តើការជួលការិយាល័យនៅអគារភ្លោះដ៏ល្បីល្បាញនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុី មានតម្លៃប៉ុន្មាន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារភ្លោះ Petronas Twin Towers ជា​បេះដូង​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​ស្ថិតនៅក្នុង​ទីក្រុង គូឡា​ឡាំ​ពួរ​។ អគារ Petronas Twin Tower បានទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​មក​ទស្សនា និង​ផ្ដិត​យក​រូបភាព​នាពេល​រាត្រី​។

នៅ​ម៉ោង​ប្រមាណ​៨​យប់ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ជាច្រើន​បានមក​អង្គុយ​មើល​ទេសភាព និង​ផ្ដិត​យក​រូប Selfie ជាមួយ​អគារ​ភ្លោះ​ដ៏​ស្រស់ស្អាត ដែល​បញ្ចេញ​ភ្លើង​ពណ៍ អម​ជាមួយ​សួន​បាញ់ទឹក​បញ្ចេញ​ភ្លើង​ចម្រុះ​នៅក្បែរ​អគារ​នេះ​។

អគារ​ភ្លោះ Petronas Twin Towers មាន៨៨ជាន់ និងមានកម្ពស់៤៩១​ម៉ែត្រ និង​មានស្ពាន​ដើរឆ្លងពីអគារ​មួយទៅកាន់អគារមួយទៀតផងដែរ។ អគារ​ភ្លោះនេះបាន​ចំណាយពេល​សាងសង់៧​ឆ្នាំ និង​ចាប់ផ្ដើម​បើកដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៩ ដោយចំណាយទុនវិនិយោគអស់១,៦ពាន់លានដុល្លារ។

គិតចាប់ពីពេលបើកដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៤ អគារភ្លោះនេះ បានជាប់ឈ្មោះជាផ្លូវការថា ជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែ តំណែងនេះបានរបូតទៅវិញ នៅពេលដែលអគារ Taipei 101 នៅកោះតៃវ៉ាន់ បានបើកដាក់ឱ្យដំណើរការនៅដំណាច់ខែធ្នូ ឆ្នាំ២០០៤។

អគារនេះត្រូវបានរចនាឌីហ្សាញឡើងដោយលោក César Pelli ដែលជាស្ថាបត្យករជនជាតិអាហ្សង់ទីនកាត់សាសន៍អាមេរិក។ អគារនេះមានរចនាប័ទ្មក្រោយសម័យទំនើបដ៏ប្លែកអស្ចារ្យមួយបែប ដែលតំណាងឱ្យសតវត្សទី២១ សម្រាប់ទីក្រុងគូឡាឡាំពួរ។

អគារភ្លោះនេះត្រូវបានតភ្ជាប់គ្នាដោយស្ពានអាកាសចំនួន២ជាន់ នៅជាន់ទី៤១ និងជាន់ទី៤២ ដោយបំបែកកំណត់ត្រាជាស្ពានកម្ពស់២ជាន់ខ្ពស់បំផុតនៅលើពិភពលោក។ ស្ពានអាកាសត្រូវបានរចនាឡើងយ៉ាងពិសេស និងមានមុខងារសម្របសម្រួលទប់ចលនាលំនឹងរវាងអគារទាំងពីរក្នុងពេលមានខ្យល់បក់ខ្លាំង។

អគារនេះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងគូទ្បាទ្បាំពួរ ដែលមានអចលនទ្រព្យពហុមុខងារ ដូចជា ហាងទំនិញល្បីៗ ភោជនីយដ្ឋាន ការិយាល័យធ្វើការ សាលប្រជុំ ដែលជាកម្មសិទ្ឋរបស់ក្រុមហ៊ុន KLCC Holdings Sdn Bhd។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ តម្លៃជួលការិយាល័យនៅក្នុងអគារភ្លោះ Petronas Twin Tower មានតម្លៃជាមធ្យមចំនួន១៥រីងហ្គីត ក្នុងមួយហ្វីតការ៉េ(ប្រមាណ៣៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ)។

យ៉ាងណាមិញ អគារភ្លោះកប់ពពកនេះមិនមានយូនីតលំនៅដ្ឋាននោះទេ។ប៉ុន្តែ នៅក្បែរនោះ គេសង្កេតឃើញមានអគារលំនៅដ្ឋានជាច្រើន ដូចជា អគារ Star Residences អគារ The Binjai On The Park អគារ The Troika និង អគារ Vortex Tower។

