តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈក្រុមវិនិយោគិនទន្ទឹងរង់ចាំមើលទិន្នន័យអតិផរណានៅអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមវិនិយោគិនទន្ទឹងរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២ភាគរយដល់៣៣៥០,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយដល់៣៤០២,៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២១នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៤,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,៤៩ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៥២ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

តើទីផ្សារការិយាល័យនៅទីក្រុងធំៗទាំង៤លើពិភពលោក ដែលមានទំហំផ្ទៃក្រឡារាប់លានហ្វីតការ៉េ មានឈ្មោះអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទំហំទីផ្សារអចលនទ្រព្យពាណិជ្ជកម្មបានក្លាយជាសូចនាករដ៏សំខាន់នៃអំណាចសេដ្ឋកិច្ចរបស់ទីក្រុងនានាលើពិភពលោក ហើយក្នុងនោះ ទីផ្សារការិយាល័យប្រមូលផ្តុំនូវផលិតភាព ការច្នៃប្រឌិត និងការវិនិយោគ។

បណ្តាទីក្រុងធំៗលើពិភពលោក ដូចជា ទីក្រុងញូវយ៉ក និងទីក្រុងប៉ារីស មិនត្រឹមតែមានទំហំសេដ្ឋកិច្ចធំប៉ុណ្ណោះទេ។ ប៉ុន្តែ ទីក្រុងទាំងនេះក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់ថ្នាក់អន្តរជាតិផងដែរ។

គិតត្រឹមឆ្នាំ២០២៥ ទីក្រុងទាំងនេះមានទំហំផ្ទៃក្រឡាការិយាល័យរាប់រយលានហ្វីតការ៉េ។ ការណ៍នេះបង្ហាញពីទិដ្ឋភាពនៃសកម្មភាពធុរកិច្ចយ៉ាងរស់រវើក និងឆ្លុះបញ្ចាំងពីការប្រែប្រួលនៃបរិបទការងារ បច្ចេកវិទ្យា និងតម្រូវការអចលនទ្រព្យ។

ខាងក្រោមនេះជាទំហំទីផ្សារអចលនទ្រព្យការិយាល័យធំៗទាំង៤ នៅលើពិភពលោកនាពេលបច្ចុប្បន្ន :

ទី១: ទីក្រុងតូក្យូ

ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនមានទំហំផ្ទៃក្រឡាការិយាល័យសរុបចំនួន៧៩២លានហ្វីតការ៉េ។ ជាមួយគ្នានេះ ទីក្រុងតូក្យូជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលអាចប្រកួតប្រជែងជាមួយបណ្តាទីក្រុងធំៗនៅសហរដ្ឋអាមេរិក។

ទី២: សង្កាត់ Manhattan

សង្កាត់ Manhattan នៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានទំហំផ្ទៃក្រឡាការិយាល័យប្រមាណ៥២០លានហ្វីតការ៉េ។ បច្ចុប្បន្ន សង្កាត់ Manhattan នៅតែជាទីផ្សារការិយាល័យដ៏ធំមួយនៅទូទាំងពិភពលោក និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតយក្សសកល។

ទី៣: ទីក្រុង Berlin

យោងតាមការប៉ាន់ប្រមាណបានបងា្ហញថា ទីក្រុង Berlin របស់ប្រទេសអាល្លឺម៉ង់ថាមានទំហំផ្ទៃក្រឡាការិយាល័យប្រហែល២១២លានហ្វីតការ៉េ។ អាល្លឺម៉ង់ជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតក្នុងតំបន់អឺរ៉ុប និងជាមហាអំណាចសេដ្ឋកិច្ចលេខ៣ លើពិភពលោក។

ទី៤: ទីក្រុងប៉ារីស
រដ្ឋធានីប៉ារីសជាទីក្រុងដ៏ល្បីល្បាញនៅលើពិភពលោក។ ក្នុងនោះ ប្រទេសបារាំងមានមហិច្ឆិតាប្រែក្លាយសង្កាត់ La Défense ក្នុងទីក្រុងប៉ារីសទៅជាតំបន់ពាណិជ្ជកម្មធំជាងគេបំផុតនៅតំបន់អឺរ៉ុប។ ទីក្រុងប៉ារីសមានទំហំផ្ទៃក្រឡាការិយាល័យប្រមាណ២០១លានហ្វីតការ៉េ៕ប្រភព: Wikipedia ៕

