វិភាគៈ ដំណើរទស្សនកិច្ចសម្រាប់ប្រជាជាតិ និងការនាំទង់ជាតិកម្ពុជាបក់នៅទឹកដីព្រះអាទិត្យរះ

0

ដោយៈ យិន លាងគង់

    តូក្យូៈ ទង់ជាតិរបស់ប្រទេសជប៉ុន ដែលដាក់រូបព្រះអាទិត្យជាតំណាង មិនផ្លាស់ប្តូរព៌ណទេ តែវាបានបក់រវិកៗ ស្វាគមន៍មេដឹកនាំ   វ័យក្មេងរបស់កម្ពុជា។

សម្លេងទះដៃ សំណើចពោរពេញដោយក្តីរំភើប របស់ប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែររស់នៅប្រទេសជប៉ុន និងសមាជិកគណៈប្រតិភូបាននាំមកនូវអារម្មណ៍កក់ក្តៅ ប្រៀដូចព្រះទិត្យរបស់ជប៉ុន រះនាពេលព្រឹកព្រលឹម។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានក្លាយជាមេដឹកនាំកម្ពុជា ប្រកបដោយថាមភាព សម្រាប់ជាតិកម្ពុជាទាំងមូល និងជាមេដឹកនាំវ័យក្មេងជាងគេ នៅក្នុងចំណោមមេដឹកនាំរបស់ប្រជាជាតិអាស៊ី អាគ្នេយ៍ ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពោរពេញដោយកាលវិភាគដ៏មមាញឹក សម្តេចធិបតីហ៊ុន ម៉ាណែត និងស្រ្តីទី១កម្ពុជា បានចេញដំណើរបន្តទៅទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃគិតចាប់តាំងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៥ខាងមុខ។

ទំនាក់ទំនងដែលត្រូវបានពូនជ្រុំ

    ទំនាក់ទំនងកាទូតរបស់កម្ពុជា និងប្រទេសជប៉ុនមានសភាពវែងអន្លាយដូចរឿងមួយពាន់មួយយប់ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ១៦០៣ ដែលមានសភាពលូន និងរអាក់រអួលជាបន្តបន្ទាប់ ប្រៀបដូចទឹកសមុទ្រមានជោរ មាននាចន៍។

ឆ្លងកាត់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ ទំនាក់ទំនងកម្ពុជា​និង​ជប៉ុន ដែល​ពិត​មែន​តែ​មាន​ទំនាក់​ទំនង​មិត្ត​ភាព ​រវាង​គ្នា​អស់​រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​ហើយ ទើប​តែ​ស្និទ្ធ​ស្នាល​គ្នា​ខ្លាំង ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក​តែ​ប៉ុណ្ណោះ។

អ្នកសិក្សាប្រវរត្តិសាស្រ្តកម្ពុជា លោកហ្សង់ ហ្រ្វង់ស្វ័រតាន់បានលើកឡើងថា គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​កិច្ច​ព្រម​ព្រៀង ​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទើប​ឃើញ​ជប៉ុន​ចេញ​មុខ​ដើរ​តួនាទី​សំខាន់ ​នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​ស្ថាបនា​កម្ពុជា​ឡើង​វិញ។ តាំង​ពី​ឆ្នាំ​១៩៩២​រហូត​មក​ទល់​សព្វថ្ងៃ ជា​មធ្យមភាគ ជប៉ុន​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា ​ប្រមាណ​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​ដើម្បី​ជួស​ជុល​ ឬ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ និង​បង្កើត​ធនធាន​មនុស្ស។

រដ្ឋាភិបាល​ជប៉ុន​បន្ត​បន្ទាប់​គ្នា​បាន​អះអាង​ថា ខ្លួន​បាន​សម្រេច​ចិត្ត​មក​ជួយ កម្ពុជា​ដោយសារ​តែ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ​ក្រោយ​របប​ខ្មែរ​ក្រហម​ស្រដៀង​គ្នា ​នឹង​ប្រវត្តិសាស្ត្រ​របស់​ជប៉ុន ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ពោល​គឺ​ប្រទេស​បាន​ខ្ទេចខ្ទី រីឯ​ប្រជាជន​ក៏​បាន​ស្លាប់​អស់​ច្រើន​ដែរ។

យ៉ាងណា​ក៏​ដោយ ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ជប៉ុន​ដល់​កម្ពុជា​នេះ ចង់​ឬ​មិន​ចង់ វា​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ ​នៃ​យុទ្ធសាស្ត្រ​របស់​ទីក្រុង​តូក្យូ​(Tokyo) ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ជប៉ុន នៅ​កម្ពុជា​ដាច់​ដោយ​ឡែក​និង​នៅ​អាស៊ីអាគ្នេយ៍​ជា​ទូទៅ។

