ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក មានចែងពីច្បាប់ផ្ដល់សញ្ជាតិដល់ជនបរទេស ដែលបានវិនិយោគក្នុងប្រទេសគេ ក្នុងទំហំទឹកប្រាក់ច្រើន ជាក់ស្ដែងដូចជាប្រទេស Cyprus អូស្ត្រាលីនិងបណ្ដាប្រទេសមួយចំនួនទៀត បានកំណត់ពីចំនួនទឹកប្រាក់វិនិយោគរបស់ជនបរទេស ដែលអាចទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងកាលពីសប្តាហ៍មុនថា កម្ពុជាគួរតែមានច្បាប់នេះដើម្បីលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបរទេស ឲ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ។
លោកបន្តថា “ការវិនិយោគរបស់ជនបរទេស នៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យកម្រិត GDP មានការកើនឡើងជួយផ្ដល់ឱកាសការងារ ជួយរកប្រាក់ចំណូលដល់ប្រទេសកម្ពុជាយើង”។លោកបន្តថា “នៅបណ្ដាប្រទេសមួយចំនួនគេ នៅតែបន្តផ្ដល់សញ្ជាតិដល់ជនបរទេស ដែលមានការវិនិយោគក្នុងទំហំទឹកប្រាក់ច្រើន និងជាពិសេសគឺតាមរយៈយន្តការនៃការទិញអចលនទ្រព្យ ក្នុងទំហំទឹកប្រាក់កំណត់ណាមួយ អាចទទួលបានសញ្ជាតិនៃប្រទេសនោះជាផ្លូវការ”។
លោកច្រឹក សុខនីមបានលើកឡើងនូវព៌តមានជាក់លាក់មួយចំនួនថា បើតាមខ្ញុំចាំមិនភ្លេចទេ នៅប្រទេសអូស្ត្រាលី បើជនបរទេសវិនិយោគអចលនទ្រព្យអស់៧៥ម៉ឺនដុល្លារអាមេរិក នឹងអាចទទួលបានសញ្ជាតិអូស្ត្រាលី ហើយប្រទេសសាយប្រឹស ក៏បានដំឡើងទឹកប្រាក់ពី៣៥ម៉ឺនដុល្លារទៅ៤៥ម៉ឺនដុល្លារអាមេរិក ក្នុងការទិញអចលនទ្រព្យ នឹងទទួលបានសញ្ជាតិរបស់គេ”។
លោកបានបន្ថែមថា បើកម្ពុជាមានច្បាប់ ឬយន្តការនេះយើងនឹងទទួលបានប្រាក់ចំណូល និងការវិនិយោគច្រើនពីបរទេស ហើយនៅបណ្ដាប្រទេសមួយចំនួនទៀត គេមានរបៀបនេះការទាក់ទាញវិនិយោគិន ក្នុងការបណ្ដាក់ទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ដូចជា ការកំណត់តំបន់ឱ្យជនបរទេសអាចទិញដី និងអភិវឌ្ឍន៍ដោយខ្លួនឯងបាន ដែលអាចធ្វើឱ្យសន្ទុះនៃការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសនោះមានកំណើនខ្ពស់បន្ថែមទៀត។
លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានលើកឡើងផងដែរថា វិស័យអចលនទ្រព្យនិងដីធ្លី នៅក្នុងប្រទេសកម្ពុ ជានៅមានសក្ដានុពលធំទូលាយណាស់ ដោយយើងមើលឃើញថា ដីធ្លីយើងនៅទូលាយសម្រាប់អភិវឌ្ឍន៍ជាអគារ ជាបុរីលំនៅឋាន រោងចក្រឧស្សាហកម្មជាដើម ។
លោកបន្តថា “អ្វីដែលបញ្ហាប្រឈមនោះ គឺអ្នកវិនិយោគមិនទាន់ទទួលបានព័ត៌មានដីធ្លីច្បាស់លាស់ និងត្រឹមត្រូវនៅឡើយ”។លោកបន្តថា “ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យ យើងចង់ឱ្យវិនិយោគទទួលបានព័ត៌មានពីការវិនិយោគដីធ្លីច្បាស់លាស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានសន្ទុះមួយកម្រិតបន្ថែមទៀត”៕