ដោយ៖ លាងហួរ
អាមេរិក៖ សហរដ្ឋអាមេរិកមានបំណងរៃអង្គាសប្រាក់ចំនួន២០០ពាន់លានដុល្លារ ជាមូលនិធិឯកជន និងសាធារណៈ ក្នុងរយៈពេល៥ឆ្នាំ ដើម្បីផ្តល់ជំនួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
បើតាមការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន ក្នុងកិច្ចប្រជុំ G7 កាលពីថ្ងៃអាទិត្យ ឱ្យដឹងថា គម្រោងខាងលើនេះ ស្ថិតនៅក្រោមគំនិតផ្តួចផ្តើម G7 ក្នុងគោលបំណងប្រឆាំងនឹងគម្រោងខ្សែក្រវាត់និងផ្លូវ ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសចិន។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់មួយនេះ លោកចូបៃដិនបានលាតត្រដាងពីផែនការ ចំពោះមុខក្រុមមេដឹកនាំទាំងប្រាំពីររបស់G7 ក្នុងនោះមានសមាជិក G7 ខ្លះ បានបង្ហាញគំនិតផ្តួចផ្តើម ដាច់ដោយឡែករបស់ពួកគេ។
គម្រោងខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន បាននាំឱ្យមេដឹកនាំ G7 រៀបចំផែនការគម្រោងកាលពីឆ្នាំមុន ហើយកំពុងចាប់ផ្តើមផែនការនេះជាផ្លូវការ ក្រោមឈ្មោះថ្មី “ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល”។
លោក ចូ បៃដិន បានបង្ហាញគម្រោងជាក់លាក់មួយចំនួន នៅក្នុងកិច្ចប្រជុំG7 ដែលចូលរួមដោយមេដឹកនាំមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន សហភាពអឺរ៉ុប និងកាណាដា ដោយប្តេជ្ញាផ្តោតលើគម្រោង ដែលជួយដោះស្រាយការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកែលម្អវិស័យសុខាភិបាលពិភពលោក សមភាពយេនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាដើម។
លោក ចូ បៃដិន បានមានប្រសាសន៍ថា មូលនិធិនេះនឹងត្រូវបានរៃអង្គាសតាមរយៈជំនួយឥតសំណង និងមូលនិធិសហព័ន្ធ និងតាមរយៈការបង្កើនការវិនិយោគលើវិស័យឯកជន។
លោកបានបន្តថា ទឹកប្រាក់រាប់រយពាន់លានដុល្លារ ដែលត្រូវការដើម្បីអភិវឌ្ឍគម្រោង “ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល” អាចបានមកពីធនាគារអភិវឌ្ឍន៍ពហុភាគី ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ និងផ្សេងៗទៀត។
គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាប់ផ្តើមក្នុងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការផ្តួចផ្តើមគំនិតអភិវឌ្ឍន៍ និងការវិនិយោគនៅក្នុងប្រទេសជាង១០០ជាមួយនឹងគម្រោងជាច្រើន រួមមាន ផ្លូវរថភ្លើង កំពង់ផែ និងផ្លូវហាយវេ ជាដើម៕