តម្លៃលំនៅដ្ឋានថ្មីនៅក្នុងប្រទេសចិនបានបន្តធ្លាក់ចុះក្នុងល្បឿនយឺតជាងមុន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញឱ្យដឹងថា តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេល២២ខែជាប់ៗគ្នាគិតត្រឹមខែមីនា ឆ្នាំ២០២៥។ប៉ុន្តែ អត្រានៃការធ្លាក់ចុះនេះបានបន្តរួមតូច ដោយសារការដាក់ចេញវិធានការគាំទ្ររបស់រដ្ឋាភិបាលចិន។

តម្លៃផ្ទះថ្មីនៅតាមទីក្រុងចំនួន៧០ របស់ប្រទេសចិន បានធ្លាក់ចុះក្នុងរង្វង់ជាមធ្យម០,១ភាគរយកាលពីខែមីនា បើធៀបនឹងខែកុម្ភៈ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន (NBS)។

ប៉ុន្តែ បើធៀបនឹងខែមីនា ឆ្នាំ២០២៤ តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះ៥ភាគរយនៅខែមីនា ឆ្នាំ២០២៥។ នេះជាសញ្ញាល្អប្រសើរឡើង បន្ទាប់ពីតម្លៃផ្ទះថ្មីបានធ្លាក់ចុះ៥,២ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងខែកុម្ភៈ ឆ្នាំមុន។

ជាមួយគ្នានេះ តម្លៃ​ផ្ទះ​ប្រភេទទី២ បាន​ធ្លាក់​ចុះ០,២ភាគរយ​ក្នុង​ខែ​មីនា ឆ្នាំ២០២៥ ដោយ​រួម​តូច​ពី​ការ​ធ្លាក់​ចុះ០,៣ភាគរយ​ក្នុង​ខែ​កុម្ភៈ។ប្រសិនបើប្រៀបធៀបនឹងខែមីនា ឆ្នាំ២០២៤ តម្លៃផ្ទះប្រភេទទី២ នៅខែមីនា ឆ្នាំ២០២៥ បានធ្លាក់ចុះ៧,៣ភាគរយ បើធៀបនឹងការធ្លាក់ចុះ៧,៥ភាគរយកាលពីកុម្ភៈ។

ក្នុងចំណោមទីក្រុងទាំង៧០នោះ គេសង្កេតឃើញមានទីក្រុងចំនួន២៤ ដែលបានប្រកាសពីការកើនឡើងក្នុងអត្រាប្រចាំខែនៃតម្លៃផ្ទះថ្មីសម្រាប់ខែមីនា ខណៈកាលពីខែកុម្ភៈ គេសង្កេតឃើញមានទីក្រុងចំនួន១៨ប៉ុណ្ណោះ បានប្រកាសពីការកើនឡើងនៃតម្លៃផ្ទះថ្មី។ ចំណែក តម្លៃ​ផ្ទះ​ប្រភេទទី២ បាន​កើន​ឡើង​ក្នុង​ទីក្រុង​ចំនួន១០។

លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានឱ្យដឹងថា “កំណើននៃចំនួនទីក្រុង ដែលប្រកាសពីការកើនឡើងនៃតម្លៃផ្ទះបានឆ្លុះបញ្ចាំងពីសភាពប្រសើរឡើងនៃទំនុកចិត្តនៅលើទីផ្សារ”។

លោកបានបន្ថែមថា “បរិយាកាសគោលនយោបាយអំណោយផលសម្រាប់ការទិញផ្ទះ និងសូចនាករតម្លៃផ្ទះវិជ្ជមាននឹងផ្តល់ការគាំទ្រកាន់តែខ្លាំងសម្រាប់ទីផ្សារអចលនទ្រព្យចិននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥” ៕ប្រភព: SCMP៕

តើការពន្យារពេលពន្ធបដិការរយៈពេល៩០ថ្ងៃរបស់សហរដ្ឋអាមេរិកមានន័យដូចម្តេចសម្រាប់កម្ពុជា?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាបានព្យាយាមបញ្ចៀសភាពតានតឹងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក តាមរយៈការជ្រើសរើសយកវិធីសាស្ត្រនៃការចរចាបញ្ចុះអត្រាពន្ធលើទំនិញអាមេរិកនាំចូលមកកាន់កម្ពុជា ពីអត្រា៣៥ភាគរយមកនៅត្រឹម៥ភាគរយ។

