ដោយៈ សុផារី
ភ្នំពេញៈការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញ ដោយអនុញ្ញាតិឱ្យប្រជាពលរដ្ឋ និងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេស ដែលបានជំរុញឱ្យវិស័យទេសចរណ៍ ងើបឡើងវិញបណ្តើរៗ ហើយអចលនទ្រព្យ ដែលបម្រើឱ្យទីផ្សារមួយនេះក៏មានសង្ឃឹមផងដែរ។
លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ក្នុងឆ្នាំនេះ ជឿជាក់ថាកម្ពុជានឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើន ជាពិសេសចំពេលប្រទេសចិនបើកឡើងវិញ ដែលអាចជួយឱ្យសណ្ឋាគារ និងបដិសណ្ឋាកិច្ច នឹងបន្តមានកំណើនក្នុងភាពវិជ្ជមានក្នុងឆ្នាំនេះ។
លោកស្រីបង្ហាញសុទិដ្ឋិនិយម ចំពោះទីផ្សារនេះ ដោយសារក្រសួងទេសចរណ៍បានប្រកាសយុទ្ធនាការ “ទស្សនាកម្ពុជាឆ្នាំ២០២៣” ហើយរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ក្នុងអំឡុងពេលស៊ីហ្គេមឆ្នាំ២០២៣។
បន្ថែមលើសនេះ ក្រុមហ៊ុនAirAsia បានបញ្ជាក់ថា ការបើកដំណើរការរបស់ខ្លួននៅកម្ពុជារំពឹងថា នឹងមានជើងហោះហើរកាន់តែច្រើនពីបរទេសមកកាន់កម្ពុជា និងមានជើងហោះហើរក្នុងស្រុក។
លើសពីនេះ លោកស្រីបញ្ជាក់ទៀតថា ខ្សែសង្វាក់សណ្ឋាគារអន្តរជាតិជាច្រើនទៀតត្រូវបានគេរំពឹងថា នឹងឈានចូលមកកាន់ទីផ្សារកម្ពុជា ដោយសារតែការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរ។
លោកស្រីថា “វិស័យទេសចរណ៍នៅក្នុងឆ្នាំ២០២២ ងើបឡើងក្នុងអត្រា១០ដង បើប្រៀបធៀបជាមួយឆ្នាំ២០២០ ហេតុនេះនឹងបន្តងើបឡើងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៣នេះដូចគ្នា”។
លោកគាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ដោយសារតែស្ថានភាពវិស័យទេសចរណ៍ កំពុងងើបឡើងវិញយ៉ាងល្អប្រសើរ គួរឱ្យកត់សម្គាល់ អចលនទ្រព្យទាំងឡាយណា ដែលបម្រើឲ្យទីផ្សារទេសចរណ៍ ក៏មានតម្រូវការខ្ពស់ផងដែរ ហើយការវិនិយោគដីធ្លីទាំងឡាយ នៅតំបន់ទីក្រុងក៏ជាជម្រើសមួយផងដែរ។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,២លាននាក់ ជាមួយនឹងជើងហោះហើរចូលក្នុងប្រទេសជិត៣ម៉ឺនជើង ក្នុងនោះមានទេសចរថៃចំនួន៨៥៣.៣៧៦នាក់ វៀតណាម៤៦៣.៩៩៥នាក់ និងចិន១០៦.៨៧៥នាក់៕