ខណ្ឌទួលគោកកំពុងវិវត្តន៍ខ្លួនជា CBD ដោយយកគម្រូអភិវឌ្ឍន៍ស្រដៀងនឹងខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ

0

ដោយៈ សុផារី

ភ្នំពេញៈ មុននឹងឈានទៅជា “តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មី (CBD)” តំបន់មួយត្រូវឆ្លងកាត់ នូវការអភិវឌ្ឍជាច្រើនដំណាក់កាល ដោយត្រូវសម្លឹង និងវាយតម្លៃលើកត្តាកំណើនប្រជាសាស្រ្ត ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ឋ ជាដើម។

ខណ្ឌទួលគោក កំពុងតែវិវត្តន៍ខ្លួន ដោយមានគម្រូនៃការអភិវឌ្ឍស្រដៀងគ្នាទៅនឹងតំបន់បឹងកេងកង និងខណ្ឌដូនពេញ ដែលជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មដែរ។

អ្នកជំនាញនៃក្រុមហ៊ុនអន្តរជាតិ CBRE អ្នកនាង ជិន ដាលុច្ស បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការឈានក្លាយទៅជា តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មី តំបន់ ណាមួយនោះ គឺត្រូវឆ្លងកាត់ការវិវត្តន៍មួយចំនួន។ ជាក់ស្តែង ដំណើរការអភិវឌ្ឍន៍នៃខណ្ឌទួលគោក ស្រដៀងគ្នាទៅនឹងតំបន់បឹងកេងកងដែរ ដោយមានការចាប់ផ្ដើមពីប្រភេទវីឡាទាបៗ ហើយមានវីឡាធំៗ មានសាលារៀនអន្តរជាតិ មានអាផាតមិនសម្រាប់ជួល មានខុនដូ ឈានទៅមានផ្សារទំនើប និងអាគារការិយាល័យបែបស្តង់ដារ។

អ្នកនាងលើកឧទាហរណ៍ថា ជាក់ស្តែង គេឃើញមាន TK Central នៅជិតអង់តែនទួលគោក និងអាគារការិយាល័យជាច្រើនទៀត កំពុងលេចវត្តមាននៅក្នុងខណ្ឌមួយនេះ។

អ្នកនាងមានប្រសាសន៍ថា “អាគារប្រភេទពាណិជ្ជកម្ម ចាប់ផ្តើមមានការអភិវឌ្ឍនៅក្នុងខណ្ឌទួលគោក ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ងាកទៅប្រមូលផ្តុំនៅក្នុងខណ្ឌទួលគោកច្រើនជាងមុន”។

យ៉ាងណាក្តី បើតាមអ្នកជំនាញរូបនេះអះអាងថា ខណ្ឌទួលគោក នៅមិនទាន់អាចប្រៀបធៀប ទៅនឹងតំបន់បឹងកេងកង និងខណ្ឌដូនពេញបាននៅឡើយទេ ដោយសារខណ្ឌទាំងពីរនេះជា CBD ដំបូងដែលមានសកម្ម​ភាពខ្លាំងក្លាជាង។

ដោយឡែក ខណ្ឌទួលគោកគឺជាខណ្ឌបន្ទាប់ ដែលកំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីមួយទៀតរបស់ក្រុងភ្នំពេញ។

អ្នកនាងបញ្ជាក់ថា “ខណ្ឌទួលគោកគឺជាខណ្ឌបន្ទាប់ ដែលត្រូវបានមើលឃើញថា សកម្មភាពទាំងអស់ហ្នឹងកំពុងផ្លាស់ប្តូរទៅ។ ប្រភេទអចលនទ្រព្យមានការផ្លាស់ប្តូរពីតំបន់លំនៅឋានទាប ទៅខ្ពស់ ហើយមានការចូលមកនៃប្រភេទអាគារពាណិជ្ជកម្មមកអភិវឌ្ឍន៍នៅក្នុងតំបន់នេះដែរ”។

ជាមួយគ្នានេះ លោកស្រី គ្រេស រចនី ហ្វុង នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia ក៏បានលើកឡើងថា ទួលគោកគឺជាខណ្ឌ CBD ថ្មីមួយបន្ទាប់ពីតំបន់បឹងកេងកង។

លោកស្រីបន្តថា “បឹងកេងកងជាCBD តែឥលូវនេះ ខណ្ឌថ្មីមួយដែលកំពុងតែរីកលូតលាស់លើអាគារពាណិជ្ជកម្ម គឺទួលគោក”។

អ្នកជំនាញរូបនេះឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌទួលគោកមានភាពល្អប្រសើរ គេសង្គេតឃើញហាងប្រេន និងភោជនីយដ្ឋានធំៗ បានចូលមកកាន់ខណ្ធមួយនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here