កត្តាសេដ្ឋកិច្ច ​និង​ប្រជាសាស្ត្រ​នឹង​ជំរុញ​ឲ្យ​ប្រជាជន​រស់នៅ​តាម​ខុន​ដូ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ តើ​អ្នក​បាន​ត្រៀមខ្លួន​សម្រាប់​ការផ្លាស់ប្តូរ​បែបបទ នៃ​ការរស់នៅ​របស់ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​រយៈពេល១០ឆ្នាំ​ខាងមុខ? នៅពេល​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​កាន់តែ​អាក្រក់ និង​កំនើន​ប្រជាសាស្ត្រ​នៅក្នុង​ទីក្រុង កាន់តែច្រើន?។

អគ្គនាយក​ក្រុមហ៊ុន​ស្លឹក​រិ​ទ្ធ​រៀល​ធី លោក ឃាង ពុ​ទ្ឋី បាន​និយាយ​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា មិនយូរ​ទេ​និន្នាការ​រស់នៅ​តាម​ខុន​ដូ របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​កើនឡើង។ អ្នក​ដែល​រស់នៅ​ខុន​ដូ ភាគច្រើន​ជា​អ្នក​ដែល​ធ្លាប់បាន​ទៅ​រស់នៅ ឬ​សិក្សា​នៅក្រៅ​ប្រទេស។ ការរស់នៅ​ខុន​ដូ គឺមាន​ភាព​ឯករាជ្យ និង​មាន​សុវត្ថិភាព​ខ្ពស់។ លោក​បាន​បន្តថា បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ប្រាក់ចំណូល​ពី​មធ្យម​ទៅ​ខ្ពស់​កាន់តែច្រើន បាន​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ការ​ស្នាក់នៅ​ខុន​ដូ​វិញ ពីព្រោះ​ខុន​ដូ​មាន​ទីតាំងនៅ​កណ្តាល​ក្រុង ស្របពេល​ការកកស្ទះ​ចរាចរណ៍ និង​ការកើនឡើង​នៃ​តម្លៃ​ដី ក៏បាន​ចូលរួមចំណែក​ធ្វើឱ្យ​ការគិត​របស់​ប្រជាពលរដ្ឋ​ប្រែប្រួល​ផងដែរ។

លោក​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវតែ​មានគំនិត​សុទិដ្ឋិនិយម​ចំពោះ​ភាព​រីកចម្រើន​នៃ​វិស័យ​ខុន​ដូ និង​ត្រូវ​នាំគ្នា​គាំទ្រ ព្រោះ​បើ​យើង​មានគំនិត​អវិជ្ជមាន​ប្រាកដ​ណាស់​ថា វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រទេស​ជាមិនខាន ខណៈ​ប្រទេសជិតខាង​កម្ពុជា គេ​បានធ្វើ​ដំណើរ​លឿន​ជាង​ប្រទេស​យើង​ឆ្ងាយ​ណាស់​ទៅហើយ ចំពោះ​ផ្នត់គំនិត​នៃ​ការរស់នៅ​ខុន​ដូ ដូច្នេះ​យើង​មិនត្រូវ​គិតថា ការសាងសង់​នេះ​វា​លើស​តម្រូវការ​ទេ ព្រោះ​បើ​លើស​មែន​រាជរដ្ឋាភិបាល​នឹងមាន​វិធានការណ៍​ដោះស្រាយ​ជាមិនខាន។

នាយក​ក្រុមហ៊ុន Spring CJW Development លោក Anthony Ong ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ខុន​ដូ Axis Residences ដែលមាន​ចំនួន៥៦៦យូ​នី​ត ស្ថិតនៅតាម​បណ្តោយ​ផ្លូវ2004 ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បានលើកឡើង​កាលពីពេលថ្មីៗនេះ​ថា“ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​ជាស​សរ​គ្រឹះ​ដ៏​រឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច និង​អចលនវត្ថុ​ក្នុងប្រទេស​កម្ពុជា។ លោក​បន្តថា “យើង​ពិតជា​មានការ​ជឿជាក់ និង​ចង់ឱ្យ​ប្រជា​ពល​ដ្ឋ​ខ្មែរ ទទួលបាន​កន្លែង​រស់​នៅ​ដ៏​ស្អាត​កម្រិតស្តង់ដា។

លោក Anthony បញ្ជាក់ថា “យើង​ពិតជា​ចង់​ចូលរួម​ជួយ​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈកាល​ផ្តល់ជូន​នូវ​កន្លែង​រស់នៅ​មួយ​ដ៏​ល្អ​ដូច​នៅ​ប្រទេស​សឹង្ហ​បុរី។ លោក​បន្តថា“គោលបំណង​ដែល​យើង​ធ្វើការ​វិនិយោគ​ខុន​ដូ Axis Residences គឺ​មិន​គ្រាន់តែ​ដើម្បី​បង្កើតជា​ផ្ទះ​ស្នាក់នៅ​រួម​នោះទេ តែ​ការពិត​វា​ជា​លំនៅឋាន​ដែល​គួរឱ្យ​ចង់​រស់នៅ និង​មានអ្វីៗគ្រប់យ៉ាង​ជា​តម្រូវការ​របស់​អ្នកស្នាក់នៅ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solutions បាន​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ នឹង​កើនឡើង​ប្រមាណ៤លាន​នាក់​នៅ​ឆ្នាំ​រហូតដល់​ឆ្នាំ២០៣៥ខាងមុខនេះ ជា​ពេលវេលា​ដែល​ការកកស្ទះ​ចរាចរ ណ៍​នឹង​កើនឡើង តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​កណ្តាល​ក្រុង​ឡើងថ្លៃ​ខ្លាំង និង​បច្ចេកវិទ្យា​កាន់តែ​សម្រួល​ដល់​បែបបទ នៃ​ការរស់នៅ​កាន់តែ​ងាយស្រួល និង​មាន​ភាព​ស៊ី​វិ​ល័យ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល​ បាន​និយាយថា ការរស់នៅ​ខុន​ដូ គឺជា​បែបបទ​នៃ​ការរស់នៅ​មួយ​ដែលមាន​ភាព​ស៊ី​វិ​ល័យ និង​ទាន់សម័យ ដោយសារ​ខុន​ដូ​អាចមានអ្វីៗសព្វបែបយ៉ាង​ដូចជា ចំណតរថយន្ត​សមរម្យ ផ្សារ​ទំនើប កន្លែង​ហាត់ប្រាណ ស្ទី​ម សូ​ណា អាង​ហែល​ទឹក និង​សួនច្បារ​ជាដើម។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ខ្មែរ​យើង​ចេះតែ​គិតថា ការរស់នៅ​ខុន​ដូ​គឺ​ជើង​មិន​ជាប់​ដី (សំណង់​ដែលមាន​កម្ពស់​ច្រើន​ជាន់) ប៉ុន្តែ​បច្ចុប្បន្ន​នៅតាម​ប្រទេស​រីកចម្រើន​នានា​គេ​បានធ្វើ​រួចហើយ ព្រោះ​ការរស់នៅ​ក្នុង​ខុន​ដូ គឺ​បាន​ផ្តល់ឱ្យ​យើង​រស់នៅ​មួយ​ដែលមាន​ភាព​សុ​ខុ​ដុមរ​មនា ទំនើប និង​ទាន់សម័យ។

លោក សារុន ឫទ្ធា អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ បាន​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​មានការ​លំបាក ក្នុង​ការរក​ទិញ​ដី ដើម្បី​សាងសង់​ផ្ទះ​នៅ​កណ្តាល​ក្រុង​ណាស់ ព្រោះ​ដី​នៅ​តំបន់សំខាន់ៗដូចជា បឹង​កេងកង ដូនពេញ ឬ​ទួលគោក តម្លៃ​របស់​វា​បាន​ឡើងថ្លៃ​ខ្ពស់​ខ្លាំងណាស់។ ការកើនឡើង​នៃ​តម្លៃ​នេះ គឺ​ដោយសារតែ​ដី​នៅ​ក​ណ្ត​ល​ក្រុង កំពុង​ក្លាយជា​ដី​សម្រាប់​វិនិយោគិន ទិញ​យកទៅ​សាងសង់​អគារខ្ពស់ៗ អគារ​ពាណិជ្ជកម្ម​និង​ខុន​ដូ​ជាដើម។

