ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ទើរតែគ្រប់ប្រភេទអាជីវកម្មទាំងអស់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ សុទ្ធតែកំពុងទទួលរងនូវផលប៉ះពាល់ ដែលក្នុងនោះរាប់ទាំងប្រភេទក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យផងដែរ ដែលកំពុងប្រឈមនឹងបញ្ហាចរន្តសាច់ប្រាក់ ខណៈដែលចំណូលពីកម្រៃជើងសារនានា ត្រូវបានធ្លាក់ចុះស្ទើរដល់ចំណុចសូន្យ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Dream property លោកគាម សៀកឡុង បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា មិនមែនទើបតែពេលនេះទេ ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ទទួលរងនូវផលប៉ះពាល់ និងបាត់បង់ចំណូលនោះ ពោលគឺជួបបញ្ហាចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិកូវីដ១៩តាំងពីឆ្នាំមុនមកម្ល៉េះ។
ជាទូទៅ ចំណូលរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមួយចំណែកធំ គឺបានមកពីកម្រៃជើងសារ ក្នុងការណែនាំស្វែងរកអតិថិជន និងចរចាទៅលើការទិញលក់អចលនទ្រព្យ លុះពេលសកម្មភាពទិញលក់មិនមាន នោះចំណូលក្រុមហ៊ុនក៏ត្រូវបាត់បង់។
លោកគាម សៀកឡុង បានមានប្រសាសន៍បញ្ជាក់ថា “មានការលើកឡើងថា ស្ថិតនៅក្នុងកំឡុងពេលវិបត្តិកូវីដនេះ សម្រាប់ភ្នាក់ងារអចលនទ្រព្យ នៅតែមានអចលនទ្រព្យសម្រាប់លក់ និងអាចស្វែងរកអតិថិជនទិញ បានដោយប្រើប្រាស់បច្ចេកវិទ្យា។ ការលើកឡើងនេះមានជាចំណុចមួយតូចបំផុត” ។ លោកបន្តថា “យើងអាចផ្សព្វផ្សាយពីអចលនទ្រព្យបាន ប៉ុន្តែមិនប្រាកដថា អាចលក់បានតាមបច្ចេកវិទ្យានោះទេ ព្រោះអ្នកទិញភាគច្រើនគឺគេចង់ទៅមើលអចលនទ្រព្យ ដោយផ្ទាល់សិនមុនពេលសម្រេចចិត្ត ដូច្នេះចង់មិនចង់គឺត្រូវមានការជំនួបដោយផ្ទាល់ ប៉ុន្តែក្នុងដំណាក់កាលហាមឃាត់ ការទិញលក់ត្រូវបានកាត់ផ្តាច់” ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកបានបញ្ជាក់ថា ភាពធ្ងន់ធ្ងររបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមួយចំនួន គឺកើតមាននៅក្នុងពេលបិទខ្ទប់នេះតែម្ដង ដោយសារម្ចាស់ក្រុមហ៊ុនភាគច្រើន មិនបានត្រៀមលក្ខណៈទុកជាមុន រាប់ទាំងការរៀបចំផែនការការងារ ចរន្តហិរញ្ញវត្ថុដែលត្រូវចំណាយថេរប្រចាំខែ និងការបង្វិលសាច់ប្រាក់នៅក្នុងប្រតិបត្តិការក្រុមហ៊ុន។
លោកគាម សៀកឡុង បានលើកឡើងថា ចាប់តាំងពីមានការបិទខ្ទប់ភ្លាម មិនថាប្រាក់ចំណូល ឬប្រាក់សម្រាប់បង្វិលគឺនៅទ្រឹងតែម្ដង។ សម្រាប់អ្នកដែលមានលុយក្នុងដៃអាចមិនសូវមានបញ្ហាធំនោះទេ ប៉ុន្តែសម្រាប់អ្នកពឹងផ្អែកលើ ការបង្វិលសាច់ប្រាប់ជាប្រចាំគឺជួបបញ្ហា ជាពិសេសការចំណាយថេរទៅលើប្រាក់ខែបុគ្គលិក ថ្លៃឈ្នួលការិយាល័យ និងការចំណាយផ្សេងទៀត ខណៈដែលចំណូលត្រូវបាត់បង់ទាំងស្រុង។
លោកបន្តថា “ជាដំណោះស្រាយ ក្រុមហ៊ុនមានតែព្យាយាមកាត់បន្ថយចំណាយទាំងឡាយណាដែលមិនចាំបាច់ ដើម្បីអាចទប់លំនឹង និងរក្សាបុគ្គលិកបាននៅក្នុងដំណាក់កាលនេះ។
ជាមួយគ្នានេះ លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានទទួលស្គាល់ថា គ្រប់គ្នាពិតជាប្រឈមការលំបាក ប៉ុន្តែយើងមិនត្រូវអស់សង្ឃឹមទេ ព្រោះលោកស្រីជឿលើរដ្ឋាភិបាល នឹងអាចបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈបាននាពេលឆាប់ៗនេះ។
លោកស្រីបន្តថា “ខ្ញុំគាំទ្ររដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមួយរយៈ ដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ១៩ ព្រោះបើមិនកាត់ផ្តាច់អ្វីៗនឹងកាន់តែធ្ងន់ធ្ងរជាងនេះ។លោកស្រីបានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ កុំមានការអស់សង្ឃឹម តែត្រូវមានកំលាំងចិត្តតស៊ូបន្តទៀត ព្រោះអ្វីៗជិតបញ្ចប់ហើយ៕