ជាការឆ្លើយតប សហរដ្ឋអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានពន្យារពេល៩០ថ្ងៃចំពោះការដំឡើងពន្ធបដិការលើគ្រប់ប្រទេសទាំងអស់ ដោយយកអត្រាពន្ធបណ្តោះអាសន្នចំនួន១០ភាគរយក្នុងរយៈពេល៩០ថ្ងៃ។

ការពន្យារពេលនេះមានគោលដៅ ដើម្បីផ្តល់ឱកាសឱ្យបណ្តាប្រទេសនានាមកចរចាជាមួយសហរដ្ឋអាមេរិក លើកលែងតែប្រទេសចិន ដែលបានប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ក្នុងសមរភូមិសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាសុីនតោន។

ក្រុមអ្នកវិភាគបានចាត់ទុកការកាត់បន្ថយពន្ធគយរបស់កម្ពុជាថា ជាគោលជំហរច្បាស់លាស់ក្នុងការបញ្ចៀសភាពតានតឹងពាណិជ្ជកម្ម និងបង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​ចរចា និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែ​ប្រសើរ​ជាមួយ​សហរដ្ឋ​អាមេរិក។

ក្រុមអ្នកវិភាគបានជំរុញឱ្យកម្ពុជាលុបចោលពន្ធទាំងស្រុងលើការនាំចូលរថយន្តពីសហរដ្ឋអាមេរិក ដែលត្រូវបានគេមើលឃើញថា ជាអាទិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

អ្នកស្រាវជ្រាវមួយរូបនៅវេទិកាអនាគត (The Future Forum) បានអះអាងថា ការពន្យាររយៈពេល៩០ថ្ងៃបានផ្តល់ឱកាសសម្រាប់ក្រុមមន្ត្រីចរចា និងមន្ត្រីរៀបចំផែនការរបស់កម្ពុជា ក្នុងការចូលរួមជាមួយក្រុមការងារចរចារបស់លោក ត្រាំ និងបង្កើតយុទ្ធសាស្ត្រអន្តរាគមន៍ផ្នែកសារពើពន្ធ និងសេដ្ឋកិច្ចក្នុងស្រុក។

យ៉ាង​ណា​មិញ នៅ​ក្នុង​រយៈ​ពេល​ខ្លី កម្ពុជា​មាន​ជម្រើស​តិច​តួច​ប៉ុណ្ណោះ។ដូច្នេះ កម្ពុជាត្រូវធ្វើតាម​​ការ​ទាមទារ​ចង់បានរបស់​សហរដ្ឋ​អាមេរិក។

បច្ចុប្បន្ន ថ្នាក់ដឹកនាំជំនាន់ថ្មីនៃរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមសម្រេចបានវិបុលភាពសេដ្ឋកិច្ចតាមរយៈការបញ្ចេញស្នាដៃ និងលទ្ធផលការងារជាក់ស្តែងជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

កម្ពុជាក៏គួរតែសហការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មរយៈពេលវែង ដូចជាការកាត់បន្ថយហានិភ័យពីប្រទេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក និងចិន តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការបង្កើនទំហំដោះដូរពាណិជ្ជកម្មក្នុងតំបន់អាស៊ាន៕ប្រភព: SCMP៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគមួយចំនួនបានលក់មាសចេញដើម្បីទទួលបានផលចំណេញពីការវិនិយោគលើលោហៈធាតុដ៏មានតម្លៃមួយនេះ ក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជាផ្សេងៗ ដូចជាសង្គ្រាមពាណិជ្ជកម្ម និងជម្លោះភូមិសាស្ត្រនយោបាយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤៧ភាគរយមកនៅត្រឹម៣៣២៧,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៥ភាគរយដល់៣៣៤១,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់ត្រឹម៩៩,៤៣ពិន្ទុនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៣៨ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៣២ភាគរយដល់៣២,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៣ភាគរយដល់៩៧៦,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៧៥ភាគរយដល់៩៦២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

គម្រោងព្រែកជីកហ្វូណនតេជោបញ្ចេញពន្លឺកាន់តែច្បាស់ ខណៈកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ច្បាប់ត្រូវបានចុះហត្ថលេខា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ កិច្ចព្រមព្រៀងសំខាន់ៗចំនួន៥ ត្រូវបានចុះហត្ថលេខា ទាក់ទងនឹងគំរោងជីកព្រែកហ្វូណនតេជោ ក្នុងអំឡុងពេលស្របគ្នា នឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង។

