ដោយ៖ សុផារី
ភ្នំពេញ៖ ស្របពេលសកម្មភាពអាជីវកម្មវិនិយោគចាប់ផ្តើមត្រឡប់មកវិញបណ្តើរៗ អ្នកជំនាញអះអាងថា ការងើបឡើងវិញនៃទីផ្សារការិយាល័យក្នុងរាជធានីភ្នំពេញ ហាក់មិនមានសញ្ញាវិជ្ជមាន ខណៈតម្រូវការនៅមានតិចតួច ហើយការផ្គត់ផ្គង់នៅមានចំនួនច្រើន។
អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា សកម្មភាពជួលការិយាល័យក្នុងវិស័យអចលនទ្រព្យ នៅក្នុងទីក្រុងភ្នំពេញមានសភាពទ្រឹង ខណៈសកម្មភាពនៅក្នុងខែឧសភាមានការថយចុះ បើធៀបនឹងខែមេសា ក្នុងឆ្នាំនេះ។ បើក្រឡេកមើលទិដ្ឋភាពទូទៅនៃការជួលអចលនទ្រព្យប្រភេទការិយាល័យ តម្លៃនៃការជួលនៅបន្តមានសភាពទ្រឹងដដែល។
អ្នកជំនាញអចលនទ្រព្យរូបនេះ បានបញ្ជាក់ថា ទីផ្សារនេះហាក់បានមានសញ្ញាវិជ្ជមាននោះទេ ទោះបីរង់ចាំមើលរហូតដល់ចុងឆ្នាំ២០២២ ក៏ដោយ។ ចំនួននៃការផ្គត់ផ្គង់បន្តមានកំណើន ខណៈតម្រូវការក្នុងការប្រើប្រាស់ការិយាល័យសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគ នៅមានល្បឿនយឺត ហើយទីផ្សារមួយនេះអាចត្រូវការរយៈពេលប្រហែល១ទៅ២ឆ្នាំ ដើម្បីត្រលប់មករកភាពប្រសើរឡើងវិញបាន។
អ្នកនាងមានប្រសាសន៍ថា “សម្រាប់ត្រីមាសនេះរហូតដល់ចុងឆ្នាំ២០២២ ក៏មិនទាន់មានការកើនឡើងវិញនូវទីផ្សារជួលដែរ។ សញ្ញាវិជ្ជមានបំផុតគឺសង្ឃឹមនៅទ្រឹងដដែល ដោយតម្លៃជួលអាចនឹងមិនធ្លាក់ចុះបន្តទៀត”។
អ្នកនាងបន្តថា “ទោះបីចុងឆ្នាំ តម្លៃជួលមានការធ្លាក់ចុះក្តី ក៏យើងមិនមានការភ្ញាក់ផ្អើលដែរ ដោយសារចំនួននៃការផ្គត់ផ្គង់នៅតែច្រើនដដែល ហើយជាក់ស្តែងសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគទើបចាប់ផ្ដើមមកតិចៗ”។
អ្នកនាងរំពឹងថា ការប្រែប្រួលនៃទីផ្សារអចលនទ្រព្យមួយនេះត្រូវការពេលយ៉ាងហោចណាស់១ ទៅ២ឆ្នាំដើម្បីមើលឃើញភាពប្រែប្រួលខ្លាំង។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា ទីផ្សារជួលការិយាល័យ នៅមិនទាន់មានអ្វីប្រែប្រួលខ្លាំងនោះឡើយ ដោយក្តីរំពឹងថា ទីផ្សារមួយនេះដូចជាសញ្ញាវិជ្ជមាន ក្នុងដើមឆ្នាំ២០២២នេះ ត្រូវបានអូសបន្លាយបន្តទៀត៕