ដោយៈ វឌ្ឍនៈ/ជេស៊ីកា
ភ្នំពេញៈ ផែនទីកម្ពុជា នឹងបង្ហាញទៅកាន់ពិភពលោក កាន់តែចែងចាំងម្តងទៀត ខណៈប្រទេសនេះ កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំាំអាស៊ាននៅចុងឆ្នាំនេះ និងការរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរនៅឆ្នាំ២០២៣ខាងមុខ។
ជាមួយនឹងការព្យាករណ៍ ដោយសុទិដ្ឋិនិយមរបស់រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិធំៗដូចជា ADB, World Bank, IMFជាដើមបានបបង្ហាញថាសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើនក្នុងរង្វង់៥,៤ភាគរយ នៅឆ្នាំនេះ និងអាចសម្រេចបានកំណើន៦ភាគរយនៅឆ្នាំក្រោយ។
ការរៀបចំព្រឹត្តិការណ៍ដ៏ធំស៊ីហ្គេម នឹងធ្វើឲ្យកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ ជាមួយនឹងការមកដល់របស់កីឡាករ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិរាប់ម៉ឺននាក់នឹងចូលរួមអមអរសាទរ និងរីករាយក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលកម្ពុជាមិនធ្លាប់បានប្រារពកន្លងមក។
ជាមួយគ្នានេះ ការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ក៏ជាព្រឹត្តិការណ៍ធំមួយទៀត ដែលកម្ពុជានឹងបង្ហាញពិភពលោក ពីភាពចាស់ទុំខាងនយោបាយរបស់ខ្លួន ពិសេសការដើរត្រឹមត្រូវលើគន្លងប្រជាធិបតេយ្យមួយ ស្របតាមបរិបទសង្គម វប្បធ៌មកម្ពុជា។
អ្នកស្រីGrace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia បានមានប្រសាសន៍ឲ្យដឹងនៅដើមសប្តាហ៍នេះថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាពេលវេលាល្អ របស់វិនិយោគិនទេសចរបរទេសចូលមកកម្ពុជា ទស្សនាការប្រកួតកីឡាផង និងសិក្សាពីសក្ដានុពលវិនិយោគនៅកម្ពុជាផង។
ជាមួយនឹងលក្ខខ័ណ្ឌអំណោយផលនៃប្រជាសាស្រ្ត (ប្រជាជនវ័យក្មេងច្រើន) តម្លៃអចលនទ្រព្យមានតម្លៃទាប ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ បានធ្វើឲ្យកម្ពុជាមានឱកាសទាក់ទាញ ការវិនិយោគពីអន្តរជាតិកាន់តែច្រើននាពេលអនាគត ដោយសារផលចំណេញពីការវិនិយោគនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនProPNex Cambodiaដែលបានសិក្សា និងវិភាគលើវិស័យនេះជាយូរមកហើយបានថ្លែងថា “កម្ពុជានៅតែជាប្រទេស ដែលទទួលបានផលចំណេញ ពីការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសក្នុងតំបន់អាស៊ី”។ អ្នកស្រីបន្តថា “ផលចំណេញពីការវិនិយោគនៅទីនេះ សម្រេចបានក្នុងចន្លោះ៥ទៅ៦ភាគរយ ខណៈប្រទេសក្នុងតំបន់មានកម្រិតត្រឹម២ទៅ៤ភាគរយប៉ុណ្ណោះ”។
យ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ឋតែយល់ឃើញបែបនេះឡើយ។
លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានមានប្រសាសន៍ឱ្យដឹងថា មកដល់ពាក់កណ្ដាលឆ្នាំ២០២២ទៅហើយ តែវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មិនទាន់ប្រសើរនៅឡើយទេ ទោះបីជាស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានធូរស្រាលក្ដី ។
លោកបន្តថា បន្ទាប់ពីកូវីដ១៩បានប្រសើរ ពិភពលោកក៏បានជួបប្រទះនឹងវិបត្តិបណ្ដាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបណ្ដាល ឱ្យជួបបញ្ហាមួយបន្ថែមទៀត ដូច្នេះហើយទើបក្នុងឆ្នាំ២០២២នេះ ស្ថានភាពនៃវិស័យអចលនទ្រព្យមិនទាន់ច្បាស់លាស់ តែយ៉ាងណាក៏មិនអាក្រក់ដូចឆ្នាំ២០២០និងឆ្នាំ២០២១ដែរ។
លោកព្រាប កុលបានបន្តដោយបង្ហាញភាពប្រុងប្រយ័ត្នថា សម្រាប់ឆ្នាំ២០២៣ខាងមុខ ក៏មិនទាន់ប្រាកដថាវិស័យនេះ នឹងវិលទៅរកដូចមុនវិបត្តិដែរ យើងមានតែរង់ចាំអ៊ុតមើលបន្ត។
លោកបន្ថែមថា ឆ្នាំ២០២៣ យើងមិនទាន់ដឹងថា នឹងជួបនូវអ្វីដែលថ្មី ខណៈសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនក៏មិនទាន់ដឹងថា មានការប្រែប្រួលយ៉ាងម៉េចនៅឡើយ។ ដូច្នេះហើយទើបលោកបញ្ជាក់ថា ឆ្នាំ២០២៣មិនទាន់ហ៊ានព្យាករណ៍ និងនៅចាំអ៊ុតមើល ប៉ុន្តែវានឹងមិនអាក្រក់ជាងបច្ចុប្បន្ននោះទេ ហើយក៏មិនអាចអាក្រក់ជាងឆ្នាំកន្លងទៅដែរ ។
ជាមួយនឹងការលើកកំពស់បរិយាកាស វិនិយោគកាន់តែប្រសើរ ច្បាប់វិនិយោគថ្មី បានផ្តល់ការលើកទឹកចិត្តកាន់តែច្រើន ដល់វិនិយោគិនជាតិ អន្តរជាតិ ពិសេសការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ(RCEP) បាននិងកំពុងជម្រុញកម្ពុជា កាន់តែទាក់ទាញការវិនិយោគកាន់តែច្រើនពីវិនិយោគិនជាតិ អន្តរជាតិ ដើម្បីនាំទំនិញចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀត ដែលជាសមាជិកRCEP។
លោកTom Osullivanនាយិកប្រតិបត្តិសារព៌តមានអចលនទ្រព្យRealestate.com.kh ដែលផ្តោតលើទីផ្សារពិភពលោកបានយល់ឃើញថា កម្ពុជានឹងទាក់ទាញការវិនិយោគកាន់តែច្រើន នៅពេលអនាគត ដោយសារភាពរ៉ឹងមាំាំនៃស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ចកម្ពុជា និងកម្ពុជាចាយវាយប្រាក់ដុល្លារយ៉ាងទូលំទូលាយលើទីផ្សារ ដែលផ្តល់នូវទំនុកចិត្តដល់វិនិយោគិនអន្តរជាតិ។
លោកបន្តថា “វិបត្តិកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជាទោះជារងផលប៉ះពាល់ក្តី ប៉ុន្តែនៅតែមានភាពរ៉ឹងមាំ ធៀបជាមួយប្រទេសក្នុងតំបន់”។លោកបន្តថា “ឆ្នាំ២០២៣កម្ពុជានឹងទាក់ទាញ ការវិនិយោគកាន់តែច្រើន ដោយសារកម្ពុជារៀបចំកីឡាស៊ីហ្គេម ដែលធ្វើឲ្យផែនទីកម្ពុជាត្រូវបានដាក់ទៅក្នុងក្រសែភ្នែកពិភពលោក”៕