ដោយៈគង់ សូរិយា
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋនៅតែជាវិស័យធំជាងគេ ដែលបណ្តាប្រទេសនានា ក្នុងក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ ផ្តោតការយកចិត្តទុកដាក់ និងវិនិយោគច្រើនជាងគេ។
GMS សំដៅដល់បណ្តាប្រទេស ដែលមានទន្លេមេគង្គហូរកាត់រួមមានកម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។ GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុង និងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន។
យោងតាមរបាយការណ៍នៃកិច្ចប្រជុំរវាងមន្រ្តី GMS នៅក្រុងសៀមរាបក្នុងសប្តាហ៍នេះបានឲ្យដឹងថា ការដឹកជញ្ជូននៅតែបន្តជាវិស័យដ៏ធំជាងគេ ក្នុងនោះមានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខ័ណ្ឌវិនិយោគក្នុងតំបន់GMS គិតត្រឹមឆ្នាំ២០២២ ដែលតួរលេខនេះស្មើនឹង៧៨គម្រោង ដែលមានទុនវិនិយោគ សរុប៦៥,៨ ពាន់លានដុល្លារ។ ផលប័ត្រវិនិយោគផ្នែកដឹកជញ្ជូនបច្ចុប្បន្ននៅក្នុងកម្មវិធីGMS នៅតែបន្តមានថាមពលជាមួយនឹងគម្រោងសំខាន់ៗជាច្រើន ដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន។
អង្គប្រជុំបានពិភាក្សា និងយល់ព្រមលើគំនិតផ្តួចផ្តើម និងសកម្មភាពជាក់លាក់ ដើម្បីដាក់គោលដៅមួយ ចំនួនទៅក្នុងការអនុវត្ត។ ក្នុងន័យនេះ វាមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការផ្តោតលើការស្វែងរកមធ្យោបាយជាក់ស្តែងដើម្បីអនុវត្តកម្មវិធីGMS-២០៣០៕