សកម្មភាពវិនិយោគអចលនទ្រព្យនៅតំបន់ឆ្នេររំពឹងមានកំណើនខ្ពស់នៅឆ្នាំ២០២៣

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការវិនិយោគនានានៅតាមតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជារួមមានខេត្តកែប កំពត ក្រុងព្រះសីហនុនិងកោះកុង ត្រូវបានរំពឹងថានឹងមានសកម្មភាពឡើងវិញ និងកាន់តែខ្លាំងនៅដើមឆ្នាំ២០២៣ ខាងមុខនេះស្របពេលខេត្តមួយចំនួននៃតំបន់នេះអសកម្មមួយរយៈ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី៩ មិថុនាកន្លងមកថា តំបន់មួយចំនួននៅតាមបណ្ដោយឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង ក្នុងពេលនេះគឺកំពុងស្ថិតនៅក្នុងដំណាក់កាលត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍អ្នកវិនិយោគិនថ្មីៗ ជាពិសេសវិនិយោគិនបរទេសនៅដើមឆ្នាំ២០២៣ខាងមុខ ។

លោកបន្តថា “សម្រាប់ពេលនេះ ខេត្តទាំងបួននៃតំបន់ឆ្នេរអ្នកវិនិយោគភាគច្រើន ជាអ្នកវិនិយោគនៅក្នុងស្រុកនៅឡើយទេ មិនទាន់មានអ្នកវិនិយោគបរទេសចូលមកថ្មីទេ”។លោកបន្ថែមថា “ប៉ុន្តែនៅពេលឆាប់ៗខាងមុខនេះ អ្នកវិនិយោគបរទេសនឹងចូលមកកាន់តំបន់ឆ្នេរ ជាពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ពីព្រោះថាខេត្តទាំងពីរនេះ ឃើញមានសក្ដានុពលខ្លាំង ជាបណ្ដាខេត្តផ្សេងទៀតក្នុងតំបន់ឆ្នេរ”។

លោកសុខនីមបានបន្ថែមថា នៅរយៈពេល១ឆ្នាំខាងមុខទៀត ការដោះដូរអចលនទ្រព្យនៅតំបន់ទាំងនោះ នឹងមានសកម្មភាពខ្ពស់និងកើនឡើងខ្លាំង និងធ្វើឱ្យតំបន់នោះមានការផ្លាស់ប្តូរ មុខមាត់មួយកម្រិតទៀតផងដែរ។
លោកបានបន្តថា ខេត្តកោះកុង និងខេត្តកែប ក៏មានសក្ដានុពលដែរតែវាមិនទាន់បានធ្វើឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ពីវិនិយោគិនបរទេសច្រើននៅឡើយទេ និងត្រូវការពេលវេលាមួយសមស្រប ដើម្បីអភិ​វ ឌ្ឍន៍និងទាក់ទាញការវិនិយោគបន្ថែមលើអចលនទ្រព្យ ។

ជាមួយគ្នានេះ លោកកែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុន KW ប្រចាំខេត្តកំពតបានមានប្រសាសន៍ផងដែរថា ការវិនិយោគនៅក្នុងខេត្តកំពតអាចនឹងកាន់តែមានភាពប្រសើរឡើង នៅពេលឆាប់ៗនេះ ខណៈសក្ដានុពលមួយចំនួនបាន និងកំពុងបង្ហាញច្បាស់ ដល់បណ្ដាវិនិយោគិនជាតិនិងអន្តរជាតិ ក្នុងនោះរួមមានគម្រោងអភិវឌ្ឍន៍ កំពុងផែទឹកជ្រៅថ្មីមួយក្នុងខេត្តនេះ ផ្លូវជាតិលេខ៣ ដែលបានស្ថាបនាពីពីរគន្លងទៅ៤គន្លង និងផ្លូវថ្មីបូកគោ ផ្លូវ៤៣ជាដើម ។

លោកបន្តថា “ពេលនេះមានវិនិយោគិនក្នុងស្រុក បានចាប់ផ្ដើមទិញដីត្រៀមទុក សម្រាប់អភិវឌ្ឍន៍ដោយខ្លួនឯង ឬសហការជាមួយក្រុមហ៊ុនបរទេសដើម្បីវិនិយោគរួមគ្នា”។ លោកបន្តថា “ខេត្តនេះយើងឃើញថាសក្ដានុពល ដែលវិនិយោគិនគួរតែចាប់យកនោះ ជាការអភិវឌ្ឍលំនៅឋានលំហែកាយ និងផ្ទះអាជីវកម្មនៅក្បែរៗក្រុងកំពត”។

ចំណែកលោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានឱ្យដឹងថា កោះកុងក៏មានសកម្មភាព នៃការទិញលក់ដីធ្លី គួរឱ្យកត់សម្គាល់ដែរ ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះបានកើនឡើងមួយកម្រិតទៀត តែការទិញ លក់នេះធ្វើឡើងរវាងវិនិយោគិនក្នុងស្រុកតែប៉ុណ្ណោះ ដោយមិនទាន់មានការវិនិយោគ ពីបរទេសថ្មីៗនៅឡើយទេ។

លោករំពឺងថា ឆាប់ៗនេះវិនិយោគិនបរទេស នឹងចូលមកកាន់ខេត្តកោះកុងបន្ថែម ស្របពេលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីបណ្ដាខេត្តផ្សេងចូលមកកាន់ខេត្តនេះកាន់តែស្រួលផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ខេត្តកែកក៏កំពុងចាប់ផ្តើមបង្ហាញសក្តានុពលលើទីផ្សារដីលំហែរ និងគំរោងអភិវឌ្ឍន៍មួយចំនួនទៀតបាន និងកំពុងចាប់ផ្តើម ដូចជាគំរោងសាងសង់ផ្លូវ ថ្មីតភ្ជាប់ជាមួយឆ្នេរសមុទ្រថ្មីៗ គំរោងអភិវឌ្ឍន៍កោះទន្សាយរបស់អ្នកឧកញ៉ាទ្រី ភាព គំរោងវិនិយោគដីលំហែរ ​ស្តង់ដាអន្តរជាតិ ដែលវិនិយោគដោយក្រុមហ៊ុន Youngsia Real Estateជាមួយនឹង​ការបោះទុនជាង១០លាន​ដុល្លារអាមេរិក។

គំរោងឆ្នេរមសុទ្រកោងកាង ជាគំរោងធំជាងគេ និងលើកបំបូងនៅខេត្តកែប ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ តាមស្តង់ដាអន្តរជាតិ។

រដ្ឋាភិបាលបានរៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តកែបជាតំបន់លំហែរកាយកម្រិតខ្ពស់ ដោយខេត្តនេះ នឹងមិនមានការសាងសង់រោងចក្រ សហគ្រាស​នានា ដែលធ្វើឲ្យមានផ្សែងបំពុលបរិយាកាសឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here