អ្នកជំនាញៈ​វិបត្តិ​កូ​វីដ​មិនអាច​រុញ​ទម្លាក់​តម្លៃ​អចលនទ្រព្យ​ខ្លាំង ដោយសារហេតុផល​មួយចំនួន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខុសពី​ការលើកឡើង​របស់​មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួន​ថា ទីផ្សារ​អចលនទ្រព្យ​នៅពេល​បច្ចុប្បន្នកំពុង​ដាំ​ក្បាល​ចុះ និ​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​នៅលើ​ទីផ្សារ​ធ្លាក់ចុះ​យ៉ាងគំហុក​ដោយសារ​ស្ថានភាព​នៅពេល​បច្ចុប្បន្ន អ្នកជំនាញ និង​ជា​អ្នកតាមដាន​នៅក្នុង​ផ្នែក​មួយ​នេះ​បាន​អះអាងថា តម្លៃ​អចលនទ្រព្យ​មិនមាន​ការធ្លាក់ចុះ​ខ្លាំង​នោះទេ បើទោះជា​ការទិញ​ល​ត្រូវបាន​កាត់បន្ថយ។

លោក​សន សៀ​ប ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ KEY Real Estate បាន​មានប្រសាសន៍​ប្រាប់ថា​នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា វិបត្តិ​កូ​វីដ១៩ ពិតជា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​មែន ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​តម្លៃ​អចលនទ្រព្យ​វិញ គឺមាន​ការធ្លាក់ចុះ​តិច​ភាគរយ​បំផុត ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ម្ចាស់​អចលនទ្រព្យ​ជា​លក្ខណៈ​បុគ្គល​តែប៉ុណ្ណោះ។

លោក​បញ្ជាក់ថា “វិបត្តិ​សេដ្ឋកិច្ច​នៅពេលនេះ មិន​ដូចគ្នា​ទៅនឹង​វិបត្តិ​ដែល​ធ្លាប់​កើតមាន​កាលពី​ឆ្នាំ២០០៨នោះទេ។ កាលពី​ឆ្នាំ២០០៨ តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​រហូតដល់​ប្រមាណ៥០ភាគរយ ហើយ​ត្រូវ​ចំណាយពេល​ជិត៤ឆ្នាំ ទើប​អាច​ឡើងវិញ​បាន​ដូចដើម” ។ លោក​បន្តថា “ប៉ុន្តែ​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វីដ​នៅពេលនេះ មិនមាន​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ​ខ្លាំង​នោះទេ បើ​មាន​គឺ​ស្ថិតក្នុង​លក្ខណៈ​បុគ្គល​តិច​ភាគរយ​ដែល​ម្ចាស់​អចលនទ្រព្យ មាន​តម្រូវការ​សាច់ប្រាក់​ចាំបាច់​តែប៉ុណ្ណោះ” ។

លោក​បញ្ជាក់ថា តម្លៃ​អចលនទ្រព្យ​មិន​ធ្លាក់ចុះ​ខ្លាំង​នោះទេ ផ្ទុយទៅវិញ​ក្រោយពេល​បញ្ហា​នៃ​ជំងឺ​កូ​វីដ ត្រូវបាន​ស្ងប់ស្ងាត់​ទៅវិញ នោះ​ត​តម្លៃ​អចលនទ្រព្យ​អាច​នឹង​បន្ត​កើនឡើង ហើយ​អ្នករក​ទិញ​ក្នុងតម្លៃ​ពេលបច្ចុប្បន្ន​នេះ អាច​មិនមាន​ទៀតឡើយ” ។

លោក​បាន​លើកឡើងថា មាន​កត្តា​ជាច្រើន ដែល​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ស្ថិតនៅក្នុង​សភាព​ទ្រឹង​មិន​ធ្លាក់ចុះ ដូចជា ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៅក្នុង​សហគមន៍ ដែល​ក្រៅពី​ដាក់ចេញ​នូវ​វិធានការ​ការពារ នៅមាន​ការជំរុញ​ទៅលើ​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស ជាពិសេស​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ប្រជាជន​រស់នៅ​ជិត៣លាន​នាក់ តំបន់​ក្រុង​តាខ្មៅ ដែលជា​តំបន់​សេដ្ឋកិច្ច​ខ្ពស់​ប្រចាំខេត្ត​កណ្តាល រួមជាមួយ​បណ្តា​ខេត្តផ្សេងៗទៀត។

ក្រៅពីនេះ នៅមាន​កត្តា​សំខាន់​មួយទៀត ដែល​ជួយ​កម្លាំង​រុញច្រាន​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ភាពល្អប្រសើរ គឺ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅតាម​តំបន់​គោលដៅ​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស ដូចជា​ផ្លូវ​ទាំង៣៤ ខ្សែ​នៅ​ក្រុងព្រះសីហនុ ផ្លូវ៣៨ខ្សែ​នៅ​ខេត្តសៀមរាប ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​កំពុង​បន្ត​ការសិក្សា គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ២ រួមជាមួយ​ផ្លូវសំខាន់ៗជាច្រើន​ទៀត។

ជាមួយគ្នានេះ ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់ ដែល​បាន​តាមដាន​ការវិវត្ត​ក្នុង​វិស័យនេះ បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ក្រោយ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​ឆ្នាំ២០០៨ បាន​ប្រែប្រួល​លើ​គុណភាព​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ ប្រែប្រួល​លើ​និន្នាការ​វិនិយោគ និង​កត្តា​រួមផ្សំ​មួយចំនួនទៀត។

លោក​បន្តថា “ក្តី​សុទិដ្ឋិនិយម​របស់​ប្រជាពលរដ្ឋ ដែល​មើលឃើញ​រួចទៅហើយ​ថា​សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ បានធ្វើ​ឲ្យ​ម្ចាស់​អចលនទ្រព្យ​នានា សម្រេចចិត្ត​មិន​ទម្លាក់​តម្លៃ ទោះបីជា​ទីផ្សារ​ទិញ​លក់​ថមថយ​ក្តី” ។ លោក​បន្តថា “កំនើនសេដ្ឋកិច្ច ជំនឿ​ចិត្ត ចំណេះដឹង ជាពិសេស​ការវិនិយោគ​អចលនទ្រព្យ ដោយ​ប្រើ​លុយ​ផ្ទាល់ខ្លួន មិន​ប្រើប្រាស់​លុយ​ធនាគារ ធ្វើ​ឲ្យ​ម្ចាស់​អចលនទ្រព្យ នៅតែ​រំពឹង​ពី​ផលចំណេញ​នាពេល​អនាគត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here