សេដ្ឋវិទូ៖ អតុល្យភាព​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ សេដ្ឋវិទូ​នានា​បានលើកឡើង​ស្រដៀង​គ្នា​ថា អតុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​រវាង​ពាណិជ្ជកម្ម កម្ពុជា និង​ប្រទេស​ចិន មិនមែនជា​រឿង​អវិជ្ជមាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​កម្ពុជា​គួរ​បង្កើន​ការនាំចេញ និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ចិន ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក​បណ្ឌិត ​ម៉ី កល្យាណ ​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុងឱកាស​សន្និសីទ ស្ដីពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​តំបន់​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែរ​ក្រវ៉ាត់ និង​ផ្លូវ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា បញ្ហា​អតុល្យភាព​ពាណិជ្ជកម្មរ​បស់​កម្ពុជា និង​ចិន និង​ប្រទេស​ក្នុង​តំបន់ មិនមែន​មានន័យ​អវិជ្ជមាន​ទាំងស្រុង​នោះទេ ព្រោះ​ប្រទេស​ចិន និង​ប្រទេសធំៗដទៃទៀត​ប្រៀបដូចជា​ប្រទេស​យក្ស​ដោយមាន​ប្រជាជន​ជាច្រើន​លាន​នាក់ ខណៈដែល​កម្ពុ​ជាមាន​ចំនួន​ប្រជាជន​ត្រឹមតែ១៥លាន​នាក់​តែ​ប៉ុន​ណ្ណោះ ហើយ​បញ្ហា​អតុល្យភាព​នេះ​ជា​រឿង​ធម្មតា ប៉ុន្តែ​យើង​ក៏ត្រូវ​ព្យាយាម​បង្កើន​សមត្ថភាព ក្នុងការ​នាំចេញ​របស់​ខ្លួន​ផងដែរ។

លោក​បណ្ឌិត​ ហុង វណ្ណៈ​ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិតសភា​កម្ពុជា​បាន​ថ្លែងថា បញ្ហា​អតុល្យភាព​ពាណិជ្ជកម្ម កម្ពុជា និង​ប្រទេស​ចិន​នេះ​មិនអាច​គេចផុត​នោះទេ  ព្រោះ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​ធំ ប៉ុន្តែ​កម្ពុជា​ក៏​អាច​បង្កើន​ទំហំ​ការនាំចេញ​របស់ខ្លួន​បានដែរ ដោយ​យើង​អាច​ពិភាក្សា​ជាមួយ​ចិន​ដោយផ្ទាល់ ហើយ​កំណត់​ផលិតផល​ដែល​ចិន​ត្រូវការ​ពី​កម្ពុជា ដោយ​មិនត្រូវ​ទុកជា​ទីផ្សារ​របស់​យើង ជាទី​ផ្សារ​បំ​រ៉ុង​នោះទេ និង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ចិន​ក្លាយជា​អ្នកវិនិយោគ​ដោយផ្ទាល់ រឺ​ជា​អ្នកទិញ​ដោយផ្ទាល់ លើ​ផលិតផល​កសិកម្ម​មួយចំនួន ដូចជា ស្វាយចន្ទី ដំឡូង​មី​ជាដើម។

លោក​បន្តថា កម្ពុជា​ក៏​អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន តាមរយៈ​ទេសចរណ៍​ផងដែរ ដែល​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ទាក់ទាញ​ទេសចរណ៍​មក​ឲ្យ​បាន​ច្រើន ហើយ​ត្រូវបង្កើត​ផលិតផល​ទេសចរណ៍ ដើម្បី​ឲ្យ​ពួកគេ​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា​ផងដែរ។

យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​ជា​ដៃគូរ​នាំ​ទំនិញ​ចូល​កម្ពុជា​លំដាប់​លេខ១ចាប់ពី​ឆ្នាំ១៩៩៨កន្លងមក ហើយ​ប្រទេស​ចិន ក៏​ជាទី​ផ្សារ​នាំ​អង្ករ​ចេញ​ធំ​បំផុត​របស់​កម្ពុជា​ផងដែរ។ កាលពី​ឆ្នាំ២០១៦ចិន​បាន​នាំ​ចូលមក​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់៤.៥៥០លាន​ដុល្លារ​អាមេរិក​ប្រមាណ​ជា៣៦,៩%នៃ​ការ​នាំចូល​សរុប។ ចំណែកឯ​ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ចេញទៅ​ចិន​វិញ​មាន​ចំនួន​ត្រឹមតែ៦០៩លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ដែល​វា​ស្មើនឹង ៦%នៃ​ការនាំចេញ​សរុប៕

ចង់រកស៊ីក្នុងវិស័យអចលនទ្រព្យគួរមានចំណេះដឹងអ្វីខ្លះ

0

ដោយ ៖ គង់ សូរិយា

 ភ្នំពេញ មនុស្សកាន់តែច្រើនបានចាប់អារម្មណ៍ និងចង់រកស៊ីក្នុងវិស័យអចលនទ្រព្យ ស្របពេលវិស័យនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ព្រោះការមកដល់នូវអ្នកវិនិយោគធំៗ ដែលបានបង្ហូរទុនរាប់​ពាន់លានដុល្លារនៅកម្ពុជា។ ទន្ទឹមនឹងការរីកចម្រើនវិស័យនេះ អ្នកផ្តល់សេវាកម្ម និងរកស៊ីក្នុងវិស័យនេះក៏មាន​ការកើនឡើងយ៉ាងច្រើន ។ សំណួរសួរថា តើអ្នកចង់រកស៊ីក្នុងវិស័យនេះ ត្រូវមានចំណេះដឹង និងជំនាញអ្វីខ្លះ ទើបអាចទទួលបានជោគជ័យក្នុងវិស័យនេះ ?

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលបានទទួ​លជោគជ័យច្រើនក្នុងវិស័យនេះបានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យនេះ ដោយលោកបានថ្លែងថា “ដើម្បីរកស៊ីក្នុងវិស័យនេះបានជោគ​ជ័យ​ត្រូវមានចំណេះដឹង ជំនាញ បទពិសោធន៍ និងចេះប្រើធនធានមនុស្ស និងធនធាន​ថវិកា”។

          អ្វីជាចំណេះដឹង?

          ចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព័ត៌មានយ៉ាងដូចម្តេចឲ្យបានគ្រប់ជ្រុងជ្រោយ និង​ត្រូវពង្រាយកំលាំងយ៉ាងម៉េចឲ្យបានគ្រប់កន្លែង ដើម្បីអាចទទួលបានព័ត៌មានបើកផ្លូវ និងព័ត៌មានពាក់ព័ន្ឋ ក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។

ស្គាល់ខ្លួនឯង

យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឲ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនា​ញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។ ប្រសិនជាមានលុយតិច ហើយ ចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណា ដែលមានចំណូលរៀងរាល់ខែ គឺអាចទិញផ្ទះ ឬទិញខុនដូសម្រាប់ជួល អាចបានចំណូលប្រចាំខែ ប៉ុន្តែ​ប្រសិនជាទិញដីអាចកប់ដើម មិនមានប្រាក់បង្វិល ព្រោះការទិញដីមិនត្រូវកន្លែងអាចកប់ដើម មិនមានទុនបង្វិល ហើយប្រសិនជាជំពាក់ប្រាក់ធនាគារ នឹងប្រឈមមុខនឹងគ្មានទុនបង្វិល ដែលអាចប្រឈមមុខនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ។

ការប្រឹក្សាយោបល់

          ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោ​បល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានជំនាញ និងបទពិសោធន៍ដើម្បីផ្តល់តំបូន្មានថា យើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឲ្យការបំពេញការងារ ឬការវិ​និយោគក្នុងវិស័យនេះ មានភាពល្អប្រសើរ និងបញ្ចៀសបាននូវហានិភ័យ។

យើងត្រូវចេះប្រមូលព័ត៌មាន និងផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីយកព័ត៌មានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តថា តើការសម្រេច​ចិត្តរបស់យើងមានភាពត្រឹមត្រូវឬអត់ផងដែរ។

