ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារខ្ពស់កប់ពពក Merdeka 118 នៅក្នុងទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី មានលក្ខណៈពិសេសជាច្រើន រួមទាំងផ្នែកស្ថាបត្យកម្ម និងតំណាងនិមិត្តរូប។អគារ Merdeka 118 ជាអគារខ្ពស់ជាងគេបំផុតនៅតំបន់អាសុី ដោយបានវ៉ាដាច់អគារ Shanghai Tower នៅទីក្រុងសៀងហៃរបស់ប្រទេសចិន។
លើសពីនេះ អគារ Merdeka 118 ក៏ជាប់ឈ្មោះជាអគារខ្ពស់ជាងគេបំផុតទី២នៅលើពិភពលោកផងដែរ បន្ទាប់ពីអគារ Burj Khalifa នៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។អគារ Merdeka 118 មានកម្ពស់៦៧៨,៩ម៉ែត្រ។
អគារនេះត្រូវបានសាងសង់នៅជិតកីឡដ្ឋាន Stadium Merdeka ដែលជាទីតាំងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ព្រោះប្រទេសម៉ាឡេស៊ីបានប្រកាសឯករាជ្យនៅកីឡដ្ឋាននេះកាលពីឆ្នាំ១៩៥៧។ ពាក្យ“Merdeka” ជាភាសាម៉ាឡេមានន័យថា “ឯករាជ្យ”។
តួខ្លួនរបស់អគារនេះត្រូវបានរចនាឡើងដើម្បីប្រៀបប្រដូចទៅនឹងការលើកដៃរបស់លោក Tunku Abdul Rahman ដែលជានាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃពិធីប្រកាសឯករាជ្យ។
អគារ Merdeka 118 បានទទួលវិញ្ញាបនបត្របញ្ជាក់ពីភាពជាអ្នកដឹកនាំក្នុងការរចនាថាមពល និងបរិស្ថាន (LEED) និងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភាពបៃតង GreenRE របស់ប្រទេសម៉ាឡេស៊ី។ អគារនេះដាក់បញ្ចូលបច្ចេកវិទ្យាអគារឆ្លាតវៃ ប្រព័ន្ធសន្សំសំចៃថាមពល និងការប្រមូលស្តុកទុកទឹកភ្លៀង។
អគារ Merdeka 118 រួមមានសណ្ឋាគារប្រណីត Park Hyatt និងបន្ទប់ការិយាល័យ ដែលត្រូវបានជួលមួយចំណែកធំទៅឱ្យក្រុមហ៊ុនរដ្ឋ Permodalan Nasional ព្រមទាំងមានហាងលក់រាយ កន្លែងសង្កេតការណ៍នៅកំពូលអគារ និងមជ្ឈមណ្ឌលវប្បធម៌ ដូចជាវិចិត្រសាលជាដើម។
រូបរាងអគារនេះត្រូវបានយកតាមលំនាំសិល្បៈ និងសិប្បកម្មប្រពៃណីរបស់ម៉ាឡេស៊ី។ អគារនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីការរីកចម្រើន ភាពជឿជាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសម៉ាឡេស៊ី។
អគារ Merdeka 118 មិនត្រឹមតែមានកម្ពស់ខ្ពស់ប៉ុណ្ណោះទេ។ ប៉ុន្តែ អគារនេះក៏ជានិមិត្តរូបនៃការបង្ហាញមោទនភាពជាតិ ការរចនាប្រកបដោយនិរន្តរភាព និងមហិច្ឆតាស្ថាបត្យកម្មរបស់ម៉ាឡេសុីក្នុងយុគសម័យទំនើបផងដែរ៕