបណ្តើរៗហើយ ដោយ​តម្លៃ​ស្រូវ​ប្រមូល​ទិញ​ឆ្នាំនេះ មានតម្លៃ ១១៥០រៀល​ក្នុង​ស្រូវ​សើម​មួយ​គីឡូក្រាម ខណៈ​ឆ្នាំមុន​តម្លៃ​ស្រូវ​មាន​ចន្លោះ​ពី៦០០ ទៅ៨០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។

លោក​ឧកញ៉ា​បាន​បន្តថា “ទិន្នផល​ស្រូវ​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន ហើយ​កសិករ​ក៏​ទទួលបាន​ឳ​កាស​ចំណេញ​ច្រើនជាង​មុន តាមរយៈ​ផ្សារ​ប្រមូល​ទិញស្រូវ​នៅតាម​សហគមន៍។លោក​បន្តថា “ការបង្កើត​ផ្សារ​នៅតាម​សហគមន៍​សម្រេច​បានជា​ង៤០ភាគរយ​ហើយ និង​រំពឹង​បញ្ចប់​នៅ​ឆ្នាំ២០១៨ខាងមុខ សំ​រា ប់​ខេត្តពោធិសាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ។

លោក​ឧកញ៉ា ភួ ពុ​យ បាន​បន្តថា ការបង្កើត​ផ្សារ​សហគមន៍ មាន​ប្រយោជន៍ ណាស់​សម្រាប់​កសិករ​ដូចជា ទី១ ជួយ​កសិករ​មិន​ឲ្យ​បារម្ភ​ពី​កង្វះ​ទីផ្សារ នៅពេល​រដូវ​ប្រមូល​ផល ទី២ ជួយ​ពួកគេ​មិន​ឲ្យ​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ឆ្ងាយ ទី៣ ជួយ​ពួកគេ​ឥ្យ​ប្រមូល​ផល​បាន​ច្រើនជាង​មុន ដោយសារ​ការប្រមូល​ផល​មិនសូវ​ជ្រុះ​គ្រាប់ស្រូវ និង​ជួយ​សម្រួល​តម្លៃ​ជី​ដល់​ពួកគេ។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​បាន​ឲ្យ​ដឹងថា ការប្រមូល​ផល​ស្រូវ​រដូវវស្សា​ឆ្នាំនេះ សម្រេចបាន ៥៣ម៉ឺន​ហិកតា​ហើយ ស្មើនឹង​ផ្ទៃដី ៥៣០,២៦៩ហិកតា និង​ស្មើនឹង ២០ភាគរយ​នៃ​ផ្ទៃដី​ដាំ​ដុះ​ទំហំ ២,៦៤៨,9៤៣ហិកតា៕

សាលា​បណ្តុះបណ្តាល​ជំនាញ​អ​ចនទ្រ​ព្យ​អាជីព​នឹង​ដំណើរការ​នៅ​ឆ្នាំ២០១៨

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ សាលា​បណ្តុះបណ្តាល​ភ្នាក់ងារ​អចលនទ្រព្យ​អាជីព ក្រោម​ការរៀបចំ​ដោយ​ក្រុមហ៊ុន Century21 Cambodia និង​មានការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ។

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​ថា ការបណ្តុះបណ្តាល​នេះ អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៨ខាងមុខនេះ។ សាលា​ដែលមាន​ការសហការ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយនឹង Century21 Cambodia នឹង​ផ្តោតលើ​ជំនាញ​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រឡង​យក​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  អ្នកនាង​បន្តថា បន្ទាប់ពី​ប្រលង​ជាប់ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពួកគេ​នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​នេះ មុនពេល​ពួកគេ​អាច​ដើរតួនាទី​ជា​ភ្នាក់ងារ​ក្នុង​វិស័យនេះ​បាន។