ប្រសិនជាចង់ទិញផ្ទះនៅតាមបុរី ក្រុមហ៊ុន Century 21 Mekong ជាអ្នកមានជំនា​ញលើការងារនេះ និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលអាចប៉ាវដាច់ក្នុងបុរីនានាដូចជា បុរីប៉េង ហួត បុរីពិភពថ្មី និងបុរីដទៃទៀត ដោយយើងអាចផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងអាចទុកចិត្តបាន។

ការកសាងទំនុកចិត្ត

          ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីសំខាន់ត្រូវកសាងកេរ្ត៍ឈ្មោះ ព្រោះកេរ្ត៍ឈ្មោះ​ជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ នៅក្នុងក្រុមហ៊ុនCentury 21 Mekong មុនចេញទៅធ្វើការ បុគ្គលិកត្រូវទទួលការបណ្តុះបណ្តាលចំនួន៤ចំណុចជាមុនសិន ដូចជា ជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ លក់ ជួលដោយជោគជ័យ។

ដូច្នេះដើម្បីធ្វើឲ្យភ្នាក់ងារអចលនទ្រព្យ មានចំណេះ ជំនាញ និងបទពិសោធន៍ដែល​អាចធ្វើការបានក្នុងវិស័យនេះ គឺត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឲ្យ​បានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឲ្យបានទូលំទូលាយ។

ត្រូវមានឯកទេសអ្វីមួយជាក់លាក់

នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា​ ហេតុនេះយើងជាភ្នាក់​ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញអ្វីមួយជាក់លាក់ ទើបយើងអាចធ្វើបានតាមគោល​ដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀ​សបាននូវហានិភ័យចំពោះមុខ។

បញ្ហាប្រឈម

នៅក្នុងវិស័យអ្វីមួយក៏ដោយតែងតែមានហានិភ័យ ដូច្នេះភ្នាក់ងាររប​ស់យើង គឺប្រឈមនឹងហានិភ័យច្រើន ហេតុនេះដើម្បីបញ្ចៀសហានិភ័យ និងការបាត់បង់ទំនុកចិត្ត គឺយើងត្រូវបណ្តុះបណ្តាលភ្នាក់ងាររបស់យើងលើក្រមសីលធ៌ម គឺការផ្តល់ព៌តមានដោយស្មោះត្រង់ អាចជឿជាក់បាន និងមិនបំប៉ោងតំលៃ។ យើងមិនរកស៊ីយកចំណេញច្រើននោះទេ គឺយកចំណេញតិច តែបានរយៈពេលយូរ ដើម្បីសន្សំក្រេឌីត ហើយត្រូវបង្កើនទំនុកចិត្តឲ្យអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានជំនឿជឿជាក់លើសេវាកម្មរបស់យើង។

អតិថិជនត្រូវយល់ដឹងអ្វីខ្លះ

អតិថិជនត្រូវមានព៌តមាន និងចំណេះដឹងអ្វីខ្លះ ? ទី១ គាត់ត្រូវមានព៌តមានជាបឋមដើម្បីធ្វើការប្រៀបធៀបជាបឋម ពីអចលនទ្រព្យនៅជិតខ្លួន ទី២ ពួកគាត់អាចពិគ្រោះជាមួយភ្នាក់ងារអចលនទ្រព្យ ដែលពួកគេអាចឲ្យយោបល់បានត្រឹមត្រូវ ទី៣ ពួកគាត់(អតិថិជន) អាចឆែកពីព៌តមានពីលំនៅដ្ឋានរបស់អ្នកទិញខាង ដើម្បីធ្វើការសម្រេចចិត្តទិញផ្ទះឬអចលនទ្រព្យបានល្អ៕

 

 

ដំណាច់ត្រីមាសទី៣អាផាតម៉ិនចំនួន ៧៧០០យូនីត បានដាក់ចូលទីផ្សារ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ស្របពេលតម្រូវការមានការកើនឡើង ចំនួនអាផាតម៉ិនបានដាក់​ចូលទីផ្សារបាននិងកំពុងបន្តកើនឡើង ដោយគិតរហូតដល់ដំណាច់ត្រីមាសទី៣នេះចំនួនអាផាតម៉ិនដាក់ចូលទីផ្សារបានកើនដល់៧៧០០យូនីត។

នាយិកាប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន​ថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃម្សិលម៉ិញនេះថា គិតត្រឹមដំណាច់ត្រីមាសទី៣នេះ អាផាតម៉ិនចំនួន២១គម្រោង និងមានផ្ទះចំនួន១២០០យូនីតបានដាក់ចូលទីផ្សារ ដែ​លធ្វើឲ្យចំនួនយូនីតសរុប ដាក់ចូលទីផ្សារកើនដល់ ៧៧០០យូនីត និងខុនដូបានដាក់ចូលទីផ្សារចំនួន ១៩០០យូនីត ដែលធ្វើឲ្យយូនីតខុនដូដាក់ចូលទីផ្សារកើនដល់ ៦១០៩ យូនីត។

អ្នកនាងបន្តថា អាផាតម៉ិន និងខុនដូមានភាពខុសគ្នា ដោយសារអាផាតម៉ិន ធ្វើឡើងដោយអ្នកវិនិយោគម្នាក់ និងប្រើប្រាស់សម្រាប់ជួ​ល។ ចំណែកខុនដូអភិវឌ្ឍន៍ដោយមនុស្សម្នាក់ដូចគ្នា តែធ្វើឡើងសម្រាប់លក់ ​ដែ​លមានម្ចាស់កម្មសិទ្ឋច្រើននៅក្នុងអាគារនោះ ប៉ុន្តែតម្លៃជួលមានភាពខុសគ្នាផង​ដែរ ដោយអាផាតម៉ិនអាចជួលក្នុងតម្លៃរង្វង់១៨ដុល្លារ និងខុនដូអាចជួលក្នុងរង្វង់​១៥ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ដោយសារយូនីតនៅតាមខុនដូមានទំហំតូចៗ ធៀបជាមួយអាផាតម៉ិន ដែលមានយូនីតធំៗជាង និងមានប្រព័ន្ឋគ្រប់គ្រងល្អជាង។

អ្នកនាងបន្តថា “ការប្រើប្រាស់អាផាតម៉ិននៅតែមានភាពល្អប្រសើរ ដោ​យអត្រាជួលមានប្រមាណ៨១ភាគរយ ខណៈចំនួនខុនដូកំពុងកើនឡើងនូវការផ្គត់ផ្គង់ផងដែរ”។

លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបានវិនិយោគអាផាតម៉ិន​​ KFA នៅតំបន់បឹងត្របែកបានថ្លែងថា ទីផ្សារអាផា​តម៉ិននៅតែមានភាពល្អប្រសើរ ដោយសារតម្រូវការបន្តកើនឡើង ព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ ដែលធ្វើឲ្យអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនចូលមកកាន់កម្ពុជា។

លោកបន្តថា សមាហរណកម្មអាស៊ាន ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលធ្វើ​ឲ្យមានលំហូរទូនវិនិយោគ និងទីផ្សារការងារផ្លាស់ប្តូរគ្នាទៅវិញទៅមក សម្រាប់ អ្នកមានជំនាញខ្ពស់ និងថ្នាក់ដឹកនាំក្រុមហ៊ុននានា។ នៅពេលពួកគេមកកម្ពុជាជាស្វ័យប្រវត្តិពួកគេត្រូវការកន្លែងស្នាក់នៅ ហេតុនេះអាផាតម៉ិនជាជម្រើសចម្បងរបស់ពួកគេ៕

 