យោងតាម​ផែនការមេ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​ពង្រីក​ផ្ទៃដី​ចំនួន២០គីឡូម៉ែត្រ​ការ៉េ​ជុំវិញ​រាជធានី​ភ្នំពេញ​នោះ បានធ្វើឱ្យ​និន្នាការ​តម្លៃ​ដីធ្លី​នៅ​ជាយក្រុង​ក៏​កើនឡើង​ច្រើន​ផងដែរ ប៉ុន្តែ​វា​មិន​ឡើងថ្លៃ​ខ្ពស់​ដូច​នៅ​កណ្តាល​ទីក្រុង​ទេ ដែល​អាច​អនុញ្ញាតឱ្យ​អ្នកមាន​ប្រាក់ចំណូល​មធ្យម ឬ​លើសពី​មធ្យម​អាច​ទិញ​បាន។

លោក សារុន ឬ​ទ្ឋា បាន​បញ្ជាក់ថា “នៅ​រាជធានី​ភ្នំពេញ សម្រាប់​អ្នក​ដែលមាន​ផ្ទះ​ចាប់ពី១ដល់១០ គឺមាន​ប្រហែល១០ភាគរយ ចំណែក​អ្នក​មានផ្ទះ​នៅ​ដោយ​ខ្លួនឯង​មាន​ប្រហែល២០ភាគរយ និង​អ្នក​មិនមាន​ផ្ទះ​តែមាន​ប្រាក់ខែ និង​ចំណូល​មធ្យម​ថេរ ឬ​លើស​មធ្យម​អាចមាន​ចំនួន៧០ភាគរយ (ពួកគេ​ពុំទាន់​មានផ្ទះ​នៅឡើយ​ទេ​ដោយ​អ្នកខ្លះ​មានផ្ទះ​នៅ ប៉ុន្តែ​ជួនកាល​អាច​បង់​រំ​លោះ​ជាមួយ​ធនាគារ)។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា កំនើន​អគារ​ខុន​ដូ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៥ កន្លងមក​មាន​ចំនួន១៥,០០០យូ​នី​ត ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើងដល់៤៥,០០០យូ​នី​ត នៅក្នុង​ឆ្នាំ២០១៨ខាងមុខ៕

ឧកញ៉ា ម៉ុង រិទ្ឋី ប្រាប់ពីវិធីបែងចែកការងារគ្រួសារ និងជំនួញ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ លោកអ្នកមួយចំនួនតែងតែគិតថា ការមានមុខជំនួញច្រើនប្រាកដ ជាគ្មានពេលវេលាសម្រាប់គ្រួសារនោះទេ ហើយសុភមង្គលក្នុងគ្រួសារក៏មិនសូវ​មានពេញលេញដែរ។

ប្រជាជនខ្មែរភាគច្រើនប្រាកដជាស្គាល់អ្នកឧកញ៉ា ម៉ុង រិទ្ឋី អគ្គនាយកក្រុមហ៊ុនម៉ុង រិទ្ឋីគ្រុប និងមានក្រុមហ៊ុនជាបុត្រសម្ពន្ឋជាច្រើនទៀតមិនខាន។ ដោយ​សារមានមុខជំនួញច្រើនបែបនេះ ប្រហែលជាលោកគ្មានពេលវេលាសម្រាប់ប្រពន្ឋ​កូននោះទេ ដូច្នេះតើគាត់បែងចែកពេលវេលាសម្រាប់គ្រួសារ និងមុខជំនួ​ញដូចម្តេច ទើបអាចសម្រេចបានជោគជ័យទាំងព្រមយ៉ាងដូច្នេះ ? ចម្ងល់នេះ ប្រាកដជាអ្វីមួយដែលលោកអ្នកចង់ដឹកហើយ ម៉ែនទេ ?

អ្នកឧកញ៉ា ម៉ុង រិទ្ឋី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា យុវជនបច្ចុប្ប​ន្ន មានសំណាង ព្រោះមានសិទ្ឋិ និងពេលវេលាជ្រើសរើសគូស្វាមីភរិយាដោយខ្លួនឯងបាន ខុសពីលោករៀបការ គឺពួកអាពតរៀបការឲ្យទាំងហ្វូង ដែលរហូតមកទល់ពេល​នេះអ្នករៀបការជាមួយលោក បានលែងលះគ្នាស្ទើរអស់ទៅហើយ។លោកបន្តថា ការមានគូស្រករដោយជ្រើសរើសបានដោយខ្លួនឯង ពិតជាពិសេសណាស់ ហើយបើ​រើសខុសទៀត នោះជាកំហុសរបស់យើង មិនមែនកំហុសឪពុកម្តាយ ឬត្រូវបន្ទោ​សអ្នកណាឡើយ។

ឧកញ៉ាដ៏មានប្រជាប្រិយភាពរូបនេះបានបន្តថា “រវាងការងារជំនួញ និងការ​ថែរទាំភរិយា ឬសុភមង្គលក្នុងគ្រួសារ មិនមានអ្វីគួរឲ្យស្មុគ្រស្មាញទេ សម្រាប់លោក ព្រោះភរិយារបស់លោកមិនបានទាមទារថាថ្ងៃសៅរ៍ ឬអាទិត្យជាពេលវេ​លារបស់គាត់ឡើយ ហើយលោកទៅណាក៏ភរិយាមិនដែលសួរនាំដែរ។ សំខាន់រស់នៅជាមួយគ្នាត្រូវទុកចិត្តគ្នា”។ លោកបន្តថា “បើលោកទៅព្រៃ នៅចំការដូងប្រេង ភរិយាលោកទៅព្រៃជាមួយលោក មិនដែលទារទៅផ្សារទំនើប ឬទាមទារថ្ងៃសៅរ៍ឬអាទិត្យពីលោកឡើយ”។

អ្នកឧកញ៉ា ម៉ុង រិទ្ឋី បានលើកជាសំណួរថា ហេតុអីត្រូវមានថ្ងៃសៅរ៍ឬអាទិត្យ សម្រាប់គ្នា? ខ្ញុំមិនគិតចឹងទេ ព្រោះប្រពន្ឋខ្ញុំស្រួលដែរ ពេលខ្ញុំទៅណាគាត់ទៅតាម ប៉ុន្តែមិនមែនចេះតែតាមគ្រប់ពេលវេលា មិនរករឿង ប្រច័ណ្ឌខុសពេលវេលាទេ។ លោកថា បើរវល់តែចង់បានថ្ងៃសៅរ៍ ឬអាទិត្យ ឬតាមដាន ប្រច័ណ្ឌគ្រប់ពេលវេលា យើងមិនអាចធ្វើអ្វីកើតនោះទេ ៕

តោះទៅមើលភាពអស្ចារ្យសណ្ឋាគារផ្កាយ7 នៅឌូបៃ

0

ដោយ៖ បុរស វុត្ថា

ភ្នំពេញ៖ តើ​លោកអ្នក​កំពុង​ចង់ដឹង​ពី​សណ្ឋាគារ​លំដាប់​ផ្កាយ៧ ដែល​ល្អ​បំផុត​សម្រាប់​ស្នាក់​នៅក្នុង​ទីក្រុង​ឌុយ​បៃ​មែន​ទេ ? គេហទំព័​ត៌ Propertyarea.asia នឹង​ណែនាំ​លោក អ្នក​អោយ​ស្គាល់​ពី​សណ្ឋាគារ Burj Al Arab ដ៏​អស្ចារ្យ​មួយ​នេះ។

សណ្ឋាគារ Burj Al Arab លំដាប់ ផ្កាយ ៧ គឺជា​សណ្ឋាគារ​ដែល​ល្អ​ស្អាត​ជាងគេ​នៅលើ​ពិភពលោក ។ Burj Al Arab  គឺជា​ភាសា​អារ៉ាប់​ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ ប៉ម នៃ អារ៉ាប់ មាន​កន្លែង​ស្នាក់នៅ​ផ្កាយ៧លំដាប់​ពិភពលោក​ក្នុងប្រទេស​អារ៉ាប់​រួម​នាទី​ក្រុង​ឌុ​បៃ។ សណ្ឋាគារ​មួយ​នេះ ត្រូវបាន​សារព័ត៌មាន Daily Telegraph ប្រគល់​ពានរង្វាន់​ជា Ultimate Luxury Luxury Travel Awards ប្រចាំឆ្នាំ​ដែលមាន​ឈ្មោះថា Best Hotel in the World’ ដែល​សណ្ឋាគារ​នេះ​ទទួល​បានជា​លើក​ទី​បី​ហើយ។ ពានរង្វាន់​នេះ​ផងដែរ ត្រូវបាន​គេ​ប្រគល់​សម្រាប់​ឆ្នាំ​ទី៩ក្នុង​លំដាប់ “សណ្ឋាគារ​ល្អ​បំផុត​នៅ​ម​ជ្ឈឹ​ម​បូព៌ា” ។

តើ​សណ្ឋាគារ Burj al Arab ទទួលបាន​ការយកចិត្ត​ទុកដាក់​ថា​ជា​សណ្ឋាគារ ផ្កាយ ៧ យ៉ាងដូចម្តេច?

