តំបន់ព្រែកឯង ខណ្ឌច្បារអំពៅក្លាយជាបណ្តុំបូរីលំនៅដ្ឋានកម្រិតមធ្យម

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខណ្ឌច្បារអំពៅ ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងសកម្ម ក្នុងវិស័យ​សំណង់ ជាពិសេសផ្នែកលំនៅដ្ឋាន បាននិងកំពុងបន្តដល់តំបន់ព្រែកឯង ដែលមានគម្រោងបុរីយ៉ាងច្រើន រហូតដល់ប្រមាណ២០គម្រោង និងកាន់តែជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងខ្ពស់។

អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KAT Appraisal អលោកស្រីចេវ សុឃុនបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា ខណ្ឌច្បារអំពៅនៅពេលបច្ចុប្បន្ននេះ បានក្លាយទៅជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍របស់អ្នកជំនួញផ្នែកលំនៅដ្ឋានមិនចាញ់ខណ្ឌសែនសុខនោះទេ។

លោកស្រីបានបន្តថា“ចាប់ពីចំណុចគល់ស្ពានច្បារអំពៅ មិនសូវមានដីទំនេរសំរាប់អភិវឌ្ឍន៍លំនៅដ្ឋានទ្រង់ទ្រាយធំនោះទេ ប៉ុន្តែតំបន់ដែលកំពុងតែមានភាពមមាញឹកក្នុងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន ជាពិសេសបុរីដែលអភិវឌ្ឍន៍លំនៅដ្ឋាន តម្លៃមធ្យមក្រោម១០ម៉ឺនដុល្លារ កំពុងសម្រុកនៅតំបន់ព្រែកឯង ព្រោះនៅទីនេះមានភាពល្អប្រសើរច្រើន និងអំណោយផលដល់ការវិនិយោគ”។

លោកស្រីបន្តថា នៅព្រែកឯងមានផ្លូវហ៊ុមព័ទ្ធជុំវិញ ខ្វាត់ខ្វែងងាយស្រួលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ចេញតាមខេត្តផ្សេងៗ ហើយអ្វីដែលពិសេសនោះ គឺតម្លៃដីនៅទាបនៅឡើយ ដែលគិតជាមធ្យមត្រឹមជាង៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ឬទាបជាងនេះក៏មានអាស្រ័យទៅតាមទីតាំង និងទំហំដី។

លើកឡើងស្រដៀងគ្នានេះ លោកស្រីតាំង ហួរ អគ្គនាយិការក្រុមហ៊ុនភ្នាក់ងារអច​លនទ្រព្យAMATAK Property Srevice បានមានប្រសាសន៍ថា តំបន់ផ្លូវជាតិលេខ១ រាប់ចាប់គិតពីចំណុចគល់ស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) រហូតដល់តំបន់ផ្សារព្រែកឯងស្ទើរតែមិនមែនជាតំបន់ជាយក្រុងទៀតនោះទេ ហើយក៏បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់ ដែលមានកំណើនប្រជាជនកម្រិតមធ្យមរស់នៅច្រើន និងជម្រុញឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងតំបន់កាន់តែល្អប្រសើរជាងមុន។

លោកស្រីបន្តថា “គម្រោងសំណង់ធំៗ នៅតំបន់នេះភាគច្រើនជាប្រភេទ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃមធ្យម និងកំពុងមានតម្រូវការទីផ្សារខ្ពស់ នៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here