គម្រោង​លំនៅដ្ឋាន​ប្រណីត​នឹង​ឆ្ពោះទៅកាន់​តំបន់​ធម្មជាតិ

0

ដោយ៖ រ៉ាវី

ភ្នំពេញ៖ នៅពេល​កំណើន​ប្រជាសាស្ត្រ កំនើន​នគរូបនីយកម្ម​និង​ទីក្រុង​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម បែបបទ​នៃ​ការរស់នៅ​របស់​អភិជន​នឹង​ងាក​មកកាន់​តំបន់​ជាយក្រុង កន្លែង​ដែលមាន​ខ្ស​ល់​អាកាស​បរិ​សុ​ទ្ឋ អមដោយ​បឹង​ព្រែក​ឬ​ទន្លេ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​អ្នកវិនិយោគ​នៅក្នុង​ស្រុក​ចាប់ផ្ដើម​យល់​កាន់​ច្បាស់​ពី​អត្ថប្រយោជន៍​ការអភិវឌ្ឍ​បែប​ធម្មជាតិ​ហើយ ដូច្នេះហើយ​ទើប​ឃើញថា​ពេលនេះ ចាប់​មាន​គម្រោងធំៗមួយចំនួន បាន​ងាក​ទៅរក​ការអភិវឌ្ឍ​នៅ​តំបន់​ជាប់​មាត់បឹង ឬ​ទន្លេ​វិញ​ម្តង ដូចជា​គម្រោង​វីឡា​ប្រណីត​អ័​រ​គី​ដេ​វីឡា និង​គម្រោង​របស់​ក្រុមហ៊ុន OCIC ស្ថិតក្នុង​តំបន់​ជ្រោយចង្វា និង​គម្រោង​លំនៅដ្ឋាន​ប្រណី​តរបស់ The Palm ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ១ ព្រោះ​អ្នកវិនិយោគ​ទាំងនោះ​មាន​ទស្សនវិស័យ​វែងឆ្ងាយ ក្នុងការ​វិនិយោគ​រយៈ​ពេល​វែង ដោយ​ពួកគាត់​ជឿថា ទៅ​អនាគត​គម្រោង​ក៏ដូចជា​អចលនទ្រព្យ នឹងមាន​ការឡើង​ថ្លៃ​ខ្លាំង។

លោក​បន្តថា “អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ហ៊ាន​អះអាង​បែបនេះ ព្រោះ​យោងតាម​បទពិសោធ​នៃ​ប្រទេស​អភិវឌ្ឍន៍ធំៗមួយចំនួន​ដូចជា សហរដ្ឋអាមេរិក​ដែល​លោក​បាន​ទៅដល់​ជាដើម។ លោក​បញ្ជាក់ថា៖ «យើង​អាច​មើលឃើញ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូចជា អាមេរិក តម្លៃ​ផ្ទះ​ជាប់​ទន្លេ បឹង ព្រៃភ្នំ​មានតម្លៃ​ថ្លៃ​ណាស់ កន្លែង​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់លាន​ដុល្លារ ព្រោះ​ការរស់នៅ​ក្នុង​តំបន់​បែបនេះ​វា​ធ្វើឱ្យ​អ្នករស់នៅ​មាន​សុខភាព​ល្អ ទាំង​រាងកាយ និង​ប្រាជ្ញា​ស្មារតី ពិសេស​ការរស់នៅ​តំបន់​នេះ​អាចធ្វើឱ្យ​អ្នករស់នៅ​កាត់បន្ថយ​ភាពស្មុគស្មាញ​ពី​ការងារ​បាន​ច្រើន»។

លោក ច្រឹ​ក សុខ​នី​ម បាន​បន្តថា កម្ពុជា​មានការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​លឿន​គួរឱ្យកត់សម្គាល់ ប៉ុន្ដែ​កម្ពុជា​ហាក់ដូចជា​ដើរ​បញ្ច្រាស់​ទៅនឹង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ព្រោះ​គេ​មើលឃើញថា វិស័យនេះ​ចាប់ផ្ដើម​អភិវឌ្ឍ​ចេញពី​តំបន់ឧស្សាហកម្ម ពោលគឺ​តម្លៃ​ដី​នៅតាម​តំបន់ឧស្សាហកម្ម​មួយចំនួន និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មានការ​កើនឡើង​ខ្ពស់ ដោយសារតែ​សម្បូរ​ទៅដោយ​រោងចក្រ សហគ្រាសធំ។

ទោះជា​យ៉ាងណា​លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែងថា នេះ​ជា​និន្នាការ​ធម្មតា​ទេ​នៅតាម​បណ្តា​ប្រទេស​នានា ក៏ដូចជា​នៅ​កម្ពុជា ព្រោះ​នៅពេល​ទីក្រុង​កាន់តែ​រីកចម្រើន ទីក្រុង​កាន់តែ​ចង្អៀត​និង​កកកុញ​ដោយ​មនុស្ស និន្នាការ​អភិវឌ្ឍន៍​នឹង​ឆ្ពោះទៅកាន់​តំបន់​ជាយក្រុង​ជា​ស្វ័យប្រវត្តិ៕

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ចំនួន៦ នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ក្រោយនេះ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ចំនួន៦ទៀត នឹង​បើក​ដំណើរការ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ២០១៨ខាងមុខនេះ ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​មួយ​នាពេល​ខាងមុខនេះ។

ផ្សារ​ទំនើបធំៗទាំង៦នោះ រួមមាន ផ្សារ​ទំនើប AEON Mall2, Phnom Penh Mega Mall ,Olympia Plaza និង​ផ្សារ​ទំនើប​ក្នុង​គំរោង The Bridge, ផ្សារ​ទំនើប MAKRO ជា​ផ្សារ​លក់ទំនិញ​បោះ​ដុំ​របស់​ប្រទេស​ថៃ និង​ផ្សារ​ទំនើប​ក្រោម​ដី ដែលជា​គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​គ្រុប។

នាយិការ​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia អ្នកនាង​អាន សុធី​តា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ជាមួយនឹង​ការចូល​មកដល់​នូវ​ផ្សារ​ទំនើបថ្មីៗ និង​ផ្សារ​ទំនើប​ជាច្រើន​ទៀត​កំពុង​ត្រៀម​បើក​ដំនើរការ​នៅ​ឆ្នាំ២០១៨ខាងមុខ អ្នកនាង​គិតថា​អ្នកវិនិយោគ​បាន​សិក្សា​ច្បាស់លាស់​ហើយពី​ស្ថានភាព​ទីផ្សារ និង​កំលាំង​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រួចហើយ មុន​ធ្វើការ​វិនិយោគ ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកវិនិយោគ​គួរ​សិក្សា​ពី​កត្តា​មួយ​ចំនូ​ន​ទៀត​ដូចជា កំលាំង​នៃ​ការទិញ ការរៀបចំ និង​រចនា​កន្លែង​លក់​ឲ្យ​មាន​ភាព​ទាក់ទាញ និង​តម្រូវការ​នៅក្នុង​ទីផ្សារ​នេះ។

អ្នកនាង​បន្តថា “កំលាំង​ទិញ​នៅ​កម្ពុជា​កើនឡើង ប៉ុន្តែ​ភាគច្រើន​ប្រជាពលរដ្ឋ​ផ្តោតលើ​ការកំសាន្ត និង​ការ​ញុំ​ា​ច្រើនជាង​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា។ អ្នកនាង​បន្ថែមថា “ការមកដល់​នូវ​ផ្សារ​ទំនើបថ្មីៗ មិនមាន​បញ្ហា​នៅក្នុង​ទីផ្សារ​នោះទេ យើង​ស្វាគមន៍​ការវិនិយោគ​នានា ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រ ជា​ពលរដ្ឋ​កម្ពុជា។

ទំហំ​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ ធៀប​នឹង​មនុស្សម្នា​ក់មាន​ប្រមាណ០,១ម៉ែត្រការ៉េ ខណៈ​ប្រទេស​ថៃ​ទំហំ​ផ្សារ​ទំនើប​ធៀប​នឹង​មនុស្សម្នា​ក់មាន០,៤ម៉ែត្រការ៉េ។

