ឯកសារសំខាន់ៗចំនួន៣៧ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិន

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ជាមួយនឹងស្នាមញញឹម ជាមួយនឹងការនាំមកនូវការកសាងសហគមន៍វាសនារួមកម្ពុជា ចិនគ្រប់សម័យកាល មេដឹកនាំចិន និងកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៣៧។

    ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីល្ងាចថ្ងៃទី១៧ មេសាកន្លងមកនេះ។

ឯកសារ និងពិធីផ្លាស់ប្តូរឯកសារដែលបានចុះហត្ថលេខាពាក់ព័ន្ធវិស័យមួយចំនួនរួមមាន ការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុ វិស័យព័ត៌មាន ការងារយុវជន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យទេសចរណ៍ វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត៕

គំរោងវិនិយោគតម្លៃជិត៧០០០លានដុល្លារត្រូវបានអនុម័តនៅ ខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ គម្រោងវិនិយោគសរុប២៨៧ ដែលមានទុនវិនិយោគប្រមាណជិត៧ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តជាគោលការណ៍ នៅក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។

នេះបើតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមេសា។

យោងតាមព្រឹត្តិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយនាថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមេសា កន្លងមក ជាលទ្ធផលកិច្ចប្រជុំបានសម្រេច ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន១៨ ក្នុងនោះពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៥គម្រោង និងគម្រោងថ្មីចំនួន១៣ គម្រោង ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប២០៥ លានដុល្លារ និងអាចបង្កើតការងារប្រមាណ២៩១៦កន្លែង។

គម្រោងទាំងនោះជាអាទិ៍មាន រោងចក្រស្លនិងកែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស អគារការិយាល័យ អគារស្នាក់នៅរួម សណ្ឋាគារ និងស្ថានីយទូរទស្សន៍ ជាដើម។

ឯកសារបានបញ្ជាក់ថា ជារួមគិតត្រឹមខែមេសា(ពាក់កណ្តាលខែមេសា) ឆ្នាំ២០២៥ នេះ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន៦៨៧៥លានដុល្លារ។

ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់អាទិភាពក្នុងការពន្លឿនការអភិវឌ្ឍខេត្តនេះ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។

ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាល កាលពីដើមឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ តាមរយៈការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីនានា រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។

តាមរយៈវិធានការដែលដាក់ឱ្យអនុវត្តន៍ នៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនេះ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច៤ប្រភេទ រួមមាន ទី១. គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ទី២. គម្រោងវិនិយោគដែលអាច ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២៤។ ទី៣. ការពង្រីកគម្រោងដែលមានស្រាប់ និងទី៤. គម្រោងវិនិយោគ/ ធុរកិច្ចដែលមានស្រាប់ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដែលក្នុងនោះរួមមាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗមួយចំនួន ការលើកលែងកម្រៃសេវាចុះបញ្ជី ការសម្រួលនីតិវិធី បង់ពន្ធជាកញ្ចប់តាមដំណាក់កាល ការលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះការធ្វើសវនកម្មពន្ធដារ ព្រមទាំងការផ្តល់ការលើកទឹកចិត្តដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬ ការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

វិស័យសំណង់ និងការវិនិយោគនានា ក្នុងខេត្តព្រះសីហនុមុនឆ្នាំ ២០១៩ ពិសេសនៅមុនការលេចឡើងនៃវត្តមានជំងឺកូវីដ១៩ គឺបានបោះជំហានទៅមុខយ៉ាងលឿនមិនគួរឱ្យជឿ ដោយមានសំណង់អគារធំៗ ខ្ពស់ៗ និងអាជីវកម្មជាច្រើនបានបង្ហាញវត្តមាន នៅទីនោះជាបន្តបន្ទាប់។ ភាគច្រើននៃវិនិយោគិនដែលបណ្តាក់ទុន ក្នុងខេត្តព្រះសីហនុ គឺមកពីប្រទេសចិន។

ទោះយ៉ាងណាវិបត្តិសុខភាព និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ទៅដល់ការវិនិយោគនៅទីនោះរហូតមកដល់ពេលនេះ។

គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញ និងលើកទឹកចិត្តសម្រាប់វិនិយោគិនក្នុងខេត្តព្រះសីហនុ គឺនឹងចូលរួមចំណែកយ៉ាងច្រើនដល់ការលើកមុខមាត់ ក៏ដូចជាទីផ្សារអចលនទ្រព្យ និងសំណង់ ព្រមទាំងអាជីវកម្មផ្សេងៗទៀត ក្នុងខេត្តព្រះសីហនុ ឱ្យងើបឡើងវិញកាន់តែលឿន៕

វិភាគៈ ដំណើរទស្សនកិច្ចបង្ហាញនូវសាមគ្គីភាព និងការកសាងសហគមន៍វាសនារួម

0

ដោយៈ យិន លាងគង់សហស្ថាបនិកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ព្រះអាទិត្យទីក្រុងប៉េងកាំង ទំនងជាមិនផ្លាស់ប្តូរព៌ណនៅកម្ពុជាទេ ប៉ុន្តែពន្លឺហាក់ស្រអ័ព្ទបន្តិចហើយ នៅពេលព្រះទិនករនេះរងនូវខ្យល់ និងពពកខ្មៅបាំងបិទជាបន្តបន្ទាប់។

ទំនាក់ទំនងដែលបានចាប់ផ្តើម ចំណងអាទូតរយៈពេល៦៧ឆ្នាំនេះ បានពូនជ្រុះជាមួយរដូវផ្ការីក និងដំណក់ភ្លៀង លាយនឹងដុះទឹកកក ដែលពេលខ្លះក៏បង្ករបួស្នាមដល់កម្ពុជា ជាមិត្តផងដែរ។

គោលនយោបាយមិនផ្លាស់ប្តូរ

ការចាប់ផ្តើមពង្រីក និងពង្រឹងទំនាក់ទំនងពីមិត្តភាព កិច្ចសហប្រតិបត្តិការពីភាពជាមិត្ត មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១២ និងជាមិត្តដែកថែប ក្រោមយុទ្ឋសាស្រ្តត្បូងពេជ្រ និងប្រែក្លាយជាសហគមន៍ពីរ វាសនាតែមួយ” ជាអ្វីដែលសហគមន៍អាស៊ាននិងអន្តរជាតិ បានមើលឃើញថា “កម្ពុជាបានខិតជិតប្រទេសមហាអំណាចទី២នេះ កាន់តែច្បាស់ និងទទួលបានផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីរបត់នយោបាយ ដែលប្រៀបបានរដូវផ្ការីកនេះ។

ជាលទ្ឋផលនៃកិច្ចសហប្រតិបត្តិការ លើទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជនក៏បាន និងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការលើកកំពស់ពាណិជ្ជកម្ម ជម្រុញការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន និងពីប្រទេសចិនមកកម្ពុជាកើនឡើងខ្ពស់ផងដែរ។