ប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រេចបានជាង៩៨ភាគរយហើយ

0

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា លើករណីសំណើសុំអន្តរាគមន៍ ដោះស្រាយបញ្ហាសំណង់លំនៅឋាន របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល នៃគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកចៅសុភៈ ភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងលោកជំទាវរដ្ឋលេខាធិការប្រចាំការ រួមជាមួយលោកហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធាណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមកិច្ចប្រជុំពិភាក្សាលើបញ្ហាខាងលើនេះ។

កិច្ចប្រជុំនេះ បានរៀបចំនៅស្ដីការក្រសួងមហាផ្ទៃ ដោយដឹកនាំ និងសម្របសម្រួល ដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី អភិបាលខណ្ឌកំបូលនៃរាជធានីភ្នំពេញ និងប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្តនៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធចំនួន១៨នាក់។

គម្រោងគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ បានបើកដំណើរការការដ្ឋាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ វឌ្ឍនភាពការងារសម្រេចបានជារួម៩៨,១០% គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥៕

រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាជាមួយភាគីចិនលើការបង្កើនជើង ហោះហើរមកកាន់កម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី និងប្រតិភូចម្រុះដែលជាវិនិយោគិន លើវិស័យទេសចរណ៍ និងសំណង់ធំៗចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍នានា។

ភាគីកម្ពុជាបានស្នើសុំកិច្ចសហការគាំទ្រ លើគម្រោ​ងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ ដល់វិស័យទេសចរណ៍ និងការបង្កើតឱកាសការងារជាច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានមន្ទីរ និងអបអរសាទរដល់វិនិយោគិនកម្ពុជា និងចិនដែលឈានដល់ការបណ្តាក់ទុនរួមគ្នា រៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ីដែលមានប្រជាជនជាង៣០លាននាក់ និងប្រទេសកម្ពុជា ដោយធ្វើការភ្ជាប់នូវបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា និងរបស់ខេត្តសានស៊ី វប្បធម៌ ប្រពៃណីដ៏ចំណាស់ និងទាក់ទាញទេស​ភាពដ៏ស្រស់ត្រកាលរួមបញ្ជូលគ្នា ដែលជាចំណុចពិសេស និងទាក់ទាញភ្ញៀវទេសចរជាវកញ្ចប់ទស្សនកិច្ចថ្មីមួយនេះ។

ទន្ទឹមនឹងនេះដែរ ការតភ្ជាប់ជើះហោះហើរត្រង់ រវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងទីក្រុងធំៗនានារបស់ខេត្តសានស៊ី ក៏ត្រូវលើកមកពិភាក្សា ដើម្បីជំរុញឱ្យចាប់ផ្តើមឆាប់ៗ ខាងមុខនេះ រួមទាំងការរៀបចំ FamTrip ដឹកនាំវិនិយោគិនខេត្តសានស៊ីមកប្រទេសកម្ពុជា ដើម្បីពិនិត្យកាលានុវត្តវិនិយោគក្នុងប្រទេសកម្ពុជា៕

ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយអន្តរជាតិសម្រេចបានទឹកប្រាក់ជាង៣៦ពាន់លានដុល្លារក្នុងរយៈពេល៧ខែ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេបានជាង៣៦ពាន់លានដុល្លារ កើនឡើង១៦.៥% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង១៧ពាន់លានដុល្លារ កើនឡើង១៦.២%។ ចំណែកការនាំចូលទំនិញមកវិញ មានតម្លៃជាង១៩ពាន់លានដុល្លារ កើនឡើង១៦.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។

ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្ម ក្នុងទឹកប្រាក់ប្រមាណ១១ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង៨៨៨លានដុល្លារ ស្របពេលដែលចិននាំចូលមកកម្ពុជាវិញ មានតម្លៃជាង១០លានដុល្លារ។

ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជិត៧ពាន់លានដុល្លារ កើនឡើង២៥.៨ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានតម្លៃជិត៧ពាន់លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង២០១លានដុល្លារ។

តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕

ការសិក្សា: ទីក្រុងឌូបៃបើកដំណើរការលក់លំនៅដ្ឋានថ្មីប្រមាណ៥០០យូនីតជាមធ្យមក្នុងមួយថ្ងៃនៅឆមាសទី១

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនលំនៅដ្ឋានថ្មីប្រមាណ៥០០យូនីតត្រូវបានបើកដំណើរការលក់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈបណ្តាអ្នកអភិវឌ្ឍន៍បានសម្រុកទាញយកអត្ថប្រយោជន៍ពីតម្រូវការទីផ្សារ។

