ដោយៈវឌ្ឍនៈ
ភ្នំពេញៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់១៦៩,៥៣លានដុល្លារ ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក ដើម្បីយកទៅប្រើប្រាស់ លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងត្រីមាសទី1 ឆ្នាំ ២០២២ ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយសម្រាប់ត្រីមាសទី១ឆ្នាំ ២០២២។
របាយការណ៍នេះបានបង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន529,79លានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ៤៧ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៥៣ភាគរយ។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែង ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគរយស្មើនឹងប្រមាណ១៦៩លានដុល្លារ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត ។
ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានកំណើនប្រមាណ២១ភាគរយ ។
កម្ពុជាបាននិងកំពុងវិនិយោគយ៉ាងច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខណៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនេះ មានសារសំខាន់មិនត្រឹមតែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារសំខាន់ក្នុងការជួយ ជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។
ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវការ ផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការឈានទៅសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លឿនបំផុតក្នុងពិភពលោក ក្នុងអត្រាកំណើនប្រចាំឆ្នាំ គិតជាមធ្យម៧,៧ភាគរយ រវាងឆ្នាំ១៩៩៨ និង២០១៩ ប៉ុន្តែត្រូវបានធ្លាក់ចុះមកនៅត្រឹម៣,១ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារតែវិបត្តិជំងឺកូវីដ-19 ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានា ដូចជា៖ សេវាកម្ម សំណង់ អចលនទ្រព្យ និងទេសចរណ៍ជាដើម។
កម្ពុជាក៏បាន និងកំពុងវិនិយោគយ៉ាងច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន ផ្លូវជាតិនិងផ្លូវខេត្តមានប្រវែងសរុប១៨.១២៥គីឡូម៉ែត្រ ក្នុងនោះជិត១០ម៉ឺនគីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូ(AC)និងផ្លូវបេតុង ឬស្មើនឹង ៥៤,៦ភាគរយ នៃប្រវែងសរុប ស្ពានធំៗចំនួន២០ត្រូវ បានសាងសង់ អាកាសយានដ្ឋានចំនួន៣ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដាអន្តរជាតិ និងព្រលានយន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ៕