ដោយៈ សុផារី
កោះកុងៈ គម្រោងស្ពានខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១០ នៅក្នុងខេត្តកោះកុង គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នាពេលឆាប់ៗនេះ។
នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងឱកាសត្រួតពិនិត្យការងារសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
ស្ពានខ្ពស់បំផុតមួយនេះ មានប្រវែង៥០០ម៉ែត្រ កម្ពស់រហូតដល់៩០ម៉ែត្រ រាប់ចាប់ពីបាតទឹក រហូតដល់តួស្ពាន ដែលស្ថិតនៅក្នុងគម្រោងផ្លូវជាតិលេខ១០ ដែលបានកែសម្រួលថ្មី។
លោកបានមានប្រសាសន៍ថា ក្នុងនោះមានការកសាងស្ពានមួយ ដែលមានកម្ពស់៩០ ម៉ែត្រពីស្ពានដល់បាតទឹក មានចម្ងាយ៥០០ម៉ែត្រជាង ដែលជាស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។
គម្រោងស្ពានដ៏ស្រស់ស្អាត និងខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជានេះ មិនត្រឹមតែបម្រើឱ្យការងារដឹកជញ្ជូន ការធ្វើដំណើរ ជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាការលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់បានទៀតផង។
លោកទេសរដ្ឋមន្ដ្រីបន្តថា “យើងខ្ញុំបានស្នើសុំឱ្យក្រុមហ៊ុនសាងសង់ពង្រីកត្រង់ចំណុចកណ្ដាល ដើម្បីភ្ញៀវទេសចរអាចថតរូប នៅលើស្ពាននេះបាន”៕