តម្រូវការលំនៅឋានកើនឡើង ជំរុញឱ្យអ្នកអភិវឌ្ឍន៍ដីឡូត៏ងាកទៅអភិវឌ្ឍន៍បុរីជំនួស

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តាមការសង្កេតជាក់ស្ដែង អ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើនបានបង្វែរការអភិវឌ្ឍរបស់ខ្លួន ទៅរកការអភិវឌ្ឍលំនៅឋានជំនួសវិញ ស្របពេលកំណើនតម្រូវការលំនៅឋាន ក្នុងប្រទេសក៏ចាប់ផ្ដើមកើនឡើងខ្ពស់ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានមកនេះ។

លោកថាន់ ចាន់ណា អគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យ ចាន់ណាលែនដ៍បានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៣ មិថុនាកន្លងមកថា ក្នុងរយៈកាលពីក្រុមហ៊ុនលោក ជាក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៏ តែក្រោយមកក៏ឃើញពីទីផ្សារ​នៃលំនៅឋានក្នុងរាជធានីភ្នំពេញ មានសន្ទុះកើនឡើងខ្ពស់លោកក៏សម្រេចចិត្ត​បង្វែរការអភិវឌ្ឍរបស់ខ្លួនទៅរកលំនៅឋានវិញ។

លោកបន្តថា កាលពីដំបូងក្រុមហ៊ុនបានសាកល្បង ក្នុងការអភិវឌ្ឍលំនៅឋានត្រឹម៤០ផ្ទះប៉ុណ្ណោះ ប៉ុន្តែដោយសារតែសង្កេតឃើញថាអតិថិជនបានគាំទ្រភ្លូកទឹកភ្លូកដី ទើបជំរុញឱ្យមានការអភិវឌ្ឍលំនៅឋានជាបន្តបន្ទាប់។ រហូតដល់ពេលនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍លំនៅឋាន​រាប់រយល្វែងដើម្បីបំពេញតម្រូវការអតិថិជន។

លោកបន្ថែមថា លោកមើលថាទីផ្សារលំនៅឋាន​​ នៅក្នុងប្រទេសកម្ពុជានៅតែមានសន្ទុះកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ស្របជាមួយនឹងការរីកចម្រើននៃទីក្រុងភ្នំពេញ ដូច្នេះក្រុមហ៊ុននឹងជ្រើសរើសរកទីតាំងថ្មី សម្រាប់ការអភិវឌ្ឍបំពេញតម្រូវការ ។

ក្រៅពីក្រុមហ៊ុនមួយនេះ ក៏មានក្រុមហ៊ុនជាច្រើនទៀត បានបង្វែរការអភិវឌ្ឍរបស់ខ្លួន ពីការអភិវឌ្ឍដីឡូត៏​ ទៅជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ហើយក៏មានក្រុមហ៊ុនទទួលជោគជ័យ​ គួរជាទីពេញចិត្តផងដែរ ជាពិសេសគម្រោងលំនៅឋានដែលមានទីតាំងនៅជាយក្រុង ។

អ្នកនាងគឹមគិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia ក៏បានលើកឡើងផងដែរថា តម្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញនៅតែមាន ស្របជាមួយនឹងកំណើន​ ប្រជាជនមករស់នៅក្នុងរាជធានីភ្នំពេញកាន់តែច្រើន ។

អ្នកនាងបន្តថា “លំនៅឋានដែលមានការកែច្នៃ និងរចនាប្លែ​ក​ៗតែងតែទទួលបានការគាំទ្រ ហើយតំបន់ជាយក្រុង គឺជាតំបន់ដែលទាក់ទាញទៅលើការទីផ្សារលំនៅឋានជាច្រើន និងមានអ្នកគាំទ្រជាច្រើនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here