ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនកំពុងលើកទឹកចិត្តឱ្យបណ្តារដ្ឋបាលមូលដ្ឋាន និងបណ្តាអ្នកអភិវឌ្ឍន៍ផ្តោតលើការលក់អាផាតមុិនដែលសាងសង់រួចរាល់ ជំនួសឱ្យការលក់អាផាតមុិនបែប (Pre-sale) ដើម្បីកាត់បន្ថយហានិភ័យនៃគម្រោងជាប់គាំង និងស្តារទីផ្សារអចលនទ្រព្យឡើងវិញ។
ការលើកទឹកចិត្តនេះមានគោលបំណងបង្កើនការលក់ចំនួនអាផាតមុិនដែលសាងសង់រួចរាល់។ តួយ៉ាង ទីក្រុង Xinyang ស្ថិតក្នុងខេត្ត Henan នៅភាគកណ្តាលនៃប្រទេសចិនបានប្រកាសថា “អ្នកអភិវឌ្ឍន៍ត្រូវដាក់លក់លំនៅដ្ឋានថ្មី ដែលបញ្ចប់ការសាងសង់រួចរាល់ ជំនួសឱ្យការលក់អាផាតមុិនបែប (Pre-sale)”។
វិស័យអចលនទ្រព្យចិនបន្តជួបប្រទះបញ្ហាប្រឈម ខណៈគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកក៏បង្កការគំរាមកំហែងដល់សេដ្ឋកិច្ចចិនផងដែរ។ ខណៈប្រសិទ្ធភាពនៃវិធានការជំរុញទីផ្សារអចលនទ្រព្យកាលពីឆ្នាំ២០២៤ កំពុងធ្លាក់ចុះ រដ្ឋាភិបាលចិនកំពុងព្យាយាមចាក់បញ្ចូលសន្ទុះថ្មីដល់ទីផ្សារលំនៅដ្ឋាន។
ការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្តចិនបានប្រកាសកាលពីខែមេសាថា “កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីស្តារទីផ្សារអចលនទ្រព្យឱ្យមានស្ថិរភាព និងទប់ស្កាត់មិនឱ្យទីផ្សារបន្តធ្លាក់ចុះ ព្រមទាំងលើកកម្ពស់ការបង្កើតគម្រូថ្មីសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ”។
ជាទូទៅ អតិថិជននៅក្នុងប្រទេសចិនតែងចុះកិច្ចសន្យាទិញអាផាតមុិន និងចាប់ផ្តើមទូទាត់ប្រាក់កក់ មុនពេលអគារអាផាតមុិនទាំងនោះត្រូវបានសាងសង់រួចរាល់ ឬគេហៅថា ការលក់បែប Pre-sale។
បណ្តាអ្នកអភិវឌ្ឍន៍អាចទទួលបានសាច់ប្រាក់យ៉ាងលឿនតាមរយៈការលក់ Pre-sale ហើយពួកគេអាចបង្វិលសាច់ប្រាក់ទាំងនោះដើម្បីបោះទុនវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀត។
ប៉ុន្តែ បណ្តាអ្នកអភិវឌ្ឍន៍បានជួបប្រទះវិបត្តិសាច់ប្រាក់ ក្រោយពេលរដ្ឋាភិបាលចិនបានរឹតបន្តឹងច្បាប់ផ្តល់ហិរញ្ញប្បទានលើអចលនទ្រព្យនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដើម្បីទប់ស្កាត់ពពុះក្នុងទីផ្សារអចលនទ្រព្យ។
លុះមកដល់ឆ្នាំ២០២២ គម្រោងអចលនទ្រព្យជាច្រើនបានជាប់គាំង ហើយអតិថិជនភាគច្រើនមិនទទួលបានផ្ទះទាន់កាលកំណត់ឡើយ៕