ខេត្តសៀមរាបស្ថិតក្នុងចំណោមគោលដៅទេចរណ៍ដ៏ពេញនិយមបំផុតទាំង៥នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ខណៈឧស្សាហកម្មទេសចរណ៍នៅកម្ពុជា និងជុំវិញពិភពលោក កំពុងងើបឡើងវិញ នៅឆ្នាំ២០២៣នេះ ខេត្តសៀមរាបបានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុតទាំង៥ សម្រាប់ឆ្នាំ២០២៣ នៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ។

នៅក្នុងនោះ ខេត្តសៀមរាប ដែលជាតំបន់ប្រាសាទអង្គរធំ នាសតវត្សរ៍ទី១២ ស្ថិតនៅលំដាប់ចំំណាត់ថ្នាក់ទី៤នៅក្នុងបញ្ជី។

លើសពីនេះ ខេត្តសៀមរាប ក៏ស្ថិតក្នុងចំណោមទិសដៅ ដ៏ពេញនិយមបំផុតទាំង១០ នៅក្នុងបណ្តាប្រទេសអាស៊ានផងដែរ ដែលបង្ហាញពីចំណា​ប់អារម្មណ៍ របស់អ្នកធ្វើដំណើរជុំវិញពិភពលោកនៅក្នុងតំបន់។ នេះបើយោងវេបសាយ​​Tripadvisor។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា “ក្នុងឱកាសបុណ្យចូលឆ្នាំចិនថ្មី ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង១០៥.៤០០នាក់ ក្នុងនោះជាងភ្ញៀវទេសចរ១៥.៤០០នាក់ជាជនបរទេស”។

របាយការណ៍បានបន្ថែមថា “ខេត្តព្រះសីហនុ បាននាំមុខខេត្តសៀម​រាប ដោយសារខេត្តនេះ ទទួលបានអ្នកដំណើរជាង២៩៦.០០០នាក់ ជា​មួយនឹងជនបរទេស ចំនួន៧.៣០០នាក់ ចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា”។

ចំណែក ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកធ្វើដំណើរជាង១០២.០០០នាក់។

លោក Sarah Firshein ប្រធានផ្នែកវិចារណកថានៃវេបសាយTripadvisor បានមានប្រសាសន៍ថា “យើងបានមើលឃើញមានការកើនឡើង នៃតម្រូវការធ្វើដំណើរនៅឆ្នាំ២០២២ ហើយទស្សនវិស័យសម្រាប់ឆ្នាំនេះគឺមានភាពភ្លឺស្វាង”។

បញ្ជីនៃទិសដៅទេសចរណ៍ ដ៏ពេញនិយមបំផុតទាំងនេះ ត្រូវបានរៀបចំវេបសាយTripadvisor ដោយផ្អែកលើការពិនិត្យ ដែលផ្តល់ដោយអ្នកធ្វើដំណើរក្នុងរយៈពេល១២ខែ រវាងថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣១ ខែតុលា។

លោក ពិន ប្រាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា “ដោយសារការងើបឡើងវិញ នៃភ្ញៀវទេសចរណ៍ពីបរទេសកាលពីឆ្នាំមុនមានភាពល្អប្រសើរជាង បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ ខេត្តសៀម​រាប បានទទួលភ្ញៀវអន្តរជាតិប្រមាណ២៨ម៉ឺននាក់កាលពីឆ្នាំមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here