លំនៅឋានជាប់ដីនៅតែមានសង្ឃឹម ស្របពេលទីផ្សារខុនដូថមថយល្បឿនបន្តិច

0

ដោយៈវឌ្ឍនៈ

ភ្នំពេញ​៖ ស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លង គេសង្កេតឃើញថា ការអភិវឌ្ឍលំនៅឋានជាពិសេសបុរី នៅតែមានសកម្មភាពផុសផុល និងមានការទិញលក់ខ្ពស់ ដែលសបញ្ជាក់ពីទីផ្សារនៃលំនៅឋានប្រភេទនេះនៅតែមានខ្ពស់ ខណៈលំនៅឋានជាប្រភេខុនដូ ហាក់មានការថមថយបន្តិច។

អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ានួន រិទ្ឋី បានមានប្រសាសន៍ថា ឲ្យដឹងកាលពីម្សិលម៉ិញនេះថា រហូតមកដល់ពេលនេះ មិនទាន់ឃើញមានការវិនិច្ឆ័យណាមួយថា លំនៅឋានលក្ខណៈជាផ្ទះជាប់ដី លើសតម្រូវការនៅឡើយទេ ប៉ុន្តែករណីអគារខុនដូ យើងបានឃើញថាពេលនេះ វាលើសតម្រូវការបន្តិច ដែលធ្វើឱ្យការលក់នៅទ្រឹង ។

លោកបន្តថា “ការសាងសង់ផ្ទះជាលក្ខណៈឯកជន និងការសាងសង់លក់ជាបុរីក្ដី នៅមិនទាន់ឃើញថាលើសតម្រូវការនៅឡើយទេ ពីព្រោះចំណង់ចំណូលចិត្ត របស់ប្រជាពលរដ្ឋកម្ពុជាយើង នៅតែចូលចិត្តផ្ទះជាលក្ខណៈជាប់ដីដដែល”។ លោកបន្តថា “នេះជាអ្វីដែលការអភិវឌ្ឍលំនៅឋាននៅតាមបុរី នៅតែបន្តអភិវឌ្ឍន៍ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ដូចបានឃើញស្រាប់ការអភិវឌ្ឍលំនៅឋានជាផ្ទះជាប់ដី នៅជុំវិញរាជធានីភ្នំពេញនៅតែសកម្ម និងមានការគាំទ្រពីប្រជាពលរដ្ឋដដែល”។

លោកនួន រិទ្ឋីបានបន្ថែមថា អ្នកអភិវឌ្ឍន៍លំនៅឋានក៏គួរតែគិតគូទៅលើកត្តាមួយចំនួនជាមុនសិន មុននឹងសម្រេចចិត្តវិនិយោគ លើលំនៅឋាន ដូចជា រៀបចំច្បាប់ទំលាប់ឱ្យបានច្បាស់លាស់ ដូចជា ច្បាប់ក្នុងការសាងសង់ និងច្បាប់សម្រាប់លក់អចលនទ្រព្យជាដើម ពីព្រោះក្រុមហ៊ុនមានតែអាជ្ញាបណ្ណសាងសង់ តែមិនមានអាជ្ញាបណ្ណលក់។ ដូច្នេះនៅពេលក្រសួងចុះធ្វើអធិការកិច្ច នឹងមានផលពិបាកសម្រាប់ក្រុមហ៊ុនរបស់ខ្លួន។ ក្រៅពីនេះដែរអ្នកសាងសង់ ត្រូវចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការបង់ពន្ធ ហើយក្នុងករណីមិនបានចុះបញ្ជីត្រឹមត្រូវទេ ពេលត្រូវការបង់ពន្ធនឹងបង្កបញ្ហារញ៉េរញ៉ៃ ។

លោកបន្ថែមទៀតថា អ្នកអភិវឌ្ឍន៍ក៏គួរតែពិនិត្យមើលទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង លូ ហើយត្រូវពង្រឹងគុណភាពសំណង់របស់ខ្លួន បើចង់រកស៊ីនិងបន្តនិរន្តរភាព ក្រុមហ៊ុនរបស់ខ្លួនយូរអង្វែង ។

ចំណែកលោករិន ច័ន្ទរិទ្ឋ អគ្គនាយកក្រុមហ៊ុន DNZ Realty ដែលជាក្រុមហ៊ុនលក់ខុនដូមួយ ក្នុងប្រទេសកម្ពុជាក៏បានលើកឡើងផងដែរថា ទីផ្សារខុនដូក្នុងឆ្នាំ២០២២នេះ បានថមថយបន្តិចមែនហើយ បើធៀបនឹងឆ្នាំ២០២០និងឆ្នាំ២០២១កន្លងទៅ ។ លោកបន្តថា ថ្វីត្បិតតែ ស្ថានភាពកូវីដ១៩បានប្រសើរមែន តែអ្នកទិញខុនដូនៅកម្ពុជាភាគច្រើន ជាប្រជាជនក្នុងស្រុក ហើយអ្នកដែលចង់ទិញខុនដូ ក៏បានទិញរួចហើយដែរកាលពីអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១។ ដូច្នេះក្នុងឆ្នាំ២០២២នេះ អ្នកមានលទ្ធភាពទិញខុនដូគឺមានតិចតួច ខណៈជនបរទេសនៅតែមិនទាន់អាចចូលមកកម្ពុជាច្រើននៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here