អ្នកភ្នំពេញស្វែងរកទិញដីនៅខេត្តកែបកាន់តែច្រើនសម្រាប់ទុកចំណេញ ពេលអនាគត

0

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ  ស្របនឹងការអភិវឌ្ឍ នៅក្នុងខេត្តកែបកំពុងមានភាពមមា​ញឹក និងមានគម្រោងជាច្រើនបាន និងកំពុងបង្ហាញខ្លួនជាបន្តបន្ទាប់នោះ អ្នកមានលុយនៅរាជធានីភ្នំពេញជាច្រើន បាននិងកំពុថនាំគ្នាទៅទិញដីនៅក្នុងខេត្តកែប ដើម្បីទុកបន្តយកចំណេញ និងខ្លះទៀតទិញដើម្បីទុកអភិវឌ្ឍន៍ពេលតំបន់នេះ កាន់តែមានការរីកចម្រើនថែមទៀត។

លោកងិន ភារម្យ ជាភ្នាក់ងារដីធ្លីមួយរូបនៅខេត្តកែប និងកំពតបានមានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី២៤ មិថុនា ២០២២នេះឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកមកពីភ្នំពេញកាន់តែច្រើនបានស្វែងរកទិញដីធ្លី ដែលមានទំហំតូចតម្លៃត្រឹម៣ម៉ឺន ទៅ៥ម៉ឺនដុល្លារ នៅក្បែរៗឆ្នេរ និងតំបន់ដែលពួកគេគិតថា នឹងមានសក្ដានុពលនិងអាចចំណេញនៅពេលអនាគត ។

លោកបន្តថា ដីធំៗសម្រាប់អ្នកមានលុយច្រើនៗ មកទិញនិងអភិវឌ្ឍន៍ជាសណ្ឋាគារ រីសត និងគម្រោងធំៗផ្សេងៗទៀត។ ចំណែកដីមានទំហំតូចៗរបស់ប្រជាពលរដ្ឋ គេទិញទុកសម្រាប់យកចំណេញ នៅពេលអនាគតនិងមួយចំនួនទិញទុក ដើម្បីអភិវឌ្ឍន៍ផ្ទាល់ខ្លួន ជាផ្ទះលំហែឬក៏កូនរីសតតូចៗល្មម​សម្រាប់សម្រាកកម្សាន្ត នៅពេលឈប់សម្រាកឬថ្ងៃចុងសប្ដាហ៍ជាដើម ។

លោកបន្តថា ខេត្តកែបពេលនេះ មានការអភិវឌ្ឍយ៉ាងមមាញឹក ដូចជាកោះទន្សាយ ឆ្នេរកែប និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលជំរុញឱ្យវិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន បានសម្លឹងមើលពីសក្ដានុពលនៃការវិនិយោគ នៅខេត្តមាត់សមុទ្រមួយនេះកាន់តែច្រើនផងដែរ ។

ចំណែកលោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យមួយរូបនៅខេត្តកំពតនិងកែបក៏បានឱ្យដឹងថា ភ្ញៀវទិញដីនៅខេត្តកែបភាគច្រើន ជាអ្នកភ្នំពេញ ហើយកាលពីពេលបិទខ្ទប់ ក៏មានអ្នកមករកទិញដែរ តែមានចំនួនតិចតួច ប៉ុន្តែបន្ទាប់ពីបើកប្រទេសឡើងវិញឃើញថា អ្នករកទិញនៅតំបន់នេះ កាន់តែមានច្រើនឡើងៗ ជាមួយនឹងការអភិវឌ្ឍក៏ចាប់ផ្ដើមសន្សឹមៗដែរ។

លោកបន្តថា “នៅពេលអនាគត ខេត្តកែបអាចនឹងមានការអភិវឌ្ឍខ្លាំងជាងនេះបន្តទៀត ហើយសន្ទុះនៃការវិនិយោគក៏ត្រូវបានរំពឹងថា នឹងមានសន្ទុះកាន់តែខ្លាំងបន្ថែមទៀត”។ លោកបន្តថា “ដូច្នេះអ្នកទិញដីទុកនៅពេលនេះ បើចង់លក់ក៏ចំណេញ ហើយបើទុកអភិវឌ្ឍន៍ក៏កាន់តែល្អ”។

រដ្ឋាភិបាល បានកំណត់យកតំបន់ឆ្នេរជាទិសដៅ នៃការអភិវឌ្ឍមួយក្នុងចំណោម ទិសដៅផ្សេងទៀត ដោយរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់សមុទ្រ កាន់តែមានភាពងាយស្រួល ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជា វិនិយោគិនទៅកាន់តំបន់នោះកាន់តែច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here