យោងតាមទិន្នន័យបង្ហាញថា គម្រោងលំនៅដ្ឋានថ្មីចំនួន៣២៥គម្រោង ត្រូវបានបើកដំណើរការក្នុងឆមាសទី១ ដែលមានចំនួនលំនៅដ្ឋានជាង៨៧.៩០០យូនីត។ក្នុងនោះ លំនៅដ្ឋានថ្មីជិត៤៩០យូនីតត្រូវបានដាក់លក់ជាមធ្យមក្នុងមួយថ្ងៃ។

ការកើនឡើងនេះជាសញ្ញាបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យរបស់ទីក្រុងឌូបៃ ដោយសារកំណើននៃតម្រូវការរបស់អ្នកទិញលំនៅដ្ឋានក្នុងគោលបំណងរស់នៅ (End-user) និងកំណើននៃតម្រូវការរបស់អ្នកទិញក្នុងគោលបំណងវិនិយោគ។

ស្របពេលមានការកើនឡើងនូវទំនុកចិត្តលើទីផ្សារ និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បណ្តាអ្នកអភិវឌ្ឍន៍នានាកំពុងពន្លឿនការបើកដំណើរការគម្រោងលំនៅដ្ឋានថ្មី ដើម្បីទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌទីផ្សារអំណោយផល និងតម្រូវការខ្ពស់។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងព្យាយាមរក្សាសន្ទុះនៃការចាប់ផ្តើមបើកសម្ពោធគម្រោងលំនៅដ្ឋានថ្មី ដើម្បីទាញយកផលចំណេញខ្ពស់ពីកំណើននៃតម្រូវការនាពេលបច្ចុប្បន្ន។លំហូរអ្នកវិនិយោគបរទេសមកពីប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន និងតំបន់អឺរ៉ុបបានឈានជើងចូលទីក្រុងឌូបៃក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

គិតរហូតមកទល់ពេលនេះ តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងឌូបៃនៅតែមានទំហំទឹកប្រាក់ទាបជាងទីក្រុងធំៗលើពិភពលោកដូចជា ទីក្រុងឡុងដ៍ ទីក្រុងញូវយ៉ក ទីក្រុងហុងកុង ទីក្រុងតូក្យូ និងទីក្រុងផ្សេងៗទៀត៕ប្រភព: Khaleej Times៕

រដ្ឋាភិបាលដាក់ដំណើរការច្ចេកវិទ្យាក្នុងអាហារសម្ងួតរបស់កម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួង ឧ.វ.ប.ន) បានដាក់ឱ្យអនុវត្តគម្រោងលើកកម្ពស់បច្ចេកវិទ្យា ក្នុងវិស័យម្ហូបអាហារសម្ងួតរបស់កម្ពុជាសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។

គម្រោង “ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យ MSME អាហារសម្ងួតនៅកម្ពុជា” គឺជាគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (DGSTI) របស់ MISTI ក្នុងការសម្របសម្រួលជាមួយ មជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ក្រោមការណែនាំបច្ចេកទេសពីវិទ្យាស្ថាន Resilience Development Initiative ដែលបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីអង្គការផលិតភាពអាស៊ី (APO)។

គំនិតផ្តួចផ្តើមនេះមានគោលបំណង បង្កើនផលិតភាពក្នុងវិស័យអាហារសម្ងួត ដោយវាយតម្លៃសមត្ថភាពបច្ចេកវិទ្យា របស់សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវក្នុងស្រុក បង្កើតឱកាសដើម្បីផ្ទេរសមត្ថភាពទាំងនេះទៅ MSMEs។

លោក ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីចក្ខុវិស័យច្បាស់លាស់មួយ ដើម្បីប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកាតាលីករសម្រាប់កំណើន ប្រកបដោយចីរភាព និងបរិយាបន្ន”។

លោកបានបន្ថែមថា គម្រោងនេះ ស្របតាមគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ និងផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ ២០៣០ ដោយយោងយ៉ាងច្បាស់លាស់ អំពីបេសកកម្មដំបូងនៃរបៀបវារៈស្រាវជ្រាវជាតិ ដែលនិយាយអំពីអាហារក្នុងស្រុក។

គោលដៅ គឺសម្រាប់៧០ភាគរយ នៃការប្រើប្រាស់ម្ហូបអាហាររបស់ប្រទេសកម្ពុជា ត្រូវបានផ្គត់ផ្គង់ដោយផលិតកម្មក្នុងស្រុក ដោយរំលេចពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការគាំទ្រសន្តិសុខស្បៀង និងការប្រកួតប្រជែងMSME ។