អគារ Burj Al Arab ត្រូវបាន​គេ​ហៅថា​អគារ​អច្ឆរិយៈ ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក។ ស្ថាបត្យកម្ម​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​សាងសង់​ពឹង​ផ្អែកលើ​កោះ​សិប្បនិម្មិត នៅក្នុង​សមុទ្រ​ដែល​ភ្ជាប់​ទៅនឹង​ច្រាំងទន្លេ ដោយមាន​ស្ពាន​ភ្ជាប់​ទៅកាន់​សណ្ឋាគារ​នេះ ដែល​មើលទៅ​ពោរពេញ​ដោយ​អច្ចឆរិយៈ​ភាព។ វិស្វកម្ម​នៃ​សំណង់​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​ត្រូវបាន​សាងសង់ឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​បំផុត។ អគារ​នេះ​ប្រើប្រាស់​បេតុង​ជាង៧០,០០០ម៉ែត្រ និង​ប្រើប្រាស់​ដែក​ប្រមាណ​ជាង៩០០០តោន។

ទំហំ​នៃ​ការចំណាយ​សាងសង់​សណ្ឋាគារ​កម្រិត​ផ្កាយ៧នេះ​ដ៏​អស្ចារ្យ​នេះ អស់​ទឹកប្រាក់១០០០លាន​ដុល្លារ​អាមេរិក និង​តម្លៃ​ស្នាក់នៅ២៤,០០០ដុល្លារ​ក្នុង​មួយ​យប់ ដែល​ជាប់​តម្លៃ​ខ្ពស់បំផុត​ទី១២ ក្នុងចំណោម​សណ្ឋាគារល្បីៗបំផុត​នៅលើ​ពិភពលោក។

Burj Al Arab មាន​កំពស់​សរុប៥៦ជាន់ មាន​បន្ទប់​ចំនួន២០២បន្ទប់ មាន​កំពស់​សរុប៣២១ម៉ែត្រ និង​ជាប់​ជា​សណ្ឋាគារ​ខ្ពង់​ជាងគេ​លំដាប់​ទី៣លើ​ពិភពលោក។

រូបរាង​នៃ​អាគារ​នេះ ត្រូវ​រចនា​ឡើង​ប្រៀបបាន​ទៅនឹង​រូបរាង​កា​ប៉ាល់​ដែល​ចត​នៅ​មាត់សមុទ្រ ជាពិសេស​វា​ត្រូវបាន​សាងសង់​ឡើងជា​និម្មិត​រូប​នៃ​ដែនដី​អារ៉ាប់ (នាវាចម្បាំង​អារ៉ាប់)។ ស្លាប​ពីរ​សងខាង​មាន​រូបរាង​ជា​អក្សរ​V ប្រៀប​បានជា”ដុំថ្ម” ដ៏​អស្ចារ្យ​នៅ​ចន្លោះ​នៃ​អាគារ​នោះ។ ការកសាង​ Burj Al Arabបានចាប់ផ្តើម​នៅក្នុង​ឆ្នាំ១៩៩៤ ហើយ​បាន​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ខែធ្នូ​ឆ្នាំ១៩៩៩ ។

អាគារ​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​និ​មិ្ម​ត​រូប និង​សារៈសំខាន់​នៃ​ទីក្រុង​ឌូ​បៃ ហើយ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជា​អគារ​ដ៏​ល្បីល្បាញ​ក្នុង​ពិភពលោក។

លក្ខណៈ​ដ៏​ពិសេស​ជាច្រើន​ដែល​សណ្ឋាគារ​ដ៏​ប្រណីត​នេះ​បានបង្ហាញ គឺមាន​បំពាក់​ភ្លើង​ព៌​ណ​ដ៏​ស្រស់ស្អាត (Ellipse)ដែល​រំលេច​និង​រួមបញ្ចូល​ជាមួយ​ទឹក និង​ភ្លើង។ ភ្លើងពណ៌​ដែល​គេ​តុបតែង​ដ៏​អស្ចារ្យ​នោះ បាន​បាញ់​ឡើង​ទៅលើ​អាកាស ពី​ប៉ម​អាគារ​នៃ​ជាន់​ទី​បួន ដែល​ស្ថិតនៅ​ច្រកចូល​មុខ​នៃ​អគារ Burj Al Arab ។  ការ​រចនា​ផ្ទៃ​ខាងក្នុង​ដ៏​អស្ចារ្យ និង​ពណ៌ផ្សេងៗ ត្រូវបាន​បំផុស​ឡើង​ដើម្បី​បង្ហាញ​ពី​ទឹកដី និង​វប្បធម៌​របស់​ប្រទេស​អារ៉ាប់។ អ្វី​កាន់តែ​អស្ចារ្យ​របស់​អាគារ​នេះ ស្ថាបត្យករ​កំពូល ដែល​បាន​រចនា​អាគារ​នេះ​ឡើង បាន​រចនា​ឲ្យ​មាន​ទឹកជ្រោះ​សប្ប​និម្មិត​ពុះ​ចំ​កណ្តាល​អាគារ​នេះ និង​មាន​អាង​ចិញ្ចឹម​ត្រី​ដ៏​ធំ​បំផុត ដែល​កសាង​ដោយ​ថ្ម​ម៉ាប ជាពិសេស​យើង​ក៏​មិន​ភ្លេច​ទេ នៅ​ខាងក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ៧ដ៏​ប្រណិត​នេះ ក៏មាន​ដាក់តាំង​ដុំ​មាស24កា​រ៉ា​ត ដែលមាន​ប្រវែង ១៧៩០ម៉ែត្រការ៉េ (Gold Leaf)៕

 

វិភាគ៖ តើ​វិស័យ​អចលនទ្រព្យ​កម្ពុជា នឹង​បន្ត​ឆ្ពោះទៅមុខ​ដោយ​ស្ថិរភាព?

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ នៅ​ឆ្នាំ ២០១៧នេះ អ្នកជំនាញ និង​អភិវឌ្ឍន៍​នានា​នៅតែមាន​ក្តី​សុទិដ្ឋិនិយម​ពី​ដំណើរ​វិវត្តន៍​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ទោះជា​កំណើន​នៃ​ការវិនិយោគ និង​សកម្មភាព នៃ​ការចាប់ផ្តើម​គម្រោង​ថ្មី​បាន​ស្ងប់ស្ងាត់​បន្តិច​ក្តី ដែល​ធ្វើ​ឲ្យ​ស្រមោល​អតីតកាល​នៃ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពីដើមឆ្នាំ២០០៨ ត្រលប់​មកវិញ ប៉ុន្តែ​ប្រសិនជា​យើង​ពិនិត្យមើល​ពី​ជម្រៅ និង​ទិដ្ឋភាព​ពិត​នៃ​ការវិវត្ត​ក្នុង​វិស័យនេះ យើង​អាច​និយាយបានថា វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា​នឹង​ឆ្ពោះទៅមុខ​ប្រកបដោយ​ឧត្តមភាព។

ប្រសិនជា​ផ្អែកលើ​សូចនាករ​មួយចំនួន ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​យើង​អាច​ទាញ​ការសន្និដ្ឋាន​មួយ​ប្រកបដោយ​ទំនុកចិត្ត និង​ការទទួលខុសត្រូវ វិស័យនេះ​នឹង​បន្ត​លូតលាស់​ប្រកបដោយ​គុណភាព និង​ទំនុកចិត្ត​ក្នុង​ទីផ្សារ​រឹងមាំ​ជាង​មុន និង​អាច​និយាយបានថា វា​ជាការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នាពេល​អនាគត។