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មាធិការដើម្បីរៀបចំ វាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹក ចម្រុះហ្វូណនតេជោ ក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការ និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)។

គម្រោងនេះ មានប្រវែង១៧៤គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើង ដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់៣ ០០០DWT។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹក ក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួន នៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

ក្រោយពេលគម្រោងនេះ បញ្ចប់ការស្ថាបនាជាស្ថាពរ រំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់ ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានា ដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។

លើសពីការដឹកជញ្ជូន គម្រោងនេះរួមបញ្ចូលការគ្រប់គ្រងធនធា​នទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថា នឹងបង្កើនផលិតភាពកសិកម្ម តាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម កសិកម្ម ភស្តុភារកម្ម និងវិស័យកំពង់ផែ។

“គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រ យ៉ាងកងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

គម្រោងព្រែកជីកនេះត្រូវបានរំពឹងទុកថា “នឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ”៕

បណ្តាម្ចាស់អគារការិយាល័យទំនើបៗនៅទីក្រុងហូជីមិញដំឡើងតម្លៃជួល ខណៈតម្រូវការមានសន្ទុះកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅឆ្នាំ២០២៥នេះ ទីក្រុងហូជីមិញនៃប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ការិយាល័យសម្រាប់ជួលក្នុងទំហំ៧១.០០០ម៉ែត្រការ៉េ ហើយអាចត្រូវបានគេជួលពេញអស់ក្នុងរយៈពេលខ្លី។

លោកស្រី Trang Bui នាយិកាប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Cushman & Wakefield ប្រចាំសាខាប្រទេសវៀតណាម បានព្យាករណ៍ថា តម្លៃជួលការិយាល័យនៅទីក្រុងហូជីមិញ នឹងកើនឡើង៥ភាគរយនៅឆ្នាំនេះ ដោយសារតម្រូវការមានការកើនឡើង។

យោងតាមសារព័ត៌មាន Vnexpress បានចុះផ្សាយថា តំបន់ទីក្រុងថ្មីចំនួនពីរ រួមមានតំបន់ Thu Thiem និងតំបន់ Phu My Hung នៅទីក្រុងហូជីមិញ នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលប្រមូលផ្តុំទៅដោយបណ្តាអគារការិយាល័យថ្មីៗ។

យ៉ាងណាមិញ លោកស្រី Trang Bui បានគូសបញ្ជាក់ថា “ចាប់ពីឆ្នាំ២០២៦ខាងមុខ ទីផ្សារនឹងស្ថិតនៅទ្រឹង ខណៈកំណើនតម្លៃជួលការិយាល័យនៅទីក្រុងហូជីមិញនឹងមកនៅត្រឹម០,៤ភាគរយទៅ០,៥ភាគរយក្នុងមួយឆ្នាំ”។

លោកស្រីបានបន្ថែមថា តម្រូវការជួលការិយាល័យនឹងបន្តមានប្រភពមកពីឧស្សាហកម្មសំខាន់ៗដូចជា បច្ចេកវិទ្យាព័ត៌មាន ធនាគារ ការផលិត ធានារ៉ាប់រង និងភស្តុភារ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Vietnam បានឱ្យដឹងថា តម្លៃជួលការិយាល័យជាមធ្យមនៅក្នុងទីក្រុងហូជីមិញមានទំហំទឹកប្រាក់ចំនួន៣៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកស្រី Trang Le នាយិកាប្រតិបត្តិនៃក្រុមហ៊ុន JLL Vietnam បានលើកឡើងថា ការងើបឡើងវិញនៃតម្រូវការជួលការិយាល័យពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ជាកត្តាចលករដ៏សំខាន់ ដែលអនុញ្ញាតឱ្យម្ចាស់អគារការិយាល័យមានទំនុកចិត្តក្នុងការដំឡើងតម្លៃជួល។

លោកស្រីបានបន្ថែមថា កាលពីឆ្នាំមុន អត្រាការិយាល័យទំនេរបានធ្លាក់ចុះមកនៅត្រឹមតែ៦ភាគរយប៉ុណ្ណោះសម្រាប់ប្រភេទអគារលំដាប់ខ្ពស់ (Premium) និងបានធ្លាក់ចុះមកនៅត្រឹម១២ភាគរយសម្រាប់ទីផ្សារទាំងមូល៕ប្រភព: Vnexpress៕