អគារលំនៅដ្ឋានទាំងនេះផ្តល់នូវជម្រើសជាច្រើនសម្រាប់អ្នកដែលមានបំណងរស់នៅក្បែរអគារភ្លោះ Petronas Twin Tower ដែលជានិមិត្តរូបរបស់ទីក្រុងគូឡាឡាំពួរ៕

តម្រូវការ និងតម្លៃជួលការិយាល័យកម្រិត A ក្នុងរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីបង្ហាញភាពវិជ្ជមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានព្យាករណ៍ថា អត្រាការិយាល័យទំនេរនៅទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីនឹងថយចុះបន្តិចមកនៅត្រឹមប្រមាណ៣៤ភាគរយត្រឹមចុងឆ្នាំ២០២៥នេះ ដោយសារភាពប្រសើរឡើងផ្នែកតម្រូវការ។

របាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យខាងលើបានគូសបញ្ជាក់ថា និន្នាការនៃការងាកទៅរកការិយាល័យមានគុណភាពខ្ពស់ត្រូវបានរំពឹងថា នឹងនៅតែអូសបន្លាយពេញមួយឆ្នាំ២០២៥ ដោយសារយុទ្ធសាស្រ្តកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុននានា។

នៅដើមឆ្នាំ២០២៥ ទីផ្សារបានបង្ហាញពីតម្រូវការជាវិជ្ជមាន ខណៈទំហំនៃការជួលបានកើនឡើងដល់ប្រមាណ១៣.០០០ម៉ែត្រការរ៉េ។ ដូចគ្នានេះផងដែរ គេសង្កេតឃើញមានក្រុមហ៊ុនជាច្រើនបានសម្រេចងាកទៅជួលការិយាល័យក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ជាពិសេសអគារកម្រិត A ។

វិស័យសេវាកម្មហិរញ្ញវត្ថុបានបន្តគ្របដណ្តប់ចំណែកយ៉ាងធំបំផុតនៃតម្រូវការការិយាល័យនៅរដ្ឋធានីហ្សាការតា បើគិតពីទំហំផ្ទៃក្រឡា តាមពីក្រោយដោយវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងវិស័យបច្ចេកវិទ្យា។ កាលពីត្រីមាសទី១ ឆ្នាំនេះ គេមិនបានសង្កេតឃើញមានអគារថ្មីណាមួយត្រូវបានបញ្ចប់ការសាងសង់ទេ។

ទោះជាយ៉ាងណាក្តី សក្ដានុពលទីផ្សារបច្ចុប្បន្នបានបង្ហាញអំពីលក្ខខណ្ឌអំណោយផលសម្រាប់អគារការិយាល័យដែលមានស្រាប់ ខណៈក្រុមហ៊ុន JLL រំពឹងថា នឹងមិនមានការផ្គត់ផ្គង់ការិយាល័យថ្មីពេញមួយឆ្នាំ២០២៥នេះ។

អត្រាគ្របដណ្តប់ការជួលការិយាល័យកម្រិត A (Occupancy Rate) ក្នុងរដ្ឋធានីហ្សាការតាបានកើនឡើង០,៣ភាគរយដល់ចំនួន៦៥ភាគរយកាលពីត្រីមាសទី១ បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំមុន។ចំណែក តម្លៃជួលការិយាល័យកម្រិត A ក៏បានបង្ហាញពីនិន្នាការវិជ្ជមានផងដែរនាដើមឆ្នាំ២០២៥ ដោយកើនឡើង០,៨ភាគរយក្នុងត្រីមាសទី១ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំមុន៕

ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ៥Amirates បានតភ្ជាប់ជើងហោះហើរទៅកាន់ខេត្តសៀមរាបហើយ

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ បន្ទាប់ពីការទន្ទឹងរង់ចាំជាយូរ ទីបំផុតការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាប ត្រូវបានទទួលស្វាគមន៍ដោយកក់ក្តៅកាលពីរាត្រីថ្ងៃទី៣ មិថុនា។

វាជាក្រុមហ៊ុនអាកាសចរណ៍ លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផល ដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួន បានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។

ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាប លើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត លោកកាទើ មហាំម៉ាត់ ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវសូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីពាក់ព័ន្ឋ។

គណៈប្រតិភូជាន់ខ្ពស់ ត្រូវបានដឹកនាំដោយលោក Nabil Sultan, Executive Vice President, Passenger Sales and Country Management សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Orhan Abbas, Senior Vice President for Commercial Operations in the Far East សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Abdulla Alkhallafi, Vice President, Cargo Commercial, Far East and Australasia សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងលោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថាប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រ ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។

លោកបន្តថា “ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ”៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៥១,៩៧ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៤ភាគរយដល់ត្រឹម៣៣៥៩,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥ភាគរយដល់៣៣៦៧,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,២៩ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,២៣ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

តើផ្លូវជាតិលេខ១១តភ្ជាប់ពីតំបន់ណាទៅតំបន់ណា និងមានសក្តានុពលសេដ្ឋកិច្ចដូចម្តេច?