ជាក់ស្តែង​ទុនវិនិយោគ​ក្នុង​វិស័យនេះ នៅតែ​បន្ត​កើនឡើង ដោយ​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យនេះ​បាន​កើនឡើង​ដល់​ទំហំ​ទឹកប្រាក់ ៥៦៣៦លាន​ដុល្លារ ស្មើនឹង​កំណើន ២២ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ទំហំ​ទុនវិនិយោគ​ដ៏​ធំ​នេះ ពិតជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​នៅតែមាន​ជំនឿ​ចិត្ត​លើ​ការរីកចំរើន​របស់​វិស័យនេះ ហើយ​ពួកគេ​អាច​រកប្រាក់​ចំណេញ​បាន​នៅទីនេះ​បន្តទៀត ព្រោះ​ប្រសិនជា​ពួកគេ​មិនមាន​ជំនឿ​ចិត្ត ហើយ​មើលឃើញថា ការវិនិយោគ​របស់​ពួកគេ​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ ពួកគេ​មិន​សម្រេចចិត្ត​បង្ហូរ​ទុនវិនិយោគ រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​នេះ​នោះទេ។

កាលពី​ពាក់កណ្តាល​ឆ្នាំមុន ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ចាត់​ចំណាត់ថ្នាក់​ថ្មី​មួយ​ដល់​កម្ពុជា “ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​ក្នុង​តំបន់​អាស៊ី” ដោយសារ​កម្ពុជា​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច ៧.៧ភាគរយ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ។ ទន្ទឹមនឹងនេះ​ធនាគារពិភពលោក ក៏បាន​ចាត់​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែល​ឈាន​ពី​ដំណាក់កាល​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប មកកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ជា​របត់​ថ្មី​មួយ​ដែល​បង្ហាញថា កម្ពុជា​បាន​ចាក​ផុតពី​ក្រសែភ្នែក​របស់​ជនបរទេស​អគតិ​មួយចំនួន ដែល​នៅតែ​ចាត់ទុក​កម្ពុជា “ជា​វាលពិឃាត និង​ស្បៃ​អ​ន្ឋ​កា​ហើយ” ប៉ុន្តែ​ជាការ​បង្ហាញ​ប្រទេស​នេះ​ទៅកាន់​ពិភពលោក​ថា “កម្ពុ​ជាមាន​សាច់ដុំ​ធំ​ជាង​មុន មាន​វិបុលភាព​ជាង​មុន” ក្នុងនាម​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម ដែលមាន​កំលាំង​ទិញ​ច្រើនជាង​មុន និង​អាច​ទាក់ទាញ​អ្នកវិនិយោគ​បាន​ច្រើនជាង​មុន។

សក្តានុពល​របស់​ប្រទេស​នេះ ក្រៅពី​រក្សាបាន​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​រឹងមាំ​រយៈពេល​វែង ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​សង្គម និង​ប្រ​ព័​ន្ឋ​ច្បាប់​ដ៏​ទាក់ទាញ​របស់​កម្ពុជា បានធ្វើ​ឲ្យ​អ្នកវិនិយោគ​សម្លឹង និង​បាន​បង្ហូរ​ទុន​ចូលមក​កាន់​ប្រទេស​នេះ​ជា​បន្តបន្ទាប់។

លើសពីនេះ​កំលាំង​យុវជន​វ័យក្មេង ដែលមាន​វ័យ​ចន្លោះ ៣០ទៅ ៣៥ឆ្នាំ​ប្រមាណ៦០ភាគរយ ពិតជា​កំលាំង​ដ៏​ស្រួចស្រាវ និង​មាន​ថាមពល​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​ពួកគេ។ កំណើន​នៃ​ប្រាក់ចំណូល នឹងធ្វើ​ឲ្យ​កំណើន​នៃ​កំលាំង​ទិញ​នឹង​កើន​ឡើងជា​ស្វ័យប្រវត្តិ ដែល​អ្នកវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនវត្ថុ​អាច​ទាញយក​សក្តានុពល​ទីផ្សារ ពី​ធនធាន​កំពុង​កើនឡើង​របស់​ប្រទេស​នេះ។

យើង​អាច​លើក​ជា​សំណួរ​ម្តង​ទៀតថា តើ​វិស័យនេះ​ប្រឈម​នឹង​វិបត្តិ​ឬ​យ៉ាងណា? ចម្លើយ​យ៉ាងខ្លី​គឺ “មិន​ពិត​ទេ” ដោយសារ ទី១ ប្រសិនជា​អ្នកវិនិយោគ​មិន​មើលឃើញ​ឳ​កាស​ទេ ពួកគេ​មិន​បោះទុន​រាប់រយ​លាន​ដុល្លារ ដើម្បី​សាងសង់​អាគារ​កប់​ពពក​នៅ​ប្រទេស​នេះ​នោះទេ ទី២ កំណើន​ប្រាក់ចំណូល​មធ្យម​របស់​ប្រជាពលរដ្ឋ​នឹង​បន្ត​កើនឡើង ដោយ​តាម​ការព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​កាលពីដើម​ឆ្នាំនេះ​បាន​បង្ហាញថា ប្រជាពលរដ្ឋ​កម្ពុជា​នឹងមាន​ប្រាក់ចំណូល​ជា​មធ្យម​ក្នុង​ម្នាក់​ប្រមាណ ១៣០០ដុល្លារ ក្នុង​ឆ្នាំ២០១៦នេះ ហើយ​ផលទុនជាតិ​សរុប​នឹង​កើន​ដល់២០ពាន់​លាន​ដុល្លារ​អាមេរិក ទី៣ ការរក្សាបាន​នូវ​ស្ថិរភាព​នយោបាយ ក្នុងពេល​មានការ​ប្រែប្រួល​ទិដ្ឋភាព​នយោបាយ​តិចតួច មិន​ជះ​ឥ​ទ្ឋិ​ពល​ដល់​ប្រាក់ចំណូល និង​កំនើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​នោះទេ។

ទន្ទឹមនឹងនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏បាន​រកឃើញ​ផងដែរ​ថា គម្រោង​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ងាក​មករក​ចំណុច​កែលម្អ​ទីផ្សារ ដែល​ផ្តោតលើ​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម ធ្វើ​ឲ្យ​ហានិភ័យ​ក្នុង​វិស័យនេះ​ត្រូវបាន​កាត់បន្ថយ។ ចំណែក​ល្បឿន​នៃ​ឥណទាន ក៏មាន​ការ​ថមថយ​ផងដែរ ដែល​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការកើតមាន​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ក៏ត្រូវ​បាន​សម្រាល​ផងដែរ។

ការលក់​យឺត​នូវ​លំនៅដ្ឋាន និង​ខុន​ដូប្រណីតៗ ជា​អ្វីដែល​យើង​ត្រូវ​ទទួលស្គាល់​ទាំងអស់គ្នា ហើយ​អ្វី​នៅ​ពីក្រោយ​បញ្ហា​នេះ? បញ្ហា​នេះ​មិនមែន​កើតឡើង​ដោយសារ ជា​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា​ខ្លួនឯង​ទេ តែ​បណ្តាលមកពី​កត្តា​ខាងក្រៅ ព្រោះ​ប្រទេស​មានការ​អភិវឌ្ឍ​នានា មានការ​រឹតបន្តឹង​បទបញ្ញត្តិ​មួយចំនួន ដោយ​ពួកគេ​ទប់​មិន​ឲ្យ​មាន​លំហូរ​ទុនវិនិយោគ​មកកាន់​ប្រទេស​ដទៃ។ នេះ​ជា​ហេតុផល​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​កំលាំង​ទិញ​ខុន​ដូ​ប្រណីត​ថយចុះ។