មេដឹកនាំកម្ពុជា ចិនសម្រេចបាននូវវឌ្ឍនភាពនៃទំនាក់ទំនងក្នុង កម្រិតថ្មីមួយទៀត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មេដឹកនាំកម្ពុជាសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីចិន លោកស៊ី ជីនពីង បានឯកភាពកសាង “សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល”។

យោងតាមុបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចវមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធា​រណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្ដើម សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជា។

សម្តេចបវរធិបតីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា “ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប”។

ជាការឆ្លើយតប ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា។

ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរ ចំពោះភាពល្បីល្បាញរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត”។

ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចបវរធិបតី និងឯកឧត្តម ស៊ី ជីនពីង បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។

ឯកឧត្តមស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិន និងទេសចរចិនកាន់តែច្រើនមកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍ រដ្ឋាភិបាលចិនចំនួន១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ៕

ឯកសារសំខាន់ៗចំនួន៣៧ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិន

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ជាមួយនឹងស្នាមញញឹម ជាមួយនឹងការនាំមកនូវការកសាងសហគមន៍វាសនារួមកម្ពុជា ចិនគ្រប់សម័យកាល មេដឹកនាំចិន និងកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៣៧។

    ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីល្ងាចថ្ងៃទី១៧ មេសាកន្លងមកនេះ។

ឯកសារ និងពិធីផ្លាស់ប្តូរឯកសារដែលបានចុះហត្ថលេខាពាក់ព័ន្ធវិស័យមួយចំនួនរួមមាន ការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុ វិស័យព័ត៌មាន ការងារយុវជន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យទេសចរណ៍ វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត៕

គំរោងវិនិយោគតម្លៃជិត៧០០០លានដុល្លារត្រូវបានអនុម័តនៅ ខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ គម្រោងវិនិយោគសរុប២៨៧ ដែលមានទុនវិនិយោគប្រមាណជិត៧ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តជាគោលការណ៍ នៅក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។

នេះបើតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមេសា។

យោងតាមព្រឹត្តិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយនាថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមេសា កន្លងមក ជាលទ្ធផលកិច្ចប្រជុំបានសម្រេច ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន១៨ ក្នុងនោះពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៥គម្រោង និងគម្រោងថ្មីចំនួន១៣ គម្រោង ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប២០៥ លានដុល្លារ និងអាចបង្កើតការងារប្រមាណ២៩១៦កន្លែង។

គម្រោងទាំងនោះជាអាទិ៍មាន រោងចក្រស្លនិងកែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស អគារការិយាល័យ អគារស្នាក់នៅរួម សណ្ឋាគារ និងស្ថានីយទូរទស្សន៍ ជាដើម។

ឯកសារបានបញ្ជាក់ថា ជារួមគិតត្រឹមខែមេសា(ពាក់កណ្តាលខែមេសា) ឆ្នាំ២០២៥ នេះ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន៦៨៧៥លានដុល្លារ។

ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់អាទិភាពក្នុងការពន្លឿនការអភិវឌ្ឍខេត្តនេះ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។

ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាល កាលពីដើមឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ តាមរយៈការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីនានា រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។

តាមរយៈវិធានការដែលដាក់ឱ្យអនុវត្តន៍ នៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនេះ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច៤ប្រភេទ រួមមាន ទី១. គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ទី២. គម្រោងវិនិយោគដែលអាច ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២៤។ ទី៣. ការពង្រីកគម្រោងដែលមានស្រាប់ និងទី៤. គម្រោងវិនិយោគ/ ធុរកិច្ចដែលមានស្រាប់ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដែលក្នុងនោះរួមមាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗមួយចំនួន ការលើកលែងកម្រៃសេវាចុះបញ្ជី ការសម្រួលនីតិវិធី បង់ពន្ធជាកញ្ចប់តាមដំណាក់កាល ការលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះការធ្វើសវនកម្មពន្ធដារ ព្រមទាំងការផ្តល់ការលើកទឹកចិត្តដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬ ការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

វិស័យសំណង់ និងការវិនិយោគនានា ក្នុងខេត្តព្រះសីហនុមុនឆ្នាំ ២០១៩ ពិសេសនៅមុនការលេចឡើងនៃវត្តមានជំងឺកូវីដ១៩ គឺបានបោះជំហានទៅមុខយ៉ាងលឿនមិនគួរឱ្យជឿ ដោយមានសំណង់អគារធំៗ ខ្ពស់ៗ និងអាជីវកម្មជាច្រើនបានបង្ហាញវត្តមាន នៅទីនោះជាបន្តបន្ទាប់។ ភាគច្រើននៃវិនិយោគិនដែលបណ្តាក់ទុន ក្នុងខេត្តព្រះសីហនុ គឺមកពីប្រទេសចិន។