ជាក់ស្តែងយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គិតពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២៥នេះ អ្នកធុរកិច្ច មកពីប្រទេសចិនបានវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់រហូតដល់៣៦ពាន់លានដុល្លារអាមេរិក ដែលចំនួននេះមិនទាន់គិតពីជំនួយឥតសំណងនៅឡើយ។

ផលប្រយោជន៍

ជាមួយនឹងស្នាមញញឹម បង្កប់ដោយអត្ថន័យពេលចុះពីយន្តហោះពិសេសភ្លាមនាព្រឹកថ្ងៃទី១៧ មេសា នេះ លោកស៊ី ជីនពីងប្រធានាធិបតីចិនដ៏មានឥទ្ឋិពលរូបនេះ ត្រូវបានគេមើលឃើញថា ដំណើរទស្សនកិច្ចនេះ នឹងនាំមកនូវផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការលើទិដ្ឋភាពមួយចំនួនដូចជា ទី១ ចិននៅតែមិនបោះបង់កម្ពុជា ប៉ុន្តែប្រទេសទាំងពីរ នឹងឈរលើជំហររួមគ្នា ក្នុងគ្រប់កាលៈទេសៈ ទី២ ចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ដើម្បីឈានទៅសម្រេចវិបុលភាពរួមគ្នា ជាមួយនឹងការឆ្ពោះទៅកសាងសហគមន៍ វាសនារួមគ្នា។

ទី៣ ដំណើរទស្សនកិច្ច ស្របនឹងកំដៅសង្រ្គាមពាណិជ្ជកម្ម ដែលបង្កដោយលោកដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក គឺប្រៀបដូចការលើកឡើងរបស់សម្តេចតេជោ “មិត្តល្អជួយគ្នាក្នុងគ្រាលំបាក”។ ទី៤ ដំណើរទស្សនកិច្ចនេះ នឹងបន្តផ្តលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក។ ទី៥ ចិននឹងបន្តគាំទ្រ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរអ្នកវិនិយោគចិន បានរក្សាតំណែងជាប្រទេសវិនិយោគ ធំជាងគេបំផុត ក្នុងរយ:ពេល៨ឆ្នាំជាប់ៗគ្នារបស់កម្ពុជា ក្នុងរយៈពរលចុងក្រោយនេះ។ នេះបើតាមរបាយការណ៍របស់សមាគមសារព័ត៌មានកម្ពុជា ចិន។

ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់ចិន នៅកម្ពុជាឈានដល់២.៨៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៤៣% នៃការទាក់ទាញ វិនិយោគបរទេសសរុបរបស់កម្ពុជា។

សារដ៏រំជួលចិត្ត

ជាមួយនឹងការបរិយាយពីប្រវត្តិសាស្រ្ត ទំនាក់ទំនងដ៏យូរអង្វែងអរិយធ៌មដែលប្រទេសពីរបានសាងឡើង ពាណិជ្ជកម្ម និងអ្វីដែលមេដឹកនាំជំនាន់មុនបានកសាងឡើង ដែលជាសារពោរពេញដោយអត្ថន័យដ៏ស៊ីជម្រៅ ពាក្យមួយឃ្លាដ៏គួរឲ្យរំភើបចំពោះប្រជាជាតិកម្ពុជា ពីមេដឹកនាំរបស់មហាអំណាចរូបនេះ គឺ ““ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អ”។

សារដ៏កក់់ក្តៅ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ក៏បានបង្កប់នូវតម្លៃស្នូល “នៃការកសាងវិបុលភាពរួម” ដោយប្រធានាធិបតីស៊ី ជីនពីងបានលើកឡើងមកបញ្ជាក់ផងដែរថា “សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក បានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងខ្លា សម្រាប់សហគមន៍វាសនារួមចិន-កម្ពុជា”។

លើសពីនេះ ប្រធានាធិបតីចិនបានបញ្ជាក់ ជំហរយ៉ាងម៉ឺងម៉ាត់ចំពិពោះកម្ពុជាថា “ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ”។

ជាមួយនឹងសារដ៏រំជួលចិត្តនេះ ប្រធានាធិបតីចិន ក៏បានលើកឡើងនូវចក្ខុវិស័យជាច្រើន ដែលមេដឹកនាំនិងប្រជាជាតិទាំងពីរគួររួមគ្នា ដោះស្រាយ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបានវិបុលភាពរួម គឺ “សហគមន៍ពីរ វាសនាតែមួយ”ផងដែរ។

ជាមេដឹកនាំ ដែលប្រកាន់យកជំហរសេរីភាវូបនីយកម្ម និងការសាងសហគមន៍វាសនារួម និងវិបុលភាពរួមសម្រាប់ពិភពលោក ប្រធានាធិបតីស៊ី ជីនពីង បាននិងកំពុងរងសម្ពាធធ្ងន់ធ្ងរ ពីមេដឹកនាំអាមេរិក ប្រធានាធិបតីដូណាល់ ជេ ត្រាំ ដែលបានដាក់ពន្ឋគយលើទំនិញចិន រហូតដល់១៤៥ភាគរយ ជាអ្វីដែលមេដឹកនាំចិន និងសហគមន៍អន្តរជាតិហួសចិត្ត ដោយការដាក់របាំងពន្ឋគយនេះ បាននិងកំពុងរំលោភច្បាប់អន្តរជាតិ និងរំលោភលើគោលការណ៍សីលធ៌ម។

ហេតុនេះដំណើរទស្សនកិច្ចមកកាន់អាស៊ាន ក៏ដូចជាកម្ពុជា ច្បាស់លាស់ណាស់ មេដឹកនាំចិន បាននិងកំពុងស្វែងរកនូវការរួបរួម ការស្វែងរកវិបុលភាពរួម និងស្វែងរកការគាំទ្រគ្នាទៅវិញទៅមក លើគ្រប់ទិដ្ឋភាពនយោបាយ កាទូត និងសេដ្ឋកិច្ច។

សាររបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានាធិបតីស៊ី ជីនពីង ឆ្លុះបញ្ចាំងពីរទំនាក់ទំនងរ៉ឹងមាំ យូរអង្វែង ដែលត្រូវបានពូនជ្រុំដោយអតីតសម្តេចព្រះបរម រតនកោដិ នរោត្តមសីហនុ សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