​ទំនាក់​ទំនង​ទ្វេរ​ភាគីជាមួយកម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​លើ​ជំនួយ ​និង​ប្រាក់​កម្ចី​ច្រើន​រយ​លាន​ដុល្លារ​ របស់​ជប៉ុន​ដល់​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​ ព្រម​ទាំង​ការពង្រឹង​សហប្រតិបត្តិការ​ផ្សេងៗ ដូច​យ៉ាង​នៅ​លើ​វិស័យ​វប្បធម៌ អប់រំ​ជាតិ ទេសចរណ៍ និង​សុខាភិបាល។

និយាយ​រួម ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ជប៉ុន នា​អំឡុងពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​បន្ត​មាន​លក្ខណៈ​កាន់​តែ​ស្និទ្ធស្នា​ល​ឡើង​ជា​លំដាប់។ ទំនាក់​ទំនង​នេះ “បរិសុទ្ធ​ណាស់” បើ​យោង​ទៅ​តាម​ព្រះរាជ​បន្ទូល ​របស់​អតីត​ព្រះមហាក្សត្រនរោត្តម សីហនុ។

ជំនួយអភិវឌ្ឍន៍ជប៉ុននៅកម្ពុជា

    ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាលជប៉ុនបាននាំមុខគេ ក្នុងការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដែលមានការប្រាក់ទាបដល់កម្ពុជា មុនពេលប្រទេសចិនចូលមកជំនួសដំណែង។

អ្វីដែលជាសមិទ្ឋផលដ៏លេចធ្លោរបស់ជប៉ុននៅកម្ពុជា គឺប្រទេសនេះ បានជួយតភ្ជាប់ស្ពានជ្រោយចង្វារឡើងវិញ នៅឆ្នាំ១៩៩២ ដែលបានផ្លាស់ប្តូរមុខមាត់តំបន់ជ្រោយចង្វារទាំងស្រុង។

លើសពីនេះ ជប៉ុនក៏បានសាងសង់ស្ពានមិត្តភាពកម្ពុជា ជប៉ុនទន្លេបិទ នៅក្រុងកំពង់ចាម ស្ពានដ៏ស្រស់ស្អាតជាងគេ គឺស្ពានត្យឹបាសា ឬស្ពានអ្នកលឿង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត រួមមានការស្តារ និងសាងសង់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ៥ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនឬមជ្ឈមណ្ឌលគាំពារមាតា និងទារកហៅពេទ្យជប៉ុន មន្ទីរពេទ្យបង្អែកជប៉ុននៅក្រុងសៀមរាប ព្រមទាំងជំនួយជាច្រើនទៀត ក្នុងន័យចូលរួមស្តារសុខមាលភាពសង្គម និងជម្រុញសម្ទុះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

មេដឹកនាំពោរពេញដោយថាមពល

    ជាមួយនឹងការផ្តល់ជំនួយ និងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរ សម្តេចធិបតីហ៊ុន ម៉ាណែតក្នុងអំឡុងពេលអញ្ជើញ ទៅដល់ប្រទេសជប៉ុន មេដឹកនាំកម្ពុជារូបនេះ បានទទួលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ សហមាគមធុរកិច្ច និងមេដឹកនាំជប៉ុនជាបន្តបន្ទាប់ ដើម្បីពិភាក្សាការងារទ្វេរភាគី ពិសេសបង្ហាញនូវទស្សនវិស័យ កាលានុវត្តន៍ភាព និងគោលនយោ​បាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តអ្នកវិនិយោគជប៉ុន ឲ្យពង្រីកការវិនិយោគ និងបោះទុនវិនិយោគនៅកម្ពុជា។

ជាមួយនឹងការចាប់រលាក់ដៃ ពោរពេញដោយភាពកក់ក្តៅ និងស្និទ្ឋស្នាល មេដឹកនាំក្រុមហ៊ុន សមាគមធុរកិច្ចជប៉ុនធំៗប្រមាណ៣០ ត្រូវបានអនុញ្ញាត្តឲ្យចូលជួប និងពិភាក្សាការងារក្នុងរយៈពេលពីរថ្ងៃនៃដំណើរទស្សនកិច្ចនៅជប៉ុន របស់សម្តេចធិបតីហ៊ុន ម៉ាណែតនៃកម្ពុជា។

ជាមេដឹកនាំពោរពេញដោយចំណេះដឹង ឥរិយាបទបែបអេលីត និងពោរពេញដោយទេពកោសល្យ មេដឹកនាំកម្ពុជារូបនេះ កំពុងដើរលើ “កម្រាលព្រំមាស”របស់សម្តេចតេជោហ៊ុន សែនអតីតៈនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្ប​ន្នជាប្រធានព្រឹទ្ឋសភា ដើម្បីនាំប្រជាជាតិនេះឆ្ពោះទៅកាន់ឋានៈថ្មី ជាប្រទេសមានប្រាក់ចំណូល “មធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

