ដោយៈគង់់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សាស្រាវជ្រាវ រៀបចំក្របខណ្ឌត្រួតពិនិត្យហានិភ័យ ទីផ្សារអចលនទ្រព្យកម្ពុជា។
គោលដៅនៃការសិក្សានេះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃហានិភ័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ គម្រោងសិក្សានេះ បានដាក់ ឲ្យដំណើរការតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រោមកម្មវិធីចែករំលែកចំណេះដឹង (២០២១-២០២២)។
គម្រោងនេះ នឹងសិក្សាដោយផោ្តតជាសំខាន់ទៅលើចំណុចសំខាន់ៗជាច្រើនរួមមាន ទី១. ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ទី២. វិភាគលើលក្ខខណ្ឌខាងក្រៅ និងលំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ទី៣. វិភាគលើភាពប្រែប្រួល និងហានិភ័យទីផ្សារអចលនទ្រព្យនៅកម្ពុជា និងទី៤. បង្កើតឲ្យមានក្របខណ្ឌគោលនយោបាយ ដើម្បីរក្សាស្ថេរភាពអចលនទ្រព្យកម្ពុជា។
ការសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់នេះ នឹងលើកយកទិដ្ឋភាព នៃដំណើរវិវត្តន៍ នៃទីផ្សារអចលនទ្រព្យកម្ពុជា ធៀបជាមួយនឹងបទពិសោធន៍ ទីផ្សារអចលនទ្រព្យនៅកូរ៉េ ដែលធ្លាប់កើតមានកន្លងមក៕