សម្តេចបានថ្លែងបញ្ជាក់ថា “មិត្តភាពកម្ពុជា ចិន ជាមិត្តភាពប្រវត្តិសាស្រ្ត និងយូរអង្វែង ហើយប្រទេសយើងទាំងពីរ បានពង្រីក និងពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”។ សម្តេចបន្តថា “ប្រទេសយើងទាំងពីរកំពុងរួមគ្នា ក្នុងការបង្កើតសមិទ្ឋផលថ្មីៗ ក្រោមកិច្ចសហប្រតិបរត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាព ស្មើសិទ្ឋ មិនជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុង”។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានបន្តទៀតថា ចំពោះកម្ពុជា “មិត្តចិន” បានដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ វិនិយោគ និងទេសចរណ៍”។

សម្តេចបញ្ជាក់ថា “ភាពជាដៃគូមិត្តភាពកម្ពុជា ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាពការពារជាតិ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ”។

ជាមួយនឹងសារស្វាគមន៍ មេដឹកនាំវ័យក្មេងកម្ពុជារូបនេះ បាននិងកំពុងធ្វើសកម្មភាពជាច្រើន លើកម្រិតជាតិ អន្តរជាតិ និងកម្រិតពិភពលោក ដើម្បីស្វែងរកវិបុលភាពកម្ពុជា និងនាំកម្ពុជាឆ្ពោះទៅកាន់ឋានៈថ្មីក្នុងពិភពលោក គឺការប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្វីកាន់តែពិសេសក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនជាលើកដំបូង បន្ទាប់ពីត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានផ្ញើរសារយ៉ាងច្បាស់ជូនមេដឹកនាំចិនគឺ “កម្ពុជាប្រកាន់យកគោលនយោបាយចិនតែមួយ” និងបានបង្ហាញការប្តេជ្ញាចិត្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជាចិន កាន់តែល្អប្រសើរផងដែរ។

អ្វីត្រូវពូនជ្រុំ

រឿងជូរចត់ទាំងឡាយ ក្នុងទំនាក់ទំនងកាទូត ដែលមានកន្លងមក មេដឹកនាំកម្ពុជា បាននិងកំពុងបំភ្លេច ជាមួយនឹងការចាប់ផ្តើមដោយពួតដៃគ្នាពូនជ្រុំនូវទំនាក់ទំនង ដែលឈានដល់កម្រិតកំពូល ឲ្យកាន់តែរីកត្រសុំត្រសាយថែទៀត ដើម្បីនាំមកនូវស្នាមញញឹម និងដំណើរឆ្ពោះទៅកាន់សករាជថ្មី និងវិបុលភាពរួមគ្នាបន្ថែមទៀតនាពេលអនាគត។

ជាមួយនឹងព៌ណសម្បុរ នៃទំនាក់ទំនងកាទូតបែបចម្រុះព៌ណ ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបាន និងកំពុងត្រូវបានគេមើលឃើញថា កំពុងដើរលើផ្លូវត្រូវ ក្នុងការស្វែងរកការពង្រឹងឯករាជ្យភាព ខាងសេដ្ឋកិច្ច នយោបាយ និងបូរណ

ភាពទឹកដី។

ជាមួយគ្នានេះ “ទំនាក់ទំនងកាទូតគ្មានសត្រូវ និងគិតតែពីផលប្រយោជន៍” គឺជាផែនទីបង្ហាញផ្លូវមួយដែលមេដឹកនាំកម្ពុជា ចិនបាននិងកំពុងប្រកាន់យក ដោយឈរលើទស្សនវិស័យរួមគ្នា ក្នុងទិដ្ឋភាពមួយចំនួនដូចជា ទី១ កសាងវិបុលភាពរួម ការពារគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ទី២ ពង្រឹងទំនាក់ទំនង ដែលមានស្រាប់ឲ្យកាន់តែមានសាមគ្គីភាព និងសហភាតរៈថែមទៀត ទី៣ ធ្វើយ៉ាងណាឲ្យប្រជាជននៃប្រទេសទាំងពីរ កាន់តែយល់ពីគ្នា ខិតជិតគ្នាបន្ថែមទៀត។

ទី៤ កម្ពុជាត្រូវតែជាមិត្តល្អបំផុត និងបន្តការពារប្រជាជនចិន និងផលប្រយោជន៍ចិន នៅកម្ពុជាបន្តទៀត និងទី៥ មេដឹកនាំប្រទេសទាំងពីរ គួរធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក ឲ្យបានកាន់តែញឺកញាប់ និងទៀងទាត់។

ព្រះអាទិត្យចិនកំពុងរះនៅកម្ពុជា ជាមួយនឹងពន្លឺស្រទន់ ស្របពេលអនាគតមួយ ដែលមេដឹកនាំទាំងពីរកំពុងកសាងរួមគ្នា កំពុងខិតទៅសមរ្រេចបាននូវក្តីសុបិនពិតប្រាក ពិសេសមេដឹកនាំចិនគួរប្រែក្លាយសុបិន ទៅជាការពិតបានកាន់តែឆាប់រហ័ស ជាមួយនឹងការប្រគុំភ្លេងនិងច្រៀងរួមគ្នានារដូវផ្ការីកខាងមុខ៕

ប្រទេសអូស្ត្រាលីប្រកាសបោះទុនជាង៦ពាន់លានដុល្លារអាមេរិកដើម្បីជំរុញទីផ្សារលំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានប្រកាសបោះទុនវិនិយោគចំនួន១០ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណ៦,៣ពាន់លានដុល្លារអាមេរិក) ក្នុងទម្រង់ជាជំនួយឥតសំណង និងប្រាក់កម្ចីដើម្បីជួយដល់អ្នកទិញផ្ទះលើកដំបូង។

 

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្តេជ្ញាសាងសង់ផ្ទះថ្មីឱ្យបានចំនួន១,២លានយូនីតនៅត្រឹមឆ្នាំ២០៣០ខាងមុខ ដើម្បីបន្ធូរបន្ថយសម្ពាធនៃការចំណាយនៅក្នុងប្រទេសអូស្ត្រាលី។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។

 

ចំណាត់ការនេះធ្វើឡើង ខណៈពលរដ្ឋអូស្ត្រាលីជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការខ្វះខាតលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅលើទីផ្សារ។ដូច្នេះ ការបោះទុនវិនិយោគដោយរដ្ឋាភិបាលអូស្ត្រាលីក្នុងទម្រង់ជាជំនួយឥតសំណង និងប្រាក់កម្ចីនឹងជួយបង្កើនលទ្ធភាពហិរញ្ញវត្ថុដល់អ្នកទិញផ្ទះ។

 

លទ្ធភាពទិញផ្ទះបានក្លាយជាបញ្ហាសំខាន់ ខណៈការបោះឆ្នោតសកលនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នឹងចូលមកដល់នាពេលខាងមុខ។

ប្រសិនបើទទួលបានជ័យជំនះម្តងទៀត រដ្ឋាភិបាលដឹកដោយគណបក្ស Labor របស់លោកនាយករដ្ឋមន្ត្រី Anthony Albanese ប្តេជ្ញាអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលីអាចទិញផ្ទះ ដោយទូទាត់ប្រាក់កក់ត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃតម្លៃផ្ទះសរុប។