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ផ្លូវជាតិលេខ១១ ជាផ្លូវដ៏មានសក្កានុពលតភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិនេះ ជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើន របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

លើសពីនេះទៅទៀត ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ចរាច​រណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ។

ផ្លូវជាតិលេខ១១ មានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕

តើសុខភាពសេដ្ឋកិច្ចអាមេរិកគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ មានសភាពដូចម្តេច?

0

ដោយៈ គង់ សូរិយា

    អាមេរិកៈ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ សេដ្ឋកិច្ចអាមេរិកកំពុងជួបប្រទះ នឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ជាចម្បងដោយសារតែភាពតានតឹងពាណិជ្ជកម្មកើនឡើង និងគោលនយោបាយគាំពារនិយមដែលអនុវត្តដោយប្រធានាធិបតី Donald Trump ។

ទស្សនវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

  • កំណើនផលិតផលក្នុងស្រុកសរុប

យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានកែសម្រួលការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនGDP របស់សហរដ្ឋអាមេរិកនៅឆ្នាំ 2025 មកនៅត្រឹម 1.6% ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី 2.8% ក្នុងឆ្នាំ 2024។

ការធ្លាក់ចុះនេះ បណ្តាលមកពីការកើនឡើងពន្ធគយ និងលទ្ធផលនៃភាពមិនច្បាស់លាស់នៃពាណិជ្ជកម្ម។

  • អតិផរណា

អតិផរណាត្រូវបានព្យាករថា នឹងកើនឡើងដល់ជិត4% នៅចុងឆ្នាំ 2025 ដែលជំរុញដោយតម្លៃនាំចូល កាន់តែខ្ពស់ដោយសារតែពន្ធកើនឡើង។

  • គោលនយោបាយពាណិជ្ជកម្ម

អត្រាពន្ធជាមធ្យមរបស់សហរដ្ឋអាមេរិក បានកើនឡើងពី 2.5% ទៅជាង15% ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ កញ្ចប់ពន្ធ 10% លើការនាំចូលទាំងអស់ រួមជាមួយនឹងពន្ធបន្ថែមលើប្រទេសជាក់លាក់ បានរំខានដល់សក្ដានុពលពាណិជ្ជកម្មពិភពលោក។

ប្រតិកម្មទីផ្សារ

  • ទីផ្សារភាគហ៊ុន

ការប្រកាសអំពីពន្ធគយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បាននាំឱ្យមានការគាំងទីផ្សារ ភាគហ៊ុនយ៉ាងសំខាន់ ដោយសន្ទស្សន៍សំខាន់ៗដូចជា S&P 500 និងNasdaq Composite មានការធ្លាក់ចុះយ៉ាងខ្លាំង។

  • ទំនុកចិត្តរបស់វិនិយោគិន

វិវាទពាណិជ្ជកម្មដែលកំពុងបន្ត និងភាពមិនច្បាស់លាស់នៃគោលនយោបាយបានបំផ្លាញអាជីវកម្ម និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែ​លនាំឱ្យមានការកាត់បន្ថយការវិនិយោគ និងការចំណាយ។

ផលប៉ះពាល់ជាសកល

  • កំណើនសកលៈ អង្គការOECD ក៏បានបន្ទាបការព្យាករណ៍កំណើន GDP សកលមកត្រឹម 2.9% សម្រាប់ទាំងឆ្នាំ 2025 និងឆ្នាំ 2026 ដែលនេះជាល្បឿនខ្សោយបំផុត ចាប់តាំងពីជំងឺរាតត្បាត COVID-19។

ការ​ធ្លាក់​ចុះ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ជា​ពិសេស ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ​នឹង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ​ដូច​ជា​កាណាដា ម៉ិកស៊ិក និង​ចិន។

