ប្រធានCVEAលើកឡើងពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាមានសភាពដូចម្តេច?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាស្ថានភាពនសេដ្ឋកិច្ចសកល មិនទាន់មានភាពប្រសើរឡើងជាដុំកំភួន និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានក្លាយជាបញ្ហាធំក៏ដោយក្តី តែស្ថានភាពនៃការវិនិយោគ អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២នេះ ឃើញថាមានភាពប្រសើរឡើងជាងរយៈពេល២ឆ្នាំកន្លងទៅគឺ២០២០ និង២០២១។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានថ្លែងប្រាប់គេហទំព័រPropertyarea កាលពីសប្តាហ៍មុនថា ស្ថានភាពនៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាយើង ក្នុងដើមឆ្នាំ២០២២នេះ បើយើងធៀបទៅនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ យើងឃើញថាឆ្នាំនេះ មានភាពប្រសើរជាងមុនឆ្ងាយ ដោយសារតែកត្តាមួយចំនួន ក្នុងនោះកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះធ្វើឱ្យវិនិយោគិនទៅមើលនិងសិក្សាពីគម្រោងវិនិយោគនានាគឺមានសកម្មភាពឡើងវិញ។

លោកបន្តថា “ប៉ុន្តែក្នុងចំណោមអ្នកវិនិយោគទាំងនោះ ភាគច្រើនគឺជាវិនិយោគិនក្នុងស្រុក និងមានវិនិយោគិនពីបរទេសតិចតួចនៅឡើយ”។ លោកបន្តថា “ទោះបីជាវិនិយោគិនមកពីបរទេស មិនទាន់មានចំនួនច្រើនក្ដី តែការទិញ លក់អចលនទ្រព្យពីសំណាក់វិនិយោគិន នៅក្នុងស្រុកគឺនៅតែបន្ត និងជាពិសេសដោយមានការគាំទ្រ ពីប្រព័ន្ធធនាគារបានរុញឱ្យសកម្ម​ភាពទិញលក់នេះកាន់តែមានសន្ទុះបន្ថែម”។

លោកច្រឹក សុខនីមបាបបន្តថា ប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជានៅតែបន្តគាំទ្រ ដល់វិស័យអចលនទ្រព្យ ទោះបីជាមានឧបសគ្គខ្លះក្ដី។ នេះគឺជារុញច្រាន និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជំរុញឱ្យវិស័យឯកជនកាន់តែមានបន្តដំណើរទៅមុខបន្តទៀត ដែលធ្វើឱ្យវិស័យឯកជននៅកម្ពុជាបន្តការអភិវឌ្ឍ”។

លោកបញ្ជាក់ថា ប្រទេសមួយរីកចម្រើនអាស្រ័យ លើកត្តាជាច្រើននិងជាពិសេសអាស្រ័យ លើវិនិយោគិនក្នុងស្រុកនិងក្រៅស្រុក ហើយនៅក្នុងពេលបច្ចុប្បន្ននេះ សម្រាប់កម្ពុជា មានតែអ្នកវិនិយោគិន ក្នុងស្រុកប៉ុណ្ណោះដែលកំពុងវិនិយោគ ប៉ុន្តែសបញ្ជាក់ឱ្យឃើញថា វាជាកម្លាំងចលករដ៏សំខាន់របស់អ្នកវិនិយោគក្នុងស្រុក។

លោកបន្ថែមថា តាមទស្សនៈរបស់លោកផ្ទាល់ វិនិយោគិនបរទេសនឹងចូលមកកម្ពុជាវិញនៅពេលឆាប់ៗនេះ ដើម្បីស្វែងរកការវិនិយោគនានាឡើងវិញ ខណៈជា២ឆ្នាំកន្លងមកនេះ វិនិយោគិនបរទេសបានអវត្តមាន ឬមានចំនួនតិចតួចប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា ហើយនៅពេលមានវិនិយោគិនបរទេសចូលមកឡើងវិញ នឹងរុញឱ្យទីផ្សារអចលនវត្ថុកម្ពុជា នឹងកាន់តែមានសន្ទុះកំណើនឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here