 

តម្លៃផ្ទះនៅក្នុងប្រទេសអូស្ត្រាលីបានហក់ឡើងថ្លៃខ្ពស់កប់ពពកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការលំនៅដ្ឋានមានកម្រិតខ្ពស់។ប៉ុន្តែ ការផ្គត់ផ្គង់មានកម្រិតទាប។

 

ប្រទេសអូស្ត្រាលីបានប្រកាសហាមឃាត់មិនឱ្យអ្នកវិនិយោគបរទេសទិញផ្ទះដែលមានស្រាប់នៅក្នុងប្រទេសរបស់ខ្លួនរយៈពេល២ឆ្នាំចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។នេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជំរុញការផ្គត់ផ្គង់លំនៅដ្ឋានថ្មី៕ប្រភព: Nikkei Asia៕

សារលិខិតរបស់ប្រធានាធិបតីចិនស៊ី ជីនពីងចំពោះកម្ពុជា “ខ្ញុំរីករាយណាស់ បានមកលេងផ្ទះមិត្តល្អ”

0

ដោយៈ សហសេវិក

ភ្នំពេញៈ ដំណើរទស្សនកិច្ចរបស់មេដឹកនាំ មហាអំណាចទី២លើពិភពលោកមកកាន់កម្ពុជា ចន្លោះថ្ងៃទី១៧ ដល់១៨ មេសានេះ បាននិងកំពុងឆ្លុះបង្ហាញភាពរ៉ឹងមាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ដូចកាលពីឆ្នាំ២០១៦ដែរ ប្រធានាធិបតីដ៏មានឥទ្ឋិពលនេះបានផ្ញើរសារលិខិត មួយច្បាប់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

 

សារលិខិតមានខ្លឹមសារដូចខាងក្រោមនេះ “ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាព និងចីរភាព

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបានបញ្ជាក់ថា “ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អ” តបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។

លោកប្រធានាធិបតីបានបញ្ជាក់ប្រកបដោយអត្ថន័យថា “នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀត សម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ សង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន- កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង”។

សហគមន៍វាសនារួមចិន-កម្ពុជា ចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រ នៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិននិងកម្ពុជា មានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំ។ នារាជវង្សថាងសម័យបុរាណចិន(ឆ្នាំ៦១៨-៩០៧) សមាជិកនៃព្រះរាជវង្សានុវង្សចេនឡា បានយាងបំពេញទស្សនកិច្ច ទៅរាជធានីឆាំងអាន ប្រទេសចិន ហើយទទួលបានបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់ ដោយត្រូវចាត់ទុកជា “Bin Han” ដែលមានន័យថា “ភ្ញៀវកិត្តិយស”។

ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានរឹតបន្តឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាបន្តបន្ទាប់។

គ្រឿងប៉សឺឡែន និងគ្រឿងម្រ័ក្សណ៍ខ្មុកចិន ត្រូវដឹកជញ្ជូនទៅកម្ពុជា តាមរយៈផ្លូវសូត្រសមុទ្រ ហើយផលិតផលពិសេសខ្មែរដូចជា គ្រឿងទេស និងសូត្រឆៅជាផលិតផលពេញនិយមខ្លាំង សម្រាប់ប្រជាជនចិន ចម្លាក់ប្រណិតលើជញ្ជាំងប្រាសាទបាយ័ន បានបង្ហាញពីរូបភាពដ៏មមាញឹក នៃការផ្លាស់ប្តូរពាណិជ្ជកម្ម ប្រទេសទាំងពីរលើប្រវត្តិសាស្ត្រ។ ព្រះសង្ឃល្បីល្បាញខ្មែរជាច្រើនអង្គ ធ្លាប់និមន្តទៅប្រទេសចិន ដើម្បីផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនា ហើយ “កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីរបស់អ្នកស្រុកចេនឡា” ដែលនិពន្ធដោយលោកជីវ តាក្វាន់ នារាជវង្សយ័នសម័យបុរាណចិន(ឆ្នាំ១២៧១-១៣៦៨) បានក្លាយទៅជាឯកសារសំខាន់ ដើម្បីសិក្សាស្រាវជ្រាវប្រវតិ្តសាស្ត្រកម្ពុជារ។

“អរិយធម៌ចិន និងខ្មែរ ដ៏អស្ចារ្យបានឆ្លងកាត់ពេលវេលាយូរលង់ និងមានពន្លឺចែងចាំងគ្នាទៅវិញទៅមក”។

ការផ្តល់តម្លៃ ដល់មនោសញ្ចេតនានិងគុណធម៌ ជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់ នៃសហគមន៍វាសនារួមចិន-កម្ពុជា។

ប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្ត្រី ជូ អេនឡៃ ដែលជាមេដឹកនាំជំនាន់ចាស់ប្រទេសចិន និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” ជាសហស្ថាបនិកនៃមិត្តភាពចិន-កម្ពុជា។

កាលពី៧០ឆ្នាំមុន ក្នុងឱកាសសន្និសីទក្រុងបានឌុង ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងនាយករដ្ឋមន្ត្រី ជូ អេនឡៃ បានជួបគ្នាលើកដំបូង និងរាប់អានគ្នា ដូចជាមិត្តភ័ក្តិចាស់កម្ពុជាបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងសាធារណរដ្ឋ ប្រជាមានិតចិននាឆ្នាំ១៩៥៨ ប្រទេសចិនក៏បានគាំទ្រពេញទំហឹងដល់កម្ពុជា ក្នុងការតស៊ូយុត្តិធម៌នៃទប់ទល់នឹងការឈ្លានពានពីបរទេស និងគាំពារអធិបតេយ្យភាពនិងឯករាជ្យជាតិ។

ភាគីទាំងពីរតែងតែរួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមកនាគ្រាដែលត្រូវការជំនួយពីគ្នា។ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានគង់នៅប្រទេសចិនជិត៤០ឆ្នាំ និងទ្រង់ទុកចិនជាស្រុកកំណើតទីពីរ បទចម្រៀងកោតសរសើរមិត្តភាពចិន-កម្ពុជាដូចជា “ស្រណោះប្រទេសចិន” ដែលជាស្នាព្រះហត្ថព្រះករុណា បានត្រូវផ្សព្វផ្សាយទូលំទូលាយ និងបន្តច្រៀងរហូតដល់សព្វថ្ងៃនេះ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានយាងទៅប្រទេសចិនជារៀងរាល់ឆ្នាំ ហើយយើងបានជួបសំណេះសំណាលគ្នាយ៉ាងជិតស្និទ្ធជាច្រើនដង។

នាឆ្នាំ២០២០ ខ្ញុំបានថ្វាយគ្រឿងឥស្សរិយយស “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