  • ទំនាក់ទំនងពាណិជ្ជកម្ម

ពន្ធសងសឹកពីប្រទេសនានាដូចជា ចិន កាណាដា និងម៉ិកស៊ិក បានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ កាន់តែតានតឹង ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ។

ការពិចារណាលើគោលនយោបាយ

  • Federal Reserve: Federal Reserve ប្រឈមមុខនឹងបញ្ហាក្នុងតុល្យភាពការគ្រប់គ្រងអតិផរណា ជាមួយនឹងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ អត្រាអតិផរណាកើនឡើង អាចពន្យារពេលការកាត់បន្ថយអត្រាការប្រាក់ដែលមានសក្តានុពល។
  • ការចំណាយរបស់រដ្ឋាភិបាល

ការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដែលកំពុងបន្ត និងការបញ្ឈប់ការងារ ត្រូវបានគេរំពឹងថានឹងដកតម្លៃចេញ ពីកំណើនទាំងមូល ដោយមានការព្យាករណ៍បង្ហាញ ពីការបង្រួមនៃកំណើន GDP ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ដំណឹងល្អៈ ភ្ញៀវទេសចរណ៍ទៅលេងខេត្តកែបនឹងទទួលបាន សេវាអ៊ីនធើណេតដោយឥតគិតថ្លៃ

0

ដោយៈ ឧត្តម

    ខេត្តកែបៈ ជាដំណឹងរីករាយមួយ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលនឹងទទួលបានសេវាអ៊ីនធើណេតដោយឥតគិតថ្លៃ នៅពេលអញ្ជើញទៅលេងកំសាន្តនៅក្នុងខេត្តកែប។

យោងតាមការជូនដំណឹង របស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញមកលេងខេត្តកែប អាចប្រើប្រាស់ internet ដោយឥតគិតថ្លៃ (Free-Wifi)។

 

ការប្រើ Internet ឥតគិតថ្លៃនេះ គឺមានគំនិត្យផ្ដួចផ្ដើម យកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលលោកបានណែនាំដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សហការជាមួយក្រុមហ៊ុន មិត្តហ្វូន ដាក់សេវាអ៊ីនធឺណិតសាធារណៈ (Public Wifi) ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្តលេង នៅខេត្តកែប ត្រង់ចំណុច “ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប” សម្រាប់ប្រើប្រាស់ ដែលមាន User Name៖ Kep Beach និង Password free Wifi1234 ឬបងប្អូន អាចស្កែនឃ្យូអាកូដ ដែលបានបិតជូននៅជុំវិញទីតាំង “ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប”។

រដ្ឋបាលខេត្តកែប ក៏សូមជម្រាបបញ្ជាក់ជូនបងប្អូនទាំងអស់ ជ្រាបបន្ថែមទៀតថា រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ នឹងបន្តជំរុញដល់មន្ទីរជំនាញ ឱ្យសិក្សា និងដាក់ Public Wifi នៅទីតាំងផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រនៃខេត្តកែបមួយនេះ៕

សម្តេចធិបតីៈកម្ពុជាសហការជាមួយកូរ៉េដើម្បីសិក្សាតភ្ជាប់បណ្តាញផ្លួវទឹកពីទន្លេមេគង្គលើទៅកាន់ទន្លេសាប និងពីទន្លេសាបទៅកាន់តំបន់ ប៉ោយប៉ែត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងដ៏រីករាយមួយ ដែលបណ្តាញប្រព័ន្ឋផ្លូវទឹកកម្ពុជាកាន់តែមានភាពប្រទាក់ក្រឡា ដោយសម្តេចធិបតីហ៊ុន ម៉ាណែតកំពុងសហការជាមួយរដ្ឋាភិបាលកូរ៉េ ដើម្បីតភ្ជាប់បណ្តាញផ្លូវទឹកពីទន្លេមេគង្គញលើទៅកាន់ទន្លេសាប។

សម្តេចបានបញ្ជាក់នៅក្នុងអង្គសមាជព្រឹទ្ឋសភា រដ្ឋសភាកាលពីថ្ងៃទី៣ មិថុនាថា ការតភ្ជាប់នេះ ដើម្បីធ្វើឲ្យមានតុល្យភាពទឹក ព្រោះ​ខែប្រាំងគឺទឹកហូរពីទន្លេសាបចុះមកអស់ ហើយថ្ងៃមុខអាចមានលទ្ឋភាពតភ្ជាប់ពីបឹងទន្លេសាប ឆ្ពោះទៅកាន់តំបន់ជិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធនាកាដឹកជញ្ជូនរបស់យើង ព្រោះនៅពេលព្រែកជីកហ្វូណនតេជោធ្វើរួច ការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែសំខាន់។