ទាក់ទង​នឹង​ទំហំ​ផ្សារ ធៀប​នឹង​ចំនួន​ប្រជាជន​កម្ពុជា អ្នកនាង​អាន សុធី​តា​បាន​ពន្យល់ថា ទំហំ​ផ្សារ​ទំនើប​ធៀប​នឹង​មនុស្សម្នា​ក់នៅ​ក្រុងភ្នំពេញ មានការ​កើនឡើង តែ​ទាប​ជាង​ប្រទេស​ថៃ ប៉ុន្តែ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ពឹងផ្អែក​លើ​ប្រជាជន​ក្នុងស្រុក​ច្រើនជាង ខុសពី​ប្រទេស​ថៃ​ដែល​ផ្សារ​ទំនើប​មិន​ត្រឹមតែ​ពឹងផ្អែក​ប្រជាជន​ក្នុងស្រុក​នោះទេ ប៉ុន្តែ​ប្រទេស​ថៃ​មាន​កំលាំង​ទិញ​ខ្លាំង និង​មានការ​រួមចំណែក​ពី​ភ្ញៀវ​ទេសចរណ៍​ច្រើន​ផងដែរ។

លោក​ប៉ែន សុខ​គា​នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ថ្លែងថា វត្តមាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា​កាន់តែច្រើន ដែល​វិនិយោគ​ដោយ​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​ឆ្លុះបញ្ចាំង​ពី​កំនើន​ប្រជាសាស្ត្រ កំនើន​ប្រាក់ចំណូល និង​សេដ្ឋកិច្ចកម្ពុជា​បន្ត​កើនឡើង ដែល​ធ្វើ​ឲ្យ​កំលាំង​ទិញ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​កើនឡើង។លោក​បន្តថា កំនើន​ប្រាក់ចំណូល​ពិតជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​មកកាន់​ទីក្រុង​ភ្នំពេញ ព្រោះ​ប្រសិនជា​គ្មាន​កំលាំង​ទិញ​ទេ នឹង​គ្មាន​ការវិនិយោគ​ពី​វិស័យ​ឯកជន​នោះទេ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី លោក​អ៊ិន ចាន់នី​បាន​ថ្លែងថា ការផ្លាស់ប្តូរ​ចេញពី​ប្រទេស​ក្រីក្រ មកកាន់​ប្រទេស ដែល​ប្រជាជនមាន​ជីវភាព​មធ្យម​កម្រិត​ខ្ពស់ ពិតជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​អ្នកវិនិយោគ ព្រោះ​អ្នកវិនិយោគ​មុន​សម្រេចចិត្ត​ទៅកាន់​ប្រទេស​ណាមួយ ពួកគេ​សម្លឹង​លើ​កត្តា​បីសំខាន់ៗ គឺ​សន្តិភាព កំនើនសេដ្ឋកិច្ច និង​ស្ថិរភាពសង្គម​រយៈពេល​វែង។

លោក​បន្តថា “នៅពេល​ប្រជាជនមាន​ជីវភាព​ធូរធារ​ជាង​មុន មានន័យ​ការតម្រូវ​ការ​ពួកគេ​ច្រើនជាង​មុន កំលាំង​ទិញ​ធំ​ជាង​មុន ហេតុនេះ​អ្នកវិនិយោគ​បាន​ចូលមក​វិនិយោគ​ច្រើន ព្រោះ​ពួកគេ​មិន​ចង់ទៅ​វិនិយោគ​នៅ​ប្រទេស​ក្រីក្រ​នោះទេ”៕

អាគារ​ដ៏​មហស្ចារ្យ​ចំនួន៨ នឹង​រះ​ឡើង​ក្នុង​តំបន់​អាស៊ាន​នាពេល​អនាគត

0

ដោយ៖ បុរស វុត្ថា

ភ្នំពេញ៖ ស្រប​ពេលដែល​មានការ​ប្រកួតប្រជែង ក្នុងការ​សាងសង់​អគារខ្ពស់ៗនៅលើ​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍ និង​អ្នក​វិ​និ​យោ​ទុន​អន្តរជាតិ​នោះ នៅក្នុង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​ក៏​នឹងមាន​អាគារខ្ពស់ៗចំនួន៨ នឹង​រះ​ឡើង​នាពេល​អា​នាគ​ត​ដ​ខ្លី​ខាងមុខ ដើម្បី​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម និង​ទាក់ទាញ​អ្នកវិនិយោគទុន ក្នុងនោះ​ក៏មាន​អគារ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ដែរ។

គេហទំព័​ត៌ Property Area Asia នឹង​នាំ​លោកអ្នក​ទៅ​មើល​គំរោង​ដ៏​មហិមា​ខាងលើនេះ៖

១.អគារ TRADEWINDS SQUARE TOWER

អគារ​នេះ គ្រោង​នឹង​សាងសង់​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ពាណិជ្ជកម្ម Kuala Lumpur នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែលមាន​កំពស់៧៧៥ ម៉ែត្រ ។  អគារ Trade winds Square ត្រូវបាន​គេ​កំណត់​សាងសង់​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​របស់រដ្ឋាភិបាល​របស់​ប្រទេស​មា​ឡេ​ស៊ី ដែល​បានរៀបចំ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​របស់​ទីក្រុង Kuala Lumpur ហើយ​អគារ​មួយ​នេះ វា​នឹង​ជួយ​អោយមាន​ការទាក់ទាញ​ថ្មី និង​ផ្លាស់ប្តូរ​មុខមាត់​មួយទៀត​របស់​ទីក្រុង ជាពិសេស វា​នឹង​ក្លាយជា​កន្លែង​ទំនាក់ទំនង នៃ​ការធ្វើ​ទំនើបកម្ម​យ៉ាង​លឿន​ផងដែរ។

២. អគារ JAKARTA SIGNATURE TOWER

អគារ Signature Tower គឺជា​អគារ​ខ្ពស់កប់ពពក​ដែលមាន​កម្ពស់៦៣៨ម៉ែត្រ ដែល​គ្រោង​នឹង​សាងសង់​ទីក្រុង JAKARTA ប្រទេស​ឥណ្ឌូនេស៊ី។ អគារ​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ លោក Smallwood Reynolds  Stewart និង ក្រុមហ៊ុន Stewart Associates ។ នៅពេល​សាងសង់​រួចរាល់ អគារ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​អាចជា​អគារ​ខ្ពស់​ក្នុង​លំ​ដា​ន់ទី៥ នៅលើ​ពិភពលោក។ អគារ Signature Tower ស្ថិតនៅ​សង្កាត់ Sudirman Central Business Tower នឹង​ក្លាយទៅជា​ចំណុច​ក   ណ្តា​ល​នៃ​តំបន់​នេះ ព្រមទាំង​ង្កើ​ត​បាន​នូវ​ស្តង់ដារ​ថី្ម​មួយទៀត ក្នុងការ​អភិវឌ្ឍ​ដ៏​ប្រណីត​ក្នុងប្រទេស​ឥណ្ឌូនេស៊ី។

៣. អគារ MERDEKA PNB 118

អគារ MERDEKA PNB 118 គ្រោង​នឹង​សាងសង់​ក្នុង​កម្ពស់ ប្រមាណ​ជា៦៨២ ម៉ែត្រ ស្មើនឹង​កំពស់១១៨ជាន់ វាន​នឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី៣ នៅលើ​ពិភពលោក។ អគារ​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​សាងសង់ឡើង​នៅក្នុង​ឆ្នាំ ២០១៨-២០១៩ ។ អគារ​នេះ​ផងដែ​គេ​គ្រោង​សាងសង់​នៅលើ​ភ្នំ​មួយ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ចាស់​នៃ​ក្រុង​គួ​ឡា​ឡាំ​ពួ ។ អាគារ​ដែល​ខ្ពស់​លំដាប់​ពិភពលោក​មួយ​នេះ មាន​ទាំង​កន្លែង​ស្នាក់នៅ សណ្ឋាគារ និង​ការិយាល័យ​ធ្វើការ​ដ៏​ប្រណីត។

អគារ Merdeka PNB118 គ្រោង​សាងសង់​ដោយ​ក្រុមហ៊ុន Permodalan Nasional Berhad (PNB) ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ធំជាងគេ​របស់​ម៉ាឡេស៊ី ក្នុង​កំពស់១១៨ ជាន់ នឹងមាន​កម្ពស់​ខ្ពស់ជាង​អគារ​ភ្លោះ Petronas ចំនួន៨៨ជាន់។ វា​ត្រូវបាន​គេ​រំពឹងថា​នឹង​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ២០២០ ហើយ​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​និង​អាស៊ីអាគ្នេយ៍។