បេសកកម្មដ៏លំបាក ពោរពេញដោយការែកពន់ និងឆ្លងកាត់របត់នយោបាយពិភពលោកដ៏ស្មុគ្រស្មាញ និងប្រែប្រួលមិនអាចព្យាក​រណ៍បាននេះ បាននិងកំពុងធ្វើឲ្យមេដឹកនាំកម្ពុជារូបនេះ ត្រូវខិតខំកាន់តែខ្លាំង ដើម្បីសម្រេចបាននូវចក្ខុវិស័យ រយៈពេលវែងសម្រាប់ជាតិមួយនេះ។

កម្រាលព្រំព៌ណក្រហម​និងការចាប់ផ្តើមនូវទំនាក់ទំនងកាន់តែប្រសើរ

    ផ្តើមចេញពីព៌ណនយោបាយកាន់តែល្អប្រសើរ និងស្អិតរមួត ការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានកំណើនជាប់ជាប្រចាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន បាន​កើនឡើង​ក្នុងទំហំទឹកប្រាក់ពី១,៤ពាន់លានដុល្លារ​ នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤។ នេះបើតាមទិន្នន័យគយ និងរដ្ឋាករកម្ពុជា។

    មន្រ្តីជាន់ខ្ពស់កម្ពុជា លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចាត់ទុកកំណើននេះ​ ជាការឆ្លុះបញ្ចាំងថា “ជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏សំខា​ន់​សម្រាប់កម្ពុជា”។

    លើសពីនេះ សេដ្ឋវិទូកម្ពុជាបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់​នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងកាលពីពេលកន្លងមកថា ជប៉ុនបានក្រាលមូលដ្ឋាន សម្រាប់ការវិនិយោគរយៈពេលវែងរួចហើយនៅកម្ពុជា ដោយអ្នកធុរកិច្ចរបស់ប្រទេសនេះ បានសាងសង់មន្ទីរពេទ្យ សាងសង់សាលារៀន ខុនដូ អាគារពាណិជ្ជកម្ម ធនាគារ ទីលានវាយកូនហ្គោល និងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ជាច្រើនទៀត ដែលសមល្មម សម្រាប់អ្នកវិនិយោគរបស់ប្រទេសនេះ មកធ្វើការនិងរស់នៅកម្ពុជាប្រកបដោយភាពកក់ក្តៅ។

    លោកបញ្ជាក់ថា “អ្នកវិនិយោគជប៉ុន មុនមកកាន់ប្រទេសណាមួយ ពួកគេសិក្សាច្បាស់លាស់ណាស់ ពីមូលដ្ឋានសន្តិភាព ស្ថេរភាពនយោបាយ​រយៈពេលវែង ការរីកចម្រើនសេដ្ឋកិច្ច ព្រមទាំងមូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តិច្បាស់លាស់ណាស់ មុនពួកគេសម្រេចចិត្តមកវិនិយោគ”។

យុទ្ឋសាស្រ្តគោះទ្វារអ្នកវិនិយោគ

    ជាមួយនឹងទស្សនទាន និងចក្ខុវិស័យច្បាស់លាស់ តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្ត “កាទូតសេដ្ឋកិច្ច” ដោយអនុញ្ញាត្តឲ្យស្ថានទូតនានារបស់កម្ពុជា ប្រចាំនៅប្រទេសជាមិត្ត មានមន្រ្តីកាទូតជំនាញផ្នែកសេដ្ឋកិច្ច សម្តេចធិបតីហ៊ុន ម៉ាណែតបានណែនាំ និងផ្តល់អនុសាសន៍ជាច្រើនឲ្យស្ថានទូតនិមួយៗ ពង្រីកទំនាក់ទំនងនិងធ្វើការផ្សព្វ​ផ្សាយពីកាលានុវត្តន៍ភាពសេដ្ឋកិច្ចកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកធ្វើធុរកិច្ចនៅកម្ពុជា។

    លើសពីនេះមន្រ្តីជាន់ខ្ពស់កម្ពុជា លោកស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដើរតូនាទីសំខាន់ និងយ៉ាងសកម្មដើម្បីដើរគោះទ្វារអ្នកវិនិយោគនៅតាមបណ្តាប្រទេសជាច្រើន។

    កាន់តែពិសេសជាងនេះ នៅពេលអញ្ជើញទៅទស្សនកិច្ចនៅប្រ​ទេសណាមួយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែបានរៀបចំវេទិកាធុរកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគនៅប្រទេសទាំងនោះ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាជាមួយនឹងលទ្ឋផលគួរជាទីគាប់ចិត្តផងដែរ។

    ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចថ្ងៃទី២ នៅប្រទេសជប៉ុនសម្តេចធិបតី បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា ជប៉ុន ដោយមានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន២២៧ក្រុមហ៊ុន បានអញ្ជើញចូលរួម។

ទំនាក់ទំនងកាន់តែប្រសើរឡើងដូចព្រះអាទិត្យជប៉ុន

    ជាមួយនឹងការស្វាគមន៍មេដឹកនាំកម្ពុជា ដោយប្រជាពលរដ្ឋជប៉ុន និងកម្ពុជា មេដឹកនាំនៃប្រទេសទាំងពីរ បាននិងកំពុងស្វែងរកនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ស្របពេលទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់កម្រិតយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

    ក្រៅពីអញ្ជើញជាអធិរបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JTRO) សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ បានជួបសវនាការជាមួយជួបជាមួយ ព្រះអង្គម្ចាស់Akishino Fumihito រជ្ជទាយាទជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

បង្ហាញកិត្យានុភាពលើឆាកអន្តរជាតិ

    ផ្តើមចេញពីសិស្សពូកែ មេដឹកនាំដ៏មានប្រជាប្រិយភាព មេដឹកនាំ ដែលមានសញ្ញាបត្របណ្ឌិតច្រើនជាងគេ ជាបុរសកម្ពុជាទី១ ដែលបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិកWest Point មេដឹកនាំកម្ពុជារូបនេះ ក៏ទទួលបាននូវស្នាមថើប ពីប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងច្រើនជាងគេ នៅគ្រប់ទិសទីនៅកម្ពុជាផងដែរ។

ជាមួយនឹងប្រជាប្រិយភាព និងចំណេះដឹងពហុជំនាញនេះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តយស ក្នុងកម្មវិធីដែលរៀបចំឡើង ដោយសារព័ត៌មានNikei Asia ដែលជាវេទិកាលំដាប់ពិភពលោក ដែលមានមេដឹកនាំ និងអ្នកជំនាញអន្តរជាតិល្បីៗចូលរួម។

    ជាអ្នកដឹកនាំមានចំណេះដឹងផ្នែកយោធា វិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចដ៏ឆ្នើម សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនឹងបង្ហាញខ្លួនក្នុងនាមមេដឹកនាំវ័យក្មេងកម្ពុជា ដែលនឹងបង្ហាញនូវទស្សនទានថ្មី សម្រាប់​បរិបទនយោបាយ និងសេដ្ឋកិច្ចក្នុងបរិបទថ្មីទៅកាន់វេទិកាដ៏មានកិត្យានុភាពមួយនេះ។

    ការជ្រើសរើសមេដឹកនាំឈ្លាសវៃបានម្នាក់ ជាសំណាងល្អរបស់ប្រជាជាតិ៕

  

សម្តេចធិបតីបង្ហាញពីកាលានុវត្តភាពឱកាសវិនិយោគនៅកម្ពុជាដល់ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន៣០០នាក់

0

ដោយៈ គង់ សូរិយា

    តូក្យួៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងវេទិកាធុរកិច្ចកម្ពុជា ជប៉ុន ដើម្បីបង្ហាញពីកាលានុវត្តន៍ភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់អ្នកធុរកិច្ចជប៉ុន។

វេទិកានេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន គណៈកម្មាធិការកិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) និងធនាគារ Mizuho។

អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងជំរុញឱ្យក្រុមហ៊ុនជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជាដឹកនាំដ៏រស់រវើក និងមានប្រសិទ្ធភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

អ្នកឧកញ៉ាគិត ម៉េង បានបន្តថា “ប្រទេសជប៉ុនផ្ដល់ជូនធុរកិច្ចកម្ពុជា​ នូវទីផ្សារសម្រាប់អ្នកប្រើប្រាស់ ក្នុងស្រុកដ៏ធំមួយសម្រាប់ផលិតផល និងធនធានគុណភាពខ្ពស់របស់កម្ពុជា”។លោកបន្តថា “ទុនវិនិយោគមានស្ថេរភាព ឱកាសផលិតកម្មកម្រិតខ្ពស់នាពេលអនាគត ដែលជំរុញដោយកម្លាំងពលកម្ម សេដ្ឋកិច្ចវ័យក្មេងរបស់កម្ពុជា”។

អ្នកឧកញ៉ាគិត ម៉េងបានបន្តថា ភាពសម្បូរបែប នៃជំនាញបច្ចេកវិទ្យាទំនើប និងវប្បធម៌នៃការច្នៃប្រឌិតឥតឈប់ឈរ។ឱកាសដ៏សំខាន់សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាដែលមិនអាចកាត់ថ្លៃបាន។ សេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដែលអាចទុកចិត្តបានសម្រាប់កិច្ចសហប្រតិបត្តិការ”។

