ដោយៈជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញនៃក្រុមហ៊ុនអចលនទ្រព្យ លំដាប់អន្តរជាតិមួយបានអះអាងថា ចំនួនសេដ្ឋីនៅកម្ពុជាបាន និងកំពុងកើនឡើងកាន់តែច្រើននៅកម្ពុជា។
អគ្គនាយកក្រុមហ៊ុន Coldwell Banker លោក Ken Lo បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ មិថុនាកន្លងមកថា ដោយសារសេដ្ឋកិច្ចមានភាពរីកចម្រើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យចំនួនសេដ្ឋីនៅកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែមិនទាន់មានចំនួនច្រើនពេកនោះទេ”។
លោកបន្តថា “ស្របពេលសេដ្ឋកិច្ចកម្ពុជារីកចម្រើន ក្នុងរង្វង់៧ភាគរយ មុនវិបត្តិកូវីដ១៩ ចំនួនអ្នកមានបានកើនឡើង ដោយអ្នកមានជីវភាពទាបបានកើនឡើងដល់ជីវភាពមធ្យម អ្នកមានជីវភាពមធ្យមបានឈានឡើងដល់ជីវភាពខ្ពស់ ហើយអ្នកមានជីវភាពខ្ពស់ ក៏ក្លាយជាអ្នកមានឬសេ ដ្ឋី”។
ទោះជាយ៉ាងណានៅក្នុងសង្គមខ្មែរ គេមិនទាន់បានចាត់និយមន័យអ្នកមានឬសេដ្ឋី មានទ្រព្យសម្បត្តិកំរិតណានោះទេ ប៉ុន្តែនៅលើស្តង់ដាពិភពលោកបានកំណត់និយមន័យថា មហាសេដ្ឋី គឺជាបុគ្គលទាំងឡាយណាមានទ្រព្យសម្បត្តិ ចាប់ពី១០០០លានដុល្លារឡើងទៅ។
លោក Ken Lo បានបន្តថា ចំនួនសេដ្ឋីនៅកម្ពុជា យើងឃើញមានអ្នកទទួលបានងារជាអ្នកឧកញ៉ា មានចំនួនប្រមាណ២០រូបប៉ុណ្ណោះ ប៉ុន្តែអ្នកមានងារជាឧកញ៉ាមានចំនួនច្រើនខ្ទង់ពាន់នាក់ ដែលអ្នកទទួលបានងារជាឧកញ៉ាអាចចាត់ចូលជា “សេដ្ឋី”បាន។
លោកបានបន្តថា ដោយសារចំនួនសេដ្ឋីកើនឡើងនៅកម្ពុជា ទើបអ្នកវិនិយោគបុរីមួយចំនួនបានចាប់ផ្តើមសាងសង់ បុរីតម្លៃខ្ពស់រហូតដល់១ទៅ៥លានដុល្លារ ដែលពីមុនមិនឃើញមាននោះទេ ប៉ុន្តែទោះជាយ៉ាងណាទីផ្សារលំនៅដ្ឋានលំដាប់មធ្យម នៅតែមានចំនួនច្រើនគ្របដណ្តប់ភាគច្រើននៅក្នុងទីផ្សារ។
ជាមួយគ្នានេះ អ្នកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service, Co, Ltd បានមានប្រសាសន៍ឲ្យដឹងផងដែរថា ចំនួនសេដ្ឋី ឬអ្នកមាននៅស្រុកខ្មែរពិតជាមានការកើនឡើ់ងខ្ពស់ ជាហេតុធ្វើឲ្យអ្នកវិនិយោគបុរីធំៗបានសាងសង់ផ្ទះតម្លៃខ្ទង់លានដុល្លារ។
អ្នកស្រីបន្តថា “ទោះជាយ៉ាងណាផ្ទះតម្លៃខ្ទង់លានដុល្លារ មិនសូវមានច្រើននោះទេ ហើយការលក់ក៏មិនបានលឿនដូចផ្ទះតម្លៃមធ្យម ឬសម្រាប់អ្នកមានជីវភាពមធ្យមនោះទេ”។
កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបានបង្ហាញពីម៉ូតផ្ទះ តម្លៃ៣លានដុល្លារ ដែលសាងសង់លើផ្ទៃដីទំហំ១ហិកតា ធ្វើឲ្យមានការចាប់អារម្មណ៍លើទីផ្សារផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានវិនិយោគបុរីវិមានសំណាង ដោយសាងសង់ផ្ទះមានតម្លៃរហូទដល់៥លានដុល្លារអាមេរិក ប៉ុន្តែវិមានឬភូមិគ្រឹះដ៏ធំនោះ មិនមានចំនួនច្រើនឡើយ៕