ដោយ៖ សុផារី
ភ្នំពេញ៖ ក្រៅពីការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ នៅលើទឹកដីខេត្តកំពត អ្នកជំនាញមូលដ្ឋានមើលឃើញនិន្នាការថ្មីមួយ លើកំណើនការអភិវឌ្ឍដីធ្លីនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ លើវិស័យឧស្សាហកម្ម។
លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានមានប្រសាសន៍ថា ក្នុងរយៈពេល៧ខែចុងក្រោយនេះ ការទិញលក់អចលនទ្រព្យនៅក្នុងខេត្តកំពតបានត្រលប់មកមានសកម្មភាពធម្មតាវិញ ក្រោយពីទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលកន្លងមក។
នាពេលថ្មីៗនេះ លោកសង្គេតឃើញមានកំណើននៃការស្វែងរកដីប្រភេទឧស្សាហកម្មយ៉ាងសកម្ម ដែលនាំឱ្យមាននិន្នាការអភិវឌ្ឍន៍ជាឃ្លាំង ឃ្លាំងស្ងួត ។ល។ ក្រោយពីកំពង់ផែ នៅក្នុងខេត្តកំពតបានចាប់ផ្តើមការសាងសង់រួចរាល់ហើយ។
លោកថា “នៅកំពត ក៏មានកំណើនការស្វែងរក និងប្រើប្រាស់ដីធ្លីលក្ខណៈឧស្សាហកម្ម មានការលក់ទិញសកម្មច្រើនដែរ ដោយសារតែកំពង់ផែរបស់យើងជិតរួចរាល់ហើយ”។
លោកបន្តថា “ចលនាក្នុងការទិញដី លក្ខណៈសហគ្រាស និងឧស្សាហកម្ម ក្នុងការអភិវឌ្ឍច្រើនដែរ ក្នុងមួយរយៈពេលចុងក្រោយនេះ”។
លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍នាពេលថ្មីៗនេះថា ស្របពេលតម្លៃដីធ្លីក៏នៅតែបន្តមានកំណើន តែមួយរយៈចុងក្រោយនេះ ចរន្តទិញលក់អចលនទ្រព្យនៅបន្តមានសកម្មភាពល្អប្រសើរជាធម្មតា។
លោកឧកញ៉ាមានប្រសាសន៍ថា ខេត្តកំពតនៅតែបន្តទាក់ទាញការវិនិយោគបន្ថែមទៀតដោយសារតែមានទីតាំងអំណោយផលល្អ នៅជិតក្រុងភ្នំពេញ និងមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុនច្រើន៕