អ្នកជំនាញៈការពង្រីកទីក្រុងកាន់តែធំនឹងនាំផលចំណេញដល់ វិស័យអចលនទ្រព្យ

0

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ផែនការពង្រីកទីក្រុងរបស់រដ្ឋាភិបាល ជាពិសេសក្រុងភ្នំពេញ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់វិស័យអចលនវត្ថុកម្ពុជា ជាក់ស្ដែងនៅពេលការពង្រីកក្រុងកាន់តែធំ នឹងធ្វើឱ្យតម្រូវការដីធ្លីប្រើប្រាស់កាន់តែច្រើនដែលនាំឱ្យតម្លៃដីធ្លីកាន់តែមានសន្ទុះផងដែរ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជាបានថ្លែងឲ្យដឹង នាព្រឹកថ្ងៃទី១៤ មិថុនានេះថា ការពង្រីកទីក្រុងកាន់តែធំ នឹងធ្វើឱ្យការប្រើប្រាស់ដីកាន់តែច្រើន ហើយដីដែលកាត់ចូលទីក្រុងថ្មីៗ នៅមានតម្លៃធូរថ្លៃ ដែលអាចឱ្យអ្នកវិនិយោគ អាចទិញដីទាំងនោះសម្រាប់អភិវឌ្ឍន៍នៅពេលអនាគត។

លោកបន្តថា “ការកាត់ដីធ្លីចូលមកក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើឱ្យអ្នកវិនិយោគកាន់តែចាប់អារម្មណ៍ និងអាចទញសម្រាប់សង់ផ្ទះ សង់អគារខ្ពស់ទៅតាមតំបន់ដែលមានសក្ដានុពល”។លោក​បន្តថា “ម្យ៉ាងទៀតប្រជាពលរដ្ឋ នឹងចូលទៅរស់នៅក្នុងតំបន់ ដែលទើបកាត់ចូលក្រុងថ្មី ជាបន្តបន្ទាប់ដែលធ្វើឱ្យតំបន់នោះ នឹងកាន់តែមានមមាញឹក”។

លោកសុខនីមបានបន្ថែមថា អ្នកវិនិយោគក៏អាចទិញដីធ្លីនៅតំបន់ដីដែលទើបកាត់ចូលក្រុងថ្មីៗនោះ សម្រាប់ទុកលក់ចំណេញនៅពេលអនាគត។  លោកច្រឹក សុខនីម បានបន្ថែមទៀតថា កម្ពុជាជាប្រទេសនៅចំនុចកណ្ដាលអាស៊ាន ហើយបរិយាកាសវិនិយោគ នៅក្នុងប្រទេសកកម្ពុជាក៏ឃើញថាមានភាពល្អប្រសើរ ដូច្នេះនៅពេលអនាគតនេះ ការវិនិយោគនៅកម្ពុជានឹងមានសន្ទុះបន្ថែមទៀត។

លោកបន្តថា “អ្វីដែលសំខាន់នោះតាមការព្យាករបង្ហាញថា តម្រូវការលំនៅឋាននៅកម្ពុជា មានចំនួន៥ម៉ឺនខ្នងក្នុងមួយឆ្នាំ ហើយបច្ចុប្បន្ននេះ ការផ្គត់ផ្គង់មិនទាន់បំពេញតម្រូវការបាននៅឡើយ”។

ជាមួយគ្នានេះ លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងថា វិនិយោគិនដីធ្លីដែលចង់រកប្រាក់ចំណេញនៅពេលអនាគត និងប្រើពេលខ្លី នោះអាចទិញដីនៅតំបន់ជាយក្រុង ពីព្រោះដីនៅជាយក្រុង ឬដីដែលមិនទាន់កាត់ចូលក្រុង នៅមានតម្លៃទាប តែបើសិនជាពួកគេទិញដីនៅកណ្ដាលក្រុង ដីនោះវាបានឡើងថ្លៃរួចទៅហើយ។

លោកបន្តថា “នៅពេលអ្នកវិនិយោគទិញ គឺពួកគាត់មិនមែនវិនិយោគសម្រាប់លក់ចំណេញបន្តទៀតទេ គេនឹងអភិវឌ្ឍន៍តែម្ដងតែម្ដង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here