ដោយៈគង់ សូរិយា
ភ្នំពេញៈ វិស័យសំណង់បានរីកចម្រើន និងបានក្លាយជាកត្តាលីករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា ដែលអ្នកជំនាញបានស្នើឲ្យរដ្ឋាភិបាលរៀបចំដែនដីជាមួយការការពារបន្ថែម និងគោលនយោបាយរយៈពេលវែងដើម្បីឱ្យមានស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
យោងផែនការមេនៃការរៀបចំទីក្រុងភ្នំពេញឆ្នាំ២០២០ ឆ្នាំ២០៣៥ដែលរដ្ឋាភិបាលមានផែនការពង្រីករាជធានីបន្ថែមទៀត ក្នុងកាំរង្វង់៣៥គីឡួម៉ែត្រការ៉េ ជាការសំដៅទៅលើការការរៀបចំគម្រោងទីក្រុងទំាងមូល ក៏ដូចជាហេដ្ឋារចនាសម្ព័នថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននាពេលបច្ចុប្បន្ន។ ប៉ុន្តែផែនការមេអភិវដ្ឍន៍ទីក្រុង មិនបានកំណត់នូវតំបន់អភិវឌ្ឍន៍ ជាក់លាក់ណាមួយឡើយ។
ការអនុវត្តន៍ផែនការមេមានភាពយឺតយ៉ាវ បានធ្វើឲ្យមានការព្រួយបារម្ភ ជាក់ស្តែងការកកស្ទះចរាចរ និងគុណភាពហេដ្ឋារចនាសម្ព័ន្ធទូទៅ នៅក្នុងខណ្ឌសំខាន់ៗមួយចំនួន ស្របពេលដែលខណ្ឌទំាងនោះ ត្រូវបានគេមើលឃើញថា កំពុងតែមានការអភិវឌ្ឍន៍នូវគម្រោងខុនដូជាច្រើន។
លោក Ross Wheble នាយកគ្រប់គ្រងនៃក្រុមហ៊ុន Knight Frank បានលើកឡើងថា “ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា គឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ និងនៅតែប្រឈមនឹងបញ្ហាក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងការរំពឹងទុកនៅឡើយ”។
ទោះជាយ៉ាងនេះក្ដី ប្រទេសកំពុងអភិវឌ្ឍន៍កត្តាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ គឺហេដ្ឋារចនាសម្ព័ន្ធរួមមាន
ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្លូវថ្នល់ ប្រព័ន្ធរថភ្លើង ប្រព័ន្ធរថយន្តសាធារណៈ និងហេដ្ឋារចនាស ម្ព័ន្ធចម្រុះ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធហិរញវត្ថុ។ ទំាងអស់នេះ វាគឺជាការចងក្រងឯកសារមួយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ មិនត្រឹមតែធ្វើឱ្យមានកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយភាពក្រីក្រផងដែរ ជាងនេះទៅទៀត វាថែមទាំងបង្កើនតម្រូវការ អចលនទ្រព្យរយៈពេលវែងទៀតផង។
លោក Ross Whebleបានបន្តទៀតថា “រាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំធ្វើឱ្យមានការរីកចម្រើន ក្នុងវិស័យនេះផងដែរ ដោយបានអភិវឌ្ឍន៏នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន។ សំណង់ដែលបានសាងសង់រួច និងសំណង់ដែលកំពុងតែសាងសង់ ឬស្ថិតនៅក្នុងផែនការសាងសង់កាលពីប៉ុន្មានឆ្នាំកន្លងទៅ ប៉ុន្តែទាំងនេះ តម្រូវឱ្យមានគោលការណ៍រៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់មួយ ដើម្បីឱ្យមានគុណភាព និងគុណតម្លៃ”។
លោកបានបន្ថែមថា មានវិធីមួយដើម្បីដោះស្រាយបញ្ហា ដែលកើតមានឡើង ទាក់ទងនឹងការអភិវិឌ្ឍន៍ ដើម្បីធ្វើឱ្យប្រសើរឡើងរវាងការអភិវឌ្ឍន៍ និងការវិនិយោគ។ មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហានេះគឺត្រូវរៀបចំផែនការ ដែលជាចំនុចសំខាន់មួយ នៅពេលម្ចាស់គម្រោងអភិវឌ្ឍន៍បានអភិវឌ្ឍន៍នៅកន្លែងណាមួយ ម្ចាស់គម្រោងត្រូវតែរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ។