ទោះយ៉ាងណាវិបត្តិសុខភាព និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ទៅដល់ការវិនិយោគនៅទីនោះរហូតមកដល់ពេលនេះ។

គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញ និងលើកទឹកចិត្តសម្រាប់វិនិយោគិនក្នុងខេត្តព្រះសីហនុ គឺនឹងចូលរួមចំណែកយ៉ាងច្រើនដល់ការលើកមុខមាត់ ក៏ដូចជាទីផ្សារអចលនទ្រព្យ និងសំណង់ ព្រមទាំងអាជីវកម្មផ្សេងៗទៀត ក្នុងខេត្តព្រះសីហនុ ឱ្យងើបឡើងវិញកាន់តែលឿន៕

វិភាគៈ ដំណើរទស្សនកិច្ចបង្ហាញនូវសាមគ្គីភាព និងការកសាងសហគមន៍វាសនារួម

0

ដោយៈ យិន លាងគង់សហស្ថាបនិកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ព្រះអាទិត្យទីក្រុងប៉េងកាំង ទំនងជាមិនផ្លាស់ប្តូរព៌ណនៅកម្ពុជាទេ ប៉ុន្តែពន្លឺហាក់ស្រអ័ព្ទបន្តិចហើយ នៅពេលព្រះទិនករនេះរងនូវខ្យល់ និងពពកខ្មៅបាំងបិទជាបន្តបន្ទាប់។

ទំនាក់ទំនងដែលបានចាប់ផ្តើម ចំណងអាទូតរយៈពេល៦៧ឆ្នាំនេះ បានពូនជ្រុះជាមួយរដូវផ្ការីក និងដំណក់ភ្លៀង លាយនឹងដុះទឹកកក ដែលពេលខ្លះក៏បង្ករបួស្នាមដល់កម្ពុជា ជាមិត្តផងដែរ។

គោលនយោបាយមិនផ្លាស់ប្តូរ

ការចាប់ផ្តើមពង្រីក និងពង្រឹងទំនាក់ទំនងពីមិត្តភាព កិច្ចសហប្រតិបត្តិការពីភាពជាមិត្ត មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១២ និងជាមិត្តដែកថែប ក្រោមយុទ្ឋសាស្រ្តត្បូងពេជ្រ និងប្រែក្លាយជាសហគមន៍ពីរ វាសនាតែមួយ” ជាអ្វីដែលសហគមន៍អាស៊ាននិងអន្តរជាតិ បានមើលឃើញថា “កម្ពុជាបានខិតជិតប្រទេសមហាអំណាចទី២នេះ កាន់តែច្បាស់ និងទទួលបានផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីរបត់នយោបាយ ដែលប្រៀបបានរដូវផ្ការីកនេះ។

ជាលទ្ឋផលនៃកិច្ចសហប្រតិបត្តិការ លើទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជនក៏បាន និងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការលើកកំពស់ពាណិជ្ជកម្ម ជម្រុញការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន និងពីប្រទេសចិនមកកម្ពុជាកើនឡើងខ្ពស់ផងដែរ។

ជាក់ស្តែងយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គិតពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២៥នេះ អ្នកធុរកិច្ច មកពីប្រទេសចិនបានវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់រហូតដល់៣៦ពាន់លានដុល្លារអាមេរិក ដែលចំនួននេះមិនទាន់គិតពីជំនួយឥតសំណងនៅឡើយ។

ផលប្រយោជន៍

ជាមួយនឹងស្នាមញញឹម បង្កប់ដោយអត្ថន័យពេលចុះពីយន្តហោះពិសេសភ្លាមនាព្រឹកថ្ងៃទី១៧ មេសា នេះ លោកស៊ី ជីនពីងប្រធានាធិបតីចិនដ៏មានឥទ្ឋិពលរូបនេះ ត្រូវបានគេមើលឃើញថា ដំណើរទស្សនកិច្ចនេះ នឹងនាំមកនូវផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការលើទិដ្ឋភាពមួយចំនួនដូចជា ទី១ ចិននៅតែមិនបោះបង់កម្ពុជា ប៉ុន្តែប្រទេសទាំងពីរ នឹងឈរលើជំហររួមគ្នា ក្នុងគ្រប់កាលៈទេសៈ ទី២ ចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ដើម្បីឈានទៅសម្រេចវិបុលភាពរួមគ្នា ជាមួយនឹងការឆ្ពោះទៅកសាងសហគមន៍ វាសនារួមគ្នា។