សម្តេចបញ្ជាក់ថា “ការសិក្សាលើជំហាននេះ គឺសិក្សាពីបញ្ហាបរិស្ថាន និងបញ្ហាបច្ចេកទេស ដោយធ្វើយ៉ាងណាតភ្ជាប់ពីទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង តភ្ជាប់ទៅកាន់ស្ទឹងសែន ដែលមានចម្ងាយប្រមាណ​៧០គីឡូម៉ែត្រ”។ សម្តេចបន្តថា “ការធ្វើបានបែបនេះ នឹងរក្សាតុល្យ​ភាពទឹកទន្លេសាប និងទន្លេមេគង្គ និងធានាប្រព័ន្ឋផ្លូវទឹកអាចប្រើប្រាស់បានទូទាំងប្រទេស”។

សម្តេចបញ្ជាក់ទៀតថា ការសិក្សានេះធ្វើឡើងដោយទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ(KOICA)៕

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកពីសក្តានុពលចំនន៥របស់កម្ពុជាប្រាប់ដល់វិនិយោគិនកាណាដា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋ សារ៉ាវុធបានរំលេចមូលហេតុធំៗចំនួន៥ ជូនវិនិយោគិន និងធុរជនកាណាដា ដើម្បីពង្រីកវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា។

ក្នុងវេទិការធុរកិច្ចកាលពីសប្តាហ៍មុន លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតី និងធ្វើជាវាគ្មិន ក្នុងកម្មពិធីពេញអង្គរបស់ក្រុមការងារ បេកកម្មពាណិជ្ជកម្មកាណាដា ដែលរៀបចំដោយស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់លោក សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមលោកជំទាវ Sara Wilshaw ឧបការីជាន់ខ្ពស់ របស់អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងជាស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា។

កម្មវិធីដ៏សំខាន់នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកាណាដានៅកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន វិស័យឯកជនកាណាដា និងកម្ពុជា និងមន្ត្រីជំនាញជាច្រើនរូប និងត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចកម្ពុជា និងកាណាដា។

ថ្លែងក្នុងវគ្គពិភាក្សាវាគ្មិន លោករដ្ឋលេខាធិការ បានចែករំលែកពីវឌ្ឍនភាពសំខាន់ៗនៃពាណិជ្ជកម្មកម្ពុជា ព្រមទាំងបានរំលេចជូនអង្គកម្មវិធីទាំងមូលអំពីចំណុចសក្តានុពលចំនួន៥ ដែលវិនិយោគិនកាណាដាអាចពិចារណា សម្រាប់ពង្រីកការធ្វើវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ដែលរួមមាន៖ (១) ទីតាំងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងលំហូរវិនិយោគនិងពាណិជ្ជម្មក្នុងតំបន់ (២) ការធានាដោយបទប្បញ្ញត្តិច្បាប់រឹងមាំ(៣) ច្រកទីផ្សារនាំចេញអនុគ្រោះ និងទូលំទូលាយ(៤) សក្តានុពលកម្លាំងពលកម្មធៀបនឹងប្រទេសដទៃ និង(៥) ភាពកាន់តែប្រសើរឡើងនៃប្រព័ន្ធឡូហ្សីស្ទីក និងកិច្ចសម្រួលពាណិជ្ជកម្មកម្ពុជា។

លោករដ្ឋ សារ៉ាវុធបានជំរុញអ្នកវិនិយោគិនកាណាដា ឱ្យទាញអត្ថប្រយោជន៍ជាអតិបរិមា ពីដំណើរបេសកម្មពាណិជ្ជកម្មនេះ ពិសេសការស្វែងរកដៃគូសហការ ក្នុងស្រុកដែលមានសក្តានុពល ដើម្បីធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនឹងបន្តសហការជាមួយគ្រប់ភាគី ដើម្បីបន្តគាំទ្រ និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលធុរជន និងវិនិយោគិន ក្នុងស្រុក និងបរទេស រួមទាំងកាណាដា បាននិងកំពុងជួបប្រទះក្នុងការធ្វើវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា៕

ប្រធានCEMEAប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

0

ភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព៍័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)លោកយិន លាងគង់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេ​ស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។

“យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត”៕