គ្រឿងឥស្សរិយយសដ៏មានតម្លៃនេះ បានបន្ទុកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ របស់ប្រជាជនចិនចំពោះប្រជាជនកម្ពុជា។ ចំពោះមុខកូវីដ ដែលជាវិបត្តិសតវត្សរ៍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចទៅប្រទេសចិន ក្នុងអាកាសធាតុមានខ្យល់ខ្លាំង និងធ្លាក់ព្រិល ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រច្រើនក្រុម ទៅប្រទេសកម្ពុជា ដើម្បីជួយជ្រោមជ្រែង ភាគីទាំងពីរបានផ្តល់សម្ភារៈវេជ្ជសាស្ត្រជាច្រើន ហូហែរគ្នាទៅវិញទៅមក។

ចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានគាំទ្រ ផលប្រយោជន៍ស្នូលពីគ្នាទៅវិញទៅមក រួមដៃគាំពារសមធម៌ និងយុត្តិធម៌អន្តរជាតិ ហើយបានបង្កើតមិត្តភាពដែកថែបចិន-កម្ពុជា។

សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក បានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងខ្លា សម្រាប់សហគមន៍វាសនារួមចិន-កម្ពុជា។

ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគធំបំផុតរបស់កម្ពុជាជាយូរឆ្នាំ ភាគីទាំងពីរបានជំរុញឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការ លើវិស័យខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់បន្តបន្ទាប់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បានផ្ដល់អំណោយផលដល់ការនាំចេញ “កសិផលកម្ពុជា”ដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ធ្វើឲ្យផ្លែចេក ស្វាយ មៀនកម្ពុជា អាចចូលក្នុងគ្រួសាររាប់ពាន់រាប់ម៉ឺននៃប្រទេសចិន។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិននិងកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង២០០ក្រុមហ៊ុនចូលបង្កើតរោងចក្រ ដែលបានរួមចំណែកក្នុងការទំនើបកម្មឧស្សាហកម្មកម្ពុជា។

គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលគាំទ្រសាងសង់ដោយភាគីចិន ដូចជា ផ្លូវល្បឿនលឿនទីមួយ ស្ពានអាកាសឆ្លងកាត់ជួរភ្នំទីមួយ ស្ថានីយ៍អគ្គិសនីធំបំផុត និងពហុកីឡដ្ឋានធំបំផុតជាដើម បាននាំមកនូវផលប្រយោជន៍ ជាក់ស្ដែងដល់ប្រជាជនកម្ពុជា ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍យូអង្វែងរបស់កម្ពុជា។

អ្នកជំនាញចិនបានទស្សនាគ្រប់ខេត្ត -ក្រុងក្នុងប្រទេសកម្ពុជា ដើម្បីជួយរៀបចំផែនការមេ អភិវឌ្ឍន៍ទំនើបកម្មវិស័យឧស្សាហកម្មកសិកម្ម។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអទិភាព៦ ចិន-កម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍កម្ពុជា។

បរិយបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក ជាមូលដ្ឋានរឹងមាំនៃសហគមន៍វាសនារួមចិន-កម្ពុជា។ ប្រទេសចិនបានបញ្ជូនអ្នកជំនាញវិស័យបុរាណវិទ្យា វិស័យស្ទង់ភូមិសាស្ត្រ វិស័យប្រវត្តិសាស្រ្តនិងវប្បធម៌ វិស័យស្ថាបត្យកម្មជាដើម មកធ្វើការនៅកម្ពុជាជិត៣០ឆ្នាំ ដើម្បីអនុវត្តគម្រោងជួសជុល ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងព្រះបរមរាជវាំងអង្គរធំ ដែលបានធ្វើឱ្យរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌ នៃអរិយធម៌មនុស្សជាតិ ទទួលបានភាពរុងរឿងឡើងវិញ។

មានភ្ញៀវទេសចរចិនកាន់តែច្រើន ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យ។ មានមិត្តភ័ក្តិកម្ពុជា កាន់តែច្រើនរៀនភាសាចិន ដើម្បីគយគន់អរិយធម៌ចំណាស់ចិន និងទំនើបកម្មបែបចិន។

ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានជួយសាងសង់ “ផ្លូវមិត្តភាព” ជីក “អណ្តូងសុភមង្គល” និងអភិវឌ្ឍគម្រោងភូមិមិត្តភាពចិន-កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននៅកម្ពុជា បានជួយក្មេងស្រីថ្លង់ ឱ្យចេះនិយាយថា “ម៉ាក់” ជាលើកដំបូងក្នុងជីវិតរបស់នាង និងបានជួយអ្នកជំងឺ ដែលប្រើប្រាស់កៅអីរុញជាយូរឆ្នាំ អាចក្រោកឈរឡើងវិញបាន។

ជាងកន្លះសតវត្សកន្លងមក អាស៊ីបង្កើតបាន “អច្ឆរិយអាស៊ី” នៅក្នុងប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍន៍ពិភពលោក ដោយបានរក្សាសន្តិភាពនិងស្ថិរភាពជាទូទៅ រួមទាំងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័។ បច្ចុប្បន្នស្ថានការណ៍ពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័និងខ្លាំងខ្លា ដែលមិនធ្លាប់មាន ក្នុងមួយសតវត្សរ៍ អាស៊ីកំពុងឈរនៅចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់ការស្តារឡើងវិញជារួម។

ចិននឹងបន្តប្រកាន់ខ្ជាប់នូវ គោលគំនិតការទូតជាមួយប្រទេសជិតខាង ដែលប្រកបដោយភាពជិតស្និទ្ធស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាព និងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាង ជំរុញឱ្យសមិទ្ធផលនៃទំនើបកម្មបែបចិន ផ្ដល់ផលប្រយោជន៍ កាន់តែច្រើនដល់ប្រទេសជិតខាង រួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជំរុញដំណើរការទំនើបកម្មរបស់អាស៊ីទៅមុខទៀតដោយឥតឈប់ឈរ។

ក្នុងនាមជាសមាជិកដ៏សំខាន់នៃគ្រួសារអាស៊ី ចិននិងកម្ពុជាគួរតែដើរស្របតាមនិន្នាការប្រវត្តិសាស្ត្រ ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន ខិតខំប្រឹងប្រែងគ្នានិងសម្រេចបានជោគជ័យគ្នា។ ចិននិងកម្ពុជា គួរតែធ្វើជាអ្នកត្រួសត្រាយនិងជាអ្នកគំរូ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍វាសនារួមចិន -កម្ពុជាក្នុងយុគសម័យថ្មី ប្រកបដោយស្ថិរភាពនិងចីរភាព។