ទី៣ ដំណើរទស្សនកិច្ច ស្របនឹងកំដៅសង្រ្គាមពាណិជ្ជកម្ម ដែលបង្កដោយលោកដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក គឺប្រៀបដូចការលើកឡើងរបស់សម្តេចតេជោ “មិត្តល្អជួយគ្នាក្នុងគ្រាលំបាក”។ ទី៤ ដំណើរទស្សនកិច្ចនេះ នឹងបន្តផ្តលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក។ ទី៥ ចិននឹងបន្តគាំទ្រ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរអ្នកវិនិយោគចិន បានរក្សាតំណែងជាប្រទេសវិនិយោគ ធំជាងគេបំផុត ក្នុងរយ:ពេល៨ឆ្នាំជាប់ៗគ្នារបស់កម្ពុជា ក្នុងរយៈពរលចុងក្រោយនេះ។ នេះបើតាមរបាយការណ៍របស់សមាគមសារព័ត៌មានកម្ពុជា ចិន។

ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់ចិន នៅកម្ពុជាឈានដល់២.៨៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៤៣% នៃការទាក់ទាញ វិនិយោគបរទេសសរុបរបស់កម្ពុជា។

សារដ៏រំជួលចិត្ត

ជាមួយនឹងការបរិយាយពីប្រវត្តិសាស្រ្ត ទំនាក់ទំនងដ៏យូរអង្វែងអរិយធ៌មដែលប្រទេសពីរបានសាងឡើង ពាណិជ្ជកម្ម និងអ្វីដែលមេដឹកនាំជំនាន់មុនបានកសាងឡើង ដែលជាសារពោរពេញដោយអត្ថន័យដ៏ស៊ីជម្រៅ ពាក្យមួយឃ្លាដ៏គួរឲ្យរំភើបចំពោះប្រជាជាតិកម្ពុជា ពីមេដឹកនាំរបស់មហាអំណាចរូបនេះ គឺ ““ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អ”។

សារដ៏កក់់ក្តៅ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ក៏បានបង្កប់នូវតម្លៃស្នូល “នៃការកសាងវិបុលភាពរួម” ដោយប្រធានាធិបតីស៊ី ជីនពីងបានលើកឡើងមកបញ្ជាក់ផងដែរថា “សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក បានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងខ្លា សម្រាប់សហគមន៍វាសនារួមចិន-កម្ពុជា”។

លើសពីនេះ ប្រធានាធិបតីចិនបានបញ្ជាក់ ជំហរយ៉ាងម៉ឺងម៉ាត់ចំពិពោះកម្ពុជាថា “ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ”។

ជាមួយនឹងសារដ៏រំជួលចិត្តនេះ ប្រធានាធិបតីចិន ក៏បានលើកឡើងនូវចក្ខុវិស័យជាច្រើន ដែលមេដឹកនាំនិងប្រជាជាតិទាំងពីរគួររួមគ្នា ដោះស្រាយ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបានវិបុលភាពរួម គឺ “សហគមន៍ពីរ វាសនាតែមួយ”ផងដែរ។

ជាមេដឹកនាំ ដែលប្រកាន់យកជំហរសេរីភាវូបនីយកម្ម និងការសាងសហគមន៍វាសនារួម និងវិបុលភាពរួមសម្រាប់ពិភពលោក ប្រធានាធិបតីស៊ី ជីនពីង បាននិងកំពុងរងសម្ពាធធ្ងន់ធ្ងរ ពីមេដឹកនាំអាមេរិក ប្រធានាធិបតីដូណាល់ ជេ ត្រាំ ដែលបានដាក់ពន្ឋគយលើទំនិញចិន រហូតដល់១៤៥ភាគរយ ជាអ្វីដែលមេដឹកនាំចិន និងសហគមន៍អន្តរជាតិហួសចិត្ត ដោយការដាក់របាំងពន្ឋគយនេះ បាននិងកំពុងរំលោភច្បាប់អន្តរជាតិ និងរំលោភលើគោលការណ៍សីលធ៌ម។