អ្នកនាង​បន្តថា “នៅពេល​និស្សិត​បញ្ចប់​ការបណ្តុះបណ្តាល​ពីសា​លា និង​ជំនាញផ្សេងៗ ពួកគេ​មិនអាច​ធ្វើការ​បានល្អ​ក្នុង​វិស័យនេះ​ទេ ប្រសិនជា​ពួកគេ​មិនបាន​សិក្សា​ពី​ជំនាញ​នេះ ហេតុនេះ​ទាមទារ​ឲ្យ​ពួកគេ​ទទួលបាន​ការបណ្តុះបណ្តាល និង​ទទួលបាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ អ្នកនាង​បន្ថែមថា “លក្ខខណ្ឌ​នៃ​ការសិក្សា គឺ​អ្នក​ប្រឡង​ជាប់​ថ្នាក់​ទី១២និស្សិត​បញ្ចប់​ការសិក្សា​មហា វិទ្យាល័យ និង​នាយក​ក្រុមហ៊ុន​នានា អាច​ចូលរៀន​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ​បាន។

ទោះជា​យ៉ាងណា​អ្នកនាង ហ្គ្រេ​ស រចនី​ហ្វុ​ង មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​តម្លៃ​នៃ​ការសិក្សា​នេះ​ទេ គ្រាន់តែ​បង្ហើប​ថា​វគ្គ​សិក្សា​នេះ​នឹងមាន​តម្លៃ​សមរម្យ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចេញ​សេចក្តីប្រកាស ដែល​នឹង​តម្រូវ​ឲ្យ​ភ្នាក់ងារ​អចលនវត្ថុ​នានា​ត្រូវមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មុនពេល​ពួកគេ​អាច​ដើរតួនាទី​ជា​ភ្នាក់ងារ​អចលនវត្ថុ​បាន។

អ្នកនាង ហ្គ្រេ​ស រចនី​ហ្វុ​ង បាន​បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តោតលើ​ទិដ្ឋភាព​ច្បាប់ ការរៀបចំ​និតិ​វិធី​ចុះ​កុងត្រា ក្រមសីលធម៌​វិជ្ជាជីវៈ និង​ចំណេះដឹង​ជាច្រើន​បន្ថែមទៀត។

លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Century21 Cambodiaបាន​ថ្លែងថា “ចំណេះដឹង​ក្នុង​វិស័យនេះ ជា​មូលដ្ឋានគ្រឹះ​ធំ​បំផុត​ក្នុង​វិស័យនេះ ខណៈ​ពីមុនមក​មានការ​បណ្តុះ​បណ្តាល​ជំនាញ​បែបនេះ​ដែរ ប៉ុន្តែ​ក្នុង​រូបភាព​មិនសូវ​ច្បាស់លាស់ ប៉ុន្តែ​ពេលនេះ​ការបណ្តុះបណ្តាល​មាន​លក្ខណៈ​ច្បាស់លាស់ ដែលមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក​បន្តថា ការបណ្តុះបណ្តាល​នេះ នឹងធ្វើ​ឡើង​ដោយ​គ្រូ​បណ្តុះបណ្តាល​ដែលមាន​ជំនាញ ពិតប្រាកដ​ទាំង​ជាតិ និង​អន្តរជាតិ ព្រោះ​កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ទាក់ទង​នឹង​ចំណេះដឹង និង​ក្រមសីលធម៌​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​នៅក្នុង​វិស័យនេះ។ លោក​បន្តថា “ពេល​ភ្នាក់ងារ​អចលនវត្ថុ​មាន​សមត្ថភាព ពួកគេ​នឹងធ្វើ​ឲ្យ​មាន​ទំនុកចិត្ត និង​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ចូលមកក្នុង​វិស័យនេះ។

លោក ម៉ី វ៉ាន់ អគ្គនាយក​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជា​រឿង​ល្អប្រសើរ ព្រោះ​វិស័យ​និមួយៗត្រូវការ​ធនធានមនុស្ស ដើម្បី​ពង្រឹង​ការងារ​របស់​ពួកគេ៕

ថា​ល​ពល​អគ្គិសនី​សេ​សាន២ នឹង​ត​ភ្ជាប់​កាន់​ភ្នំពេញ​នៅ​ចុងឆ្នាំ​នេះ

0

ភ្នំពេញ៖ អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) នឹង​បញ្ជូន​ខ្សែបណ្តាញ​ថាមពល​អគ្គិសនី​សេ​សាន២ មកកាន់​រាជធានី​ភ្នំពេញ​នៅ​ចុងឆ្នាំ​នេះ បន្ទាប់ពី​បាន​សាកល្បង​ខ្សែបណ្តាញ​បញ្ជូន​និង​អនុ​ស្ថានីយ២៣០គីឡូវ៉ុល ភ្ជាប់​ពី​អនុ​ស្ថានីយ​កំពង់ចាម​ទៅ​ក្រចេះ និង​ស្ទឹងត្រែង។

