ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាះថា ខុនដូចំនួន៥គំរោង ដែលមានយូនីតជាង៣៩០០ បានបញ្ចប់ការសាងសង់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។
ការបញ្ចប់គំរោងទាំងនេះ បានធ្វើឲ្យយូនីតខុនដូ នៅក្នុងរាជធានីភ្នំពេញ គិតត្រឹមចុងខែមីនា កន្លងទៅកើនដល់ប្រមាណ៤៨,៦០០ ខណៈមានគម្រោងថ្មី២បានប្រកាសបើកលក់ផងដែរ។ នេះបើយោងតាមរបាយការសិក្សាថ្មី ដោយក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia ដែលចេញផ្សាយកាលពីសប្តាហ៍មុនឱ្យដឹងថា ការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញរបស់ប្រទេសនានា លើពិភពលោកបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩បានធូរស្រាល ជម្រុញឱ្យសកម្មភាពនៃការសាងសង់ថ្មី និងការបញ្ចប់គម្រោងចាស់ៗ មានដំណើរទៅមុខល្អប្រសើរនាដើមឆ្នាំនេះ។
ទោះយ៉ាងណាសម្រាប់ចលនា ទិញលក់អចលនទ្រព្យ គឺនៅតែបន្តភាពស្ងប់ស្ងាត់ដដែល។
របាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia ពីខែមករា-ខែមីនា ឆ្នាំ ២០២៣ គំរោងដែលបានប្រកាសចាប់ផ្តើមលក់ រួមមាន J Tower 3 និងគម្រោង Morgan Champs elysees (Phase 1)។
សម្រាប់តម្លៃលក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គឺមានសភាពប្រហាក់ប្រហែលត្រីមាសទី ៤ ឆ្នាំ ២០២២ ដោយបន្ទប់ខុនដូប្រណីត (High-End) មានតម្លៃលក់ជាមធ្យម២៦០៩ដុល្លារ ក្នុង១ម៉ែត្រការ៉េ តម្លៃនៅដដែល ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២២។ ខុនដូតម្លៃមធ្យម (Mid-Range) ២០០១ ដុល្លារ ធ្លាក់ចុះ០,៤ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) ១ ៣៧១ដុល្លារធ្លាក់ចុះ០,១ភាគរយ៕