បើទោះបីជា​វប្ប​ធ៌​ម​នៃ​ការរស់នៅ​របស់​ប្រជាជន មិនទាន់​ចាប់អារម្មណ៍​ច្រើន​លើ​ការរស់នៅ​ខុន​ដូ​ក្តី ប៉ុន្តែ​ដំណើរ​វិវត្តន៍​នៃ​នគរូបនីយកម្ម​ទីក្រុង កត្តា​ប្រជាសាស្ត្រ និង​កត្តា​សង្គម​សេដ្ឋកិច្ច នឹង​ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ការគិត​មករ​ស់​នៅតាម​ខុន​ដូ​កាន់តែច្រើន​ជា​ស្វ័យប្រវត្តិ សម្រាប់​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ ព្រោះ​ពួកគេ​នឹង​មិនអាច​រកបាន​លំនៅដ្ឋាន​តំលៃ​សមរម្យ នៅក្នុង​ទីក្រុង​នោះទេ។ ពួកគេ​អាច​រកបាន​នៅ​តំបន់​ជាយក្រុង ប៉ុន្តែ​ពួកគេ​នឹង​ចំណាយពេល​កាន់តែច្រើន​ក្នុងការ​ធ្វើដំណើរ ពួកគេ​ត្រូវ​ចំណាយ​លើ​ថ្លៃ​សាំង​ច្រើន ហេតុនេះ​ពួកគេ​នឹង​ផ្លាស់ប្តូរ​ការគិត​មករ​ស់​នៅតាម​ខុន​ដូ​ជា​ស្វ័យប្រវត្តិ។

ផ្អែកលើ​ការសិក្សា​របស់​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​រកឃើញថា ប្រជាពលរដ្ឋ​ចូលមក​រស់នៅក្នុង​ទីក្រុង បាន​កើនឡើង​ជាង១ភាគរយ​ក្នុង​មួយឆ្នាំ (ចំនួន​ប្រជាពលរដ្ឋ​ចន្លោះ​ពី ១៦ម៉ឺន​ដល់ ២០ម៉ឺន​នាក់) ហើយ​កម្ពុជា​ត្រូវការ​លំនៅដ្ឋានរ​ហូ​ដល់ ១លាន​ខ្នង​រហូតដល់​ឆ្នាំ២០៣០ខាងមុខ។

ដូចនេះ​ការវិនិយោគ​លើ​ខុន​ដូ ឬ​លំនៅដ្ឋាន​ប្រភេទ​ផ្សេងទៀត នៅតែ​ជាការ​វិនិយោគ​ត្រឹមត្រូវ ដើម្បី​បំពេញ​លើ​តម្រូវការ​ក្នុងប្រទេស​នេះ។

ហេតុអ្វី​បានជា​មានការ​សន្និដ្ឋាន​បែបនេះ? ចម្លើយ ទី១ ដោយសារ​ខុន​ដូ​មាន​ទីតាំង​ស្ថិតនៅ​ជិត​កន្លែងធ្វើការ​របស់​ពួកគេ ទី២ ខុន​ដូ​ផ្តល់​សេវា​រស់នៅ​ប្រកបដោយ​ផាសុខភាព មាន​សេវា​អនាម័យ សន្តិសុខ ក្លឹប​ហាត់ប្រាណ និង​មាន​កន្លែង​កម្សាន្ត​នៅលើ​ដំបូល ដែល​អាច​ញុំ​ា​ភេសជ្ជៈ​ជជែក​គ្នា​លេង ក្រោយពេល​ពួកគេ​នឿយហត់​ពី​ការងារ​ជាដើម ទី៣ ត​ក្តា​ជីវភាព និង​ជីវសាស្ត្រ ដែល​សំដៅ​ទៅដល់​ការរស់នៅ និង​តុល្យភាព​ការងារ និង​គ្រួសារ។

ដូច្នេះ​ប្រសិនជា​យើង​ផ្អែកលើ​ស្ថិរភាព​ប្រទេស ផ្អែកលើ​កំណើនសេដ្ឋកិច្ច និង​កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ផ្អែកលើ​កត្តា​ប្រជាសាស្ត្រ ស្របពេល​រដ្ឋាភិបាល​កំ​ពុង​រៀបចំ​គោលនយោបាយ ដើម្បី​រុញ​កម្ពុជា​ទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ ពិតជា​កាលានុវត្តន៍​ភា​ព​មាស​មួយ សម្រាប់​អ្នកវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​គួរ​ចាប់យក ព្រោះ​ការអភិវឌ្ឍន៍​នូវ​អ្វី​ជា​តម្រូវការ​ដោយ​ខានមិនបាន​របស់​សង្គម ជា​ដំណើរ​មួយ​កំពុង​ស្ថិតនៅ​លើផ្លូវ​ដ៏​ត្រឹមត្រូវ ស្របពេល​ប្រទេស​កម្ពុជា នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ធំ​មួយ ដែលមាន​មាឌធំ និង​សុខភាព​ល្អ​ជាង​មុន​ដោយ​ពិតប្រាកដ៕

តំបន់​ភាគ​ខាងជើង​រាជធានី​ពោរពេញ​ដោយ​សក្តានុពល

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ការអភិវឌ្ឍន៍​ឆ្ពោះទៅ​គ្រប់​ទិស​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រាយ​របាយ​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​គ្រប់​ទិស ស្របតាម​ផែនការអភិវឌ្ឍន៍​ក្រុង​សម្រាប់​ឆ្នាំ២០៣៥ ជា​អ្វីដែល​សាលា​រាជធានី​កំពុង​ធ្វើ ខណៈ​ល្បឿន​នៃ​ការអភិវឌ្ឍ​ឆ្ពោះទៅ​ទិស​ខាងជើង​កំពុងមាន​ល្បឿន​គួរ​ឲ្យ​ចាប់អារម្មណ៍។

លោក ម៉ម សិរី​បញ្ញា អគ្គនាយក​ក្រុមហ៊ុន Easy Property Investment Co, Ltd បាន​ថ្លែង​ឲ្យ propertyarea.asia ដឹង​កាលពីពេលថ្មីៗនេះ​ថា ភាគ​ខាងជើង​ក្រុងភ្នំពេញ​បាន និង​កំពុង​ក្លាយជា​ទីតាំង​ដ៏​មាន​សក្តានុពល តាមរយៈ​គំរោង​អភិវឌ្ឍន៍​ជាច្រើន​បាននិងកំពុង​ធ្វើឡើង និង​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​កាន់តែច្រើន និង​កាន់​តែមាន​របៀបរៀបរយ។លោក​បន្តថា គំរោង AEON MALL ទី២ បាន​លើកស្ទួយ​តំបន់​ភាគ​ខាងជើង​ឆៀង​ខាងលិច​យ៉ាង​សំបើម ដែល​ធ្វើ​ឲ្យ​តំលៃ​ដីធ្លី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ខ្ពស់​គួរ​ឲ្យ​កត់សំគាល់។

លើសពីនេះ​តំបន់​ភាគ​ខាងជើង​ឆៀង​ខាងលិច ជា​តំបន់​ដ៏​ទាក់ទាញ ប្រៀបបាន​ដូចជា​គ្រាប់ពេជ្រ ដោយសារ​តំបន់​នេះ​មានការ​ភ្ជាប់​ផ្លូវជាតិធំៗចូលមក​កាន់​រាជធានី​ភ្នំពេញ ទាំង​ផ្លូវជាតិ​លេខ៥ ផ្លូវជាតិ​លេខ៦ ផ្លូវជាតិ​លេខ៧ និង​ផ្លូវជាតិ​លេខ៨ សុ​ទ្ឋ តែ​ជា​ផ្លូវ​ឬ​ស​សៃ​ឈាម​សេដ្ឋកិច្ច​ចូលមក​កាន់​រាជធានី​ភ្នំពេញ។

លោក ម៉ម សិរី​បញ្ញា បាន​បន្តថា តំបន់​ដែលមាន​ទន្លេ​ព័​ទ្ឋ​ជុំវិញ​នេះ ជាទី​តាំង​ដ៏​ល្អ​បំផុត​សម្រាប់​វិនិយោគ ជាក់ស្តែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ មាន​គំរោង​ទីក្រុង​រណប​ជាច្រើន​កំពុង​សាងសង់ ដូចជា ទីក្រុង​រណប​ជ្រោយចង្វារ​ដែល​គ្រោង​បោះទុន​វិនិយោគ១៦០០លាន​ដុល្លារ ទីក្រុង​រណប​នៃ​គំរោង​អ័​រ​គី​ដេ​វីឡា និង​ទីក្រុង​រណប​មិត្តភាព​កម្ពុជា ចិន (CHINA TOWN) នៅ​តំបន់​ទីក្រុង​រណប​តេ​ជោ​មរកត ដែលមាន​តំលៃ​វិនិយោគ រហូតដល់១៥០០លាន​ដុល្លារ​អាមេរិក និង​បុរី​មួយចំនួនទៀត​កំពុង​ឆ្ពោះទៅកាន់​តំបន់​នេះ។