បើ​យោងតាម​ការជូនដំណឹង​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ (Propertyarea.asia)ទទួលបាន​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ២៣០គីឡូវ៉ុល ភ្ជាប់​ពី​អនុ​ស្ថានីយ​កំពង់ចាម ទៅ​ក្រចេះ និង​ស្ទឹងត្រែង​នោះ ត្រូវបាន​អគ្គិសនី​កម្ពុជា (EDC) ដាក់​បញ្ជូន​អគ្គិសនី​សាកល្បង​រួចហើយ ចាប់ពី​ថ្ងៃទី៣០ ខែតុលា កន្លងមកនេះ ដើម្បី​ត្រៀម​ដំណើរការ​ពេញលេញ ក្នុងការ​បញ្ជូន​អគ្គិសនី​ពី​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ មកកាន់​ទីក្រុង​ភ្នំពេញ នៅ​ចុងឆ្នាំ២០១៧ ខាងមុខ ដើម្បី​បំពេញបន្ថែម និង​បង្កើន​បន្ទុក​សម្រាប់​ចែកចាយ​អគ្គិសនី​បន្ត។

អគ្គិសនី​កម្ពុជា​នឹងធ្វើ​ឲ្យ​មានការ​កែលម្អ​ស្ថានភាព​ផ្គត់ ផ្គង់​អគ្គិសនី​ជា​បន្តបន្ទាប់ នៅក្នុង​ខេត្ត​ទាំង៤នៃ​ភូមិភាគ​ឦសាន គឺ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី ដើម្បី​កាត់បន្ថយ​ដល់​ការរអាក់រអួល ឈានទៅដល់​ការ​ដាច់​ចរន្តអគ្គិសនី​ជា​អតិបរមា  ក្នុងទិសដៅ​ជម្រុញ​លើក​គុណភាព​អគ្គិសនី​ឲ្យ​បាន​ប្រសើរ ជាង​មុន ក្នុងនោះ​ថ្លៃ​អគ្គិសនី​នឹង​ថយ​ចុះមក​ស្មើ នឹង​ថ្លៃ​អគ្គិសនី​នៅ​តំបន់​បណ្តាញ​ជាតិ​ផងដែរ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​មល​លោក ស៊ុយ សែន បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពលថ្មីៗនេះ​ថា កម្ពុជា​លែងមាន​ការខ្វះខាត​ទៀតហើយ ព្រោះ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​កំពុង​ផ្គត់ផ្គង់​សព្វថ្ងៃ មាន​ថាមពល៥០៥មេ​ហ្គា​វ៉ា​ត់ រោងចក្រ​វា​រី​អគ្គិសនី​ចំនួន៦កន្លែង  មាន​ថាមពល៩២៨មេ​ហ្គា​វ៉ា​ត់ រួមជាមួយ ការផ្គត់ផ្គង់​ថាមពល​អគ្គិសនីផ្សេងៗផងដែរ។ ចំណែក​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ មាន​កម្លាំង​ចាប់ពី១១៥ ដល់២៣០គីឡូវ៉ុល បច្ចុប្បន្នកំពុង​សាងសង់​មាន​ប្រវែង​ជាង៥០០គីឡូម៉ែត្រ​ផងដែរ ។

លោក​បន្តថា បច្ចុប្បន្ន​យើង​បាន​ត​ភ្ជាប់​បណ្តាញ ចូល​ភូមិ​បាន​ចំនួន៨០ភាគរយ នៃ​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស ក្នុងនោះ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​បាន​ភ្ជាប់​អគ្គិសនី​ប្រើប្រាស់ បាន​គ្របដណ្តប់​ចំនួន៦០ភាគរយ។ ចំណែក​អាជ្ញាប័ណ្ណ​ដែល​គ្របដណ្តប់​នៃ​ភូមិ​ទូទាំងប្រទេស បាន​ជាង៩០ភាគរយ​ហើយ​ឈានទៅ​គ្របដណ្តប់​គ្រប់​ភូមិ​ទាំងអស់​នៅ​ឆ្នាំ២០២០ខាងមុខនេះ៕