៤.អគារ RAMA IX SUPER POWER

អគារ RAMA IX SUPER POWER  បាន​នឹង​កំពុង​សាងសង់​ក្នុង​កំពស់៦១៥ ម៉ែត្រ ក្នុង​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ។ នៅពេល​សាងសង់​រួចរាល់ អគារ​នេះ​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​ថៃ បើ​ប្រៀបធៀប​ទៅនឹង​អគារ MahaNakhon។

៥. អគារ THAI BOON ROONG TWIN TOWER

អគារ THAI BOON ROONG TWIN TOWER ស្ថិតនៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។ អគារ​នេះ មាន​កំពស់៥៥០  ម៉ែត្រ មាន​កំពស់១៣៣ជាន់ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។  តម្លៃ​គម្រោង​សាងសង់​នៃ​អគារ​ចន្លោះ​ពី២១០០លាន​ដុល្លារ​អាមេរិក។អាគារ​នេះ​អាច​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០១៨ ដោយ​ក្រុមហ៊ុន​THAI BUNRONG និង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន។

អាគារ​នេះ​នឹង​ជា​ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាងគេ​នៅ​តំបន់​អាស៊ាន នៅពេល​សាងសង់​រួច ដោយសារ​អាគារ​នេះ​ជា​ប្រភេទ​អាគារ​ភ្លោះ និង​មាន​អាគារ​កប់​ពពក​កំពស់៤៥ជាន់​ចំនួន៤ទៀត​នៅ​ជុំវិញ។ អាគារ​នេះ​ជា​មជ្ឈមណ្ឌល ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ធំជាងគេ​ក្នុង​អាស៊ាន ដោយ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ អា​ផាត​ម៉ិ​ន ខុន​ដូ​លំដាប់ អន្តរជាតិ សណ្ឋាគារ​កម្រិត​ផ្កាយ៦ និង​សេវាកម្ម​កំសាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត។

៦. អគារ PERTAMINA ENERGY TOWER

អគារ PERTAMINA ENERGY TOWER  មាន​កម្ពស់៥៣០ម៉ែត្រ បាននិងកំពុង​សាងសង់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មើលទៅ​វា​មាន​ភាព​អស្ចារ្យ​លេចធ្លោ​ក្នុង​ទីក្រុង​JAKARTA ហើយ​វា​ក្លាយជា​ភាព​ទាក់ទាញ​ថ្មី​មួយទៀត ដែល​ទី​ក្រុងមាន​ប្រជាជន​រស់នៅ១៥លាន​នាក់​នេះ។ អគារ​នេះ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២០ខាងមុខ ដែល​ក្នុង​គម្រោង​ខ្នាត​ធំ​នេះ​មាន​សាល​សម្តែង​ដែល​អាចដាក់​កៅអី​ចំនួន2ពាន់​កន្លែង និង​សាល​តាំង​ពិ​ព៌​ណ  វិហារ​សាសនា​ឥស្លាម និង​រោងចក្រ​ផលិត​ថាមពល និង អគារ​ការិយាល័យ។

 ៧.អគារ LANDMARK 81 Vincom Landmark 81 គឺជា​អគារ​ដ៏​ប្រណីត ដែល​កំពុង​សាងសង់​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម។ប៉ម​ធំ​នៃ​អគារ​នេះ នឹងមាន​តែមួយគត់ ដែល​ប្រើប្រាស់​បរិក្ខារ​ដ៏​ប្រណិត​របស់ខ្លួន​នៅ​ប្រទេស​វៀតណាម និង​ជា​និមិត្តរូប​នៃ​កំណើន​និង​វិបុលភាព​នៅក្នុង​ប្រទេស។ វា​នឹងមាន​សណ្ឋាគារ ផ្ទះល្វែង និង​កន្លែង​លក់​ឥ​វាន់ផ្សេង។

៨. អគារ BANGKOK OBSERVATION TOWER

អគារ BANGKOK OBSERVATION TOWER គ្រោង​សាងសង់​ក្នុង​កំពស់៤៥៩ម៉ែត្រ ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។ អគារ​នេះ​នឹង​ក្លាយជា​អគារ​ដំបូងបង្អស់​នៅក្នុង​ទីក្រុង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អោយ​មកលេង​កម្សាន្ត។ អគារ​នេះ​ផងដែរ​នឹង​បង្ហាញ​ពី​គម្រោង​របស់​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ក្នុងចំណោម​អគារ​ដទៃទៀត។

យោងតាម​ទិន្នន័យ​របស់ Global Tall Building Database នៃ ក្រុមប្រឹក្សា​អគារ​ខ្ពស់  និង​លំនៅដ្ឋាន​នៅតាម​ទីប្រជុំជន (CTBUH) បាន​បញ្ចេញ​របាយការណ៍​ចុងក្រោយ​ស្តីពី​អាគារ​ខ្ពស់ ការអភិវឌ្ឍ​ទីក្រុង និង​ការសាងសង់​ប្រកបដោយ​និរន្តរភាព​នៅ​ជុំវិញ​ពិភពលោក​នេះ មាន​អាគារ​ខ្ពស់បំផុត​ចំនួន ១០០ ដែល​បាន​ជាប់​ក្នុង​តារាង​កំពូល​របស់​ពិភពលោក (Height to Architectural Top list)៕

ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​កើន​ដល់ ១៥០ភាគរយ​នៃ GDP

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ជាមួយ​កំនើន​ឥណទាន​និង​ទំនុកចិត្ត​បានធ្វើ​ឲ្យ​ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា កើនឡើង​ដល់១៥០ភាគរយ​នៃ​ផលទុនជាតិ​សរុប (GDP)។

លោកជំទាវ នាវ ច័ន្ទថា​ណា ​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បានទទួល​កំនើនសេដ្ឋកិច្ច​ជា​មធ្យម៧,៧ភាគរយ ជាមួយនឹង​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កម្រិត​ទាប​នៃ​អតិផរណា ប្រមាណ​ក្រោម៥ភាគរយ និង​ស្ថិរភាព​ល្អប្រសើរ​នៃ​អត្រា​ប្តូរប្រាក់។ ទុន​បំ​រ៉ុង​អន្តរជាតិ​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់ ដែល​អាច​ទ្រទ្រង់​ដល់​រយៈពេល៦ខែ នៃ​ការ​នាំចូល​ទំនិញ​និង​សេវា។

លោកជំទាវ​បន្តថា ជាមួយគ្នានេះ​វិស័យ​ធនាគារ ក៏មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​ទ្រព្យសកម្ម​ក្នុង​វិស័យនេះ កើនឡើង១៥០ភាគរយ​នៃ​ផលទុនជាតិ​សរុប​នៅ​ពាក់កណ្តាល​ឆ្នាំនេះ។លោកជំទាវ​បន្តថា ការអភិវឌ្ឍ​វិស័យ​ធនាគារ​ត្រូវបាន​ឆ្លុះបញ្ចាំង តាមរយៈ​ការកើនឡើង​នៃ​ទំហំ និង​វិសាលភាព​នៃ​ប្រតិបត្តិការ​និង​សេវា​ហិរញ្ញវត្ថុ​កាន់តែ​សម្បូរបែប។ ជាក់ស្តែង​ចាប់ពី​ឆ្នាំ២០១៥ ដល់២០១៧ចំនួន​គ្រឹះស្ថាន​ធនាគារ​បាន​កើន​ពី១៩ដល់៤៥ ទ្រព្យសកម្ម​បាន​កើន​ពី៥,៨ទ្រី​លាន​រៀល ដល់១២៨,៦ទ្រី​លាន​រៀល (៣១ប៊ី​លាន​ដុល្លារ​អាមេរិក) កើនឡើង២២ដង និង​ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ​កើន ពី១៩,៥ភាគរយ​ដល់៧៧ភាគរយ ស្មើនឹង​កំនើន៣,៩ដង។