លោកបានពន្យល់ថា “លើសពីឧបករណ៍ និងសម្ភារៈ វិធីសាស្រ្តបច្ចេកវិជ្ជាដ៏ទូលំទូលាយមួយ គឺត្រូវការជាចាំបាច់ គ្របដណ្តប់លើការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តកែច្នៃ ការត្រួតពិនិត្យច្បាស់លាស់នៃប៉ារ៉ាម៉ែត្រសម្ងួតដូចជា សីតុណ្ហភាព សំណើម និងលំហូរខ្យល់ នវានុវត្តន៍ក្នុងការបង្កើតផលិតផល ការបង្កើនប្រសិទ្ធភាពនៃអាយុកាលផលិត​ផល និងការជ្រើសរើសសំបកវេចខ្ចប់ដែលមានការការពារខ្ពស់”។

ចំណែកលោក Tanvir Faisal មន្ត្រីកម្មវិធីនៅ APO បានថ្លែងថា “គម្រោងនេះគឺជាគំនិតផ្តួចផ្តើម ក្រោមកម្មវិធីសេវាកម្មអ្នកជំនាញបច្ចេកទេសរបស់APO ដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រទេសសមាជិក”។

លោកបន្តថា គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីពង្រឹងកិច្ចសហការរវាងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ស្ថាប័នសិក្សាស្រាវជ្រាវ និងរដ្ឋាភិបាលក្នុងការលើកកម្ពស់ ការផ្ទេរបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ក្នុងវិស័យអាហារស្ងួតរបស់កម្ពុជា។

គម្រោងនេះពាក់ព័ន្ធ នឹងការប្រមូលទិន្នន័យយ៉ាងទូលំទូលាយតាមរយៈការស្ទង់មតិ ការសម្ភាសន៍ ការចុះទៅទីតាំងផ្ទាល់ និងការពិភាក្សាជាក្រុមជាមួយម្ចាស់MSME តំណាងមកពីសាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់បញ្ហាប្រឈម និងឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា។

គោលដៅ គឺដើម្បីបង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយ សម្រាប់ការផ្ទេរបច្ចេកវិទ្យាប្រកបដោយចីរភាព និងកិច្ចសហការក្នុងចំណោមMSMEs ក្នុងវិស័យអាហារសម្ងួត និងការសិក្សាស្រាវជ្រាវ សម្តៅលើកកម្ពស់ប្រសិទ្ធភាព គុណភាពផលិតផល និងលទ្ធភាពទទួលបានទីផ្សារ៕

គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ហត្ថា បានចែកអំណោយជូនប្រជាពលរដ្ឋភៀសខ្លួនចំនួន ១,៥០០គ្រួសារ

0

ថ្ងៃទី១០ សីហា ២០២៥៖ គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ហត្ថា បានចែកជូនស្បៀងអាហារ ដល់ប្រជាពលរដ្ឋភៀសខ្លួនចំនួន ១,៥០០គ្រួសារ ដែលបានរងផលប៉ះពាល់ពីបញ្ហាព្រំដែន នៅតាមទីទួលសុវត្ថិភាពចំនួន ០៣ផ្សេងគ្នាក្នុង ខេត្តឧត្តមានជ័យ។ សម្ភារៈជំនួយរួមមាន អង្ករ ៤០តោន មី ១,៥០០កេះ និងត្រីខកំប៉ុង ២,១០០យួរ ដែលកើតចេញពីការចូលរួមបរិច្ចាគតាមរយៈមូលនិធិរបស់បុគ្គលិក និងធនាគារ ហត្ថា។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “អំណោយដ៏តិចតួចនេះ គឺសម្រាប់ជួយសំរាលទុកបងប្អូនទាំងអស់គ្នានៅក្នុងគ្រាលំបាករយៈពេលខ្លីនេះ ហើយអំណោយទាំងនេះគឺបានមកពីការបរិច្ចាគរបស់បុគ្គលិករបស់ធនាគារ ហត្ថាមួយចំនួន និងមួយចំនួនទៀតជាការរួមចំណែកពីធនាគារផ្ទាល់។”

អំពីធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមានសាខាប្រហែល ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ក្នុងពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥។