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា “សម្រាប់ធុរកិច្ចជប៉ុន ប្រទេសកម្ពុជាផ្តល់ជូនទីផ្សាររីកចម្រើន និងរស់រវើកបំផុត។កម្លាំងពលកម្មវ័យក្មេង និងកាន់តែមានជំនាញដែលត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកដល់ការរីកចម្រើន។ទីតាំងយុទ្ធសាស្ត្រ ជាចំណុចបេះដូងអាស៊ាន ដែលផ្តល់នូវការចូលទៅកាន់ទីផ្សារដ៏ធំ ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់ នៅក្នុងប្រទេសជិតខាង រួមទាំងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែល មានស្រាប់។ វេទិកាសេដ្ឋកិច្ចទូលំទូលាយដោយប្រើរូបិយបណ្ណដុល្លារ ដែលមានស្ថិរភាព”។

អ្នកឧកញ៉ា បញ្ជាក់ថា រាជរដ្ឋាភិបាលដែលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេស និងអនុញ្ញាតឱ្យក្រុមហ៊ុន បរទេសមានកម្មសិទ្ធិ ១០០%។ ក្នុងឱកាស នៃការបង្ហាញសក្តានុពលនេះ អ្នកឧកញ៉ាបានអំពាវនាវដល់ធុរកិច្ច ពីប្រទេសយើងទាំងពីរ ឱ្យធ្វើការស្វែងយល់យ៉ាងសកម្ម នូវភាពជាដៃគូក្នុងវិស័យសំខាន់ៗ។

វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនជប៉ុនចំនួន២២៧ និងអ្នកធុរកិច្ចប្រមាណ៣០០នាក់៕

 

តើទីផ្សារការិយាល័យនៅទីក្រុងសេអ៊ូលមានស្ថានភាពតម្រូវការ និងតម្លៃជួលដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានឱ្យដឹងថា អត្រាការិយាល័យទំនេរកម្រិត A នៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានស្ថិតនៅទ្រឹងក្នុងរង្វង់២,៦ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ចំណែក អត្រាការិយាល័យទំនេរនៅក្នុងតំបន់ពាណិជ្ជកម្មក្នុងសង្កាត់ Gangnam (GBD) និងតំបន់ពាណិជ្ជកម្មក្នុងសង្កាត់ Yeoido (YBD) របស់រដ្ឋធានីសេអ៊ូល បានធ្លាក់ចុះ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានរាយការណ៍ថា តម្លៃជួលការិយាល័យជាមធ្យមបានកើនឡើង១,៥ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុនដល់៣៨.៧០៩វ៉ុន(ប្រមាណ២៨,១២ដុល្លារអាមេរិក)ក្នុងមួយម៉ែតការ៉េ ខណៈម្ចាស់អគារមួយចំនួនបានដំឡើងតម្លៃជួលកាលពីដើមឆ្នាំ២០២៥។

អត្រាការិយាល័យទំនេរនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងសេអ៊ូលបានកើនឡើងពី១,៩ភាគរយដល់២,៧ភាគរយ ដោយសារការថយចុះនៃតម្រូវការ និងការផ្គត់ផ្គង់ថ្មី។ គម្រោងសាងសង់អគារការិយាល័យ Cho-dong 107 ដែលមានផ្ទៃក្រឡាចំនួន៣៨.៨៦០ម៉ែត្រការ៉េបានបរាជ័យក្នុងការទាក់ទាញអ្នកជួល មុនពេលបញ្ចប់ការសាងសង់។

ផ្ទុយទៅវិញ អត្រាការិយាល័យទំនេរនៅតំបន់ពាណិជ្ជកម្ម GBD ក្នុងសង្កាត់ Gangnam បានធ្លាក់ចុះពីអត្រា២,៤ភាគរយមកនៅត្រឹម២,១ភាគរយនៅត្រីមាសទី១ ស្របពេលមានតម្រូវការពង្រីកការជួលដោយបណ្តាក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យា។

ជាមួយគ្នានេះ បើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានឱ្យដឹងទៀតថា អត្រាការិយាល័យទំនេរនៅក្នុងតំបន់ពាណិជ្ជកម្ម YBD អត្រាទំនេរបានធ្លាក់ចុះ០,៤ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុនមកនៅត្រឹមអត្រា៣ភាគរយកាលពីត្រីមាសទី១ ដែលគាំទ្រដោយតម្រូវការជួលប្រកបដោយនិរន្តរភាពពីបណ្តាស្ថាប័នហិរញ្ញវត្ថុនានា៕