លោក​បន្តថា “ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ សណ្ឋាន​ដី​ល្អ និង​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​អំណោយផល មិនមាន​ការបំពុល​ពី​ផ្សែង​រោងចក្រ សហគ្រាស​នានា នឹងធ្វើ​ឲ្យ​តំបន់​ភាគ​ខាងជើង​កាន់តែ​មាន​ភាព​រស​រវើក​នាពេល​អនាគត។លោក​បន្តថា “ខ្ញុំ​ជឿជាក់ថា​តំបន់​នេះ​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដ៏​រស​រវើក និង​ទាក់ទាញ​ថ្មី​មួយទៀត សម្រាប់​ក្នុង​ភ្នំពេញ​នាពេល​អនាគត។

ក្នុង​ផែនការមេ ទីក្រុង​ភ្នំពេញ​ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣៥ សាលា​រាជធានី​ភ្នំពេញ​មាន​គោលដៅ ពង្រីក​ការអភិវឌ្ឍន៍​ទៅគ្រប់​ទិស​ទាំង​បួន នៃ​រាជធានី​ភ្នំពេញ ដោយសារ​ពីមុន មក​ការអភិវឌ្ឍន៍​បាន​រីក​ខ្លាំង​ទៅ​ភាគ​ខាងលិច និង​ខាងជើង​ក្រុងភ្នំពេញ ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​ចូលទៅ​រស់នៅ​តំបន់​នោះ​ច្រើន ដោយ​មើលឃើញ​បែបនេះ​ទើប​អាជ្ញាធរ​ក្រុង​បាន​ពង្រីក​ការអភិវឌ្ឍន៍​ទៅ​ភាគខាងត្បូង និង​ភាគ​ខាងកើត​រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​ប្រជាជន​រស់នៅ​ប្រមូលផ្តុំ​តែមួយ​កន្លែង ដែល​នាំ​ឲ្យ​មាន​បញ្ហា​បរិស្ថាន​សង្គម និង​ធ្វើ​ឲ្យ​មានការ​ពិបាក​គ្រប់គ្រង។នេះ​បើតាម​លោក​មាន ចាន់​យ៉ា​ដា​អភិបាលរង​ក្រុងភ្នំពេញ​លើកឡើង។

លោក​បន្តថា “ប្រសិនជា​មើលទៅ​ភាគ​ខាងជើង​រាជធានី វា​ជា​តំបន់​មានការ​អភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​លំនៅដ្ឋាន ពាណិជ្ជកម្ម​ខ្លាំង​នាពេល​អនាគត”៕

GDP កម្ពុជា​នឹង​កើន​ដល់​ជាង ២៤, ៥៥២លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៨

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ៖ ផលទុនជាតិ​សរុប​នៅ​ប្រទេស​កម្ពុជា (GDP) ក្នុង​ឆ្នាំ២០១៨ខាងមុខនេះ​នឹង​បន្ត​កើនឡើង​ខ្លាំង ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា២៤,៥៥២លាន​ដុល្លារ​អាមេរិក​និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋម្នាក់ៗ នឹង​កើន​ដល់១៤៣៥ដុល្លារ​នៅ​ឆ្នាំ២០១៧នេះ។

យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​គេហទំព័រ ​propertyarea.asia ទទួលបាន​នា​ព្រឹក​ថ្ងៃទី២៧ តុលា​នេះ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ២០១៣មក ទំហំ​សេដ្ឋកិច្ចជាតិ​ត្រូវបាន​ឃើញថា មានការ​កើនឡើង​ជាខ្លាំង។ ក្នុង​ឆ្នាំ២០១៣ផលទុនជាតិ​សរុប មាន​ទំហំ​ទឹកប្រាក់១៥,២៣៧លាន​ដុល្លារ​អាមេរិក ហើយ​ចំនួន​នេះ​បាន​កើនឡើង​ដល់ ប្រមាណ​ជាង២២ពាន់១៧២លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ និង​នៅ​ឆ្នាំ២០១៨ខាងមុខ​ផលទុនជាតិ​សរុប នឹង​កើន​ដល់​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង២៤,៥៥២លាន​ដុល្លារ​អាមេរិក។

របាយការណ៍​ដដែល​បាន​រកឃើញថា ចំណូល​សរុប​មនុស្សម្នាក់ៗធៀប​នឹង​ផលិតផល​ក្នុងស្រុក សរុប​ក៏មាន​ការវិវត្ត​ផងដែរ ដោយ​គិត​ត្រឹម​ឆ្នាំ២០១៣ ចំណូល​មនុស្សម្នាក់ៗ ធៀប​នឹង​ផលិតផល​ស្រុក​គឺ​ប្រមាណ១, ០៤២ ដុល្លារ​អាមេរិក ហើយ​វា​បាន​កើន​ឡើងដល់១, ៤៣៥ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៧ ហើយ​ឆ្នាំ ២០១៨ចំណូល​មនុស្សម្នាក់ៗ ធៀប​នឹង​ផលិតផល​សរុប​ក្នុងស្រុក​នឹង​កើន​ដល់ ១, ៥៦។ លើសពីនេះ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​ក៏បាន​កើនឡើង​ពី៣, ៦៤៣លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៣ ដល់៧,៥៣៩លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៧ ហើយ​វា​នឹង​បន្ត​កើនឡើង​ដល់៧, ៨៥៣លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៨៕

លោក​ឧកញ៉ា ចេង ខេង ៖ អ្នកមាន​លុយ មិន​ប្រាកដថា វិនិយោគ​លើដី​ធ្លី ជោគជ័យ​នោះទេ

0

ដោយ ៖ រ៉ាវី

ខណៈពេលដែល​វិស័យ​អចលនទ្រព្យ​កំពុងមាន​សន្ទុះ​ខ្លាំង ជាពិសេស លើ​វិស័យ​ដីធ្លី​នាពេល​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញថា មាន​មនុស្ស​ជាច្រើន ជាពិសេស​អ្នក​ដែលមាន​ធនធាន​មួយចំនួន​បាន​ចំណាយលុយ​ជាច្រើន​ដើម្បី​ទិញ​ដី​ទុក​ធ្វើ​វិនិយោគ ជាមួយ​ការ​រំពឹងថា​អាច​ទទួលបាន​ចំណេញ​នៅ​ថ្ងៃ​អ​នា​គត់ ។ ប្រការនេះ​ត្រូវបាន​អ្នកជំនាញ​ផ្នែក​វិស័យ​អចល​ទ្រព្យ​គ្រើន​រំលឹកថា ការទិញ​ដី​ទុក​ធ្វើការ​វិនិយោគ​មិនមែន​សុទ្ធតែ​អាច​ទទួលបាន​ចំណេញ​ទាំងអស់​នោះទេ ប្រសិនបើ​អ្នក​ទាំងនោះ​មិនមាន​ជំនាញ​លើ​ផ្នែក​នេះ​ច្បាស់លាស់ ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ កម្ពុជា ស៊ី​ភី​អិ​ល (CPL) បាន​លើកឡើងថា សម្រាប់​អ្នក​ដែលមាន​លុយ សុទ្ធតែ​អាចយ​កលុយ​ដែល​ខ្លួន​មាន​ទៅធ្វើ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​វិស័យ​ដីធ្លី បាន ប៉ុន្តែ​មិន​ប្រាកដថា​អ្នក​ទាំងនោះ​សុទ្ធតែ​ចំណេញ​នោះទេ ព្រោះ​ពួកគាត់​មិនមាន​ជំនាញ ហើយ​បើ​អាច​ទទួលបាន​ចំណេញ​ក៏​ជាការ​ចៃដន្យ​នោះដែរ។ ដូច្នេះ ដើម្បី​ចៀសវាង​ការជួប​ហានិភ័យ ពួកគាត់​គួរតែ​ឆ្លងកាត់​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ដែលមាន​បទពិសោធ។