រដ្ឋាភិបាលអាមេរិកលុបចោលមូលនិធិសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរដ្ឋ និងទីក្រុងធំៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានលុបចោលកញ្ចប់មូលនិធិសម្រាប់សាងសង់ផ្លូវរថភ្លើងល្បឿនលឿនម៉ាញេទិក (Maglev) ដែលគ្រោងតភ្ជាប់រវាងទីក្រុង Washington DC និងទីក្រុង Baltimore។

យោងទៅតាមស្តង់ដារ ដែលកំណត់ដោយសហភាពផ្លូវដែកអន្តរជាតិ (UIC) បានបង្ហាញថា គិតមកទល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមិនទាន់មានផ្លូវដែកល្បឿនលឿននៅឡើយទេ។

រដ្ឋបាលលោក ត្រាំ ក៏បានលុបចោលមូលនិធិចំនួន៤ពាន់លានដុល្លារសម្រាប់ការសាងសង់ខ្សែរថភ្លើងផ្លូវល្បឿនលឿន ដែលមានគោលបំណងតភ្ជាប់រវាងទីក្រុង San Francisco និងទីក្រុង Los Angeles ព្រមទាំងបានលុបចោលមូលនិធិចំនួន៦៣,៩លានដុល្លារសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនក្នុងរដ្ឋតិចសាស់(Texas)។

បច្ចេកវិទ្យារថភ្លើង Maglev ត្រូវបានអភិវឌ្ឍន៍ឡើងនៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០០២ ហើយប្រទេសចិនក៏បានធ្វើការធ្វើតេស្តសាកល្បងបច្ចេកវិទ្យានេះផងដែរ ដែលអាចរត់ក្នុងល្បឿនជិត១.០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថភ្លើងប្រភេទនេះមានល្បឿនលឿនជាងយន្តហោះពាណិជ្ជកម្ម។

លោក Richard Geddes អ្នកជំនាញឯកទេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅសាកលវិទ្យាល័យ Cornell បានអះអាងថា “រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិកលោក Sean Duffy បានប្រកាសថា រដ្ឋាភិបាលនឹងលុបចោលមូលនិធិចំនួន២៦លានដុល្លារសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុង Baltimore និងទីក្រុងវ៉ាសុីនតោន DC”។

លោកបានបន្តថា នេះជាព័ត៌មានល្អ ព្រោះគម្រោងរថភ្លើង Maglev មានតម្លៃខ្ពស់ខ្លាំង ខណៈការសាងសង់ផ្លូវដែកបានប្រឈមមុខជាមួយនឹងការពន្យារពេលជាច្រើនលើក និងត្រូវការដើមទុនវិនិយោគច្រើន។ ចំណែក ពលរដ្ឋមូលដ្ឋានក៏បានជំទាស់នឹងគម្រោងនេះផងដែរ។

លោកបានបន្ថែមថា “ក្រុមហ៊ុនរថភ្លើង Amtrak និងក្រុមហ៊ុន MARC បានបម្រើសេវាកម្មផ្លូវរថភ្លើងដឹកអ្នកដំណើរពីទីក្រុង Baltimore ទៅកាន់ទីក្រុង Washington យ៉ាងល្អប្រសើរ ហើយយើងក៏មានផ្លូវហាយវេធំៗជាច្រើនផងដែរ”៕ប្រភព: Newsweek៕

ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង១៣ចំណុច និងបដិសេធយ៉ាងដាច់អហង្ការការចោទប្រកាន់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី

0

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី។ កម្ពុជាក៏បានអំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC)។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបដិសេធយ៉ាងដាច់អហិង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាដាក់មីនថ្មី»

ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាបានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍។

មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈណាមួយ។ ការចោទប្រកាន់ដោយគ្មានការពិត នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់ បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នា នៅក្នុងស្ថានភាពនេះ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការជាមួយភាគីថៃ សហគមន៍អាស៊ាន និងសហគមន៍មីនអន្តរជាតិ ដើម្បីប្រកាន់ខ្ជាប់នូវសន្តិភាព និងលើកកម្ពស់សុខសុវត្ថិភាព៕

(250807) — KUALA LUMPUR, Aug. 7, 2025 (Xinhua) — Cambodian Deputy Prime Minister and Defense Minister Tea Seiha (L) and Thailand’s Deputy Defense Minister Nattaphon Narkphanit display an agreement in Kuala Lumpur, Malaysia, Aug. 7, 2025. Cambodia and Thailand on Thursday signed an agreement on ceasefire arrangements, representatives of the two countries said after an extraordinary General Border Committee (GBC) meeting held in the Malaysian capital. (Photo by Chong Voon Chung/Xinhua)