ការលក់ខុនដូទៅឱ្យជនបរទេសនៅប្រទេសថៃបានធ្លាក់ចុះ ស្របពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល

0

ដោយ: គង់ លាងហួរ
បាងកក: យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានរាយការណ៍ឱ្យដឹងថា ការផ្ទេរកម្មសិទ្ធិខុនដូទៅកាន់ជនបរទេសនៅក្នុងប្រទេសថៃបានថយចុះបន្តិច ដែលក្នុងនោះការលក់ខុនដូទៅឱ្យអតិថិជនចិននៅតែបន្តនាំមុខគេ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត The Nation។

ទោះជាយ៉ាងណា ការលក់ខុនដូទៅឱ្យអតិថិជនមកពីប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងគំហុក ដោយឈរនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីជនជាតិចិន ខណៈដែលអតិថិជនមកពីប្រទេសរុស្ស៊ីបានទិញខុនដូ ដែលមានតម្លៃកាន់តែខ្ពស់នៅក្នុងប្រទេសថៃ។

ស្របពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល និងការប្រុងប្រយ័ត្នរបស់អ្នកទិញ ការផ្ទេរខុនដូទៅកាន់ជនបរទេសក្នុងប្រទេសថៃមានចំនួន៣.៩១៩យូនីតក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន១៦,៣៩ពាន់លានបាត។ តួលេខនេះបង្ហាញពីការថយចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ អតិថិជនមកពីប្រទេសចិននៅតែបន្តនាំមុខគេ ដោយបានទិញខុនដូចំនួន១.៤៨១យូនីតក្នុងទំហំទឹកប្រាក់សរុបចំនួន៦,១២ពាន់លានបាត។ទោះបីជាយ៉ាងណា តួលេខនេះបានបង្ហាញពីការដាំក្បាលចុះអស់ចំនួន១៩,២ភាគរយ ប្រសិនបើគិតពីទំហំទឹកប្រាក់ និងបានធ្លាក់ចុះ៧,២ភាគរយបើគិតពីចំនួនយូនីត។

ការដាំក្បាលចុះនេះបានសរបញ្ជាក់ឱ្យឃើញថា អតិថិជនចិនមានការប្រុងប្រយ័ត្នជាងមុនលើការសម្រេចចិត្តរបស់ពួកគេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរនៅក្នុងប្រទេសចិន និងការធ្លាក់ចុះជាសកលនៃការវិនិយោគពីបរទេស។

ចំណែក ការផ្ទេរលក់ខុនដូទៅកាន់អតិថិជនមកពីប្រទេសមីយ៉ាន់ម៉ាបានហក់ឡើង១២ភាគរយដល់ចំនួន៤៣៩យូនីត ដោយទទួលបានចំណាត់ថ្នាក់ទី២ បើគិតពីចំនួនយូនីតខុនដូដែលត្រូវបានផ្ទេរ។ ទោះជាយ៉ាងណា ទំហំទឹកប្រាក់ពីការលក់ខុនដូទាំងនេះបានដាំក្បាលចុះ២៨,១ភាគរយ៕ប្រភព: The Nation៕

ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិកក្នុងខែមេសាកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិកក្នុងខែមេសាបានកើនឡើងលើសពីការរំពឹងទុកដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពីមានការលើកទឹកចិត្តពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ នៅក្នុងគោលបំណងកាត់បន្ថយបញ្ហាខ្វះខាតនូវលំនៅដ្ឋានតម្លៃសមរម្យ។

ការលក់ផ្ទះទោលថ្មីនៅទូទាំងប្រទេសបានកើនឡើងជិត១១ភាគរយកាលពីខែមេសាដល់អត្រាប្រចាំឆ្នាំចំនួន៧៤៣.០០០យូនីត។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក។ តួលេខនេះមានកម្រិតលើសពីការព្យាករណ៍ក្នុងការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg។

ការកើនឡើងនេះជាសញ្ញាបង្ហាញថា ទីផ្សារលំនៅដ្ឋានថ្មីកំពុងរក្សាបានសន្ទុះល្អប្រសើរជាងទីផ្សារលំនៅដ្ឋានលក់បន្ត(Resale) ដែលការណ៍នេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ក្នុងការបញ្ចុះតម្លៃ និងផ្តល់នូវការលើកទឹកចិត្តតាមរយៈរូបភាពផ្សេងៗក្នុងគោលដៅដើម្បីបង្កើនការលក់ផ្ទះថ្មី។

ទោះជាយ៉ាងនេះក្តី លោក Samuel Tombs សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័ន Pantheon Macroeconomics បានអះអាងថា ការកើនឡើងនៃការលក់ផ្ទះថ្មីបណ្តាលមកពីកត្តារយៈពេលខ្លី។ នេះមិនមែនជាកំណើនពិតប្រាកដនៃតម្រូវការរយៈពេលវែងនោះទេ”។

