តើត្រូវការឯកសារចាំបាច់អ្វីខ្លះ ដើម្បីស្នើសុំប្លង់រឹងសម្រាប់អ្នកទិញខុនដូ?

0

ដោយ៖ សហការី

 

ភ្នំពេញ៖បច្ចុប្បន្ន អគារសហកម្មសិទ្ធិ ឬខុនដូ កំពុងតែមានភាពរីកចម្រើន ពិសេសនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាទីតាំងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយមានសកម្មភាពការដាក់លក់ ឬជួលជាច្រើន ស្របតាមតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ។

 

សម្រាប់អ្នកទិញខុនដូក៏អាចស្នើសុំវិញ្ញាបនប័ត្រសម្គាល់ចំណែកឯកជននៃអគារសហកម្មសិទ្ធ ឬខុនដូ ដែលជាប្លង់រឹងស្របច្បាប់ បញ្ជាក់ថាអ្នកទិញ គឺជាកម្មសិទ្ធិករនៃចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិ ដែលខ្លួនបានទិញពីម្ចាស់គម្រោងជារៀងរហូត មិនមែនជាកម្មសិទ្ធិ៩៩ឆ្នាំនោះទេ។

តាមផ្លូវច្បាប់ អ្នកដែលបានទិញយូនីត ឬបន្ទប់នៃអគារសហកម្មសិទ្ធិនីមួយៗ ត្រូវបានម្ចាស់គម្រោងផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន ដើម្បីសម្គាល់ថា អ្នកទិញនោះ គឺជាកម្មសិទ្ធិករស្របច្បាប់នៃបន្ទប់ ឬយូនីតដែលបានទិញ។

 

ក. សម្រាប់ជនជាតិខ្មែរ

ដើម្បីអាចធ្វើប្លង់រឹងបាន អ្នកទិញត្រូវមានឯកសារចាំបាច់មួយចំនួនដូចជា ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយត្រូវបញ្ជាក់ដោយអាជ្ញារធរ និងផ្ដិតមេដៃ ២. សេចក្ដីចម្លងសំបុត្រកំណើត ៣. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញារធរ ឃុំ/សង្កាត់ ៤. លិខិតបញ្ជាក់ស្ថានភាពគ្រួសារ នៅលីវ (លិខិតបញ្ជាក់ភាពនៅលីវ) មានគ្រួសារ (លិខិតចម្លងសំបុត្រអាពាហ៍ពិពាហ៍ ករណីបែកបាក់គ្រួសារ (លិខិតបញ្ជាក់ភាពពោះម៉ាយ ឬភាពមេម៉ាយចេញដោយអាជ្ញាធរសាមី) ករណីបើមានប្ដី ឫប្រពន្ធម្ខាងបានទទួលមរណៈភាព (ត្រូវមានលិខិតចម្លងសំបុត្រមរណភាព)។

 

ខ. សម្រាប់ជនបរទេសដែលមានសញ្ជាតិខ្មែរ

 

ដើម្បីអាចធ្វើប្លង់រឹងបាន អ្នកទិញត្រូវមានឯកសារចាំបាច់មួយចំនួនដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ដោយអាជ្ញារធ និងផ្ដិតមេដៃ) ២. ព្រះរាជក្រឹត្យស្ដីពីការផ្ដល់សញ្ជាតិខ្មែរ ៣. សេចក្ដីសម្រេចតុលាការ (ករណីជនបរទេសដែលបានផ្លាស់ប្ដូរឈ្មោះ) ៤. សៀវភៅគ្រួសារ ឫសៀវភៅស្នាក់នៅ ឫលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញារធរ ឃុំ/សង្កាត់។ ៥. លិខិតបញ្ជាក់ស្ថានភាពគ្រួសារ។

ទាក់ទងនឹងសិទ្ធិកាន់កាប់ខុនដូររបស់ជនបរទេស នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់មួយ ស្តីពីការផ្តល់កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស ដើម្បីគ្រប់គ្រង និងផ្តល់យន្តការផ្សេងៗក្នុងការការគ្រប់គ្រង។ ការបង្កើតច្បាប់នេះឡើង សំដៅទាក់ទាញ និងសម្រួលដល់ធុរកិច្ចរបស់វិនិយោគិនលើវិស័យសំណង់ ព្រមទាំងជួយដល់ទីផ្សារអចលនវត្ថុនៅកម្ពុជា។

 

យោងតាមមាត្រា៦នៃច្បាប់នេះ បានចែងថា ជនបរទេសមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ (មួយ)ឡើងទៅ ។ ជាន់ផ្ទាល់ដី និងជាន់ក្រោមដី មិនត្រូវបានអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកម្មសិទ្ធិឡើយ។ មួយវិញទៀត ជនបរទេសមិនអាចមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិលើចំណែកខុនដូមួយកន្លែងលើលពី ៧០% នៃទំហំផ្ទៃក្រឡានៃអគារទាំងមូលបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here