ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ នៅក្នុងការវិនិយោគក៏ដូចជាការរកស៊ី មិនមែនសុទ្ធតែជោគជ័យទាំងអស់ហើយក៏មិនមែនសុទ្ធតែបរាជ័យទាំងអស់នោះទេ ។ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលចាត់ទុកជាបុគ្គលជោគជ័យម្នាក់ ផ្ដើមចេញពីដើមទុនតិចតួចបំផុត ក្លាយជាអ្នកវិនិយោគរាប់លានដុល្លារក្នុងប្រទេសកម្ពុជា ចែករំលែក។
លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ នៅក្នុងវេទិកាមួយ កាលពីចុងសប្ដាហ៍កន្លងទៅថា ការប្រើប្រាស់ដើមទុនមិនត្រឹមត្រូវនឹងនាំឱ្យគម្រោងវិនិយោគ ឬគម្រោងអភិវឌ្ឍន៍ជាប់គាំង។ ការប្រើប្រាស់ដើមទុនមិនមានប្រសិទ្ធភាព គឺប្រើប្រាស់មិនចំរឿង មិនចំគោលដៅ។
លោកឧកញ៉ាបន្តថា យើងមានដើមទុន គឺត្រូវទិញនូវអ្វី ដែលមានតម្រូវការពិតប្រាកដ មិនមែនទៅទិញអ្វី ដែលគ្រាន់តែយើងចង់នោះទេ ហើយកុំយកលុយឬដើមទុនរបស់យើង ទៅប្រើប្រាស់លើចំណង់ឱ្យសោះ។ យើងគួរប្រើប្រាស់លុយទៅលើអ្វី ដែលយើងមានតម្រូវការពិតប្រាកដ។
លោកបន្ថែមថា ជាធម្មតា នៅពេលដែលយើងចាយទៅលើគម្រោងមួយ ត្រូវចាយទៅលើបី ទី១ ត្រូវចាយលុយទៅលើសំណង់ ទី២ ត្រូវចាយលុយទៅកំលាំងពលកម្ម និងទី៣ត្រូវចាយទៅលើការប្រាក់ធនាគារ (សម្រាប់គម្រោងដែលយកលុយធនាគារមកអភិវឌ្ឍន៍)។
លោកថា ”គម្រោងជាច្រើនត្រូវបរាជ័យ ដោយសារតែគាត់លក់បានលុយពីអតិថិជន ហើយគាត់យកទៅទិញឡានទំនើបជិះ យកលុយនោះទៅធ្វើការងារផ្សេងៗ ដែលមិនចំគោលដៅ ដែលកំពុងតែធ្វើរាល់ថ្ងៃ។ យើងគិតទៅមើល គាត់យកលុយពីគម្រោងទៅទិញឡានទំនើបតំរៀបជួរគ្នា បួនដប់គ្រឿងនិងទិញរបស់ផ្សេងៗ ហើយនៅពេលការដ្ឋានត្រូវការលុយ តើគាត់បានលុយមកពីណា”។
លោកឧកញ៉ាបញ្ជាក់ថា យោបល់របស់លោកតែមួយឃ្លាគត់ សម្រាប់អ្នកវិនិយោគ ដែលមិនចង់មានបញ្ហា លើគម្រោងវិនិយោគ គឺ ”ប្រើលុយឱ្យចំនឹងខ្ទង់ចំណាយ ប្រើប្រាស់ដើមទុនឱ្យមានប្រសិទ្ធភាព”៕