ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានអះអាងថា ព្រលានយន្តហោះក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមសាងសង់ឡើងវិញនៅរដូវប្រាំងខាងមុខនេះ ហើយ។
លោកសាន ស៊ាងហូអភិបាលក្រុងជាប់ព្រំដែនកម្ពុជា ថៃនេះបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា តាមឯកសារដែលលោកបានឃើញ គឺក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ នឹងចាប់ផ្តើមសាងសង់ព្រលាននេះឡើងវិញនៅរដូវប្រាំងខាងមុខនេះ។លោកបន្តថា ព្រលានយន្តហោះនេះមានទំហំផ្ទៃដីចន្លោះពី១០០ទៅ២០០ហិកតា ដែលអាចប្រើប្រាស់សម្រាប់ការហោះហើរក្នុងស្រុក និងអាចភ្ជាប់ទៅកាន់អន្តរជាតិនាពេលអនាគត។
លោកបន្តដោយរំលឹកថា “ព្រលានយន្តហោះនេះ បានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៨ ហើយខ្ញុំជាអ្នកម៉ៅការសាងសង់ព្រលានយន្តហោះនេះផ្ទាល់។ ព្រលាននេះបានសាងសង់ផ្លូវរត់របស់យន្តហោះរួចហើយ នៅតែចាក់បេតុងបន្ថែម និងសាងសង់អាគារទទួលអ្នកដំណើរប៉ុណ្ណោះ។
លោកអភិបាលក្រុងប៉ោយប៉ែតបានបន្តថា ព្រលានយន្តហោះនេះនឹងដំណើរការដោយរលូន ព្រោះបច្ចុប្បន្នមានភ្ញៀវចិន និងអ្នកវិនិយោគចិន និងអ្នកវិនិយោគបរទេសជាច្រើនទៀតបានមកវិនិយោគនៅទីក្រុងនេះ ដោយសារវាមានព្រំដែនជាប់ជាមួយប្រទេសថៃ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងមានផ្លូវដែកដែលងាយស្រួលក្នុងការដឹកជញ្ជូន។
ព្រលានយន្តហោះនេះ ស្ថិតនៅតំបន់មួយដែលគេហៅថា “តំបន់កូនដំរី”ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងប៉ោយប៉ែត។ ព្រលានយន្តហោះនេះជាកម្មសិទ្ឋនិងវិនិយោគដោយម្ចាស់សណ្ឋាគារ និងកាស៊ីណូហូលីដេ គឺលោកឧកញ៉ាតូនី។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍ឲ្យអ្នកវិនិយោគព្រលានយន្តហោះនេះ ចាប់ផ្តើមសាងសង់ឡើងវិញហើយ បន្ទាប់ពីបានផ្អាករយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកបន្តថា “ការវិនិយោគសាងសង់ឡើងវិញ នូវព្រលានយន្តហោះនេះអាចចំណាយទុនវិនិយោគចន្លោះពី៤០ទៅ៥០លានដុល្លារអាមេរិក។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានស្វាគមន៍គំរោងវិនិយោគនេះ ដោយលោកស្រីបានអះអាងថា ការមានព្រលានយន្តហោះនេះនឹងផ្តល់ជម្រើសកាន់តែងាយស្រួលដល់អ្នកដំណើរ ដែលពួកគេអាចកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត និងសម្រួលដល់ការធ្វើដំនើររបស់ភ្ញៀវទេសចរណ៍រវាងរាជធានីភ្នំពេញ ប៉ោយប៉ែត និងប៉ោយប៉ែត មកកាន់ខេត្តសៀមរាប តាមរយៈការភ្ជាប់ជើងហោះហើររវាងព្រលានយន្តហោះទាំងនេះ។
លោកស្រីបន្តថា “វានឹងផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវជាតិ អន្តរជាតិ បើសិនពួកគេមិនចង់ចំណាយពេលយូរ ពួកគេអាចមានជម្រើសក្នុងការធ្វើដំណើរតាមផ្លូវអាកាស ដែលចំណាយពេលវេលាតិច”៕