ហេតុនេះដំណើរទស្សនកិច្ចមកកាន់អាស៊ាន ក៏ដូចជាកម្ពុជា ច្បាស់លាស់ណាស់ មេដឹកនាំចិន បាននិងកំពុងស្វែងរកនូវការរួបរួម ការស្វែងរកវិបុលភាពរួម និងស្វែងរកការគាំទ្រគ្នាទៅវិញទៅមក លើគ្រប់ទិដ្ឋភាពនយោបាយ កាទូត និងសេដ្ឋកិច្ច។

សាររបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានាធិបតីស៊ី ជីនពីង ឆ្លុះបញ្ចាំងពីរទំនាក់ទំនងរ៉ឹងមាំ យូរអង្វែង ដែលត្រូវបានពូនជ្រុំដោយអតីតសម្តេចព្រះបរម រតនកោដិ នរោត្តមសីហនុ សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

សម្តេចបានថ្លែងបញ្ជាក់ថា “មិត្តភាពកម្ពុជា ចិន ជាមិត្តភាពប្រវត្តិសាស្រ្ត និងយូរអង្វែង ហើយប្រទេសយើងទាំងពីរ បានពង្រីក និងពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”។ សម្តេចបន្តថា “ប្រទេសយើងទាំងពីរកំពុងរួមគ្នា ក្នុងការបង្កើតសមិទ្ឋផលថ្មីៗ ក្រោមកិច្ចសហប្រតិបរត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាព ស្មើសិទ្ឋ មិនជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុង”។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានបន្តទៀតថា ចំពោះកម្ពុជា “មិត្តចិន” បានដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ វិនិយោគ និងទេសចរណ៍”។

សម្តេចបញ្ជាក់ថា “ភាពជាដៃគូមិត្តភាពកម្ពុជា ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាពការពារជាតិ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ”។

ជាមួយនឹងសារស្វាគមន៍ មេដឹកនាំវ័យក្មេងកម្ពុជារូបនេះ បាននិងកំពុងធ្វើសកម្មភាពជាច្រើន លើកម្រិតជាតិ អន្តរជាតិ និងកម្រិតពិភពលោក ដើម្បីស្វែងរកវិបុលភាពកម្ពុជា និងនាំកម្ពុជាឆ្ពោះទៅកាន់ឋានៈថ្មីក្នុងពិភពលោក គឺការប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្វីកាន់តែពិសេសក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនជាលើកដំបូង បន្ទាប់ពីត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានផ្ញើរសារយ៉ាងច្បាស់ជូនមេដឹកនាំចិនគឺ “កម្ពុជាប្រកាន់យកគោលនយោបាយចិនតែមួយ” និងបានបង្ហាញការប្តេជ្ញាចិត្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជាចិន កាន់តែល្អប្រសើរផងដែរ។

អ្វីត្រូវពូនជ្រុំ

រឿងជូរចត់ទាំងឡាយ ក្នុងទំនាក់ទំនងកាទូត ដែលមានកន្លងមក មេដឹកនាំកម្ពុជា បាននិងកំពុងបំភ្លេច ជាមួយនឹងការចាប់ផ្តើមដោយពួតដៃគ្នាពូនជ្រុំនូវទំនាក់ទំនង ដែលឈានដល់កម្រិតកំពូល ឲ្យកាន់តែរីកត្រសុំត្រសាយថែទៀត ដើម្បីនាំមកនូវស្នាមញញឹម និងដំណើរឆ្ពោះទៅកាន់សករាជថ្មី និងវិបុលភាពរួមគ្នាបន្ថែមទៀតនាពេលអនាគត។

ជាមួយនឹងព៌ណសម្បុរ នៃទំនាក់ទំនងកាទូតបែបចម្រុះព៌ណ ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបាន និងកំពុងត្រូវបានគេមើលឃើញថា កំពុងដើរលើផ្លូវត្រូវ ក្នុងការស្វែងរកការពង្រឹងឯករាជ្យភាព ខាងសេដ្ឋកិច្ច នយោបាយ និងបូរណ

ភាពទឹកដី។

ជាមួយគ្នានេះ “ទំនាក់ទំនងកាទូតគ្មានសត្រូវ និងគិតតែពីផលប្រយោជន៍” គឺជាផែនទីបង្ហាញផ្លូវមួយដែលមេដឹកនាំកម្ពុជា ចិនបាននិងកំពុងប្រកាន់យក ដោយឈរលើទស្សនវិស័យរួមគ្នា ក្នុងទិដ្ឋភាពមួយចំនួនដូចជា ទី១ កសាងវិបុលភាពរួម ការពារគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ទី២ ពង្រឹងទំនាក់ទំនង ដែលមានស្រាប់ឲ្យកាន់តែមានសាមគ្គីភាព និងសហភាតរៈថែមទៀត ទី៣ ធ្វើយ៉ាងណាឲ្យប្រជាជននៃប្រទេសទាំងពីរ កាន់តែយល់ពីគ្នា ខិតជិតគ្នាបន្ថែមទៀត។