ស្ពាន​កោះកុង​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ឥត​យកប្រាក់​ចាប់ពី​ថ្ងៃស្អែក

0

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាសថា​ស្ពាន​កោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប​នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយ​មិនចាំបាច់​បង់ប្រាក់​ចាប់ពី​ថ្ងៃទី២ វិច្ឆិកា​ស្អែក​នេះហើយ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​លើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​ថា ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​និយាយ​ជារួម និង​និយាយ​ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង ក្នុងនាម​រាជរដ្ឋាភិបាល​ខ្ញុំព្រះករុណាខ្ញុំ​បានសម្រេច​ទិញយក ត្រឡប់មកវិញ ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ខេត្តកោះកុង​ទៅ​ប្រទេស​ថៃ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់ ដើម្បី​ឲ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អុំ​បុក។
សម្តេច​បាន​បន្តថា ចំពោះ​កិច្ច​ការដែល​នៅ​សេសសល់ សូម​ឲ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង សេ​ដ្ធ​កិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​ខេត្តកោះកុង ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់ ដោះស្រាយ​នៅពេល​ក្រោយ។ ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ពី​ការ សម្រេច​នេះ។

ស្ពាន​កោះកុង​មាន​ប្រ​វ​ឬ​ង​សរុប១៩០០ម៉ែត្រ និង​បានដាក់​ឲ្យ​ដំណើរការ​ឆ្លងកាត់​នៅ​ឆ្នាំ២០០២៕

ភ្នំពេញ​ធ្វើដំណើរ​ទៅកាន់​ទសវត្ស​រ៍មាស

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ នៅ​ទីបំផុត​អាគារ​ប៊ូ​ឌី​ញ​ស បាន​បាត់ស្រមោល​ជាមួយ​ពេលវេលា និង​ដំណើរការ​អភិ​វឌ្ឍ​នៃ​ទីក្រុង​ភ្នំពេញ​ដ៏​ឆាប់រហ័ស ដែល​ធ្វើ​ឲ្យ​អាគារចាស់ៗជាច្រើន​បាន​បាត់ស្រមោល​ពី​ក្រសែភ្នែក​ប្រជាពលរដ្ឋ ហើយ​អាគារ​ខ្ពស់កប់ពពក​ជាច្រើន​បាន​រះ​ឡើង​ជាមួយនឹង​ការផ្លាស់ប្តូរ​មុខមាត់​ទីក្រុង​នេះ​ចេញពី​គំនរ​ផេះផង់ ទៅកាន់​ទីក្រុង​មួយ​ដែលមាន​ភាព​ស៊ី​វិ​ល័យ។

 

ការកើនឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗនៅ​ទីក្រុង​ភ្នំពេញ ទំនងជា​មិន​បញ្ចប់​នៅពេលឆាប់ៗនោះទេ ជាក់ស្តែង​អាគារ​ភ្លោះ​ថៃ​ប៊ុន​រ៉ង ដែលជា​អាគារ​ខ្ពស់​មួយ​ក្នុងចំណោម​អាគារខ្ពស់ៗមួយចំនួន​ក្នុង​តំបន់​អាស៊ាន និង​គ្រោង​ចំណាយ​ប្រាក់​វិនិយោគ៥០០០ពាន់​លាន​ដុល្លារ នឹង​ក្លាយជា​មេដែក​ឆក់​មួយ​ដែល​ផ្តល់​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​មកកាន់​ប្រទេស​នេះ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត ប្រសិនជា​វត្តមាន​អាគារ​នេះ​លេច​រូបរាង​ពិតប្រាកដ។

ការមកដល់​នូវ​អ្នកវិនិយោគ​កូរ៉េ ចិន សាំង​ហ្កា​ពួរ ម៉ាឡេស៊ី និង​ចុងក្រោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន បានធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​ក្នុង​តំបន់​អាស៊ី ជា​ឈ្មោះ​ថ្មី​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ប្រ​សិ​ទ្ឋ​នាម​ឲ្យ​ប្រទេស​នេះ​កាលពី​ឆ្នាំមុន។ ជាមួយគ្នានេះ ធនាគារពិភពលោក​ក៏បាន​ចាត់​ចំណាត់ថ្នាក់​ថ្មី​ដល់​កម្ពុជា ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំមុន​ផងដែរ។