ប្រធានស្តីទី​សមាគម​ធនាគារ​កម្ពុជា លោក​ឆា​រស៍ វ៉ាន់​បាន​ថ្លែងថា កំណ​ន​ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ ជាការ​ឆ្លុះបញ្ចាំង​ពី​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ ដែល​សម្រេចបាន​រយៈពេល​វែង​នៅ​កម្ពុជា ហើយ​កំនើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេចបាន​នេះ ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ជួយ​ទ្រទ្រង់​ពី​វិស័យ​ធនាគារ​នៅ​កម្ពុជា។

លោក​បន្តថា “ធនាគារជាតិ​នៃ​កម្ពុជា​បាននិងកំពុង​បន្ត​គាំទ្រ ដល់​ធនាគារ​នានា​នៅ​កម្ពុជា ដែល​បាននិងកំពុង​បង្ហូរ​ឥណទាន​ជួយ​ដល់​ពាណិជ្ជករ​ឬ​សហគ្រិន​នានា ដើម្បី​ឲ្យ​ពួកគេ​មាន​ភាគ​រីកចម្រើន។លោក​បន្តថា “នៅពេល​ពាណិជ្ជករ​ឬ​សហគ្រិន​នានា​ជោគជ័យ សកម្មភាព​ជំនួញ​របស់​ពួកគេ​គឺជា​ការចូលរួមចំណែក​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ”៕

ចំនួន​ខុន​ដូ​ដាក់ចូល​ទីផ្សារ​កើនឡើង​ដល់ ៦១០៩យូ​នី​ត​ហើយ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ខណៈ​ខុន​ដូ​ជាច្រើន​បាននិងកំពុង​សាងសង់ ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា មិនទាន់មាន​ភាព​ប្រកួតប្រជែង​គ្នា​ខ្លាំង​នី​ឡើយ​ទេ ដោយ​មកទល់ពេលនេះ​មាន​ខុន​ដូ​ចំនួន៦១០៩យូ​នី​ត​ប៉ុណ្ណោះ​បាន​ដាក់ចូល​ទីផ្សារ។

អ្នកនាង​អាន សុធី​តា នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ឲ្យ​ដឹង តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នា​ព្រឹក​ថ្ងៃទី៣០ តុលា​នេះ​ថា ចំនួន​ខុន​ដូ ដែល​បាន​ដាក់ចូល​ទីផ្សារ​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី២ឆ្នាំនេះ មាន​ចំនួន១៩០០យូ​នី​ត ហើយ​បើ​គិត​សរុប​តាំង​ពីមុនមក គឺ​ចំនួន​ខុន​ដូ​សរុប​បាន​ដាក់ចូល​ទីផ្សារ​នេះ​កើនឡើង​ដល់៦១០៩យូ​នី​ត​ហើយ។អ្នកនាង​បន្តថា ទីផ្សារ​ខុន​ដូ​និង​អា​ផាត​ម៉ិ​ន​មាន​ភាពខុសគ្នា ដោយសារ​ខុន​ដូ​អាច​ជួល​បាន​ក្នុងតម្លៃ​រង្វង់១៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​អា​ផាត​ម៉ិ​ន​អាច​ជួល​បាន​ក្នុង​រង្វង់១៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

អ្នកនាង​បន្តថា ភាពខុសគ្នា​នេះ ដោយសារ​អា​ផាត​ម៉ិ​ន​មាន​ទំហំ​ធំ​ជាង និង​មានការ​ផ្តល់​សេវាកម្ម​ពី​ម្ចាស់​អាគារ​ច្រើនជាង ព្រោះ​អា​ផាត​ម៉ិ​ន​មាន​ម្ចាស់​រួម​តែមួយ ប៉ុន្តែ​ខុន​ដូ​មាន​ម្ចាស់​ច្រើន​នៅតាម​យូ​នី​ត​និមួយៗ ហេតុនេះ​សេវាកម្ម​ក្នុង​ខុន​ដូ​វា​អាស្រ័យ​លើ​ម្ចាស់​យូ​នី​ត​និមួយៗជា​អ្នកគ្រប់គ្រង​ច្រើនជាង។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប បាន​រកឃើញ​កាលពីពេលថ្មីៗនេះ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៧នេះ ចំនួន​គំរោង​ខុន​ដូ​នានា​បាន​កើន​ដល់​ជិត៥ម៉ឺន​យូ​នី​ត​ហើយ​នៅ​កម្ពុជា។

លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group ដែល​បាននិងកំពុង​វិនិយោគ​ខុន​ដូ The Bridge, The PeAk និង​គម្រោង​មួយចំនួនទៀត​បាន​ថ្លែង​ប្រក​ដោយ​សុទិដ្ឋិនិយម​ថា ទីផ្សារ​ខុន​ដូ​នៅតែមាន​ភាពល្អប្រសើរ ព្រោះ​បើ​និយាយ​ពី​ខុន​ដូ​គេ​និយាយ​ពី​ទីតាំង និយាយ​ពី​ភាពងាយស្រួល​សម្រាប់​អ្នកស្នាក់នៅ ដែល​អ្នកវិនិយោគ​ត្រូវ​ផ្តល់​ឲ្យ​អតិថិជន​របស់​ពួកគេ។លោក​បន្តថា “ខ្ញុំ​មិនមែន​លក់​បន្ទប់​គេង​ទេ គឺ​ខ្ញុំ​លក់ Lifestyle ហេតុនេះ​ទើប​យើង​ផ្តល់​សេវាកម្ម​ចម្រុះ​ដល់​ពួកគេ ដូចជា​ផ្សារ​ទំនើប ការិយាល័យ សេវាកម្ម​សុខភាព សេវាកម្ម​មេធាវី​ជាដើម។លោក​បន្តថា “អ្នកស្នាក់នៅ​តាម​ខុន​ដូ​ជា​មនុ​ស្សមានភាព​ស៊ី​វិ​ល័យ ដូច្នេះ​យើង​ផ្តល់​មូលដ្ឋាន​នៃ​តម្រូវការ​ចាំបាច់​សម្រាប់​ពួកគេ មិនមែន​លក់​តែ​បន្ទប់​គេង​នោះទេ ហើយ​បើ​សាងសង់​ខុន​ដូ​លក់​តែ​បន្ទប់​គេង ខ្ញុំ​មិន​លើកទឹកចិត្ត​ទេ”៕

កម្ពុជាអង្គរ-អ៊ែរ គ្រោងពង្រីកជើងហោះហើរទៅកាន់គោលដៅចំនួន៤ទៀត

0

ភ្នំពេញ៖ ជាមួយនឹងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ-អ៊ែរ គ្រោងចាប់ផ្តើមពង្រីកជើងហោះហើរទៅកាន់គោលដៅធំៗចំនួន៤ទៀត និងបន្ថែមការបញ្ជាទិញយន្តហោះរហូតដល់១២គ្រឿងគិតត្រឹមឆ្នាំ២០២០ខាងមុខ។

