ដោយៈ គង់ សូរិយា
ព្រះសីហនុៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានអនុម័តគម្រោងចំនួន២៩៦ ដែលមានទុនវិនិយោគ ប្រមាណ៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីចំនួន៥៣,២០៥កន្លែង។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងអង្គសិក្ខាសាលាមួយ ដែលមានការចូលរួមពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត និងមន្រ្តីពាក់ព័ន្ឋរួមទាំងអ្នកវិនិយោគផងដែរ។
ក្នុងចំណោមគំរោងទាំងនោះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តច្រើនជាងគេ គឺគម្រោងអគារជាប់គាំងចំនួន១៣១ ស្មើនឹង៤៤ភាគរយ។ គម្រោងវិនិយោគថ្មីចំនួន១៣០ ស្មើនឹង៤៤ភាគ រយ គម្រោងពង្រីកចំនួន២៤ ស្មើនឹង៨ភាគរយ និងគម្រោងមានស្រាប់ចំនួន១១ ស្មើនឹង៤ភាគរយ។ លើទិដ្ឋភាពវិស័យគម្រោងប្រមាណ៩៤ភាគរយ ប្រមូលផ្តុំក្នុងវិស័យចំនួន៣ គឺវិស័យអចនទ្រព្យចំនួន ១១៨គម្រោង វិស័យទេសចរណ៍មចំនួន៩៨គម្រោង និងវិស័យឧស្សាហកម្មចំនួន៦១គម្រោង។ គម្រោងប្រមាណ៦,៤ភាគរយផ្សេងទៀត ឬ ១៩គម្រោង មាននៅក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។
លោកបន្តថា ទន្ទឹមនេះក្នុងវិស័យឧស្សាហកម្ម ក្រុមការងារបានផ្តល់គោលការណ៍លើកទឹកចិត្ត ដល់គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៤ មានទុនវិនិយោគសរុបចំនួនប្រមាណ ១១០លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥,២២០កន្លែង។
លោកហ៊ាន សាហ៊ីបបានបន្តថា កន្លងមកលេខាធិការនៃក្រុមការងារ បានធ្វើការសិក្សាលើទិដ្ឋភាព នៃការអនុវត្តគម្រោងបានរកឃើញថា រហូតមកដល់បច្ចុប្បន្នទុនវិនិយោគជាក់ស្តែង ដែលបានអនុវត្តរួចមានប្រមាណ២,៤៤ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣៥ភាគរយ នៃទុនវិនិយោគសរុបដែលទទួលបានការអនុម័ត។
លោកបន្តថា “ខ្ញុំសូមលើកទឹកចិត្តលោក លោកស្រីលើកឡើងនូវបញ្ហាប្រឈម ក្នុងការអនុវត្តគោលការណ៍លើកទឹកចិត្ត ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងស្វែងយល់ឱ្យកាន់តែច្បាស់ នូវគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារ និងនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យ ព្រមទាំងចូលរួមផ្សព្វផ្សាយដល់វិនិយោគិនផ្សេងទៀត ដើម្បីទទួលការលើកទឹកចិត្តវិនិយោគដោយឥតគិតថ្លៃ ឬសាកសួរព័ត៌មានបន្ថែមនៅការិយាល័យ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ”៕