ជាក់ស្តែង ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ដំណាច់ឆ្នាំ២០១៦ កន្លងមកនេះ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង៨,៥៣៤លាន​ដុល្លារ​អាមេរិក កើនឡើង១៥៥,៦៨ភាគរយ ធៀប​រយៈពេល​មួយឆ្នាំ​ដូចគ្នា​កាលពី​ឆ្នាំ២០១៥ ហើយ​ទំហំ​ទុន​ពិត​ប្រក​ដ​ពី​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មក​កម្ពុជា រយៈពេល​ម្ភៃ​ឆ្នាំ​ពី​ឆ្នាំ១៩៩៤ ដល់២០១៤ មាន​ប្រមាណ១៩,២ពាន់​លាន​ដុល្លារ ក្នុងនោះ៤៤ ភាគរយ​គឺជា​ទឹកប្រាក់​នៃ​ការវិនិយោគ​របស់​ចិន។

ក្នុង​រយៈពេល៩ខែ​ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កើនឡើង២២ភាគរយ ដោយមាន​ទំហំ​ទឹកប្រាក់​រហូតដល់៥៦៣៦លាន​ដុល្លារ​អាមេរិក។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា “កំណើន​នៃ​ការវិនិយោគ​នេះ ជា​កំណើន​ដ៏​ល្អ​នេះ ជាការ​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម​នូវ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម​របស់​ក​ម្ពុ​ជា។

អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែងថា “ការបង្ហាញ​វត្តមាន​អាគារខ្ពស់ៗ វា​ពិតជា​កត្តា​សំខាន់ និង​ធ្វើ​ឲ្យ​កម្ពុជា​លេច​មុខមាត់​នៅក្នុង​តំបន់​អាស៊ី និង​ពិភពលោក។អ្នកនាង​បន្តថា “នៅមុន​ឆ្នាំ២០១០ កម្ពុជា​មិនទាន់មាន​អាគារ​កប់​ពពក​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ វត្តមាន​អាគារខ្ពស់ៗបាន​លេចឡើង​ស្ទើរ​គ្រប់កន្លែង ដែលជា​ការឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​សេដ្ឋកិច្ចសង្គម និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​នៅ​ប្រទេស​នេះ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី ក្រុងភ្នំពេញ​បាន​រកឃើញថា នៅ​រាជធានី​ភ្នំពេញ​មាន​វត្តមាន​អាគារខ្ពស់ៗ ចាប់ពី៥ជាន់​រហូតដល់​ជាង៤០ជាន់​ចំនួន​ជាង៦០០អាគារ​និង​មាន​អាគារ​ជាច្រើន​ទៀត​កំពុង​ចាប់ផ្តើម​សាងសង់ ដែលមាន​កំពស់​រហូត​ដល់៦៣ជាន់។

អ្នកនាង​សុធី​តា​បាន​បន្តថា “ការកើនឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗ ទន្ទឹមនឹង​កម្ពុ​ជាមាន​ច្បាប់​កម្ម​សិទ្ឋិ​រឹងមាំ ក៏បាន​រួមចំណែក​ធ្វើ​ឲ្យ​អ្នកវិនិយោគ កាន់​តែមាន​ទំនុកចិត្ត​និង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន។អ្នកនាង​បន្តថា “ទោះជា​កម្ពុ​ជាមាន​វត្តមាន​អាគារខ្ពស់ៗក៏ដោយ ក៏​កម្ពុជា​មិនទាន់​បទពិសោធន៍​លើ​ការគ្រប់គ្រង និង​គុណភាព​អាគារ​ទាំងនោះ មួយចំនួន​មិនទាន់​ឆ្លើយតប​តាម​ស្តង់ដា​អន្តរជាតិ​នោះទេ។

យោងតាម​ការសិក្សា​រប​ស់​អង្គភាព​ព័ត៌មាន​សេដ្ឋវិទូ​បាន​រកឃើញថា ទំហំ​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ក្នុង​ទីក្រុង​នេះ​ភ្នំពេញ​មាន​ចំណូល១០.៩០០ដុល្លារ​កាលពី​ឆ្នាំមុន និង​កើន​ដល់៣២.២០០ដុល្លារ​នៅ​ឆ្នាំ២០៣០ខាងមុខ។

ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា ពីមុន​មនុស្ស​អត់​ផ្ទះ​រស់នៅ បន្ទាប់មក​មនុស្ស​មាន​ផ្ទះ​រស់នៅ ហើយ​មាន​អាគារ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អ្នក​ពូកែ និង​មាន​សមត្ថភាព​ពួកគេ​អាច​ក្លាយជា​អ្នកមាន និង​អ្នក​មិនសូវ​ឆ្លាត​នៅតែ​ក្រីក្រ នេះ​ជា​បរិបទ​ទី​ផ្ដា​សេរី។ លោក​បន្តថា ពីមុន​មិនមាន​អ្នកណា​មាន​លុយ​ដើរលេង​ក្រៅប្រទេស មិនមាន​លុយ​ទិញ​រថយន្ត​ទំនើប មិនមាន​វីឡា​ដ៏​ស៊ី​វិ​ល័យ​ទេ ប៉ុន្តែ​ពេលនេះ​មាន​ហើយ វា​បញ្ជាក់ថា​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​រីកចំរើន។

លោក​បន្តថា “កាលពី១០ឆ្នាំមុន ខ្ញុំ​មិន​ហ៊ាន​រំពឹងថា​ក្រុងភ្នំពេញ​មាន​ភាព​រីកចំរើន​បែបនេះ​ទេ តែ​ពេលនេះ​វត្តមាន​អាគារខ្ពស់ៗបាន​រីក​ដូច​ផ្សិត វា​ជា​មោទនភាព​មួយ។លោក​បន្តថា “នៅពេល​ជនបរទេស​ចុះ​ពី​យន្តហោះ ពួកគេ​ឃើញ​ហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេ​សប្បាយ​ចិត្តនឹង​មក​រស់នៅ និង​វិនិយោគ​នៅទីនេះ។

ភាព​រីកចំរើន​នេះ មិនអាច​កាត់​ផ្តាច់ចេញ​ពី​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរក្សាបាន​កំនើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ​នោះទេ ជាក់​ស្តែក​គិត​ត្រឹម​រយៈពេល​ពីរ​ទសវត្ស​រ៍ កម្ពុជា​សម្រេចបាន​មាន​កំនើនសេដ្ឋកិច្ច៧,៧ភាគរយ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៤ និង​រក្សា​កំនើន​រហូតដល់៧ភាគរយ​បន្ថែមទៀត សម្រាប់​រយៈពេល​មធ្យម​ខាងមុខនេះ។

ទោះជា​យ៉ាងណា​សេដ្ឋវិទូ​កម្ពុជា ជា​សញ្ញា​ល្អ ប៉ុន្តែ​វា​មិន​ឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​សេដ្ឋកិច្ចសង្គម​នោះទេ។

ជា​អ្នកវិនិយោគ​អាគារ​លំនៅដ្ឋាន ដ៏​លេចធ្លោ​មួយរូប​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាននិងកំពុង​សាងសង់​គំរោង The Bridge កំពស់៤៥ជាន់ និង​អាគារ​ពាណិជ្ជកម្ម The PeAk តំលៃ​ជិត១០០០លាន​ដុល្លារ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន World Bridge Land Co, Ltd នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ការរីកចំរើន​ដែល​កម្ពុជា​កំពុង​សម្រេចបាន​នេះ។

លោក​ឧកញ៉ា សៀ រិ​ទ្ឋី បាន​បន្តថា បើ​យើង​ពិនិត្យ​ទៅលើ​គម្រោង​វិនិយោគ​ផ្នែក​អចលនទ្រព្យធំៗ គឺ​ចាប់ពី​ទំហំ​ទឹកប្រាក់​លើសពី​រយ​លាន​ឡើងទៅ​នៅ​កម្ពុជា គឺមាន​ប្រមាណ៦០ភាគរយ ជាការ​វិនិយោគ​មកពី​បរទេស ជាពិសេស​មកពី​ចិន​តែម្តង ហើយ​ភាគច្រើន​នៃ​គម្រោង​របស់​ពួកគាត់​ទាំងនោះ គឺ​គាត់​បាន​សិក្សា​ទីផ្សារ​យ៉ាងច្បាស់​លាស់ និង​កំណត់​គោលដៅ​របស់ខ្លួន​រួចទៅហើយ។ ពួកគាត់​ក៏មាន​ទាំង​អតិថិជន​មកពី​បរទេស​នៅក្នុង​ដៃ​សឹងតែ​គ្រប់​តម្រូវការ​តែម្តង។