លោក លឹម កៅ អគ្គនាយករងនៃក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរ-អ៊ែរបានថ្លែងឲ្យដឹងក្នុង ពិធីសម្ភោធការចាប់ផ្តើមជើងហោះហើររវាងក្រុងសៀមរាប និងទីក្រុងហុងកុងកាលពីម្សិលម៉ិញនេះថា ការហោះហើរត្រង់នាពេលនេះ គឺចាប់ផ្តើមប្រតិបត្តិការហោះហើរពេលព្រឹក ដឹកជញ្ជូនអ្នកដំណើរ ចេញពីក្រុងសៀមរាប ទៅកាន់ទីក្រុងហុងកុង   និងពេលរសៀលត្រូវបានដឹកជញ្ជូនអន្កដំណើរ  ត្រឡប់ពីទីក្រុងហុងកុង មកដល់ក្រុងសៀមរាបវិញ។ ប្រតិ​បត្តិការហោះហើរនេះ  ក្នុង១សប្តាហ៍ ២ថ្ងៃ  គឺថ្ងៃអាទិត្យ និងថ្ងៃពុធ ។លោករំពឹងទុកថា អតិថិជននឹងរីករាយជាមួយសេវាកម្មថ្មីនេះ ។ក្រៅពីហុងកុង ក្រុមហ៊ុនមានគម្រោង​ បើកផ្លូវហោះហើរថ្មីៗ បន្ថែមទៀតទៅកាន់ប្រទេសថៃ  សឹង្ហបូរី និងបណ្តាខេត្តផ្សេងៗទៀតនៃប្រទេសចិន ព្រោះក្រុមហ៊ុនកំពុងកំណត់ចក្ខុវិស័យទីផ្សារទៅកាន់ឥណ្ឌាផងដែរ  នឹងគ្រោងនាំភ្ញៀវទេសចរឥណ្ឌា  មកទស្សនាអង្គរវត្ត  ព្រោះថាប្រាសាទអង្គរវត្តនៅកម្ពុជា គឺជាប្រាសាទហិណ្ឌូធំបំផុតនៅក្នុងពិភពលោក។

លោកបន្តថា តាមគំរោងរបស់ក្រុមហ៊ុននេះ គឺនៅឆ្នាំ២០២០  ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរ-អ៊ែរនឹងបង្កើ​ន​ការហោះហើរ ទៅកាន់គោលដៅកាន់តែច្រើន ជាមួយនឹងគម្រោងបង្កើនយន្តហោះបំរើការដឹកជញ្ជូនអ្នកដំណើរ ឲ្យបានដល់១២ គ្រឿង គឺធុន ATRs ចំនួន៤គ្រឿង  និងយន្តហោះធុន Airbus ចំនួន៨គ្រឿង។

ទាក់ទងនឹងជើងហោះហើររវាងទីក្រុងសៀមរាប និងទីក្រុងហុងកុងលោកលឹម កៅបានមាន​ប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានចាប់ផ្តើមបើកជើងហោះហើរត្រង់របស់ខ្លួនចេញពីក្រុងសៀមរាប ឆ្ពោះទៅកាន់ទីក្រុងកុងកុង  ហើយនៅវេលារសៀលថ្ងៃអាទិត្យដដែលនេះ  ក្រុមហ៊ុនអាកាសចរជាតិ អង្គរ-អ៊ែរ  បានដឹកជញ្ជូនអ្នកដំណើរ ប្រមាណជា១០០នាក់ មកដល់អាកា​សយានដ្ឋានអន្តរជាតិសៀមរាបវិញប្រកប ប្រកបដោយសុវត្ថិភាព។​

ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជាអង្គរ-អ៊ែរ  បានចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូនផ្លូវអាកាស ប្រចាំតំបន់អាស៊ីនៅក្នុងឆ្នាំ២០០៩​ មកដល់បច្ចុប្បន្ននេះ  ក្រុមហ៊ុនអាកាសចរមួយនេះ មានយន្តហោះចំនួន៦គ្រឿង កំពុងប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរប្រមាណ១០គោលដៅ  រួមមានការដឹកជញ្ជូនអ្នកដំនើរគោលដៅក្នុងស្រុក រួមមាន រាជធានីភ្នំពេញ  ក្រុងសៀមរាប និង ក្រុងព្រះសីហនុ  និងក្រៅប្រទេស រួមមានក្រុងប៉េកាំង  សៀងហៃ  គ័ងចូវ  និងបណ្តាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន៕

អាន សុធី​តា៖ ធ្វើ​អ្នកដឹកនាំ​ត្រូវមាន​ជំនាញ​ចម្រុះ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ មាន​សម្បុរ​ស្រអែម ញញឹម​ស្រស់​ស័ក្តិ​សមជា​នារី​ខ្មែរ អ្នកនាង​អាន សុធី​តា​បាន​ឆ្លងកាត់​ចេញពី​គ្រួសារ​ក្រីក្រ​មួយ និង​ធ្លាប់​តស៊ូ​ធ្វើការ​ផង​រៀន​ផង​បាន​ក្លាយជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ ដ៏​ជោគជ័យ​ម្នាក់។

កុមារភាព​ក្នុង​ភាពក្រីក្រ

ចាប់កំណើត​ក្នុងភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខ័​ណ្ឌ​មានជ័យ (បច្ចុប្បន្ន​ខ័​ណ្ឌ​ច្បារអំពៅ) ឆាកជីវិត​ក្មេងស្រី​ម្នាក់នេះ មាន​ភាពបត់បែន​ជាច្រើន ទម្រាំ​បានមក​កាន់​មុខដំណែង​ជា​នាយិកា​ប្រចាំ​ប្រទេស ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE កម្ពុជា។

ផ្តើម​ពី​ថ្នាល​បណ្តុះបណ្តាល​នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ គឺ​សាលាបឋមសិក្សា​ឬ​ស្សី​ស្រស់ មុន​បន្ត​កម្រិត​មធ្យម​សិក្សា​បឋមភូមិ និង​ទុតិយភូមិ​នៅ​វិទ្យាល័យ​ច្បារអំពៅ ក្មេងស្រី​ដ៏​ស្រស់​សោភា​នេះ ត្រូវ​រែកពន់​ការងារ​ច្រើន ដោយ​បង្ខំចិត្ត​ទៅធ្វើ​ការ​នៅ​រោងចក្រ ក្នុងនាម​ជា​ស្មៀន​ការិយាល័យ ដើម្បី​យកប្រាក់​មក​បន្ត​ការសិក្សា​មហាវិទ្យាល័យ​នៅពេល​យប់ នា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ពេលនោះ​មានឈ្មោះ​ជា​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង។

ភាពជូរចត់

គ្មាន​អ្នកណា​មិន​ជួប​បញ្ហា​ក្នុង​ឆាកជីវិត​ទេ មនុស្ស​តែង​ស្គាល់​បរាជ័យ និង ជោគជ័យ។ អ្នកនាង​អាន សុធី​តា​ក៏​ដូចគ្នា ព្រោះ​ពេល​ប្រលង​បាក់​ឌុប​ជាប់ អ្នកនាង​ប្រលង​ចូលរៀន នៅ​មហាវិទ្យាល័យ​ណា​ក៏​មិន​ជាប់​ដែរ។

កើត​ក្នុង​គ្រួសារ ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ និង​ម្តាយ​ជា​មេផ្ទះ ហើយ​ឪពុកម្តាយ​ត្រូវ​ផ្គត់ផ្គង់​បងប្រុស​ពីរ​នាក់​ទៀត​ដែល​កំពុង​សិក្សា ជីវភាព​គ្រួសារ​របស់​នាយិកា​រូបនេះ​មិន​ធូរធារ​នោះទេ។

ក្នុងកាលៈទេសៈបែបនេះហើយ ទើបកញ្ញាធីតាបានសម្រេចចិត្តក្រោកឈរដោយខ្លួនឯង ដោយបានធ្វើការដំបូងនៅរោងចក្រតាំងពីអាយុ១៧ឆ្នាំ ប៉ុន្តែក្រោយមកអ្នកនាងបានផ្លាស់ប្តូរមកធ្វើការនៅក្រុមហ៊ុនផែស្ងួត ជាកន្លែងការងារដែលបានផ្តល់បទពិសោធន៍ច្រើនដល់នាង។

ចាប់ផ្តើមការងារអចលនទ្រព្យ

រៀនជំនាញផ្នែក Accounting ប៉ុន្តែបែរជាក្លាយជាអ្នកដឹកនាំក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ មិនមែនជារឿងងាយស្រួល និងខ្វះការប្រឹងប្រែងឡើយ។

អ្នកនាងអាន សុធីតាបាននិយាយដោយស្នាមញញឹម ប៉ុន្តែបង្កប់ភាពម៉ឺងមាត់ថា នៅឆ្នាំ២០១០ អ្នកនាងបានឃើញសេចក្តីប្រកាសរើសបុគ្គលិក ផ្នែកគណនេយ្យ អ្នកនាងមានការចាប់អារម្មណ៍ បន្ទាប់ពីបានមើលពីសាវតាក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យធំបំផុត និង មានបណ្តាញទូទាំងពិភពលោក។