យើងត្រូវតែជំរុញជំនឿទុកចិត្ត ខាងនយោបាយគ្នាទៅវិញទៅមក ឲ្យបានស៊ីជម្រៅ និងឈានដល់កម្រិតកាន់តែខ្ពស់។ យើងត្រូវតែរក្សាការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់ជាញឹកញាប់ និងរៀបចំផែនការស្តីពីការកសាងសហគមន៍វាសនារួមចិន -កម្ពុជាក្នុងយុគសម័យថ្មីដោយគិតគូរពីកម្រិតយុទ្ធសាស្ត្រ។

ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ ភាគីទាំងពីរគួរតែពង្រឹង ការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅ ដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ។

យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ប្រកបដោយគុណភាពកាន់តែខ្ពស់។ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការតម្កល់ទុកការអភិវឌ្ឍន៍ និងប្រជាជនជាអាទិភាព ផ្តល់តួនាទីឱ្យបានពេញលេញ ដល់យន្តការគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្ត្របញ្ចកោណ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”។

យើងត្រូវតែរួមគ្នាថែរក្សា ប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការ ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផលិតកម្មកម្រិតខ្ពស់ ការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កាន់តែរឹងមាំនិងត្រចាស់ត្រចង់ រួមចំណែកក្នុងដំណើរការទំនើបកម្មនៃប្រទេសទាំងពីរ។

យើងត្រូវតែរួមគ្នា ពង្រឹងការពារសន្តិសុខ ក្នុងលំដាប់ថ្នាក់កាន់តែខ្ពស់។ យើងត្រូវតែពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជ្រៀតជ្រែក ការប្រឆាំងការបំបែកខ្លួន និងការទប់ស្កាត់និងប្រឆាំងបដិវត្តន៍ពណ៌ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការសមយុទ្ធរួមគ្នា ការធានាសន្តិសុខនៃគម្រោងខ្សែក្រវាត់និងផ្លូវ និងការឆ្លើយតបក្នុងគ្រាអាសន្នជាដើម ព្រមទាំងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។

យើងត្រូវតែប្រកាន់ខ្ជាប់ នូវចក្ខុវិស័យសន្តិសុខ ដែលផ្តោលសំខាន់ទៅលើរួមគ្នា គ្រប់ជ្រុងជ្រោយ សហការគ្នា និងនិរន្តរភាព ជំរុញយ៉ាងសកម្ម នូវការតភ្ជាប់គោលគំនិតសន្តិសុខ និងរួមគ្នាលើកកម្ពស់សុខសន្តិភាពក្នុងតំបន់និងពិភពលោក។

យើងត្រូវតែជំរុញការផ្លាស់ប្តូរប្រជាជ និងប្រជាជនឱ្យកាន់តែញឹកញាប់។ យើងត្រូវប្រកាន់ខ្ជាប់សាមគ្គីភាព និងភាពសុខដុមរមនា បង្កើនការសន្ទនា និងទំនាក់ទំនងលើវិស័យអរិយធម៌ ជំរុញការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចកាន់តែស៊ីជម្រៅ ធ្វើកិច្ចសហប្រតិបត្តិការតាមទម្រង់សម្បូរបែបក្នុងវិស័យ ទេសចរណ៍ វប្បធម៌ ការជួសជុលនិងអភិរក្សរបេតិកភណ្ឌ ការផ្លាស់ប្តូរយុវជនជាដើម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរួមគ្នាលើកកម្ពស់គុណតម្លៃអាស៊ី និងគុណតម្លៃរួមរបស់មនុស្សជាតិ។

យើងត្រូវតែពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឱ្យមានស្តង់ដារកាន់តែខ្ពស់។ យើងត្រូវស្រូបយកនូវបញ្ញាពីគោលការណ៍៥ប្រការ នៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងស្មារតីសន្និសីទក្រុងបានឌុង ពន្លឿនការកសាងសហគមន៍វាសនារួមរវាងប្រទេសឡានឆាង-មេគង្គ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព រួមគ្នាកសាងអាស៊ីប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ភាពស្រស់ស្អាត មេត្រីភាពនិងភាពសុខដុមរមនា។

យើងត្រូវរួមគ្នាប្រឆាំងនឹងអនុត្តរភាព នយោបាយអំណាច និងការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍រួម នៃប្រទេសទាំងពីរ និងប្រទេសកំពុងអភិវឌ្ឍន៍។ យើងត្រូវអំពាវនាវ ពហុប៉ូលភាវូបនីយកម្មពិភពលោកដោយស្មើភាព និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងផ្តល់ផលប្រយោជន៍ជាទូទៅ ប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងសមធម៌ យុត្តិធម៌អន្តរជាតិ រួមគ្នាប្រឆាំងនឹងលទ្ធិគាំពារនិយម ដើម្បីរក្សាភាពបើកចំហ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

កំណាព្យចិនបុរាណមួយពោលថា “មិត្តភក្តិពិតប្រាកដ” ប្រៀបដូចជា “មាសបរិសុទ្ធ” វានឹងមិនមានការប្រែប្រួល សូម្បីតែចម្រាញ់ច្រើនលើកច្រើនសារក៏ដោយ។

លោកប្រធានាធិបតីបានបញ្ជាក់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ភាគីទាំងពីរ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលបានឆ្លងកាត់ការសាកល្បង នៃពេលវេលា និងក្តីលំបាក នឹងកាន់តែរឹងមាំ និងសម្រេចបានសមិទ្ធផលជាផ្លែផ្កា”។

ភាគីចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមជាមួយភាគីកម្ពុជា ការពារសន្តិភាព ស្វែងរកការអភិវឌ្ឍន៍ និងបង្កើតភាពរុងរឿងគ្នា ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលជាក់ស្តែង ហើយចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដបន្ថែមទៀតទៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងភាពចលាចល៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគមួយចំនួនបានលក់មាសចេញដើម្បីទទួលបានផលចំណេញ បន្ទាប់ពីតម្លៃមាសបានហក់ឡើងថ្លៃដល់៣.៣៤៣ដុល្លារក្នុងមួយអោនក្នុងការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង៣.៣៤៣ដុល្លារក្នុងមួយអោន។ ប៉ុន្តែ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២២ភាគរយដល់៣៣៥៣,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់ត្រឹម៩៩,៥៨ពិន្ទុនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៣៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៣ភាគរយដល់៣២,៥៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៧៣ភាគរយដល់៩៧២,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៦៤ភាគរយដល់៩៦៣,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៩នាទីព្រឹក៕

តម្លៃលំនៅដ្ឋានថ្មីនៅក្នុងប្រទេសចិនបានបន្តធ្លាក់ចុះក្នុងល្បឿនយឺតជាងមុន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញឱ្យដឹងថា តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេល២២ខែជាប់ៗគ្នាគិតត្រឹមខែមីនា ឆ្នាំ២០២៥។ប៉ុន្តែ អត្រានៃការធ្លាក់ចុះនេះបានបន្តរួមតូច ដោយសារការដាក់ចេញវិធានការគាំទ្ររបស់រដ្ឋាភិបាលចិន។

