ដោយៈគង់ សូរិយា
ភ្នំពេញៈ អាជ្ញាធរជំនាញកម្ពុជា និងវៀតណាមបាននិងកំពុងពិភាក្សាគ្នាលើការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាម ក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរនានា។
យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនាកន្លងមកបានឲ្យដឹងថា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។
គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែប កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ និងកំពង់ផែទេសចរណ៍ខេត្តកំពត ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើ ដល់ការធ្វើដំណើររបស់ទេសចរបរទេស។
លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានលើកឡើងថា ការផ្តល់ជូននេះ នឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀត ដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។
លោក Pham Ha មានប្រសាសន៍ថា វាជាការផ្លាស់ប្តូរដ៏ល្អ ដោយសារវាភ្ជាប់កោះ Phu Quoc ជាមួយនឹងតំបន់ ដែលមិនសូវមានគេស្គាល់នៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាម ទៅលេងកន្លែងនានា ដូចជា ខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួលថែមទៀតផង៕