លោកពន្យល់ថា ការធ្វើបែបនេះ ដើម្បីបង្កើនតម្លាភាពនៅក្នុងទីផ្សារ ជាធម្មតានៅក្នុងទីផ្សារអភិវឌ្ឍន៍ អ្នកអភិវឌ្ឍន៍ត្រូវតែបែងចែកឱ្យបានច្បាស់លាស់ចំពោះការស្តារឡើងវិញ ឬសាងសង់ថ្មី ដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍នោះ ក៏ដូចជាធានាពីភាពប៉ះពាល់ នៃគោលដៅអភិវឌ្ឍន៍ ទៅលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ ជាមួយកំណើន នៃគម្រោងអភិវឌ្ឍន៍ ដែលបានមកបោះទុនវិនិយោគ ក្នុងទីក្រុងត្រូវតែគិតគូរពីបញ្ហានេះ។
ជាមួយគ្នានេះ លោក Sunny Soo អគ្គនាយក្រុមហ៊ុន Keystone Property Consultants Co., Ltd. បានមានប្រសាសន៍ឲ្យដឹងផងដែរថា ច្បាប់ និងគោលនយោបាយនៃទីក្រុង និងការរៀបចំផែនការឲ្យបានត្រឹមត្រូវចាំបាច់ត្រូវអនុវត្តន៍ឱ្យបានលឿន ហើយត្រូវតែបង្កើនការអនុវត្តន៍ ដោយឥតឈប់ឈរ។
លោកបន្តថា “តម្លាភាពនៅក្នុងទីផ្សារ និងការពង្រឹងផែនការច្បាប់វានឹងធ្វើឱ្យចង្ខុវិស័យ ធំទូលាយនៅពេលអនាគត”។ លោកបន្តថា “ មិនមានជម្រើសដទៃក្រៅពីនេះទេ ផែនការច្បាស់លាស់ និងការពង្រឹងច្បាប់ដ៏ល្អមួយវាពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យទីផ្សារកាន់តែឆ្ពោះទៅរកការអភិវឌ្ឍន៏ដ៏រុងរឿង”។
លោកបន្តថា នៅពេលដែលមានការអភិវឌ្ឍន៍ទីក្រុងរណប កាន់តែមានការកើនឡើងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏កាន់តែរីកចម្រើន ហើយថែមទំាងជួយបង្កើនឲ្យទីផ្សារអចលនទ្រព្យ កាន់តែមានភាពរឹងមាំទៀតផង។
តំបន់ផ្សេងទៀត ដែលត្រូវបង្កើនហេដ្ឋារចនាសម្ព័ន្ធចម្រុះផងដែរ មានន័យថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
នៅក្នុងប្រទេសត្រូវធ្វើឱ្យមានភាពងាយស្រួក្នុងការរស់នៅដូចជា ស្ថាប័នអប់រំ មណ្ឌលសុខភាព និងផ្សារជាដើម ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ កំពុងតែរីកចម្រើននៅក្នុងប្រទេសកម្ពុជា ស្របនឹងរចនាបថរស់នៅរបស់ប្រជាជន កាន់តែមានភាពប្រសើរឡើង ដែលអាចជាហេតុធ្វើឲ្យវិនិយោគិន ងាកមកកាន់ប្រទេសកម្ពុជា។
ចំណែកលោក Marc Townsend ជាអគ្គនាយកក្រុមហ៊ុន CBRE កម្ពុជា និងវៀតណាមបាននិយាយថា កម្ពុជាគឺជាប្រទេសដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ។ នេះក៏ព្រោះតែប្រទេសកម្ពុជាមានតម្លៃនៃការរស់នៅទាបជាង ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន។
ប៉ុន្តែលោកបានព្រមានថា ប្រទេសកម្ពុជានៅតែត្រូវពង្រឹងរាល់ក្តីបារម្ភដូចជា ផ្នែកវេជ្ជសាស្រ្ត ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងដើម្បីប្រកួតប្រជែងនឹងប្រទេស ដែលមានភាពចាស់ទុំ ដូចជាប្រទេសម៉ាឡេស៊ីជាដើម។
លោកបានថ្លែងទៀតថា “យើងមិនបានព្យាយាម ដើម្បីបញ្ជាក់ពីចំណុចអវិជ្ជមាននោះទេ យើងគ្រាន់តែព្យាយាមរកឲ្យឃើញថា តើមានទីផ្សារដែលមាននិរន្តរភាពដែរឬទេ”។ លោកបន្តថា “ប្រទេសម៉ាឡេស៊ីបានមានបទពិសោធន៍ជាយូរមកហើយ ក្នុងការទាក់ទាញនិវត្តជនជាមួយទិដ្ឋាការសម្រាប់មនុស្សចាស់។ ហើយប្រទេសកម្ពុជា កំពុងចាប់ផ្តើមធ្វើបែបនេះដែរ ដើម្បីទាក់ទាញនិវត្តជន ដោយប្រើប្រាស់វិធីសាស្រ្តមួយសម ស្របនឹងលក្ខខណ្ឌរស់នៅរបស់ពួកគាត់”។
លោកបានពន្យល់ថា ការចំណាយលើការរស់នៅ គឺជាផ្នែកមួយនៃចំណុចពិសេស សម្រាប់ជនបរទេសទូទៅ ឲ្យងាកមកចាប់អារម្មណ៍ប្រទេសកម្ពុជា។ ប៉ុន្តែនេះ គឺមិនគ្រប់ករណីទាំងអស់ សម្រាប់មនុស្សគ្រប់វ័យនោះទេ។
លោក Marc Townsend បានបន្តថា “យើងគ្រប់គ្នាមិនអាចជៀសផុតពីការឈឺថ្កាត់បាននោះទេ។ ជាក់ស្តែងនៅពេលអ្នកឈឺ អ្នកត្រូវទៅមន្ទីរពេទ្យ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យ”។លោកបន្តថា “អ្នកត្រូវដឹងថាឱសថដែលអ្នកទិញនៅកន្លែងណា មានសុវត្ថិភាពផងដែរ។ នេះគឺជាបញ្ហាមួយដែលកម្ពុជា មិនទាន់បានដោះស្រាយនៅឡើយ”៕