ដោយៈ សុខុម
សេអ៊ូល: ពលរដ្ឋវ័យក្មេងនៅប្រទេសកូរ៉េខាងត្បូង កំពុងសម្រុកទិញផ្ទះដោយមិនខ្វល់នឹងអត្រាការប្រាក់ ដែលហក់ឡើងកាន់តែខ្ពស់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែមិថុនា។
ស្ថានភាពនេះឆ្លុះបញ្ចាំងឱ្យឃើញថា វិបត្តិកង្វះលំនៅដ្ឋានកាន់តែធ្ងន់ធ្ងរឡើង ដែលធ្វើឱ្យប្រធានាធិបតី ទើបឡើងកាន់តំណែងថ្មី លោក Yoon Suk-yeol កាន់តែជួបភាពស្មុគស្មាញ ក្នុងផែនការរបស់លោក ដើម្បីសម្រាលវិបត្តិអចលនទ្រព្យ ដែលហក់ឡើងថ្លៃខ្ពស់ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំបំផុតទី៤នៅអាស៊ី។
ស្ត្រីម្នាក់ឈ្មោះ Oh Ye-seul អាយុ២៦ឆ្នាំ ដែលបម្រើការងារនៅក្រុមហ៊ុនទើបបង្កើតថ្មី (Start-up) មួយក្នុងសង្កាត់ Gangnam នៃក្រុងសេអ៊ូល បានបញ្ចេញទស្សនៈយល់ឃើញថា ខ្លួនជឿជាក់លើការសន្យារបស់ប្រធានាធិបតី Yoon Suk-yeol តិចតួចណាស់ ឬក៏គ្មានសោះតែម្ដង។
នៅខែមីនា ដើមឆ្នាំ២០២២ ជាពេលដែលលោក Yoon Suk-yeol ចូលកាន់តំណែង ស្របពេលពលរដ្ឋមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះអតីតប្រធានាធិបតី Moon Jae-in ដែលបរាជ័យ នៅក្នុងការធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ កញ្ញា Oh Ye-seul បានទិញអាផាតម៉ិនមួយក្នុងតម្លៃក្រោម៦០០លានវ៉ុន (៤៦៦.២៣៦ដុល្លារអាមេរិក) ដែលនាងត្រូវចំណាយពេលធ្វើដំណើរប្រហែលកន្លះម៉ោង ពីការិយាល័យដែលនាងធ្វើការ។
ពលរដ្ឋកូរ៉េ វ័យក្មេងកាន់តែច្រើនឡើងៗ កំពុងបន្តសម្រុកទិញផ្ទះក្នុងស្ថានភាពបែបនេះ ទោះបីជាធនាគារកណ្ដាលកូរ៉េ (Bank of Korea) បានដំឡើងអត្រាការប្រាក់ យ៉ាងឆាប់រហ័សយ៉ាងណាក្ដី ហើយនេះឆ្លុះបញ្ចាំងឱ្យឃើញថា សាធារណជនមិនសូវមានជំនឿចិត្ត លើការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតី Yoon Suk-yeol ដែលថានឹងសម្រាលវិបត្តិផ្ទះឡើងថ្លៃ។
ជាងនេះទៅទៀត ស្ថានភាពនេះ ក៏បង្កើនផលប៉ះពាល់សេដ្ឋកិច្ចកាន់តែធំផងដែរ ខណៈអត្រាប្រាក់លើកម្ចីទិញផ្ទះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៩ឆ្នាំ និងស្របពេលឡើងថ្លៃទំនិញសព្វសារពើរាប់ប្រេងឥន្ធនៈ ស្បៀងអាហារ រហូតដល់ទំនិញប្រើប្រាស់។
មូលហេតុចម្បងដែលពលរដ្ឋកូរ៉េ វ័យក្មេងសម្រុកទិញផ្ទះទាំងក្នុងស្ថានភាពបែបនេះ ដោយសារពួកគេបារម្ភខ្លាចខកខាន ឱកាសទិញលែងបាន ខណៈតម្លៃផ្ទះចេះតែហក់ឡើងថ្លៃឥតឈប់ឈរ៕ Reuters៕