ដោយៈសុផារី
ភ្នំពេញៈ សំណង់អាគារគ្រប់ប្រភេទ ទាមទារឱ្យមានការមើលថែទាំ និងគ្រប់គ្រងឱ្យបានល្អ ដើម្បីថែរក្សា និងការពារទ្រព្យមួយនោះឱ្យបានស្ថិតនៅសភាពល្អគង់វង្ស។
អ្នកជំនាញលើកឡើងថា ការគ្រប់គ្រងអចលនទ្រព្យបានល្អ ជំរុញតម្លៃអចលនទ្រព្យកាន់តែមានកំណើនខ្ពស់។
លោក កឺក ណារិន អគ្គនាយកក្រុមហ៊ុន Chestertons Cambodia មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនានេះថា នៅពេលដែលយើងមានការគ្រប់គ្រងអចលនទ្រព្យមួយល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យចំណូលរបស់អចលនទ្រព្យបានល្អ ហើយមានភាពងាយស្រួលក្នុងការជួល និងលក់ចេញនាពេលអនាគត។
លោកណារិនបញ្ជាក់ថា មួយវិញទៀត នៅពេលយូនីតណាមួយ ឬអាគារទាំងមូលមានការគ្រប់គ្រងបានល្អ នោះចំណូលក៏ទទួលបានផលកម្រៃខ្ពស់ ដែលជំរុញឱ្យតម្លៃអចលនទ្រព្យនោះ មានការកើនឡើងតាមនោះផងដែរ។
លោកបន្តថា “នៅពេលដែលយើងមានការគ្រប់គ្រងល្អ មានប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យចំណូលនៃអចលនទ្រព្យបានល្អ ទី១ ងាយស្រួលជួល ទី២ ម្ចាស់អចលនទ្រព្យ ចង់លក់ចេញមានការងាយស្រួលលក់ ហើយមិនថាយូនីត ឬអាគារទេ កាលណាចំណូលខ្ពស់ បោះតម្លៃនៃអចលនទ្រព្យក៏កើនឡើងតាមនោះដែរ”។
យ៉ាងណាក្តី សម្រាប់ការគ្រប់គ្រងអចលនទ្រព្យ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រុមហ៊ុនគ្រប់គ្រងត្រូវសិក្សា លើចំណុចមួយចំនួន រួមមាន ទីតាំង ទំហំគម្រោង Facility សំណង់អាគារ និងក្រុមអតិថិជនគោលដៅរបស់គម្រោងមួយនោះផងដែរ។
លោកកឺក ណារិនបានបន្តថា “ពេលខ្លះគម្រោងមួយ មានទីតាំងនៅឆ្ងាយពេក ខុសពីអាណាខេត្តដែលយើងគ្រប់គ្រង ទំហំនៃការអភិវឌ្ឍស្ថិតនៅក្នុងកម្រិតមួយ ដែលពិបាកក្នុងការគ្រប់គ្រង នោះការគ្រប់គ្រងនឹងមានប្រសិទ្ធភាពទាប”។
លោកបន្តថា “ក្នុងការគ្រប់គ្រងល្អ មានច្បាប់ទម្លាប់ មានបទបញ្ជាល្អ ជ្រើសរើសអតិថិជនដែលមាន Profileច្បាស់លាស់ នោះនឹងមានភាពងាយស្រួលជួល ជួលបានថ្លៃ លក់ក៏ងាយស្រួលលក់ លក់បានថ្លៃ។ ចំណែកអ្នកទិញថ្មី គាត់គិតថា ងាយស្រួលជួល អតិថិជនក៏ល្អ និងជួលបានថ្លៃ”៕