លោក Samuel Tombs បានរំពឹងថា ការលក់លំនៅដ្ឋាននៅសហរដ្ឋអាមេរិកនឹងធ្លាក់ចុះវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះនៅតែមានកម្រិតខ្ពស់ក្នុងរង្វង់ជិត៧ភាគរយ។

ទស្សនវិស័យសម្រាប់ទីផ្សារលំនៅដ្ឋានអាមេរិកនៅឆ្នាំនេះនៅតែមានភាពមិនច្បាស់លាស់ ដោយសារបញ្ហាកង្វះលទ្ធភាពទិញផ្ទះ ដែលបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ។ ជាងនេះទៅទៀត ការព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកអំពីស្ថានភាពហិរញ្ញវត្ថុ និងទស្សនវិស័យទីផ្សារការងារកំពុងមានការកើនឡើង៕

គណៈកម្មការអន្តរក្រសួងវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានបើកកិច្ចប្រជុំ សម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពល សេដ្ឋកិច្ចនៅកម្ពុជា។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកជា វុទ្ឋី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីលោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តជាប់តំបន់ឆ្នេររួមមាន ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផល នៃការចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងជាក់ស្តែង។

អង្គប្រជុំក៏បានធ្វើឡើង ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងជាក់ស្តែង នាថ្ងៃទី២០-២១ ខែមីនា និងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប៕

តម្លៃលក់លំនៅដ្ឋានជាមធ្យមនៅក្នុងរដ្ឋធានីម៉ានីលបានកើនឡើង ខណៈតម្លៃជួលស្ថិតនៅទ្រឹង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានឱ្យដឹងថា អគារខុនដូ Gentry Residences ដែលមានខុនដូចំនួន៣៩១យូនីតនៅក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅត្រីមាសទី១ ឆ្នាំ២០២៥។

ទន្ទឹមនឹងនោះ គម្រោងអភិវឌ្ឍន៍ផ្សេងទៀត ដែលកាលពីដើមឡើយគ្រោងនឹងបញ្ចប់ក្នុងត្រីមាសទី១ ត្រូវបានពន្យារពេលដល់ត្រីមាសទី៤ ឆ្នាំ២០២៥។នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីចុងក្រោយបង្អស់ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL។

អត្រាលំនៅដ្ឋានដែលទុកទំនេរចោល(Vacancy Rate) នៅក្នុងរដ្ឋធានីម៉ានីលបានធ្លាក់ចុះបន្តិចមកនៅត្រឹម៦,៩ភាគរយ ថយចុះ០,១៧៤ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដោយសារតែតម្រូវការជួលដ៏រឹងមាំនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល Makati និងតំបន់ Taguig។

សកម្មភាពទីផ្សារជួលលំនៅដ្ឋាននៅទីក្រុងម៉ានីលបានកើនឡើង ដែលបណ្តាលជាចម្បងមកពីការជួលដោយបុគ្គលិកបរទេស ថ្នាក់ដឹកនាំប្រតិបត្តិរបស់ក្រុមហ៊ុននានា និងក្រុមអ្នកជំនាញក្នុងការរៀបចំការងារ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានឱ្យដឹងថា តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅក្នុងទីក្រុងម៉ានីលបានស្ថិតនៅទ្រឹងក្នុងរង្វង់៨៤៧,៧ប៉េសូក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ដោយសារតម្រូវការជួលដោយជនបរទេសមានស្ថិរភាព។

ចំណែកឯ ទីផ្សារលក់លំនៅដ្ឋានបានបង្ហាញពីដំណើរការដ៏រឹងមាំ ដោយសម្រេចបាននូវដំណើរការនៃការលក់ល្អប្រសើរនៅក្នុងតំបន់សំខាន់ៗដូចជាតំបន់ពាណិជ្ជកម្មកណ្តាល Makati និងតំបន់ Taguig ។

តម្លៃលក់លំនៅដ្ឋានជាមធ្យមបានកើនឡើង០,៩ភាគរយដល់២៩៩.៤៣៤ប៉េសូក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី១ ឆ្នាំនេះធៀបនឹងត្រីមាសទី៤ ឆ្នាំមុន ស្របពេលមានការលើកទឹកចិត្តពិសេសថ្មី ដើម្បីជំរុញសកម្មភាពលក់៕

សម្ដេចតេជោស្នើរអោយប្រជាពលរដ្ឋស្ងាប់ចិត្តបន្ទាប់ពីការប៉ះទង្គិចរវាងកងទ័ពកម្ពុជា ថៃនៅព្រំដែនមុំបី

