ដោយៈ សុខុម
បាងកក: ចំនួនផ្ទះមួយទឹកដែលប្រកាសដាក់លក់នៅថៃ បានកើនឡើងរហូតដល់ទៅជាង២០% ក្នុងត្រីមាសទី១ដើមឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) នៃធនាគារលំនៅដ្ឋានរដ្ឋ (Government Housing Bank) របស់ថៃ បានរាយការណ៍កាលពីថ្ងៃសុក្រ ទី១០ ខែមិថុនា។
មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យនិយាយថា ចំនួនផ្ទះមួយទឹកជាដែលមានចំនួនជាមធ្យម១៣៧.៩៥៧យូនីតក្នុងមួយខែ ត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃសរុប រួមបញ្ចូលគ្នាជាមធ្យមចំនួន៩៣៨ពាន់លានបាត (២៧ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២។
តួលេខប្រចាំត្រីមាសនេះ បានបង្ហាញពីការកើនឡើង២០,២% និង២៥,១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលចំនួនផ្ទះជាមធ្យម១១៤.៧៩៤យូនីតក្នុងមួយខែ ត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃសរុបរួមបញ្ចូលគ្នា ជាមធ្យមចំនួន៧៤៩,៦ពាន់លានបាត (២១,៥ពាន់លានដុល្លារអាមេរិក)។
ទោះជាយ៉ាងណា មានការថយចុះតិចតួច បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ចុងឆ្នាំ២០២១ ដែលចំនួនផ្ទះមួយទឹក ជាមធ្យម១៤៥.៧៥៣យូនីតត្រូវបានដាក់លក់ក្នុងមួយខែៗ ជាមួយនឹងតម្លៃសរុបប្រចាំខែជាមធ្យម៩៩០,២ពាន់លានបាត (២៨,៤៥ពាន់លានដុល្លារអាមេរិក)។
ទិន្នន័យរបស់មជ្ឈមណ្ឌលព័ត៌មាន អចលនទ្រព្យត្រូវបានប្រមូលពីបណ្ដាស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មសាធារណៈ នាយកដ្ឋានអនុវត្តន៍ច្បាប់ និងគេហទំព័រនានាដែលមានឯកទេសខាងលំនៅដ្ឋានមួយទឹកដូចជា Taladnudbaan.com ជាដើម។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានលើកឡើងថា ក្រុងបាងកក មានផ្ទះមួយទឹកដាក់លក់ច្រើនជាងគេបំផុត ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ជាមួយនឹងចំនួនជាមធ្យម៥៤.៦២៧យូនីតក្នុងមួយខែៗ ដែលតំណាងឱ្យជិត៤០%នៃចំនួនសរុបទូទាំងប្រទេស៕ The Nation៕