 

តម្លៃផ្ទះថ្មីនៅតាមទីក្រុងចំនួន៧០ របស់ប្រទេសចិន បានធ្លាក់ចុះក្នុងរង្វង់ជាមធ្យម០,១ភាគរយកាលពីខែមីនា បើធៀបនឹងខែកុម្ភៈ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន (NBS)។

ប៉ុន្តែ បើធៀបនឹងខែមីនា ឆ្នាំ២០២៤ តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះ៥ភាគរយនៅខែមីនា ឆ្នាំ២០២៥។ នេះជាសញ្ញាល្អប្រសើរឡើង បន្ទាប់ពីតម្លៃផ្ទះថ្មីបានធ្លាក់ចុះ៥,២ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងខែកុម្ភៈ ឆ្នាំមុន។

 

ជាមួយគ្នានេះ តម្លៃផ្ទះប្រភេទទី២ បានធ្លាក់ចុះ០,២ភាគរយក្នុងខែមីនា ឆ្នាំ២០២៥ ដោយរួមតូចពីការធ្លាក់ចុះ០,៣ភាគរយក្នុងខែកុម្ភៈ។ប្រសិនបើប្រៀបធៀបនឹងខែមីនា ឆ្នាំ២០២៤ តម្លៃផ្ទះប្រភេទទី២ នៅខែមីនា ឆ្នាំ២០២៥ បានធ្លាក់ចុះ៧,៣ភាគរយ បើធៀបនឹងការធ្លាក់ចុះ៧,៥ភាគរយកាលពីកុម្ភៈ។

ក្នុងចំណោមទីក្រុងទាំង៧០នោះ គេសង្កេតឃើញមានទីក្រុងចំនួន២៤ ដែលបានប្រកាសពីការកើនឡើងក្នុងអត្រាប្រចាំខែនៃតម្លៃផ្ទះថ្មីសម្រាប់ខែមីនា ខណៈកាលពីខែកុម្ភៈ គេសង្កេតឃើញមានទីក្រុងចំនួន១៨ប៉ុណ្ណោះ បានប្រកាសពីការកើនឡើងនៃតម្លៃផ្ទះថ្មី។ ចំណែក តម្លៃផ្ទះប្រភេទទី២ បានកើនឡើងក្នុងទីក្រុងចំនួន១០។

 

លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានឱ្យដឹងថា “កំណើននៃចំនួនទីក្រុង ដែលប្រកាសពីការកើនឡើងនៃតម្លៃផ្ទះបានឆ្លុះបញ្ចាំងពីសភាពប្រសើរឡើងនៃទំនុកចិត្តនៅលើទីផ្សារ”។

 

លោកបានបន្ថែមថា “បរិយាកាសគោលនយោបាយអំណោយផលសម្រាប់ការទិញផ្ទះ និងសូចនាករតម្លៃផ្ទះវិជ្ជមាននឹងផ្តល់ការគាំទ្រកាន់តែខ្លាំងសម្រាប់ទីផ្សារអចលនទ្រព្យចិននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥” ៕ប្រភព: SCMP៕

តើបុរសមានឥទ្ឋិពលបំផុតរបស់ចិនផ្ញើរសារអ្វីទៅកាន់ប្រជាជាតិម៉ាឡេស៊ីអំឡុងទស្សនកិច្ចប្រទេសនេះ?

0

ដោយៈ សហសេវិក

ម៉ាឡេស៊ីៈ ខណៈពេលធ្វើដំណើរទៅដល់ទីក្រុងគូឡាឡាំពួរ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែមេសា លោកXi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅប្រព័ន្ធសារព័តមានម៉ាឡេស៊ីដូចជា កាសែតSin Chew Daily និងកាសែតThe Starជាដើមដែលមានចំណងជើងថា “ធ្វើឱ្យនាវាមិត្តភាពចិន-ម៉ាឡេស៊ី បើកទៅរកអនាគតកាន់តែល្អប្រសើរ”។

អត្ថបទនេះលើកឡើងថា ចិននិងម៉ាឡេស៊ីជាប្រទេសជិតខាងដ៏មេត្រីភាពដែលមានដែនសមុទ្រជាប់គ្នា។ ផ្លូវសូត្រតាមសមុទ្រគឺជាសាក្សី នៃការប្រាស្រ័យទាក់ទងដ៏មេត្រីភាព រវាងប្រទេសទាំងពីរដែលមានរយៈពេលពាន់ឆ្នាំ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនង ការទូតមក ជានិច្ចកាល ប្រទេសចិន និងម៉ាឡេស៊ី តែងតែឈរលើមូលដ្ឋាននៃភាពជាម្ចាស់ការខាងយុទ្ធសាស្ត្រ គោរពផ្លូវអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរៀងៗខ្លួន ដែលបានបង្កើតជាគំរូនៃការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ -ឈ្នះរវាងប្រទេសនិងប្រទេស។

អត្ថបទនេះបានសង្កត់ធ្ងន់ថា ប្រទេសចិននិងម៉ាឡេស៊ី គឺជាសហគមន៍រួមវាសនាមួយ ដែលរួមសុខរួមទុក្ខ និងមានភាពស្អិតល្មួតនឹងគ្នា។ ប្រទេសចិនមានឆន្ទៈ រួមសហការជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីដើរស្របតាមចរន្តប្រវត្តិសាស្ត្រ អំពីសន្តិភាពនិងការអភិវឌ្ឍ។ ជម្នះចរន្តបញ្រ្ចាសនៃឯកតោភាគីនិយម និងគាំពារនិយម ជំរុញសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ី ដែលប្រកបដោយយុទ្ធសាស្រ្តកម្រិតខ្ពស់ឱ្យឆ្ពោះទៅមុខ ក៏ដូចជាពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែជិតស្និទ្ធផងដែរ៕

ប្រជាជនឥណ្ឌូនេស៊ីលំដាប់អ្នកមានកំពុងសម្រុករក្សាទុកទ្រព្យសម្បត្តិនៅក្រៅប្រទេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រជាជនឥណ្ឌូនេស៊ីលំដាប់អ្នកមានកំពុងសម្រុករក្សាទុកប្រាក់រាប់រយលានដុល្លារអាមេរិកនៅក្រៅប្រទេស ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើគោលនយោបាយរបស់ប្រធានាធិបតីលោក Prabowo Subianto និងស្ថិរភាពសេដ្ឋកិច្ច។

