អ្នកជំនាញនិយាយពីការត្រៀមខ្លួនរបស់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីជំរុញវិស័យមួយនេះឱ្យល្អប្រសើរឡើងវិញក្រោយវិបត្តិ Covid-19

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ស្របពេលដែលបណ្តាប្រទេសជឿនលឿនមួយចំនួនចាប់ផ្តើមអនុវត្តលើការប្រើប្រាស់វ៉ាក់សាំងប្រឆាំង Covid-19 ជាបណ្ដើរៗទៅហើយនោះបានធ្វើឱ្យបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យបង្ហាញពីក្ដីសាទរ និងត្រៀមខ្លួនសារជាថ្មីក្នុងការចាប់ផ្តើមសកម្មភាពនៅក្នុងទីផ្សារមួយនេះ។ ស្របពេលជាមួយគ្នានេះ មានសំណួរលើកឡើងថា តើកម្ពុជាគួរត្រៀមអ្វីខ្លះដើម្បីជំរុញវិស័យអចលនទ្រព្យឱ្យបានល្អប្រសើរឡើងវិញបន្ទាប់ពីបញ្ចប់វិបត្តិនៃជំងឺឆ្លងមួយនេះ?

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថា រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនហើយបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 ហើយប្រជាជននៃប្រទេសទាំងនោះក៏កំពុងរង់ចាំមើលពីប្រតិកម្មរបស់វាផងដែរ។

លោកបានឱ្យដឹងថា បើសិនជាវ៉ាក់សាំងនេះមានប្រសិទ្ធភាពដែលអាចកំចាត់ Covid-19 បាននោះ ប្រជាជនលើពិភពលោក ទាំងវិនិយោគិន និងទេសចរនឹងចេញធ្វើសកម្មភាពវិនិយោគ និងទេសចរណ៍។

លោកបន្តថា “អ្វីដែលកម្ពុជាត្រូវត្រៀមសម្រាប់ទទួលស្វាគមន៍ការវិលត្រលប់នៃភាពប្រសើរឡើងវិស័យអចលនទ្រព្យគឺត្រូវមានផលិតផលដែលត្រឹមត្រូវច្បាស់លាស់ ។ក្នុងន័យនេះគឺត្រូវដោះស្រាយរាល់ទំនាស់ដែលកើតឡើងចំពោះអចលនទ្រព្យ ដើម្បីឱ្យវិនិយោគិនមានជំនឿជាក់លើអចលនទ្រព្យក្នុងប្រទេសកម្ពុជា និងមកបណ្ដាក់ទុនវិនិយោគ បន្ថែមទៀត”។

លោកបន្ថែមថា នៅពេលកម្ពុជាមានវ៉ាក់សាំង Covid-19 លោករំពឹងថា នៅឆ្នាំ ២០២១វិស័យអចលនទ្រព្យនឹងទទួលបានសកម្មភាពវិនិយោគ ការទិញលក់ប្រសើរឡើងវិញ តែវាត្រូវប្រើពេលយូរបន្តិចដើម្បីឱ្យវាបានប្រសើរដូចស្ថានភាពមុនកូវីដ១៩។

លោកបានថ្លែងថា “អ្វីដែលពលរដ្ឋត្រូវធ្វើនៅពេលនេះគឺការទប់ស្កាត់ការចម្លងមេរោគនេះបន្តទៀតក្នុងសហគមន៍ ដូច្នេះ ពលរដ្ឋត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here