0

(ភ្នំពេញ)៖ តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។

ការចេញថ្លែងសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ទាហានកម្ពុជា ម្នាក់ត្រូវបានពលីដោយសារតែទាហានថៃ ឆ្មក់បាញ់ដោយមិនដឹងខ្លួន កាលពីព្រឹកពព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ។ យោធិនរូបនោះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «គឺខ្ញុំស្នើឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមានការស្ងប់ចិត្ត ជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃការចរចា ជៀសជាងការដោះស្រាយតាមរយៈកម្លាំងប្រដាប់អាវុធ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ អុជអាល់ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។ ក៏ដូចជាការស្អប់ជាតិសាសន៍ដែលធ្វើឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍ ដែលចេញពីទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីជាដើម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រឹត្តិការណ៍ដែលបានកើតឡើង និងគួរឱ្យសោកស្តាយ នៅក្នុងពេលវេលាដែលមានយុទ្ធជនកម្ពុជាយើងម្នាក់ បានពលី ដោយសារការបាញ់ប្រហារ វាយឆ្មក់របស់ទាហានថៃ វាជារឿងដែលគួរត្រូវជៀសវាង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «រឿងនេះខ្ញុំគួរតែត្រូវបញ្ជាក់បន្តិច អំពីបញ្ហានេះ ពិតមែនហើយខ្ញុំបានបញ្ជាក់តាមការបង្ហោះតាមទំព័រ Facebook របស់ខ្ញុំ ហើយព្រឹកនេះនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការចល័តកម្លាំងទ័ពរបស់យើង ទៅកាន់ព្រំដែន ហើយការល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់របស់យើងទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែ គឺជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ និងអំពាវនាវសូម ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។

បើតាមក្រសួងការពារជាតិ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។

ក្រសួងការពារជាតិបានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។

ក្រសួងបានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

ក្រសួងការពារជាតិ បានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានធូរស្រាល គួបផ្សំនឹងការងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤១ភាគរយមកនៅត្រឹម៣២៧៥,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៣ភាគរយដល់៣.២៧៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០០,២៨ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៨៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥ភាគរយដល់៣៣,៣២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៥៣ភាគរយដល់១០៨០,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩៨ភាគរយដល់៩៧៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

តើអ្នកណាជាមហាសេដ្ឋីអចលនទ្រព្យមានប្រាក់ច្រើនជាងគេ នៅឆ្នាំ២០២៥នេះ?

0

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ បុគ្គលដែលមានបំផុត នៅក្នុងឧស្សាហកម្មអចលនទ្រព្យពិភពលោកនៅក្នុងឆ្នាំនេះ ត្រូវបានគ្រប់គ្រងដោយលោក Lee Shau Kee ដែលជាស្ថាបនិកនៃក្រុមហ៊ុន Henderson Land Development នៅហុងកុង។

ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន$29.2ពាន់លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ2025 នេះបើយោងតាមទិន្នន័យមហាសេដ្ឋី។

ប៉ុន្តែគួរឲ្យសោកស្តាយ លោកLee Shau Kee បានទទួលមរណភាពក្នុងខែមីនា ឆ្នាំ 2025 ក្នុងអាយុ97 ឆ្នាំ ដោយបន្សល់ទុកនូវមរតកដ៏សំខាន់នៅក្នុងវិស័យអចលនទ្រព្យ។

នេះគឺជាបញ្ជីនៃមហាសេដ្ឋីអចលនទ្រព្យ កំពូលនៅទូទាំងពិភពលោកគិតត្រឹមដើមឆ្នាំ 2025៖

  1. Lee Shau Kee  (ហុងកុង) មានទ្រព្យសម្បត្តិសរុប29.2 ពាន់លានដុល្លារ។
  2. Harry Triguboff (អូស្ត្រាលី) មានទ្រព្យសម្បត្តិសរុប18.9 ពាន់លានដុល្លារ។
  3. Donald Bren (សហរដ្ឋអាមេរិក) លោកមានទ្រព្យសម្បត្តិចំនួន 18.9 ពាន់លានដុល្លារ។
  4. Stephen Ross (សហរដ្ឋអាមេរិក) ដោយលោកបានគ្រប់គ្រងទ្រព្យសម្បត្តិ18.4 ពាន់លានដុល្លារ។
  5. Manuel Villar (ហ្វីលីពីន) លោកមានទ្រព្បយសម្បត្តិសរុប18.1 ពាន់លានដុល្លារ។

បុគ្គលទាំងនេះ បានប្រមូលទ្រព្យសម្បត្តិរបស់ពួកគេ តាមរយៈការអភិវឌ្ឍន៍អចលនទ្រព្យ ការវិនិយោគ និងការគ្រប់គ្រងយ៉ាងទូលំទូលាយ នៅទូទាំងទីផ្សារពិភពលោកផ្សេងៗ៕