ការទិញមាស រូបិយបណ្ណគ្រីបតូ និងអចលនទ្រព្យក្លាយជាជម្រើសដ៏ពេញនិយមរបស់ប្រជាជនឥណ្ឌូនេស៊ីលំដាប់អ្នកមាន។ ការទិញទ្រព្យសកម្មទាំងអស់នេះជាមធ្យោបាយដើម្បីរក្សាទុកទ្រព្យសម្បត្តិ។

បុគ្គលិកធនាគារឯកជនមួយរូបបានទម្លាយប្រាប់កាសែត Bloomberg ថា “អតិថិជនក្នុងស្រុកមួយចំនួនដែលមានទ្រព្យសម្បត្តិចន្លោះពី១០០លានដុល្លារអាមេរិកទៅ៤០០លានដុល្លារបានបំប្លែងទ្រព្យសកម្មចំនួន១០ភាគរយនៃទំហំទ្រព្យសកម្មសរុបរបស់ពួកគេទៅជាគ្រីបតូ។

ប្រភពដដែលបានគូសបញ្ជាក់ទៀតថា “ការផ្លាស់ប្តូរនេះបានចាប់ផ្តើមកើតមានឡើងនៅក្នុងខែតុលា ឆ្នាំ២០២៤ នៅពេលដែលលោក Prabowo ឡើងមកកាន់អំណាច។ ប៉ុន្តែ ការផ្លាស់ប្តូរត្រូវបានពន្លឿនយ៉ាងឆាប់រហ័ស បន្ទាប់ពីប្រាក់រូពៀបានដាំក្បាលចុះក្នុងខែមីនា ឆ្នាំនេះ”។

ការប្រកាសផែនការចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់របស់រដ្ឋបាលលោក Prabowo បានបង្កការព្រួយបារម្ភដល់វិនិយោគិន ព្រោះផែនការនេះអាចបំពានវិន័យសារពើពន្ធ ដែលរដ្ឋាភិបាលឥណ្ឌូនេសុីក្នុងរយៈពេលប៉ុន្មានអាណត្តិកន្លងមកបានកំណត់។ ការណ៍នេះជះផលប៉ះពាល់ដល់ទាំងរូបិយបណ្ណ និងទីផ្សារភាគហ៊ុនរបស់ឥណ្ឌូនេសុី។

លោក Chan អតីតថ្នាក់់ដឹកនាំប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនធំមួយរបស់ឥណ្ឌូនេស៊ី ដែលបានស្នើសុំមិនប្រើឈ្មោះពេញបានអះអាងថា “ខ្ញុំបានបង្កើនការទិញគ្រីបតូប្រភេទ USDT ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការណ៍នេះអនុញ្ញាតឱ្យខ្ញុំអាចរក្សាតម្លៃទ្រព្យសកម្មរបស់ខ្ញុំ ហើយខ្ញុំនឹងបញ្ជូនទ្រព្យសកម្មឌីជីថលនេះទៅក្រៅប្រទេស ប្រសិនបើចាំបាច់ ដោយមិនចាំបាច់ស្ពាយប្រាក់ឆ្លងដែនឡើយ”។

លោកបន្តទៀតថា “ទស្សនវិស័យនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី និងហានិភ័យចំពោះស្ថិរភាពនយោបាយក្នុងស្រុកពិតជាបានធ្វើឱ្យខ្ញុំមានការព្រួយបារម្ភជាខ្លាំង”៕ប្រភព: Bloomberg៕

តើទីផ្សារការិយាល័យនៅប្រទេសហ្វីលីពីនមាននិន្នាការវិជ្ជមានសម្រាប់បណ្តាអ្នកវិនិយោគឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញមួយរូបបានលើកឡើងថា និន្នាការសំខាន់ៗមួយចំនួនកំពុងលេចចេញឡើងក្នុងទីផ្សារការិយាល័យរបស់ប្រទេសហ្វីលីពីន ដោយបង្ហាញទាំងបញ្ហាប្រឈម និងឱកាសសម្រាប់អ្នកជួល និងម្ចាស់អគារ។

ក្រៅពីទីផ្សារនៅរដ្ឋធានីម៉ានីល ទីផ្សារការិយាល័យនៅទីក្រុងផ្សេងៗទៀត ដូចជាទីក្រុង Cebu និងទីក្រុង Pampanga នៅតែមានតម្រូវការជួលប្រកបទៅដោយចីរភាព ជាពិសេសការជួលដោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។

ចំណែក ទីផ្សារការិយាល័យដែលកំពុងរីកចម្រើនដូចជានៅទីក្រុង Davao សម្រេចបានការកើនឡើងនៃតម្រូវការ។និន្នាការទាំងនេះមានសភាពខុសផ្ទុយពីទីផ្សារនៅរដ្ឋធានីម៉ានីល ដែលជួបប្រទះអត្រាការិយាល័យទំនេរដ៏ខ្ពស់។

ដើម្បីទាញយកប្រយោជន៍ពីនិន្នាការនេះ អ្នកអភិវឌ្ឍន៍ត្រូវបានលើកទឹកចិត្តឱ្យធ្វើពិពិធកម្មការវិនិយោគទៅកាន់ទីក្រុង ដែលមានការផ្គត់ផ្គង់ការិយាល័យនៅមានកម្រិត។

ជាក់ស្តែង បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ ដូចជា ក្រុមហ៊ុន Robinsons Land និងក្រុមហ៊ុន Megaworld បាននិងកំពុងបោះទុនវិនិយោគលើគម្រោងសំខាន់ៗនៅទីក្រុង Iloilo ទីក្រុង Bacolod និងទីក្រុង Davao ជាដើម។

ទន្ទឹមនឹងនេះ ការសាងសង់អគារការិយាល័យឱ្យមានគុណភាពខ្ពស់ជាកត្តាដ៏មានសារៈសំខាន់ក្នុងការធានាឱ្យមានកំណើនទីផ្សារការិយាល័យប្រកបដោយចីរភាព និងការទាក់ទាញអ្នកជួលរយៈពេលវែង។

ម្យា៉ងវិញទៀត លក្ខខណ្ឌសេដ្ឋកិច្ចសកលអាចជំរុញសន្ទុះទីផ្សារការិយាល័យរបស់ប្រទេសហ្វីលីពីនបន្ថែមទៀត។គោលនយោបាយពន្ធគយរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យបណ្តាក្រុមហ៊ុនអាមេរិកមួយចំនួនបង្ខំចិត្តផ្លាស់ប្តូរមូលដ្ឋានផលិតកម្មទៅក្រៅប្រទេស។

និន្នាការនេះអាចជំរុញឱ្យមានការកើនឡើងនៃតម្រូវការជួលការិយាល័យនៅក្នុងប្រទេសហ្វីលីពីន ខណៈក្រុមហ៊ុននានាកំពុងស្វែងរកទីតាំងផលិតកម្ម ដែលចំណាយថ្លៃដើមទាប ហើយហ្វីលីពីនជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនអាមេរិក៕ប្រភព: Business World៕