ទី៤ កម្ពុជាត្រូវតែជាមិត្តល្អបំផុត និងបន្តការពារប្រជាជនចិន និងផលប្រយោជន៍ចិន នៅកម្ពុជាបន្តទៀត និងទី៥ មេដឹកនាំប្រទេសទាំងពីរ គួរធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក ឲ្យបានកាន់តែញឺកញាប់ និងទៀងទាត់។

ព្រះអាទិត្យចិនកំពុងរះនៅកម្ពុជា ជាមួយនឹងពន្លឺស្រទន់ ស្របពេលអនាគតមួយ ដែលមេដឹកនាំទាំងពីរកំពុងកសាងរួមគ្នា កំពុងខិតទៅសមរ្រេចបាននូវក្តីសុបិនពិតប្រាក ពិសេសមេដឹកនាំចិនគួរប្រែក្លាយសុបិន ទៅជាការពិតបានកាន់តែឆាប់រហ័ស ជាមួយនឹងការប្រគុំភ្លេងនិងច្រៀងរួមគ្នានារដូវផ្ការីកខាងមុខ៕

ប្រទេសអូស្ត្រាលីប្រកាសបោះទុនជាង៦ពាន់លានដុល្លារអាមេរិកដើម្បីជំរុញទីផ្សារលំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានប្រកាសបោះទុនវិនិយោគចំនួន១០ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណ៦,៣ពាន់លានដុល្លារអាមេរិក) ក្នុងទម្រង់ជាជំនួយឥតសំណង និងប្រាក់កម្ចីដើម្បីជួយដល់អ្នកទិញផ្ទះលើកដំបូង។

 

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្តេជ្ញាសាងសង់ផ្ទះថ្មីឱ្យបានចំនួន១,២លានយូនីតនៅត្រឹមឆ្នាំ២០៣០ខាងមុខ ដើម្បីបន្ធូរបន្ថយសម្ពាធនៃការចំណាយនៅក្នុងប្រទេសអូស្ត្រាលី។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។

 

ចំណាត់ការនេះធ្វើឡើង ខណៈពលរដ្ឋអូស្ត្រាលីជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការខ្វះខាតលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅលើទីផ្សារ។ដូច្នេះ ការបោះទុនវិនិយោគដោយរដ្ឋាភិបាលអូស្ត្រាលីក្នុងទម្រង់ជាជំនួយឥតសំណង និងប្រាក់កម្ចីនឹងជួយបង្កើនលទ្ធភាពហិរញ្ញវត្ថុដល់អ្នកទិញផ្ទះ។

 

លទ្ធភាពទិញផ្ទះបានក្លាយជាបញ្ហាសំខាន់ ខណៈការបោះឆ្នោតសកលនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នឹងចូលមកដល់នាពេលខាងមុខ។

ប្រសិនបើទទួលបានជ័យជំនះម្តងទៀត រដ្ឋាភិបាលដឹកដោយគណបក្ស Labor របស់លោកនាយករដ្ឋមន្ត្រី Anthony Albanese ប្តេជ្ញាអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលីអាចទិញផ្ទះ ដោយទូទាត់ប្រាក់កក់ត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃតម្លៃផ្ទះសរុប។

 

តម្លៃផ្ទះនៅក្នុងប្រទេសអូស្ត្រាលីបានហក់ឡើងថ្លៃខ្ពស់កប់ពពកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការលំនៅដ្ឋានមានកម្រិតខ្ពស់។ប៉ុន្តែ ការផ្គត់ផ្គង់មានកម្រិតទាប។

 

ប្រទេសអូស្ត្រាលីបានប្រកាសហាមឃាត់មិនឱ្យអ្នកវិនិយោគបរទេសទិញផ្ទះដែលមានស្រាប់នៅក្នុងប្រទេសរបស់ខ្លួនរយៈពេល២ឆ្នាំចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។នេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជំរុញការផ្គត់ផ្គង់លំនៅដ្ឋានថ្មី៕ប្រភព: Nikkei Asia៕