លោក​បាន​ថ្លែងថា “ទីផ្សារ​អចលនទ្រព្យ​នឹង​បន្ត​ដំណើរការ​ទៅមុខ​ជានិច្ច អត់​មាន​អ្វី​ប្រែប្រួល​ប្លែក​នោះទេ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការ​មាន​វត្តមាន​អាគារខ្ពស់ៗ ការអភិវឌ្ឍន៍​ប្រទេស ពិតជា​ការខិតខំ​រប​ស់​រដ្ឋាភិបាល ប៉ុន្តែ​នៅពេល​ទីក្រុង​មួយ​មាន​អាគារខ្ពស់ៗច្រើន មាន​មនុស្ស​រស់នៅ​ច្រើន វា​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​កកស្ទះ​ចរាចរ ហេតុនេះ​រដ្ឋាភិបាល​គួរ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​មនុស្ស​រស់នៅ​ទីក្រុង​ច្រើនពេក

ិបាលគួរ​ធ្វើយ៉ាងណាកុំឲ្យមានមនុស្សរស់នៅទីក្រុងច្រើនពេក ប៉ុន្តែផ្ទុយទៅវិញគួររៀបចំទីក្រុងមួយដែលសម្គាល់ជាអប៉ុន្តែ​ផ្ទុយទៅវិញ​គួររៀបចំ​ទីក្រុង​មួយ សម្រាប់​សម្គាល់​ជា​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា។

លោក​បន្តថា “រដ្ឋាភិបាល​មិនគួរ​ធ្វើ​ឲ្យ​ទីក្រុង​ធំ​ពេក​នោះទេ គួររៀបចំ​ទីក្រុង​មួយ​ដែល​អាច​បង្ហាញ​នូវ​អ្វី​ជា​ខ្មែរ ជា​កន្លែង​ដែល​អាច​ឲ្យ​មនុស្ស​រស់នៅ​ស្រួល និង​មាន​បរិស្ថាន​ល្អ។លោក​បន្តថា “មានការ​រិះគន់ថា​ទីក្រុង​ភ្នំពេញ មិនមាន​សាល​តាំង​ពិ​ព៌​ណ មិនមាន​ក​សារៈមន្ទីរ មិនមាន​តំបន់​បៃតង និង​មិនមាន​កន្លែង​សម្រាកលំហែរ​គ្រប់គ្រាន់​នោះទេ។

លោក​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​មួយ ពី​ទីក្រុង​វ៉ាស៊ីនតោន​នៅពេល​មួយ​នោះ​គឺ សម្បូរ​ពួក​អភិជន​ស្បែក​ស​រស់នៅ ប៉ុន្តែ​ក្រោយមក​ប្រជាជន​ស្បែក​ខ្មៅ និង​អ្នកក្រីក្រ​ចូលទៅ​រស់នៅ​ច្រើន ជាល​ទ្ឋ​ផល​ពួក​អភិជន​បាន​ចាក​ចេញទៅ​រស់នៅ​ជាយក្រុង ហើយ​អ្នកក្រីក្រ​ភាគច្រើន​រស់នៅក្នុង​ទីក្រុង​វិញ។

បណ្ឌិត​ម៉ី កល្យាណ​ដែល​ធ្លាប់​ធ្វើការ​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី និង​ប្រទេស​ជាច្រើន​ទៀត​នៅ​ទ្វីបអឺរ៉ុប​បាន​បន្តថា “ខ្ញុំ​មិន​គិតថា​ការ​មាន​អាគារខ្ពស់ៗច្រើន​នៅក្នុង​ទីក្រុង ឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​សេដ្ឋកិច្ច សង្គម​របស់​ប្រទេសមួយ​នោះទេ ប៉ុន្តែ​ប្រជាជន​ខ្មែរ​មួយចំនួន​មិន​គិតបែបនេះ​ទេ ពួកគេ​គិតថា​ឡូយ បើ​ទីក្រុង​មួយ​មាន​អាគារខ្ពស់ៗច្រើន”៕