ទីបំផុតអ្នកនាងបានជាប់ និងចូលធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ជាគណនេយ្យករ។

ក្នុងពេលបំពេញការងារ អ្នកនាងមិនដែលប្រកាន់ការងារនោះឡើយ គឺធ្វើការលើសជំនាញអ្វីដែលខ្លួនមាន នៅទីបំផុតអ្នកនាងត្រូវបាននាយកប្រចាំប្រទេស ជនជាតិអង់គ្លេស សម្រេចចិត្តឲ្យធ្វើការងារលើជំនាញទិញ លក់អចលនទ្រព្យ ដែលធ្វើឲ្យអ្នកនាងកាន់តែមានជំនាញច្រើនថែមទៀត។

វិធីសាស្រ្តឆ្ពោះទៅមុខ

ការទទួលតំណែងធំប្រចាំក្រុមហ៊ុនមួយ មិនមែនជាការងាយឡើយ តើអ្នកនាងធីតាមានវិធីសាស្រ្តយ៉ាងដូចម្តេច ទើបអាចឡើងកាន់តំណែងមួយខ្ពស់ដែលមនុស្សជាច្រើនចង់បានផងដែរ?។

អ្នកនាងសុធីតាបានបកស្រាយថា “ខ្ញុំតែងតែចាត់ទុកក្រុមហ៊ុនខ្ញុំធ្វើការ ជាក្រុមហ៊ុនរបស់ខ្លួន និង ទទួលខុសត្រូវនូវអ្វីដែលជាកាតព្វកិច្ចដែលត្រូវបំពេញ”។

អ្នកនាងបន្ថែមថា “ជាមួយគ្នានេះ យើងត្រូវមានភាពស្មោះត្រង់ គោរពក្រមសីលធ៌មវិជ្ជាជីវៈ និងធ្វើការងារដោយទឹកចិត្តចេញពីបេះដូង”។

ជាមួយនឹងការងារកាន់តែមមាញឹក តំណែងក៏កាន់តែខ្ពស់ការទទួលខុសត្រូវកាន់តែច្រើន ហេតុនេះហើយទើបអ្នកនាងអាន សុធីតាមិនដែលបោះបង់ការសិក្សាឡើយ គឺនៅតែបន្តការសិក្សានៅវិទ្យាស្ថាន Cam-Ad ជំនាញ ACCA។ លើសពីនេះ យើងក៏ត្រូវរៀបចំពីការងារគ្រួសារ ឲ្យមានភាពរលូនជាមួយគ្នាផងដែរ។

បែងចែកការងារនិងគ្រួសារ

ក្នុងតរុណវ័យ អ្នកនាងធីតា បានរៀបការនៅឆ្នាំ២០០៣ ជាមួយលោករ័ត្ន ប៊ុនរិទ្ឋ ដែលជាជាងជួសជុលយន្តហោះនៃក្រុមហ៊ុន Thai Airway និងមានបុត្រជាចំណងដៃពីរនាក់នាពេលបច្ចុប្បន្ននេះ។

តើអ្នកនាងបែងចែកការងារ និងកាតព្វកិច្ចគ្រួសារយ៉ាងដូចម្តេច? អ្នកនាងអាន សុធីតាបានលើកឡើងថា “ខ្ញុំតែងតែបង្រៀនកូនឲ្យចេះទទួលខុសត្រូវលើខ្លួនឯង ចេះជួយការងាផ្ទះ មានភាពស្មោះត្រង់ និងមានភាពតសូ។ ភាពជោគជ័យរបស់កូន មិនមែនសំរាប់ខ្លួនម្នាក់នោះទេ វាជាភាពជោគជ័យ សំរាប់គ្រួសារ និងសំរាប់ប្រទេសជាតិ”។

ការដឹកនាំក្រុមហ៊ុន

ដោយសារមានសមត្ថភាព និងទទួលបានការលើកទឹកចិត្តផង អ្នកនាងសុធីតាបានក្លាយជានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia នៅឆ្នាំ២០១៣ ដែលជំនាញនេះ តម្រូវឲ្យអ្នកនាងចេះការងារច្រើន មិនត្រឹមតែភាពជាអ្នកដឹកនាំឡើយ។

ក្នុងនាមជានាយិកាប្រចាំប្រទេស អ្នកនាងត្រូវមានជំនាញគណនេយ្យ ដើម្បីគ្រប់គ្រងចំណូលចំណាយច្បាស់លាស់ និងត្រឹមត្រូវ ហើយត្រូវមានជំនាញលក់ ដើម្បីធ្វើឲ្យប្រាកដថា ការលក់របស់យើងសម្រេចតាមផែនការ និងជំនាញគ្រប់គ្រងមនុស្ស ដែលអ្នកនាងមានអារម្មណ៍ថា ពិបាកជាងគេ។

អ្នកនាងធីតាបានបន្តថា “ការគ្រប់គ្រងមនុស្ស ខ្ញុំមានអារម្មណ៍ពិបាកជាងគេ ដោយសារក្រុមហ៊ុនមានបុគ្គលិកច្រើននាក់ និងមាន៦ជនជាតិ ដែលត្រូវធ្វើការជាមួយ”។អ្នកនាងបន្តថា “ក្នុងតួនាទីជាស្រ្តីខ្មែរម្នាក់ ហើយមានតួនាទីដឹកនាំមនុស្សជាង៤០នាក់ គឺធម្មតាមានអត្តចរិក៤០ប្រភេទ ហេតុនេះយើងត្រូវប្រាកដថា ពួកគេអាចធ្វើការងារជាក្រុមនិងសម្រេចគោលដៅបាន”។

ជាមួយនឹងបុគ្គលិកមាន៦សញ្ជាតិក្នុងក្រុមការងារ ការធ្វើការជាមួយគ្នាតែងមានបែបផែនខុសៗគ្នា ហេតុនេះយើងត្រូវប្រាកដថា ពួកគេសម្រេចបាននូវការងាររបស់ពួកគេនិមួយៗតាមផែនការ ហើយដើម្បីសម្រេចបានគោលដៅការងារ អ្នកនាងបានលើកឡើងថា “ខ្ញុំប្រើប្រាស់ការលើកទឹកចិត្តច្រើន ជាជាងការរុញឬចាប់បង្ខំ ព្រោះខ្ញុំត្រូវប្រើវិធីសាស្រ្តទន់ភ្លន់ ជាជាងវិធីសាស្រ្តក្តៅ ប៉ុន្តែក៏មានការតាមដានការងារយ៉ាងហ្មត់ចត់ផងដែរ នៅពេលជិតដល់ពេលកំណត់ យើងតែងតែរំលឹកពួកគេពីអ្វីដែលពួកគេមិនទាន់សម្រេចបាន”។

ផ្តល់ការងារនិងបណ្តុះបណ្តាល

ដើម្បីឲ្យស្ថាប័នមួយសម្រេចជោគជ័យ និងរីកចម្រើន ការលើកទឹកចិត្តមានសារៈសំខាន់បំផុត ដើម្បីអោយការងារដំណើរការល្អ និងទទួលបានជោគជ័យព្រមគ្នា។

វិធីសាស្រ្តរបស់នាយិការូបនេះ គឺ “យើងរួមចំណែកជោគជ័យ និងលំបាកជាមួយបុគ្គលិក ហើយយើងត្រូវផ្តល់ការងារល្អ និងចំណូលពីការងារសមរម្យសម្រាប់បុគ្គលិក”។អ្នកនាងបន្តថា “លើសពីនេះយើងត្រូវផ្តល់បរិយាកាសការងារល្អ និងពង្រឹងសមត្ថភាពរបស់បុគ្គលិក ដោយផ្តល់ការហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេស”។

អ្នកនាងបន្តថា “ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុន យើងត្រូវមានជំនាញចម្រុះដើម្បីដឹកនាំ និងធ្វើការសម្រេចចិត្តលើផ្នែកអ្វីមួយ”៕