អគ្គនាយក​ក្រុមហ៊ុន CPL បញ្ជាក់ថា ៖ «សម្រាប់​រូបខ្ញុំ ក្នុង​រយៈពេល​ប្រមាណ20ឆ្នាំកន្លងមក ខ្ញុំ​បាន​នាំ​អ្នកវិនិយោគ​លើ​វិស័យនេះ​ឱ្យ​ក្លាយជា​សេដ្ឋី​ជាច្រើន​នាក់​មកហើយ ហើយ​មូលហេតុ​ដែល​អ្នក​ទាំងនោះ​មក​ប្រឹក្សា​ជាមួយ​ខ្ញុំ​ក៏​ព្រោះតែ​ពួកគាត់​មានការ​ជឿជាក់​លើ​ខ្ញុំ។ ប្រសិនបើ​យើង​ចង់​វិនិយោគ​លើ​អចលនទ្រព្យ​ពិតប្រាកដ​មែន មាន​ថវិកា​ប៉ុន្មាន​ក៏​អាច​វិនិយោគ​បានដែរ អ្វីដែល​សំខាន់​គឺ​គួរតែ​មក​ពិភាក្សា​ជាមួយ​អ្នកជំនាញ ព្រោះ​ពួកគេ​អាចធ្វើ​ការងារ​នេះ​បាន​ពី Aដល់ Z ។ គេ​អាច​ដឹងថា​មាន​ថវិកា​ប៉ុន្មាន គួរ​វិនិយោគ​កន្លែង​ណា? យើង​មាន​លុយ​តិច​រកស៊ី​តាមតិច មាន​លុយ​ច្រើន​រកស៊ី​តាមច្រើន ព្រោះ​អ្នកជំនាញ​គេ​អាច​ច្នៃ​កាលទេស​បាន​ទាំងអស់» ។

យ៉ាងណាក៏ដោយ បើទោះជា​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ដីធ្លី​កំពុង​តែមាន​សន្ទុះ​ក៏ដោយ ប៉ុន្តែ​ក៏មាន​អ្នកមួយ​ចំនួន​បានបង្ហាញ​ពី​ក្ដីបារម្ភ ពាក់ព័ន្ធ​ទៅនឹង​វិស័យ​នយោបាយ ខណៈដែល​វេលា​នៃ​ការបោះឆ្នោត​ជិត​ខិត​មកដល់​នាពេលខាងមុខ។

តប​ទៅនឹង​ក្ដីបារម្ភ​ខាងលើនេះ លោក​ឧកញ៉ា ចេង ខេង បាន​បញ្ជាក់ថា «ជា​ទស្សន​របស់ខ្ញុំ គឺ​គ្មានអ្វី​ជាការ​ព្រួយបារម្ភ​ទេ ព្រោះ​យើង​មើលឃើញថា នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​គឺមាន​ភាពចាស់ទុំ​ហើយ ។ ដូច្នេះ​អ្វីដែល​គួរ​បារម្ភ​គឺថា តើ​យើង​អាច​រកបាន​អ្នកជំនាញ​មាន​បទពិសោធ​ពិតប្រាកដ មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​មកជួយ​យើង​បាន​ដែរឬទេ? ដូច្នេះ មុននឹង​យើង​ជឿជាក់​លើ​មនុស្ស​ម្នាក់ យើង​ត្រូវ​មើល​ពី​ប្រ​វ​ត្ដិ​របស់គេ​ឱ្យបាន​ច្បាស់»។ លោក​បញ្ជាក់​បន្ថែមថា៖ «ភ្នាក់ងារ​អចលនវត្ថុ​មាន​ច្រើន ប៉ុន្ដែ​ភ្នាក់ងារ​ខ្លះ​អត់​មាន​សច្ចភាព​ក្នុង​ការងារ​របស់គាត់​ទេ គាត់​ក៏​មិន​គិតដល់​អនាគត​ដែរ គាត់​ធ្វើ​យ៉ាងម៉េច​ឱ្យតែបាន​លុយ​ក្នុងមួយគ្រាៗ បើ​បោកប្រាស់​គេ​បាន​កាន់តែ​ល្អ ព្រោះ​គាត់​អត់​មាន​ជំនាញ​ត្រឹមត្រូវ គ្មាន​កេរ្ដិ៍ឈ្មោះ​ក្នុងសង្គម ។ ដូច្នេះ ដើម្បី​ចៀស​ផុតពី​ហានិភ័យ ហើយ​វិនិយោគ​ទទួលបាន​ជោគជ័យ​ចាំបាច់​ត្រូវតែមាន​ជំនាញ ឬ​មាន​អ្នកជំនាញ​នៅ​ឈ​ពីក្រោយ​ទើបបាន»៕

លោក​គុយ វ៉ាត៖ អ្វី​ត្រូវផ្តោត​សំខាន់​គឺត្រូវធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ក្នុង​ទីផ្សារ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹង​គុណភាព​នៃ​ធនធានមនុស្ស​នៅមានកម្រិត ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា លោក​គុយ វ៉ាត​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងថា អ្វីដែល​សំខាន់​នាពេលនេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​អ្នកវិនិយោគ​ពី​ប្រទេសផ្សេងៗមាន​ទំនុកចិត្ត មកលើ​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ក្នុង​ទីផ្សារ​នេះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Century21 Cambodia បាន​រកឃើញថា រយៈពេល៥ឆ្នាំ​ខាងមុខ​ទីផ្សារ​ខុន​ដូ​នៅ​ប្រទេស​នេះ នឹង​បង្ហាញ​ការកើនឡើង​យ៉ាង​ធំ​នៅក្នុង​ប្រតិបត្តិ​ការលក់​ខុន​ដូ ដែលជា​ធម្មតា​នៅ​កម្ពុជា​ចាប់ពី​ពេល​សម្ពោធ​គម្រោង គឺ​ចំណាយពេល​ចំនួន២៩ ខែ​ទើប​លក់​អស់ ខណៈ​ប្រទេស​ថៃ ឬ​វៀតណាម ការលក់​គម្រោង​បញ្ចប់​បាន​ចំណាយពេល​រហូតដល់៤០ខែ។

លោក គុយ វ៉ាត បាន​ថ្លែងថា “ទំនុកចិត្ត​ទីផ្សារ និង​លទ្ធភាព​ពង្រីក​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា នៅ​បណ្តា​ប្រទេស​ជា​ដៃគូ​កាន់តែ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​លើ​វិស័យ​អចលនវត្ថុ មាន​ទំនុកចិត្ត និង​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា។

លោក​បន្តថា ដើម្បី​ធ្វើ​ឲ្យ​វិស័យនេះ​បន្ត​រីកចម្រើន ទាមទារ​ឲ្យ​អ្នក​នៅក្នុង​វិស័យនេះ ទាំង​អ្នក​អភិវឌ្ឍន៍ អ្នក​សាងសង់ និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​កាន់តែ​ធំ​ជាង​មុន មិន​ត្រឹមតែ​ក្នុង​កម្រិត​ទីផ្សារ​អាស៊ាន​នោះទេ តែ​យើង​អាចធ្វើ​ការងារ​ជាមួយ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក ដែល​យើង​អាច​ធ្វើការ​ជាមួយគ្នា​បាន៕

ទីក្រុង​ភ្នំពេញ​នឹង​រំលេច​អាគារ​ដ៏​អស្ចារ្យ​កំពស់ ៧៨ជាន់​នៅពេល​ខាងមុខ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ការបន្ត​បង្ហាញ​វត្តមាន​អាគារ​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ​មិនទាន់​បញ្ចប់​ទេ ដោយ​វត្តមាន​អាគារ​កំពស់៧៨ជាន់​មួយទៀត នឹង​បង្ហាញខ្លួន​នៅពេល​ខាងមុខឆាប់ៗនេះ ហើយ​វា​នឹង​ប្រែក្លាយ​ទីក្រុង​ខ្មោច​នេះ ទៅជា​ទីក្រុង​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ​ថ្មី និង​រស​រវើក​មួយ​ក្នុង​ពិភពលោក។

