ការអភិវឌ្ឍផ្ទះលំហែកាយរំពឹងមានកំណើនខ្ពស់ក្នុងខេត្តមួយចំនួននាពេលឆាប់ៗនេះ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ការអភិវឌ្ឍផ្ទះលំហែកាយក្នុងប្រទេសកម្ពុជារំពឹងនឹងមានការពេញនិយម ជាមួយនឹងកំណើនខ្ពស់ ស្របពេលការពុះដីឡូត៏លំហែកាយក្នុងពេលបច្ចុប្បន្ននេះកាន់តែផុសផុល ជាពិសេសនៅតំបន់មានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍។

លោក ជិន ណារិន នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយប្រចាំខេត្តកំពត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពតឃើញថាមានការអភិវឌ្ឍលើដីឡូត៏លំហែច្រើនជាងដីឡូត៏លំនៅឋាន ដោយសារតែអ្នកអភិវឌ្ឍន៍បានប្រមូលទិញដី នៅតាមតំបន់មាត់ព្រែក និងតំបន់ ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ ដើម្បីឱ្យពលរដ្ឋទិញដីឡូត៏ទាំងនោះ ហើយអាចសង់ផ្ទះសម្រាប់សម្រាកលំហែនៅពេលថ្ងៃឈប់សម្រាក ឬក៏ថ្ងៃបុណ្យទានធំៗ ជាដើម។

លោកបន្តថា ការពុះដីឡូត៏លំហែកាយ ក្នុងខេត្តកំពត កំពុងមានការរាលដាលខ្លាំង ជាពិសេសនៅតំបន់ជាយក្រុងនៃទីរួមខេត្តកំពត ក្នុងនោះ នៅតំបន់ភ្នំ តំបន់មាត់ព្រែក ជ្រោះ និងមាត់សមុទ្រជាដើម។ មកដល់ពេលនេះ សកម្មភាពនៃការអភិវឌ្ឍតំបន់លំហែកាយ ក៏ឃើញថាកាន់តែមានការអភិវឌ្ឍខ្លាំងក្នុងនោះមានទាំងអ្នកអភិវឌ្ឍន៍ ក្នុងខេត្តកំពតផ្ទាល់ និងអ្នកអភិវឌ្ឍន៍មកពីភ្នំពេញជាដើម។

លោកណារិនបន្ថែមថា ពេលនេះអ្នកអភិវឌ្ឍន៍បានសម្រុកអភិវឌ្ឍន៍ជាដីឡូត៏លំហែ ហើយនៅពេលអនាគតឆាប់ៗនេះ ដីឡូត៏ដែលប្រជាពលរដ្ឋទិញនឹងអភិវឌ្ឍន៍ជាផ្ទះលំហែកាន់តែច្រើន ហើយនៅពេលនោះ ផ្ទះលំហែកាយនឹងកាន់តែពេញនិយម។

លោក អ៊ិន ស៊ីថា អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះលំហែ Forest Harmony នៅខេត្តកំពត បានឱ្យដឹងថា ផ្ទះលំហែកាយជាផ្ទះទី២ ហើយវាមានសក្ដានុពលសម្រាប់អតិថិជន ដែលមានផ្ទះមួយ ជាអចិន្ត្រៃយ៍។ នៅពេលប្រជាពលរដ្ឋមានចំណូលកាន់តែច្រើន ផ្ទះប្រភេទនេះនឹងក្លាយជាតម្រូវការមួយសម្រាប់ពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ដោយពួកគាត់នឹងនាំគ្នាទៅសម្រាកលំហែនៅពេលចុងសប្ដាហ៍ ឬបុណ្យជាតិជាដើម។

លោកបន្តថា តំបន់ដែលអាចមានសក្ដានុពលខ្ពស់ ក្នុងការអភិវឌ្ឍលំនៅឋានលំហែកាយ នឹងមាននៅខេត្តជាប់តំបន់សមុទ្រ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ជាដើម ហើយនៅពេលអនាគត ការអភិវឌ្ឍផ្ទះលំហែនឹងទទួលបានការវិនិយោគពីសំណាក់វិនិយោគិនច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here