ដោយ: សុផារី
ភ្នំពេញ: អំណោយផលភូមិសាស្ត្រ និងអាកាសធាតុជំរុញឱ្យខណ្ឌជ្រោយចង្វារ ក្លាយជាទីតាំងប្រមូលផ្ដុំការអភិវឌ្ឍចម្រុះ លើគម្រោងលំនៅឋាន ផ្សារទំនើបធំៗ និងគម្រោងធំៗជាច្រើន។
សព្វថ្ងៃតម្រូវការដីធ្លីសំរាប់អភិវឌ្ឍន៍ បានជំរុញកំណើនតម្លៃដីធ្លី ដោយក្នុងតំបន់់សក្តានុពលខ្លាំងខ្លះ ម្ចាស់អចលនទ្រព្យអាចទាមទារតម្លៃ តាមការចង់បានរបស់ខ្លួនទៀតផង។
លោក Chrea Chantatana ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌជ្រោយចង្វារ បានប្រាប់ Property Area Asia ឱ្យដឹងថា តម្លៃដីធ្លីមានការកើនឡើង ក្នុងអត្រាលឿនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យមានតម្រូវការខ្ពស់ ហើយម្ចាស់អចលនទ្រព្យ ក៏អាចទាមទារតម្លៃតាមការចង់បានរបស់ខ្លួន។
បើតាមអ្នកជំនាញក្នុងមូលដ្ឋាននេះបានបញ្ជាក់ថា អត្រាតម្លៃដីធ្លីអាស្រ័យស្ថានការណ៍ទីតាំង និងទំហំដី ដោយពេលខ្លះតម្លៃដីធ្លីអាស្រ័យនឹងការទាមទាររបស់អ្នកលក់ ដែលបានដាក់លក់ក្នុងអត្រាខ្ពស់ជាងទីផ្សារក៏មាន។
ជាក់ស្តែង បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅទីតាំងចុះពីស្ពានជ្រោយចង្វាប្រហែល១០០ម៉ែត្រ ស្ថិតនៅចន្លោះ៣៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ តែម្ចាស់អចលនទ្រព្យខ្លះ អាចទាមទារបានរហូតដល់ទៅ៤៥០០ទៅ៦០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
កំណើនតម្លៃដ៏ខ្ពស់មួយនេះ ក៏ត្រូវបានរំពឹងថា នឹងនៅតែបន្តកើនឡើងជាថ្មី នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ដែលនឹងជំរុញដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានមរតកតេជោ។
ចំណែកលោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property លើកឡើងក្នុងសៀវភៅ “វិថីអចលនទ្រព្យ” ថា តំបន់ភាគខាងជើង នៃរាជធានីភ្នំពេញគឺជាតំបន់ ដែលមានការអភិវឌ្ឍន៍ចម្រុះ គម្រោងOCIC និងបុរីធំៗនានានឹងបញ្ចប់ការសាងសង់ កំណើនប្រជាពលរដ្ឋទៅរស់នៅតំបន់នោះកើនឡើង។
តំបន់នេះក៏ជាតំបន់ លំនៅដ្ឋានបែបប្រណិត សួនសត្វ សួនទឹក សណ្ឋាគារទំនើប ទីក្រុង រណបទំនើប ខុនដូ លំនៅដ្ឋានជុំវិញពហុកីឡដ្ឋាន ពហុកីឡដ្ឋាន ថ្មីមរតកតេជោ ងាយស្រួលរស់នៅ និងកំសាន្ត ហើយកំពុងតែរៀបចំ យ៉ាងសស្រាក់សស្រីសម្រាប់ទទួលកីឡា SEA GAME 2023។
គម្រោងបុរីធំៗ រួមមាន ប៉េងហួត ជីបម៉ុង ដឺមេគង្គរ៉ូយ៉ាល់ អ័រគីដេរ វិមានភ្នំពេញ ហាយលែន ដឹផ្លរ៉ា Morgan ណាឌី Worldbridge Sport Village គម្រោងបុរីឡេងណាវ៉ាត់ត្រា និងគម្រោងបុរីជាច្រើនទៀតកំពុងសាងសង់៕