សួនឧស្សាហកម្មកាណាឌីយ៉ា​ទំហំ​៥០០​ហិកតា​​លើ​ផ្លូវ​ជាតិ​លេខ​៥១​កំពុង​សាង​សង់​យ៉ាង​សកម្ម

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសាងសង់សួនឧស្សាហកម្មរបស់សហគ្រាសកាណាឌីយ៉ា ទំហំ៥០០ហិកតា នៅតំបន់ផ្លូវជាតិលេខ ៥១បាននិងកំពុងសាងសង់យ៉ាងសកម្ម ខណៈតំបន់នេះកំពុងទាក់ទាញការវិនិយោគយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកលឹម សុជាតិបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការសាងសង់សួនឧស្សាហកម្មនៅតំបន់ផ្លូវជាតិលេខ៥១ បាននិងកំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ ស្របពេលតំបន់នេះ កំពុងទាក់ទាញគំរោងវិនិយោគធំៗ កាន់តែច្រើននាពេលបច្ចុប្បន្ននេះ។

លោកបន្តថា “តំបន់ផ្លូវជាតិលេខ៥១ ពេលមានវត្តមានសួនឧស្សាហកម្មទំហំ៥០០ហិកតា បានទាក់ទាញគំរោងជាច្រើន ពិសេសធ្វើឲ្យតម្លៃដីនៅតំបន់នោះមានភាពទាក់ទាញយ៉ាងខ្លាំង”។

ជាមួយគ្នានេះ លោកសន សៀបស្ថាបនិកនិងជានាយកក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ថា ទោះបីមានវិបត្តិកូវីដ១៩ក្តី ប៉ុន្តែដីធ្លីតំបន់មួយចំនួននៅតែឡើងថ្លៃ ដូចជាតំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងតំបន់អភិវឌ្ឍន៍ជាច្រើនទៀត។

លោកបន្តថា “តម្លៃដីធ្លីនៅក្រុងភ្នំពេញនៅតែបន្តកើនឡើង ជាក់ស្តែងបើគិតពីឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០ តម្លាំដីនៅទីក្រុងនេះកើនឡើងក្នុងរង្វង់ជិត២ភាគរយ”។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យដទៃទៀត ក៏កំពុងមើលឃើញសញ្ញាវិជ្ជមានបណ្តើរៗលើទីផ្សារដីធ្លីផងដែរ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេលស្ថានភាពហាក់មានភាពធូរស្រាល និងរដ្ឋាភិបាលអនុញ្ញាត្ត ឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ សកម្មភាពទិញលក់ក្នុងវិស័យអច​លនទ្រព្យ ពិសេសទីផ្សារដីធ្លីនឹងកើនឡើងសកម្មភាពទិញ លក់មុនគេ បន្ទាប់មកទើបទីផ្សារលំនៅដ្ឋានងើបឡើងវិញ។

លោកបន្តថា “សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ នឹងមានភាពប្រសើរឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខ ស្របពេលអ្នកវិនិយោគអន្តរជាតិនឹងចូលមកបណ្តើរៗនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here