លោក ផូ សម្បត្តិ តំណាង​ក្រុមហ៊ុន យាន ឆ័ង ប្រចាំ​កម្ពុជា ជា​ក្រុមហ៊ុន​ដែល​នឹង​វិនិយោគ​សាង​ង​ស់អា​គារ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ការសាងសង់​អាគារ​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០១៨ ដោយសារ​អាគារ​នេះ​ជា​អាគារ​ខ្ពស់ ហេតុនេះ​ទើប​ក្រុមហ៊ុន​បាននិងកំពុង​គិតគូ​យ៉ាង​យកចិត្តទុកដាក់​ពី​មូលដ្ឋានគ្រឹះ និង​គ្រឿង​បង្គុំ​របស់​អាគារ​នេះ​ដោយ​ម៉ត់ចត់​បំផុត ដើម្បី​បញ្ចៀស​ហានិភ័យផ្សេង។

លោក​បន្តថា “ការសាងសង់​អាគារ​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​ជាង២០០លាន​ដុល្លារ និង​ចំណាយ​រយៈពេល​សាងសង់៤ទៅ៥ឆ្នាំ ដូច្នេះ យើង​រំពឹងថា​ឆ្នាំ២០២៣ ឬ២០២៤ទើប​អាគារ​នេះ​អាច​ដំណើរការបាន។ លោក​បន្តថា “អាគារ​នេះ​នឹង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប អា​ផាត​ម៉ិ​ន ខុន​ដូ សណ្ឋាគារ និង​ការិយាល័យ​ជាដើម។

ទីតាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម GLORY កំពស់៧៨ជាន់​នេះ ស្ថិត​នៅជាប់​អាគារ​ The Bridge ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក​រាជធានី​ភ្នំពេញ។

The Bridge

លោក​ផូ សម្បត្តិ​បាន​បន្តថា “ខ្ញុំ​ជឿថា​គម្រោង​នេះ នឹង​ទទួលបាន​ជោគជ័យ ដោយសារ​នាពេល​អនាគត នៅពេល​អាគារ​នេះ​សាងសង់​ចប់ ប្រជាជន​កម្ពុជា​នឹង​សម្រេចចិត្ត​រស់នៅ​ខុន​ដូ​កាន់តែច្រើន ដោយសារ​ខុន​ដូ​មាន​សេវាកម្ម​ចម្រុះ​សម្រាប់​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ។លោក​បន្តថា “នៅពេល​អនាគត​ផ្ទះល្វែង​ក្នុង​ទីក្រុង​នឹងមាន​តម្លៃ​ដល់៣០ទៅ៤០ម៉ឺន​ដុល្លារ ហេតុនេះ​ពួកគេ​នឹង​សម្រេចចិត្ត​រស់នៅ​ខុន​ដូ​ដែលមាន​តម្លៃ​ទាប​ជាង​នេះ និង​ផ្តល់​ផាសុខភាព​ក្នុងការ​រស់នៅ។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹងថា ក្រសួង​បាន​យល់ព្រម​ផ្តល់​អាជ្ញាប័ណ្ណ ដល់​ក្រុមហ៊ុន​យន្ត​ជ័​ង រៀល​អេ​ស្ទេ​ត ដើម្បី​សាងសង់​អាគារ​កំពស់៧៨ជាន់​នេះ​រួចហើយ។

អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា តាម​អ្វី​ដែលជា​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន ដែល​គ្រោង​អភិវឌ្ឍន៍​អាគារ​នេះ គំរោង​នេះ​នឹង​មិនមាន​បញ្ហា​នោះទេ សម្រាប់​ទីផ្សារ​កម្ពុជា​នាពេល​អនាគត ហើយ​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែងថា កម្ពុ​ជាមាន​បទបញ្ញត្តិ​ស្តីពី​ការកំណត់​កំពស់​អាគារ​រួចហើយ ដូច្នេះ​ប្រសិនជា​យើង​អនុវត្តន៍​ច្បាប់​បញ្ញត្តិ​ដែលមាន​បានល្អ វា​មិន​ត្រឹមតែ​ជួយ​ការពារ​បាន​នូវ​បេ​តិក​ភ័​ណ្ឌ​ក្នុង​ទីក្រុង​នោះទេ តែ​វា​នឹង​រក្សាបាន​នូវ​ទេសភាព សោភ័ណភាព និង​កាត់បន្ថយ​បាន​នូវ​ផលប៉ះពាល់​បរិស្ថាន​ផងដែរ។លោក​បន្តថា តាម​ធម្មតា​ការសាងសង់​អាគារ​ខ្ពស់​បែបនេះ ក្រុមហ៊ុន​បាន​សិក្សា​ពី​បទដ្ឋាន​បច្ចេកទេស​អស់ហើយ ចំណែក​ក្រសួង​ជំនាញ​គ្រាន់តែ​ជា​អ្នក ពិនិត្យ​លើ​បទដ្ឋាន​សំណង់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ក្រុមហ៊ុន​គោរព​បាន​តាម​គោល​ការ ណ៍​ស្នើសុំ​ឬ​អត់​ប៉ុណ្ណោះ។

លោក​បន្តថា “ការ​មាន​អាគារខ្ពស់ៗបែបនេះ វា​ជា​មោទនភាព​ជាតិ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ដល់​សេដ្ឋកិច្ច​នោះទេ តែ​វា​ក៏​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​ដល់​ប្រជា ពលរដ្ឋ​ផងដែរ”៕

សួនសត្វ​ធំជាងគេ​នៅ​ភាគ​ខាងជើង​ក្រុងភ្នំពេញ​នឹង​បើក​ចុងឆ្នាំ​នេះ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ សួនសត្វ​ធំជាងគេ​នៅ​ភ្នំពេញ និង​មាន​ឈ្មោះថា “ភ្នំពេញ​សា​ហ្វា​រី​វើ​ល​ដ៏​នឹង​បើក​ដំណើរការ​នៅ​ចុងខែ​ធ្នូ ក្នុង​ចុងឆ្នាំ​នេះហើយ បន្ទាប់ពី​សួនសត្វ​នេះ​បាន​ចំណាយពេល​សាងសង់​រយៈពេល​ប្រមាណ២ឆ្នាំ។

យោងតាម​មន្ត្រី​គ្រប់គ្រង​សួនសត្វ​នេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា សួនសត្វ​ដែល​បាន​ផ្លាស់ប្តូរ​ទី​តាំងពី​ខេត្តកោះកុង មកកាន់​រាជធានី​ភ្នំពេញ​នេះ​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ១០លាន​ដុល្លារ​អាមេរិក និង​ជា​គំរោង​វិនិយោគ​ដោយ​លោក​ឧកញ៉ា​លី យ៉ុង​ផាត់​អគ្គនាយក​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប។លោក​បន្តថា សួនសត្វ​នេះ​ត្រូវ​បែង​ចែកជា​បួន​តំបន់ខុសៗគ្នា ទី១ ការសម្តែង​របស់​សត្វ​ខ្លា ទី២ ការសម្តែង​របស់​សត្វ​ក្រពើ ទី៣ ការសម្តែង​របស់​សត្វ​ស្វា​អូ​រ៉ង់ អូតង់ និង​ទី៤ ការសម្តែង​របស់​សត្វ​សេក​មកពី​តំបន់​អាហ្វ្រិក និង​ប្រទេស​ដទៃទៀត។

សួនសត្វ​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​រណប​តេ​ជោ​មរកត ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ វណ្ឌី​បាន​ថ្លែង​ស្វា គម​ន៍​វត្តមាន​សួនសត្វ​ដ៏​ធំ​នេះ ដោយ​លោក​បាន​ថ្លែងថា វា​ជា​ផលិតផល​ទេសចរ ណ៍​ថ្មី​មួយទៀត​សម្រាប់​ក្រុងភ្នំពេញ ដែល​អាច​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​រៀបចំ​ខ្សែ​ទស្សនកិច្ច​បាន​សម្រាប់​ភ្ញៀវ ដោយ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​តំបន់​បាក់​ខែង និង​ឆ្ពោះទៅកាន់​តំបន់ភ្នំ​តា​ម៉ៅ សម្រាប់​ជា​ខ្សែ​ទស្សនកិច្ច​មាន​ភា ព​ទាក់ទាញ​ផងដែរ។

លោក​បន្តថា “នៅ​រាជធានី​ភ្នំពេញ​មិនសូវមាន​កន្លែង​កំសាន្ត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​នោះទេ ដែល​ទាមទារ​ឲ្យ​មាន​អ្នកវិនិយោគ ធ្វើការ​វិនិយោគ​រមណី​យ​ដ្ឋា​ន​កែច្នៃ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ស្នាក់នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន”៕